កម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ៖ ជំនួយសម្រាប់កុមារមានពិការភាពដូចជា ពិសិដ្ឋ
ស្វែងយល់អំពី របៀបដែលកញ្ចប់គ្រួសារ ជួយដល់កុមារដូចជាកុមារា ពិសិដ្ឋ តាមរយៈការគាំទ្រហិរញ្ញវត្ថុ ការទទួលបានការអប់រំ និងការកែលម្អការថែទាំសុខភាព។
- English
- Khmer
ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ ខេត្តព្រះវិហារ - នៅក្នុងបរិវេណបេតុងនៃសាលារៀនបឋមសិក្សា ហ៊ុន សែន ស្រះក្ដុល កុមារមួយក្រុមកំពុងលេងបាល់ទាត់ ។ កុមារា ឡុង ពិសិដ្ឋ កំពុងឈរដោយកាន់ឈើច្រត់របស់គាត់ ភ្នែករបស់គាត់សម្លឹងទៅកាន់បាល់នោះ ដោយការយកចិត្តទុកដាក់។ ទោះបីជាឈើច្រត់ធ្វើឱ្យគាត់ពិបាកក្នុងការធ្វើចលនាផ្លាស់ទីឱ្យបានរហ័ស ប៉ុន្តែនៅពេលដែលបាល់មកជិតដល់ គាត់យោលជើងរបស់គាត់ និងទាត់បាល់នោះទៅឆ្ងាយ។ មិត្តរបស់គាត់របស់គាត់ហ៊ោអបអរសាទរ ហើយគាត់ញញឹមដោយមោទកភាព។
ពិសិដ្ឋមានអាយុ ១៦ឆ្នាំ ដែលកើតមកជាមួយនឹងពិការភាពរាងកាយ ទទួលបានការថែទាំពីជីដូនរបស់គាត់ បន្ទាប់ពីឪពុកម្ដាយរបស់គាត់លែងមានលទ្ធភាពថែទាំគាត់បាន។ ជីវិតនៅទីជនបទនៃប្រទេសកម្ពុជា គឺពិបាកសម្រាប់ពិសិដ្ឋ ប៉ុន្តែនៅខែមេសា ឆ្នាំ២០២៤ នៅពេលដែលប្រទេសកម្ពុជាបានប្រកាសអនុវត្តកម្មវិធីជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ដែលជាកម្មវិធីជាតិមួយដែលទទួលបានកិច្ចគាំទ្រពីយូនីសេហ្វ បានធ្វើឲ្យជីវិតរបស់គាត់ធូរស្រាល។ កម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ បានផ្ដល់ជំនួយហិរញ្ញវត្ថុជូនគ្រួសារមានចំណូលទាប ជាពិសេស គ្រួសារដែលមានកុមារ មនុស្សចាស់ និងជនមានពិការភាពដូចជា ពិសិដ្ឋ។
ការធំលូតលាស់ឡើងដោយគ្មានឪពុកម្ដាយ
ជីវិតរបស់ ពិសិដ្ឋ គឺពោរពេញទៅដោយបញ្ហាប្រឈមជាច្រើន។ ម្ដាយរបស់គាត់បានជាប់ពន្ធនាគារដោយសារការជួញដូរគ្រឿងញៀន ទោះជាយ៉ាងណាក្ដី គាត់បានទទួលការដោះលែងនៅឆ្នាំមុន ពិសិដ្ធ មិនបានជួបមុខម្ដាយរបស់គាត់ឡើយតាំងពីគាត់មានអាយុបីឆ្នាំ។ “ខ្ញុំមិនដែលបានឃើញរូបថតរបស់ម្ដាយខ្ញុំឡើយ” នេះជាសម្ដីទន់ភ្លន់របស់គាត់ ដែលពោរពេញទៅដោយភាពក្រៀមក្រំ។ ឪពុករបស់គាត់ធ្វើការងារជាយោធាល្បាតនៅតាមព្រំដែនកម្ពុជា-ថៃ និងមិនអាចថែទាំ ពិសិដ្ឋ បានឡើយ ហើយនៅពេលនេះ គាត់បានរៀបការជាប្រពន្ធថ្មីហើយ។ ស្ថានភាពនេះធ្វើឱ្យ ពិសិដ្ឋ និងប្អូនប្រុសរបស់គាត់ឈ្មោះ វិសាល ស្ថិតក្រោមការថែទាំរបស់ជីដូនរបស់ពួកគេឈ្មោះ គឹមយ៉ាន អាយុ ៦១ឆ្នាំ ដែលធ្វើជាអ្នកបោសសម្អាតនៅក្នុងប្រាសាទមួយ ដើម្បីចិញ្ចឹមពួកគេ។
ការថែទាំកុមារវ័យជំទង់ពីរនាក់ដោយផែ្អកលើចំណូលតិចតួច គឺជាការពិបាកសម្រាប់លោកយាយ យ៉ាន។ លោកយាយថ្លែងថា “ខ្ញុំពិបាកណាស់។ ជារៀងរាល់ថ្ងៃ ខ្ញុំព្រួយបារម្ភអំពីការទូទាត់ចំណាយលើថ្លៃពេទ្យ សម្ភារសិក្សា និងចំណីអាហារ។” ទោះជាយ៉ាងណាក្ដី ជារៀងរាល់ព្រឹក ពិសិដ្ឋ ប្រើប្រាស់ឈើច្រត់របស់គាត់ ដើម្បីឡើងជិះម៉ូតូរបស់មីង និងធ្វើដំណើរសាលារៀន។
ថ្វីបើមានអាយុ១៦ឆ្នាំហើយក្ដី ពិសិដ្ឋ រៀននៅថ្នាក់ទី៣ នៅឡើយ ដោយសារគាត់បានខកខានពេលជាច្រើនឆ្នាំដោយមិនបានទៅរៀន ដោយសារពិការភាព និងការលំបាកផ្នែកហិរញ្ញវត្ថុរបស់គាត់។ គ្រូបង្រៀនរបស់គាត់ គឺអ្នកគ្រូ រ៉ា លីដា សម្ដែងការកោតសរសើរចំពោះការតាំងចិត្តរបស់គាត់។ អ្នកគ្រូថ្លែងថា “គាត់មិនដែលបោះបង់ឡើយ។ សូម្បីតែនៅពេលដែលផ្លូវមានភក់ ហើយគាត់មិនអាចមកដល់សាលារៀនក្ដី គាត់សិក្សារៀនសូត្រនៅផ្ទះ។” សាលារៀនបានបញ្ចប់ឆ្នាំសិក្សាកាលពីប៉ុន្មានសប្ដាហ៍មុន ហើយនៅពេលនេះ ពិសិដ្ឋ នឹងឡើងទៅរៀននៅថ្នាក់ទីបួន ដែលធ្វើឱ្យគាត់មានមោទកភាព។
កម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ៖ សំណាញ់សុវត្ថិភាពសម្រាប់គ្រួសារនានាដូចជាគ្រួសាររបស់ពិសិដ្ឋ
ដោយត្រូវបានប្រកាសដាក់ឱ្យអនុវត្តនៅខែមេសា ឆ្នាំ២០២៤ កម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ជួយគ្រួសារនានាដូចជាគ្រួសាររបស់ ពិសិដ្ឋ តាមរយៈការផ្ដល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ។ ដោយសហការជាមួយក្រសួងសង្គមកិច្ច និងមូលនិធិជាតិជំនួយសង្គម កម្មវិធីនេះប្រើប្រាស់ប្រព័ន្ធកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រ (IDPoor) ដើម្បីកំណត់អត្តសញ្ញាណគ្រួសារក្រីក្របំផុតនៅកម្ពុជា។ គ្រួសារជាង ២,៦លាន គ្រួសារទទួលបានការចាត់ចំណាត់ថ្នាក់ជាគ្រួសារ IDPoor ហើយចំណាត់ថ្នាក់នេះធ្វើឱ្យពួកគេមានសិទ្ធិទទួលបានជំនួយនេះ។ យូនីសេហ្វ បានរួមចំណែកតាមរយៈការផ្ដល់ឧបករណ៍ថេបប្លេតចំនួន ១៧០០ គ្រឿង និងសូហ្វែជាក់លាក់ចំពោះកម្មវិធីនេះ ដែលអនុញ្ញាតឱ្យមន្រ្តីមូលដ្ឋានចុះឈ្មោះគ្រួសារនានា ដូចជាគ្រួសាររបស់ ពិសិដ្ឋ ប្រកបដោយប្រសិទ្ធភាព។ បន្ថែមលើបច្ចេកវិទ្យា យូនីសេហ្វ បានដឹកនាំលើកម្មវិធីបណ្ដុះបណ្ដាលសម្រាប់មន្រ្តីមូលដ្ឋាន ដើម្បីធានាថា ពួកគេមានជំនាញក្នុងការកំណត់អត្តសញ្ញាណឱ្យបានត្រឹមត្រូវ នូវគ្រួសារដែលមានសិទ្ធិទទួលបានជំនួយនេះ និងគ្រប់គ្រងកម្មវិធីនេះប្រកបដោយប្រសិទ្ធភាព។ ជាមួយនឹងមូលនិធិពីក្រសួងការបរទេស និងពាណិជ្ជកម្មអូស្ត្រាលី (DFAT) និងសហភាពអឺរ៉ុប ការងាររបស់យូនីសេហ្វ បានជួយចុះឈ្មោះគ្រួសារចំនួនជាង ៦៤០.០០០គ្រួសារ រួមទាំងកុមារមានពិការភាពចំនួន ១.៩០០នាក់ ដែលបានទទួលប្រយោជន៍ពីកញ្ចប់គ្រួសារនេះ។
លោកស្រី បួ សាក់ ដែលជាមន្រ្តីមូលដ្ឋានម្នាក់ បានធានាថា ពិសិដ្ឋ បានទទួលបានបណ្ណសម្គាល់ជនមានពិការភាព និងជាកុមារទីមួយនៅក្នុងភូមិនេះ ដែលបានទទួលប័ណ្ណនេះ។ នៅពេលនេះ ពិសិដ្ឋ មានបណ្ណសម្គាល់ជនមានពិការភាព ដែលផ្ដល់ថវិកាចំនួន ៧ដុល្លារ ក្នុងមួយខែ ដើម្បីជួយទូទាត់លើថ្លៃសម្ភារសិក្សា និងការថែទាំវេជ្ជសាស្រ្ត។ ដោយចាប់ផ្ដើមនៅខែមករា ឆ្នាំ២០២៥ ប្រសិនបើគាត់ទៅរៀននៅសាលារៀនជាទៀងទាត់ គាត់នឹងទទួលបានថវិកាបន្ថែមចំនួន ៥ដុល្លារ ក្នុងមួយខែ។ ដោយរួមបញ្ចូលគ្នា ការឧបត្ថម្ភប្រចាំឆ្នាំទៅដល់គាត់ នឹងមានចំនួនស្មើនឹង ២៤៦ដុល្លារ ។ ទោះជាចំនួននេះ ជាចំនួនតិចតួចក្ដី វាជាចំនួនដ៏ចាំបាច់ ដែលនឹងជួយថ្លៃចំណាយពាក់ព័ន្ធនឹងសាលារៀន កាបូបរៀន និងឈើច្រត់ ។ ពិសិដ្ឋ មានសិទ្ធិទទួលបានជំនួយនេះ ដោយសារពិការភាពរបស់គាត់ និងការលំបាកផ្នែកហិរញ្ញវត្ថុ ដែលគ្រួសាររបស់គាត់ប្រឈមមុខ តាមរយៈប្រព័ន្ធ IDPoor។
