បង្អែកឌីជីថល ៖ របៀបដែលបច្ចេកវិទ្យាជួយបុគ្គលិកសង្គម អាចជួយកុមារនៅតំបន់ដាច់ស្រយាលបំផុតក្នុងប្រទេស
នៅក្នុងភូមិបណ្តែតទឹកក្នុងប្រទេសកម្ពុជា ពៅ វណ្ណនី ជាបុគ្គលិកសង្គមកិច្ច ប្រើប្រាស់ឧបករណ៍ឌីជីថលដើម្បីតាមដានកុមារដែលងាយរងគ្រោះនៅតាមស្រុកនានា ។
- English
- Khmer
ថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០២៥ ស្រុកឯកភ្នំ ខេត្តបាត់ដំបង --- កង្ហារនៅពីលើ បក់ខ្យល់ស្ងួតនៅក្នុងការិយាល័យដ៏ចង្អៀតរបស់លោក ពៅ វណ្ណនី ក្នុងខេត្តបាត់ដំបង ។ ឯកសណ្ឋានពណ៌ត្នោតរបស់បុគ្គលិកសង្គមអាយុ ៤៧ ឆ្នាំរូបនេះ មើលទៅស្រស់ស្អាត ប៉ុន្តែភ្នែកហត់នឿយរបស់គាត់ប្រាប់ពីរឿងផ្សេងពីនេះ ។ គាត់អង្គុយដោយបត់ដៃរបស់គាត់ដាក់នៅលើតុឈើដ៏មានរបៀបរបស់គាត់ ដោយរំលឹកឡើងវិញពីសប្តាហ៍ដ៏លំបាកមួយ ។
គាត់មានប្រសាសន៍ថា ៖ “កាលពីសប្តាហ៍មុន ខ្ញុំត្រូវដេកបីយប់នៅក្នុងភូមិបណ្តែតទឹកដើម្បីពិនិត្យមើលគ្រួសារ
មួយ ។” “អ្នកទូកចល័តរហូត ។ ពេលខ្ញុំមកដល់ ជួនកាល ពួកគេចេញទៅបាត់ល្មម ។”
គាត់បានឆ្លុះបញ្ចាំងថា “ខ្ញុំធ្លាប់ជាក្មេងស្រេកឃ្លាន ។” “ពេលខ្ញុំជួយអ្នកដទៃ ខ្ញុំគេងលក់ស្រួល ។ នៅក្នុងព្រះពុទ្ធសាសនា យើងហៅថា បានបុណ្យ ។”
គាត់មិនមានបំណងធ្វើជាបុគ្គលិកសង្គមទេ ។ គាត់បានផ្លាស់ទៅក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា កាលពីឆ្នាំ២០១៨ ។
ប្រាំពីរឆ្នាំមកនេះ ឥឡូវនេះ អនុស្សាវរីយ៍ខ្លះបានតាមលងគាត់ ។ សំឡេងរបស់ វណ្ណនី ធ្លាក់ចុះនៅពេលនឹកដល់បងប្អូនបង្កើតពីរនាក់នៅក្នុងភូមិអណ្តែតទឹកមួយ រាងកាយពួកគេហើមដោយសារកង្វះអាហារូបត្ថម្ភ ពីព្រោះឪពុកម្តាយពួកគេមិនមានលទ្ធភាពទិញអាហារសម្រាប់ហូប ។
គាត់និយាយ ដោយផ្អាកបន្តិច ថា “ពួកគេស្លាប់ដោយសារការអត់ឃ្លាន ។” “ក្នុងនាមជាឪពុកម្នាក់ខ្លួនឯង ខ្ញុំមិនអាចគ្រាន់តែដាក់របាយការណ៍ ហើយចាកចេញទេ ។”
គាត់បានទៅទាក់ទងអង្គការក្រៅរដ្ឋាភិបាលដៃគូមួយ ។ ការសង្គ្រោះនោះបានទទួលជោគជ័យ ក្មេងៗដែលធ្លាប់តែទទួលរងគ្រោះអត់ឃ្លានស្ទើរដាច់ពោះ ឥឡូវនេះមានអាហារទៀងទាត់ដើម្បីហូប និងមានឱកាសចូលរៀននៅសាលារៀនបណ្តែតទឹក ខណៈដែលឪពុករបស់ពួកគេប្រកបរបរជាអ្នកប្រកាសព័ត៌មានតាមភូមិ ដោយជិះម៉ូតូពីកន្លែងមួយទៅកន្លែងមួយ ដើម្បីផ្សព្វផ្សាយព័ត៌មានអំពីពិធីមង្គលការ យុទ្ធនាការរបស់រដ្ឋាភិបាល និងការប្រកាសព័ត៌មានរបស់សហគមន៍ ។ ទោះជាយ៉ាងណាក្តី វណ្ណនី ដឹងថាគ្រួសារនេះហៀបនឹងទទួលរងនូវសោកនាដកម្មយ៉ាណានោះ ។
បទពិសោធន៍របស់ វណ្ណនី ឆ្លុះបញ្ចាំងពីបញ្ហាប្រឈមដ៏ធំដែលកម្ពុជាកំពុងតែជួបប្រទះ ។ នៅក្នុងប្រទេសដែលមានប្រជាជនចំនួន ១៧,៨ លាននាក់នេះ កុមារអាយុក្រោម ១៥ ឆ្នាំ មានចំនួនមួយភាគបីនៃប្រជាជនសរុប ពោលគឺប្រហែល ៦ លាននាក់ ជាជីវិតវ័យក្មេង ។
វណ្នី គឺជាបុគ្គលិកម្នាក់ក្នុងចំណោមបុគ្គលិកជំនួយការសង្គមកិច្ចតែជាង ២០០នាក់ ដែលព្យាយាមការពារកុមារនៅទូទាំងប្រទេសកម្ពុជា ។ គាត់ត្រូវបានបណ្តុះបណ្តាល និងបង្ហាត់បង្ហាញដោយ ទឹម ស្រីអូន ដែលបុគ្គលិកសង្គមកិច្ចថ្នាក់ខេត្តដ៏សកម្ម ដឹកនាំកិច្ចខិតខំប្រឹងប្រែងដើម្បីកសាងបណ្តាញការពារកុមារឱ្យកាន់តែរឹងមាំថែមទៀត ។
តួលេខគឺគួរឱ្យភ្ញាក់ផ្អើលមែនទែន ។ កម្ពុជាមានបុគ្គលិកសង្គមកិច្ចជំនាញចំនួនតែ ៣៧ នាក់ប៉ុណ្ណោះ ដើម្បីការពារកុមារចំនួន ៦ លាននាក់ ។ បុគ្គលិកជំនួយការសង្គមកិច្ច ដូចជា វណ្ណនី ជួយបំពេញគម្លាតនេះ ប៉ុន្តែទោះបីជាមានបុគ្គលិកជំនួយជាង ២០០ នាក់បន្ថែមក៏ដោយ ក៏បុគ្គលិកម្នាក់ៗនៅតែត្រូវទទួលបន្ទុកកុមារចំនួនប្រមាណជា ២៥.០០០ នាក់ ។
ស្រុករបស់ វណ្ណនី មានភូមិបណ្តែតទឹកចំនួន ១០ នៅតាមដងទន្លេសាប ដែលមានប្រជាជនរាប់រយគ្រួសាររស់នៅលើទូក ប្រកបរបរនេសាទត្រីដើម្បីចិញ្ចឹមជីវិត ។ កុមារនៅក្នុងសហគមន៍ទាំងនេះប្រឈមមុខនឹងបញ្ហាជាច្រើន ៖ អំពើហិង្សាក្នុងគ្រួសារ ហានិភ័យនៃគ្រោះថ្នាក់ដោយការលង់ទឹក និងឱកាសទៅសាលារៀន និងសេវាសុខភាពមានកម្រិត ។
វណ្ណនី ពន្យល់ថា “ផ្លូវបញ្ចប់ត្រឹមទឹក ។” “ដើម្បីជួយកុមារទាំងនេះ ខ្ញុំត្រូវការទូក ។ ប៉ុន្តែមិនមានថវិកាសម្រាប់ទិញទូកទេ ។”
ករណីរំលោភបំពានផ្លូវភេទ ធ្វើឱ្យគាត់ដេកមិនលក់ពេលយប់ ជាពិសេសក្នុងអំឡុងពេល ៧២ ម៉ោងដ៏សំខាន់បំផុតនៅពេលដែលនគរបាលស៊ើបអង្កេត ហើយកុមារត្រូវការទីជម្រកសុវត្ថិភាព ។
