ទិវាកុមារពិភពលោក៖ បរិយាបន្ន និងក្តីសុបិនសម្រាប់បងប្អូនប្រុសបង្កើតពីរនាក់
បងប្អូនប្រុសបង្កើតពីរនាក់ ដែលមានជំងឺស្បែកដ៏កម្រ បានទទួលភាពសប្បាយរីករាយ និងស្និទ្ធស្នាលក្នុងពិធីបុណ្យដ៏រស់រវើក ដែលអបអរបរិយាបន្ន វប្បធម៌ និងក្តីសុបិនសម្រាប់កុមារគ្រប់រូប។
- English
- Khmer
ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី – សេចក្ដីសប្បាយរីករាយកើតមានឡើងតាមរយៈការរៀបចំមហោស្រពសិល្បះ ខណៈដែលអ្នកចូលរួមចំនួន 12,000 នាក់បានប្រារព្ធទិវាកុមារពិភពលោក។ ជាលើកទីមួយសម្រាប់ខេត្តមណ្ឌលគិរី កម្មពិធីបុណ្យភូមិ រយៈពេលបីថ្ងៃនេះ មិនត្រឹមតែជាកម្មវិធីជួបជុំគ្នាដ៏សប្បាយរីករាយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាវេទិកាអប់រំ ដែលកុមារបានស្វែងយល់អំពីសិទ្ធិរបស់ពួកគេ នៅពេលចូលរួមលេងល្បែងកំសាន្ត និងរបាំប្រពៃណីក្នុងថ្ងៃពិសេសនេះ។
ក្នុងចំណោមទឹកមុខដ៏សប្បាយរីករាយនៅក្នុងពិធីនោះ មានបងប្អូនប្រុសបង្កើតពីរនាក់ គឺឈ្មោះ សេងហៃ សុខហេង អាយុ ១១ឆ្នាំ និងសុខជា អាយុ ៧ឆ្នាំ អ្នកទាំងពីរមានរោគបែកស្រកា (ichthyosis) ជាជំងឺដែលប៉ះពាល់ដល់ស្បែករបស់ពួកគេ។ ហើយដោយសារតែជំងឺនេះ ទើបពួកគេច្រើនតែមានអារម្មណ៍ថាត្រូវបានគេផាត់ចោលពីសហគមន៍របស់ពួកគេ។ ប៉ុន្តែថ្ងៃនេះខុសពីថ្ងៃមុន ពោលគឺ ទឹកមុខរបស់ពួកគេលេចឡើងដោយស្នាមញញឹម នៅពេលដែលពួកគេបានចូលរួមក្នុងការលេងល្បែងកំសាន្ត និងសកម្មភាពផ្សេងៗ។
ដោយមានការដឹកនាំដោយយុវជនស្ម័គ្រចិត្តរបស់យូនីសេហ្វ ដែលពោរពេញដោយឆន្ទះចំនួន ៤៥នាក់ កុមារនៅក្នុងកម្មវិធីនេះ អាចទទួលបទពិសោធន៍ពិតពីយូនីសេហ្វដោយផ្ទាល់ ។ សុខហេង បានបង្ហាញជំនាញរបស់ខ្លួនក្នុងការប្រកួតកីឡាប៊ូលីង និងបានឈ្នះសម្ភារៈសិក្សា ខណៈដែល សុខជា ចូលចិត្តផាត់ពណ៌ និងរៀនសូត្រអំពីអាហារូបត្ថម្ភ។ ស្តង់ផ្សេងៗទៀត រួមមាន ដើមឈើសុខភាពផ្លូវចិត្ត "ខ្ញុំធូរចិត្តពេល" សម្រាប់ចែករំលែកក្តីសង្ឃឹម ស្តង់គូរមុខដែលប្រែកាយក្មេងៗទៅជាដំរី និងស្តង់អនាម័យ និងទឹកស្អាត ដែលបង្រៀនពីជំនាញលាងដៃ។
មាតាបិតា និងអ្នកថែទាំក៏បានឃើញពីគុណតម្លៃនៅក្នុងកម្មវិធីនេះផងដែរ ដោយរៀនពីស្តង់ព័ត៌មានអំពីការចិញ្ចឹមបីបាច់កូន ការចាក់វ៉ាក់សាំង និងសេវាគាំទ្រសំខាន់ៗសម្រាប់គ្រួសារដែលមានប្រាក់ចំណូលទាប ។ ឪពុករបស់ពួកគេ ឈ្មោះ សេងហៃ ហយ ដែលមានហាងខ្នាតតូចជាមួយប្រពន្ធ បាននិយាយថា "សុខហេង ស្រឡាញ់ក្ដារដីស និងសៀវភៅថ្មីរបស់គាត់"។
"ខ្ញុំពិតជារីករាយណាស់ ដែលតារាសម្តែង កញ្ញា ស៊ីន យូប៊ីន បានជូនអំណោយនេះដល់គាត់ ហើយ សុខជា រំភើបចិត្តណាស់ ដែលបានថតរូបជាមួយនាង។ ពួកគេបានប្រើកាបូបថ្មីរបស់ពួកគេរួចហើយ»។ គាត់បានបង្ហាញរូបថតដោយមោទនភាព ដល់អ្នករាល់គ្នាដែលនៅជុំវិញខ្លួន។
ដោយទប់ទឹកភ្នែកមិនជាប់ ខណៈ សុខជា អោបជើងឪពុករបស់ពួកគេ គាត់បានបន្ថែមថា “សូមអរគុណដល់ យូនីសេហ្វ ដែលបានធ្វើឲ្យកូនៗរបស់ខ្ញុំសប្បាយចិត្ត។ យើងកម្រឃើញពួកគេញញឹមបែបនេះណាស់។ ការឃើញពួកគេលេងជាមួយកុមារផ្សេងទៀត មានន័យណាស់សម្រាប់ខ្ញុំ»។
កម្មវិធីនេះក៏បានបង្ហាញវប្បធម៌ដ៏សម្បូរបែបរបស់ប្រទេសកម្ពុជា អមដោយការសម្តែងបែបប្រពៃណី ដោយបានចាប់ការស្រមើស្រមៃរបស់ក្មេងប្រុសទាំងពីរ ។ សុខហេង រំភើបចិត្តខ្លាំងណាស់ ហើយបាននិយាយថា "ខ្ញុំស្រឡាញ់អ្នករបាំ និងរឿងព្រេងដំរី"!
សម្រាប់ សុកហេង សុខជា និងកុមារមានពិការភាពដទៃទៀត ទិវាកុមារពិភពលោកនៅខេត្តមណ្ឌលគិរី បានបង្ហាញពីមជ្ឈដ្ឋានអំណោយផលដែលបង្កើតឱកាសស្មើៗគ្នាសម្រាប់កុមារទាំងអស់ ដើម្បីចូលរួម និងបង្កើតក្តីសុបិន ។ ដោយមានការគាំទ្រីរដ្ឋាភិបាលអូស្ត្រាលី ការប្រារព្ធពិធីនេះ បាននាំមកនូវស្មារតីនៃពិធីបុណ្យភូមិរបស់ប្រទេសកម្ពុជា និងបង្ហាពីបេសកកម្មរបស់យូនីសេហ្វ ក្នុងការជួយកុមារគ្រប់រូបឱ្យរីកចម្រើនតាមរយៈការបង្ហាញដល់មេដឹកនាំមូលដ្ឋានអំពីរបៀបកសាងអនាគតប្រកបដោយបរិយាបន្នសម្រាប់កុមារគ្រប់រូប។