លោកយាយ យ៉ាន ថ្លែងថា “ពីមុន យើងមិនដែលបានទទួលបានអ្វីឡើយ។ នៅពេលនេះ ខ្ញុំអាចបញ្ជូនគាត់ទៅសាលារៀន និងទិញចំណីអាហារឱ្យគាត់បាន។”
កម្មវិធី ACESS II របស់យូនីសេហ្វ
មិនមែនមានតែកញ្ចប់គ្រួសារប៉ុណ្ណោះឡើយ ដែលបានធ្វើបរិវត្តកម្មជីវិតរបស់ ពិសិដ្ឋ។ នៅខែមិថុនា ឆ្នាំ២០២៤ កម្មវិធី ACCESS II របស់យូនីសេហ្វ ដែលបានទទួលមូលនិធិពីក្រសួងការបរទេស និងពាណិជ្ជកម្មអូស្ត្រាលី (DFAT) បានចាប់ផ្ដើមធ្វើឱ្យសាលារៀន មន្ទីរពេទ្យ និងសេវាសង្គមមានភាពងាយស្រួលកាន់តែខ្លាំងសម្រាប់កុមារមានពិការភាព។ កម្មវិធីនេះផ្ដោតលើការកំណត់អត្តសញ្ញាណពិការភាពតាំងពីដំបូង និងការកែលម្អប្រព័ន្ធបញ្ជូន ដើម្បីឱ្យកុមារទទួលបានការគាំទ្រដែលពួកគេត្រូវការ។ តាមរយៈការធ្វើការងារយ៉ាងជិតស្និទ្ធជាមួយសាលារៀន កម្មវិធី ACCESS II ធានានូវការកំណត់អត្តសញ្ញាណកុមារមានពិការភាព ហើយពួកគេអាចទទួលបានការអប់រំ និងការថែទាំសុខភាព ដែលពួកគេសមនឹងទទួលបាន។
សម្រាប់ ពិសិដ្ឋ កម្មវិធីនេះមានន័យថា សាលារៀនរបស់គាត់មានបរិយាបន្នកាន់តែប្រសើរជាងមុន។ គាត់ថ្លែងថា “ពេលនេះ លោកគ្រូ អ្នកគ្រូ មានភាពអត់ធ្មត់ជាងមុនជាមួយនឹងខ្ញុំ។ នៅថ្នាក់មួយទៀត មានកុមារីមានបញ្ហា អូទីហ្សឹម ហើយនាងក៏កំពុងទទួលបានជំនួយដែរ។”
យោងតាម របាយការណ៍ឆ្នាំ២០២៣ របស់យូនីសេហ្វ ៨៩ភាគរយនៃកុមារគ្មានពិការភាពនៅកម្ពុជា បានចូលរៀន ប៉ុន្តែកុមារមានពិការភាពអាយុពី៦ ទៅ១១ឆ្នាំ ចំនួនតែ ២០ភាគរយប៉ុណ្ណោះ ដែលបានចុះឈ្មោះចូលរៀន។ ពិសិដ្ឋ ដឹងអំពីបញ្ហាប្រឈមទាំងនេះផងដែរ។ ថ្វីបើប្រឈមមុខនឹងការលំបាកច្រើនក្ដី គាត់នៅតែតាំងចិត្តចំពោះការសិក្សារៀនសូត្រនៅសាលារៀន។ “ឈើច្រត់ទាំងនេះ គឺជាវេទមន្តរបស់ខ្ញុំ” នេះជាសម្ដីរបស់គាត់។ “ឈើច្រត់ទាំងនេះជួយខ្ញុំក្នុងការផ្លាស់ទី សូម្បីតែជីវិតកំពុងជួបប្រទះការលំបាកក្ដី។”
គ្រូបង្រៀនរបស់គាត់ គឺ អ្នកគ្រួ រ៉ា លីដា បានមើលឃើញអំពីភាពរីកចម្រើនរបស់ ពិសិដ្ឋ មិនត្រឹមតែក្នុងនាមជាសិស្សម្នាក់ប៉ុណ្ណោះឡើយ ប៉ុន្តែពាក់ព័ន្ធនឹងជំនឿចិត្តរបស់គាត់ផងដែរ។ អ្នកគ្រូថ្លែងថា “ពីមុន សិស្សផ្សេងទៀតនឹងនិយាយចំអកគាត់ ប៉ុន្តែនៅពេលនេះ ពួកគេមើលឃើញអំពី ការខិតខំប្រឹងរៀនរបស់គាត់ និងសមិទ្ធផលដែលគាត់សម្រេចបាន។ ការតាំងចិត្តរបស់គាត់បានទទួលការគោរពពីពួកគេ។”