វណ្ណនី បានរៀនធ្វើការផ្អែកទៅតាមកង្វះខាតទាំងនេះ ។ នារសៀលដ៏ក្តៅមួយ គាត់បានទៅសួរសុខទុក្ខគ្រួសាររបស់ អឿប ពោយ ។ កម្មករសំណង់ដែលមានវ័យ ៤៤ ឆ្នាំ រូបនេះ បានតស៊ូជាមួយនឹងភាពក្រីក្រ និងភាពគ្មានការងារធ្វើ ។ បញ្ហាប្រឈមពិតប្រាកដរបស់គាត់ គឺការស្វែងរកការងារដែលមានស្ថិរភាពដើម្បីចិញ្ចឹមប្រពន្ធនិងកូនពីរនាក់ ដែលឥឡូវនេះមានអាយុ ៧ និង ៨ ឆ្នាំ ។
ពោយ ពន្យល់ដោយស្ងៀមស្ងាត់ថា “អ្វីដែលលំបាកបំផុត គឺការមានអារម្មណ៍ថាគ្មានប្រយាជន៍ នៅពេលដែលខ្ញុំមិនអាចជួយពួកគេបាន ។”
វណ្ណនី បានណែនាំគាត់ឱ្យស្គាល់អង្គការដៃគូ CCI ដើម្បីទទួលបានការបណ្តុះបណ្តាលអំពីការងារ និងការគាំទ្រផ្នែកហិរញ្ញវត្ថុ ។ តាមរយៈកម្មវិធីនេះ ពោយ បានរៀនជំនាញថ្មី និងទទួលបានធនធាននានា ។ ឥឡូវនេះ គាត់បើកកសិដ្ឋានចិញ្ចឹមបក្សីតូចមួយនៅផ្ទះ ជាជាងការស្វែងរកការងារសំណង់ដែលមិនប្រាកដប្រជានៅឆ្ងាយផ្ទះ ដោយផ្តល់ប្រាក់ចំណូលដែលមានលំនឹង ព្រមទាំងមានពេលនៅជិតគ្រួសាររបស់គាត់ ។
គ្រួសារនេះមានភាពក្រីក្រ ដូច្នេះពួកគេទទួលបានជំនួយពីរដ្ឋាភិបាល ដែលហៅថា “កញ្ចប់គ្រួសារ” ដែលជាជំនួយហិរញ្ញវត្ថុគាំទ្រដោយយូនីសេហ្វចំនួន ១៣,៥ ដុល្លារក្នុងមួយខែ តាមរយៈរាជរដ្ឋាភិបាល ។
ប្រពន្ធគាត់និយាយខណៈពេលឱ្យចំណីទារបស់ពួកគេ ថា “ការឧបត្ថម្ភប្រចាំខែនេះហាក់ដូចជាតិចតួចណាស់ ។” “ប៉ុន្តែវាបានធ្វើឱ្យផ្លាស់ប្តូរអ្វីៗគ្រប់យ៉ាង ។ កូនៗរបស់យើងអាចទិញអាហារថ្ងៃត្រង់នៅសាលារៀនបាន ។”
រឿងរ៉ាវជោគជ័យដូចជារឿងរ៉ាវរបស់ ពោយ ពឹងផ្អែកកាន់តែខ្លាំងលើបច្ចេកវិទ្យាថ្មី ដែលកំពុងតែផ្លាស់ប្តូររបៀបដែលបុគ្គលិកសង្គមកិច្ចធ្វើការ ។ នៅក្នុងការិយាល័យដែលប្រើពន្លឺថ្ងៃរបស់គាត់ វណ្ណនី បើកកម្មវិធីមួយដែលមានឈ្មោះថា Primero - ដែលជាប្រព័ន្ធឌីជីថលដែលយូនីសេហ្វបានជួយនាំមកសម្រាប់គាំទ្រសេវាសង្គមនៅកម្ពុជា ។ មុននេះ អ្វីៗគ្រប់យ៉ាងគឺនៅលើក្រដាស ។ របាយការណ៍បានបាត់បង់ ។ ករណីនានាមិនអាចគ្រប់គ្រងបាន ។ កុមារដែលផ្លាស់ទីរវាងតំបន់នានា បានបាត់ខ្លួនចេញពីប្រព័ន្ធនេះ ។
