សេចក្តីអំពាវនាវបន្ទាន់សម្រាប់កុមារកម្ពុជា
Click to close the emergency alert banner.

យូនីសេហ្វ និងប្រទេសកម្ពុជាបន្តការប្ដេជ្ញាចិត្តក្នុងការលើកកម្ពស់អាហារូបត្ថម្ភ សម្រាប់ទាំងអស់គ្នា

13 មិថុនា 2025
© UNICEF Cambodia/2025/Bunsak But
UNICEF Cambodia/2025/Bunsak But

រាជធានីភ្នំពេញ ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ - នៅថ្ងៃនេះ ក្រសួងសុខាភិបាល​នៃព្រះរាជាណាចក្រកម្ពុជា​​​បានដាក់ឱ្យអនុវត្ត​ផែនទីបង្ហាញផ្លូវសម្រាប់​ពន្លឿនការកែលម្អ​អាហារូបត្ថម្ភ ២០២៣-២០៣០ ដែលជា​គំនិតផ្ដួចផ្ដើមទីពីរថ្នាក់ជាតិ ដើម្បីបង្កើនល្បឿនវឌ្ឍនភាពនៅ​​ក្នុងការដោះស្រាយ​បន្ទុកនៃបញ្ហាកង្វះអាហា​រូបត្ថម្ភ និងធានាថា កុមារ យុវវ័យ និងមនុស្សធំគ្រប់រូ​ប​ទទួលបាន​អាហារូបត្ថម្ភ ដែលពួកគេត្រូវការ​​ដើម្បីលូតលាស់​។ ផែនទីបង្ហាញផ្លូវនេះ​ ដឹកនាំដោយក្រសួងសុខាភិបាល​ ដោយសហការជាមួយ​ក្រសួងពាក់ព័ន្ធ ព្រមទាំង​មានការគាំទ្រពីយូនីសេហ្វ និងដៃគូអភិវឌ្ឍន៍នានា។

ក្នុងនៅរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ប្រទេសកម្ពុជា​បានបង្កើតវឌ្ឍនភាពគួរឱ្យកត់សម្គាល់​ចំពោះ​ជីវិតរបស់​កុមារ។ នៅរវាងឆ្នាំ២០១៤ និងឆ្នាំ២០២១ អត្រាភាពក្រិសក្រិន​នៅក្នុងចំណោម​កុមារអាយុក្រោម៥ឆ្នាំ​ បានធ្លាក់ចុះពី ៣២ភាគរយ​ មកនៅត្រឹម ២២ ភាគរយ។ ទោះជាយ៉ាងណាក្ដី កុមារម្នាក់​ក្នុងចំណោម១០នាក់ ដែលមានអាយុក្រោម៥ឆ្នាំ ​បន្តទទួលរង​បញ្ហាភាពស្គមស្គាំងធ្ងន់ធ្ងរ ដែលគំរាមកំហែងដល់អាយុជីវិត ។ ប្រេវ៉ាឡង់​នៃ​ភាពស្គមស្គាំង​នៅតែ​ពុំមានការប្រែប្រួល​ឡើយ​នៅក្នុងរយៈពេល​មួយទសវត្សរ៍កន្លងទៅនេះ ដែលនេះជាការគូសបញ្ជាក់​អំពី​សេចក្ដីត្រូវការបន្ទាន់​ក្នុងការបន្ត​ និង​ពង្រីក​កិច្ចខិតខំប្រឹងប្រែងដើម្បីកែលម្អអាហារូបត្ថម្ភរបស់កុមារ។

ទន្ទឹមនឹងនេះដែរ អត្រា​កុមារលើសទម្ងន់ ​បានកើនឡើងពី ២ភាគរយ ​ទៅ ៤ភាគរយ នៅរវាងឆ្នាំ២០១៤ និងឆ្នាំ២០២១ ហើយនិន្នាការគួរឱ្យព្រួយបារម្ភ​ពាក់ព័ន្ធ​ការអនុវត្ត​ការផ្ដល់ចំណីអាហារដល់​កុមារបង្ហាញថា កុមារចំនួនតែ ៥៤ភាគរយប៉ុណ្ណោះ ដែលទទួលបានទឹកដោះម្ដាយតាំងពីដំបូង ហើយ​កុមារតែ ៥០ភាគរយ ​ដែលទទួលបាន​ការបំបៅដោះម្ដាយតែមួយមុខគត់នៅក្នុង​រយៈពេល ៦ខែ ដំបូងនៃអាយុរបស់ពួកគេ។

ឯកឧត្តមសាស្ត្រាចារ្យ  ឈាង  រ៉ា  រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានមានប្រសាសន៍ថា: “រាជរដ្ឋាភិបាលកម្ពុជាប្តេជ្ញាចិត្តកែលម្អ អាហារូបត្ថម្ភសម្រាប់ទាំងអស់គ្នា ដោយរៀបចំឱ្យមានប្រព័ន្ធផ្តល់សេវា និងអន្តរាគមន៍អាហារូបត្ថម្ភប្រកបដោយគុណភាព។ ប្រព័ន្ធសុខាភិបាលបានដាក់បញ្ចូលសេវាអាហារូបត្ថម្ភទៅក្នុងសេវាថែទាំសុខភាពបឋមដែលចូលរួមលើកកម្ពស់អាហារូបត្ថម្ភដ៏ប្រសើរបំផុត និងជាការចាប់ផ្តើមដ៏ល្អក្នុងជីវិត។ យុទ្ធសាស្ត្រចតុកោណដើម្បីកំណើនការងារសមធម៌ និងប្រសិទ្ធភាព ដំណាក់កាលទី៤ និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ (២០១៩-២០២៣) បញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ រាជរដ្ឋាភិបាលកម្ពុជា ចំពោះគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពសម្រាប់ឆ្នាំ២០៣០ ពោលគឺ ការកាត់បន្ថយភាពក្រីក្រ និងការលើកកម្ពស់សុខភាព អាហារូបត្ថម្ភ និងអនាម័យជាពិសេសក្នុងចំណោមជនក្រីក្រ និងជនងាយរងគ្រោះ។”