ឥទ្ធិពលនៃការតាំងចិត្ត
សម្រាប់ ពិសិដ្ឋ ឈើច្រត់របស់គាត់ គឺលើសពីឧបករណ៍ជំនួយក្នុងការផ្លាស់ទី ពោលគឺ ឈើច្រត់ទាំងនេះគឺជានិម្មិតរូបនៃការតាំងចិត្តរបស់គាត់។ នៅកន្លែងនានាដែលអ្នកផ្សេងទៀតប្រហែលមើលឃើញថាជាដែនកំណត់ ប៉ុន្តែពិសិដ្ឋមើលឃើញឱកាស។ ឈើច្រត់របស់គាត់អនុញ្ញាតឱ្យគាត់ផ្លាស់ទីនៅសាលារៀន លេងបាល់ទាត់ និងមានក្ដីសង្ឃឹមចំពោះអនាគតមួយ ដែលគាត់អាចឧបត្ថម្ភគាំទ្រគ្រួសាររបស់គាត់បាន។
“ឈើច្រត់ទាំងនេះ គឺជាថាមពលរបស់ខ្ញុំ” នេះជាគឺជាសម្ដីរបស់គាត់ជាមួយនឹងស្នាមញញឹម។ “ពួកវាជួយឱ្យខ្ញុំឈរដោយជំនឿចិត្ត សូម្បីតែនៅពេលដែលជីវិតជួបប្រទះនឹងការលំបាកក្ដី។”
នៅពេលដែលការលេងបាល់ទាត់បានបញ្ចប់ ពិសិដ្ឋ ប្រើប្រាស់ឈើច្រត់របស់គាត់ធ្វើដំណើរយ៉ាងលឿនទៅកន្លែងលក់ចំណីអាហារនៅតាមផ្លូវ។ លោក Scott Rotzoll ជាអ្នកថតរូប ដែលកំពុងចងក្រងឯកសារអំពីខ្សែរជីវិតនៅឯសាលារៀននេះ រត់តាមគាត់ និងស្រែកហៅគាត់ថា “ចាំខ្ញុំផង!” ប៉ុន្តែ ពិសិដ្ឋ ធ្វើដំណើរបានពាក់កណ្ដាលផ្លូវទៅកាន់ខ្លោងទ្វារសាលារៀនរួចហើយ។ “កុមារានោះដើរបានលឿនណាស់” នេះជាការចាប់អារម្មណ៍របស់ Scott ដោយសម្ដែងភាពភ្ញាក់ផ្អើលជាមួយនឹងល្បឿនរបស់ ពិសិដ្ឋ។
ពិសិដ្ឋ បានបង្ហាញរួចហើយថា គាត់អាចបន្តទៅមុខបាន ពោលគឺ មួយជំហានម្ដងៗ គាត់ឈានទៅកាន់តែជិតទៅរកការដឹកនាំ។
“នៅថ្ងៃមួយ ខ្ញុំនឹងជួសជុលទូរស័ព្ទ និងកុំព្យូទ័រ” នេះជាសម្ដីរបស់ ពិសិដ្ឋ ជាមួយនឹងស្នាមញញឹមដែលពោរពេញទៅដោយក្ដីសង្ឃឹម ថ្វីបើខ្លួនឯងមិនមានទូរស័ព្ទឆ្លាតវៃក្ដី។ “នៅពេលនេះ ឈើច្រត់ទាំងនេះ គឺជាថាមពលរបស់ខ្ញុំ” គាត់សើច “ប៉ុន្តែនៅពេលឆាប់ៗនេះ ខ្ញុំនឹងប្រើប្រាស់ដៃរបស់ខ្ញុំ ដើម្បីកសាងជីវិតកាន់តែល្អប្រសើរសម្រាប់ជីដូនរបស់ខ្ញុំ ប្អូនប្រុសរបស់ខ្ញុំ និងខ្ញុំផ្ទាល់។” គាត់ឈប់បន្តិច បន្ទាប់មក និយាយបន្ថែមជាមួយនឹងស្នាមញញឹមថា “ប៉ុន្តែដំបូង ខ្ញុំនឹងទិញកាបូបថ្មីមួយ ដើម្បីជំនួសកាបូបចាស់រហែករបស់ខ្ញុំ។”