វណ្ណនី និយាយជាមួយស្នាមញញឹមដ៏កម្រ ថា “កម្មវិធី (app) នេះជួយសង្រ្គោះការងារ” ។ កាលពីប៉ុន្មានខែមុន ប្រធានរបស់គាត់បានបង្ហាញពីបញ្ហាចំពោះរបាយការណ៍ដែលសរសេរដោយដៃរបស់គាត់ ៖ របាយការណ៍ទាំងនេះច្រើនតែមានភាពមិនពេញលេញ ហើយជួនកាល យឺតទៀតផង ។ វណ្ណនី បានធ្វើការជាមួយឯកសារក្រដាសស្នាមទាំងពិបាក ដោយចំណាយពេលជាច្រើនម៉ោងដើម្បីចងចាំព័ត៌មានលម្អិតពីការចុះតាមសហគមន៍របស់គាត់ ។ ឥឡូវនេះ ប្រព័ន្ធ Primero ណែនាំគាត់ នៅក្នុងករណីនីមួយៗដោយមានសាររំលឹកដោយស្វ័យប្រវត្តិ ។ ថ្មីៗនេះ ប្រធានរបស់គាត់បានកត់សម្គាល់ថា របាយការណ៍របស់គាត់កាន់តែមានភាពលម្អិត និងទាន់ពេលវេលាច្រើនជាងមុន ។ ប្រព័ន្ធនេះ ណែនាំគាត់ពិនិត្យមើលករណីនីមួយៗ តាំងពីការវាយតម្លៃដំបូងរហូតដល់ការបិទសំណុំរឿងចុងក្រោយ ។
គាត់និយាយថា ៖ “ខ្ញុំអាចតាមដានដឹងថាកុមារនៅទីណា ទោះបីជាពេលដែលគ្រួសាររបស់ពួកគេផ្លាស់ប្តូរទីលំនៅពីស្រុកមួយទៅស្រុកមួយក្តី ។” “វាដូចជាមានភ្នែកនៅគ្រប់ទីកន្លែងអញ្ចឹងដែរ ។”
ការផ្លាស់ប្តូរគឺអាចមើលឃើញច្បាស់ ។ មុនពេលមានប្រព័ន្ធ Primero វណ្ណនី បានគ្រប់គ្រងករណីជាច្រើនក្នុងពេលតែមួយ លើសពីនោះទៀត គាត់នឹងមិនអាចគ្រប់គ្រងព័ត៌មានលម្អិតសំខាន់ៗបាននោះទេ ។ ឥឡូវនេះ គាត់មានភាពងាយស្រួលក្នុងការចាត់ចែងករណីកាន់តែច្រើនថែមទៀត ពីព្រោះប្រព័ន្ធនេះរក្សាអ្វីៗគ្រប់យ៉ាងឱ្យមានរបៀបរៀបរយ ។ គាត់ធ្លាប់តែចំណាយពេលស្ទើរពេញមួយរសៀលដើម្បីសរសេររបាយការណ៍ ។ ជាមួយនឹងប្រព័ន្ធ Primero គាត់អាចបញ្ចប់របាយការណ៍តែក្នុងរយៈពេលតិចជាងមួយម៉ោង ដោយសារតែប្រព័ន្ធនេះរៀបចំព័ត៌មានទាំងអស់ដែលគាត់បានបញ្ចូលរួចហើយ ។
កម្មវិធី (app) នេះ ភ្ជាប់គាត់ភ្លាមៗទៅនឹងអ្នកជួយផ្សេងៗទៀត, បញ្ជូនសាររំលឹកនៅពេលដែលកាលបរិច្ឆេទកំណត់ជិតមកដល់, និងរក្សាព័ត៌មានឯកជនឱ្យមានសន្តិសុខ ។ អ្វីដែលសំខាន់បំផុតគឺ កម្មវិធីនេះសម្របសម្រួលរវាងបុគ្គលិករដ្ឋាភិបាលដូចជារូបគាត់ និងអង្គការមិនមែនរដ្ឋាភិបាលដែលផ្តល់សេវាកម្មឯកទេស ។
កម្មវិធី (app) Primero គឺជាផ្នែកមួយនៃកំណែទម្រង់ទូលំទូលាយដែលកំពុងកើតឡើងនៅទូទាំងប្រទេសកម្ពុជា ។ នៅក្នុងខែតុលា ឆ្នាំ ២០២៤ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងវិទ្យាស្ថានជាតិសង្គមកិច្ច បានប្រកាសដាក់ឱ្យអនុវត្តកម្មវិធីសិក្សាសម្រាប់ការបណ្តុះបណ្តាលគ្រប់ជ្រុងជ្រោយលើកមួយ សម្រាប់កម្លាំងការងារ
វិស័យសង្គមកិច្ច ដែលត្រូវបានអភិវឌ្ឍឡើងដោយមានការគាំទ្រពីយូនីសេហ្វ រដ្ឋាភិបាលសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ។ កម្មវិធីសិក្សានេះ ផ្តល់ការបណ្តុះបណ្តាលផ្អែកលើសមត្ថភាពជំនាញ ដែលត្រូវបានរៀបចំឡើងដើម្បីដោះស្រាយបញ្ហាប្រឈមនៃកិច្ចការពារកុមារនៅក្នុងប្រទេសកម្ពុជា និងបង្កើតស្តង់ដារផ្លូវការសម្រាប់បុគ្គលិកសង្គមនៅក្នុងប្រព័ន្ធការពារកុមាររបស់ប្រទេសនេះ ។
បន្ទុកការងារនៅតែច្រើនលើសលប់ ។ ដោយបុគ្គលិកសង្គមកិច្ចម្នាក់ៗត្រូវបម្រើរាប់ពាន់គ្រួសារ ដោយព្យាយាមការពារពួកគេពីគ្រោះអាសន្នផ្សេងៗ ។
វណ្ណនី និយាយថា ៖ “ប្រជាជនឃើញយើងដឹកអង្ករ ហើយគិតថា នោះគឺជាការងាររបស់យើង ។” “ពួកគេមិនឃើញយើងបង្រៀនឪពុកម្តាយអំពីរបៀបដាក់ប្រដៅកូនដោយមិនបើរអំពើហិង្សា ឬជួយកុមារផ្តល់សក្ខីកម្មដោយសុវត្ថិភាពនៅក្នុងតុលាការទេ ។”
ប៉ុន្តែសម្រាប់បុគ្គលិកដូចជា វណ្ណនី កុមារដែលត្រូវបានសង្គ្រោះម្នាក់ៗរំឭកគាត់ពីកុមាររាប់សិបនាក់ទៀតដែលមិនទាន់បានសង្គ្រោះនៅឡើយ ។ គាត់សារភាពថា “ជួនកាល ខ្ញុំយល់សប្តិឃើញភូមិបណ្តែតទឹកទាំងនោះ ។” “ឃើញកុមារទាំងអស់នោះដែលខ្ញុំមិនអាចទៅដល់បាន ព្រោះខ្ញុំគ្មានទូក ។”
ទូរសព្ទរបស់គាត់រោទិ៍ឡើង ។ ករណីមួយទៀត វិបត្តិមួយទៀត ។ គាត់បើកកម្មវិធី Primero ពិនិត្យមើលព័ត៌មានជាមូលដ្ឋាន ហើយអាចឃើញភ្លាមៗពីជំនួយអ្វីខ្លះដែលគ្រួសារនេះបានទទួលពីមុនមក ។ ប្រព័ន្ធឌីជីថលនេះ ជួយគាត់ក្នុងការតាមដានគ្រួសារនៅទូទាំងស្រុក និងសម្របសម្រួលសេវាកម្មកាន់តែមានប្រសិទ្ធភាព ។ នៅក្នុងប្រទេសដែលមានបុគ្គលិកជំនួយការសង្គមកិច្ចចំនួន ២០០ នាក់ បម្រើកុមារចំនួន ៦ លាននាក់ រាល់ឧបករណ៍ដែលជួយពួកគេឱ្យធ្វើការកាន់តែឆ្លាតវៃ ធ្វើឱ្យពួកគេអាចគ្រប់គ្រងបាននូវអារម្មណ៍ដែលយល់ថាមិនអាចធ្វើបាន ។ វណ្ណនី បិទកម្មវិធី (app) រួចហើយរៀបចំខ្លួនសម្រាប់ការចុះទៅសហគមន៍នៅថ្ងៃស្អែក ដោយដឹងថា បច្ចេកវិទ្យាបានផ្តល់ឱ្យគាត់នូវអ្វីដែលមានតម្លៃបំផុត ៖ សមត្ថភាពក្នុងការធ្វើឱ្យរាល់អន្តរាគមន៍មានប្រសិទ្ធភាព ។