ផែនទីបង្ហាញផ្លូវនេះមានបំណងធានាថា សហគមន៍​ទាំងអស់នៅកម្ពុជា​ទទួលបានអាហារូបត្ថម្ភ សុខភាព និងសុខុមាលភាពល្អបំផុត។ ផែនទីបង្ហាញផ្លូវនេះ​ កំណត់ទិសដៅជាតិ​ពាក់ព័ន្ធនឹង​កាត់បន្ថយ​ប្រេវ៉ាឡង់​នៃ​ភាពស្គមស្គាំង​នៅក្នុងចំណោម​កុមារអាយុក្រោម ៥ឆ្នាំ​ ឱ្យមកនៅត្រឹម ៥ភាគរយ ​នៅត្រឹមឆ្នាំ២០៣០ និងបង្កើនវឌ្ឍនភាព​ឆ្ពោះទៅរកការទទួលបានជាសកលនូវអាហារូបត្ថម្ភប្រកបដោយគុណភាព ក្នុងអំឡុងពេលកុមារភាពវ័យកណ្តាល និងវ័យជំទង់ សម្រាប់ស្ត្រីក្នុងវ័យបន្តពូជ និងអំឡុងពេលមានផ្ទៃពោះ ការសម្រាលកូន និងក្រោយសម្រាល។

តាមរយៈ​​ការដាក់កម្រិតចំពោះសមត្ថភាពរបស់កុមារ​ក្នុងការសម្រេចបានសក្ដានុពលរបស់ខ្លួន ភាពស្គមស្គាំងរបស់​កុមារ​មាន​ផលប៉ះពាល់រយៈពេលវែង​ទៅលើមូលធនមនុស្ស និង​វឌ្ឍនភាពជាតិ។ អាកាសធាតុអាក្រក់ខ្លាំង​ពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុ ដែល​គំរាមកំហែងចំពោះ​សន្តិសុខស្បៀង បង្កឧបសគ្គបន្ថែមទៀត​ដល់​កុមារ និងសហគមន៍ក្នុងការ​ទទួលបានរបបអាហារប្រកបដោយជីវជាតិ និង​ការដោះស្រាយបញ្ហាកង្វះអាហារូបត្ថម្ភ។

“កុមារដែល​ពុំទទួលបាន​អាហារូបត្ថម្ភគ្រប់គ្រាន់​ទាំងបរិមាណ និងគុណភាព ពុំត្រឹមតែមានរាងកាយក្រិសក្រិន​ប៉ុណ្ណោះឡើយ ប៉ុន្តែថែមទាំងប្រឈមមុខនឹង​ឧបសគ្គ​រយៈពេលវែង​នៅក្នុងការអភិវឌ្ឍពុទ្ធិផងដែរ ដែលនេះ​ជាការកាត់បន្ថយ​យ៉ាងខ្លាំងក្លាចំពោះ​ឱកាសរបស់ពួកគេក្នុងការរៀនសូត្រ ធំលូតលាស់ និង​ការរទទួលបានឱកាសនានា​នៅពេលនេះអនាគត” នេះជាសម្ដីរបស់លោកបណ្ឌិត អានៀរបាន ឆាតឺរជី នាយករងរបស់យូនីសេហ្វនៅកម្ពុជា​។ “ផែនទីបង្ហាញផ្លូវរហ័សនេះ តំណាងឱ្យការប្តេជ្ញាចិត្តជាថ្មីក្នុងការលុបបំបាត់ការស្គមស្គាំងចំពោះកុមារនៅកម្ពុជា និងលើកកម្ពស់អាហារូបត្ថម្ភសម្រាប់ទាំងអស់គ្នា ហើយនេះគឺជា​គោលដៅមួយប្រកបដោយមហិច្ឆិតាខ្ពស់​ ដែល​នឹងទាមទារឱ្យមាន​សកម្មភាព និងការសម្របសម្រួលគ្នា​នៅក្នុងចំណោម​ក្រសួងពាក់ព័ន្ធ សង្គមស៊ីវិល វិស័យឯកជន និងដៃគូអភិវឌ្ឍន៍។ យូនីសេហ្វបញ្ជាក់សាជាថ្មីនូវ​ការប្ដេជ្ញាចិត្តរបស់ខ្លួន​ចំពោះ​ការគាំទ្រ​រាជរដ្ឋាភិបាល​កម្ពុជា​នៅក្នុងការពង្រីក​អន្តរាគមន៍នានា​ប្រកបដោយប្រសិទ្ធភាព ការវិនិយោគលើ​អាហារូបត្ថម្ភនៅគ្រប់កម្រិត ព្រមទាំងការការពារសុខភាព និងសក្ដានុពលរបស់ប្រជាជនជំនាន់ក្រោយ។”

ផែនទីបង្ហាញផ្លូវនេះ​ចែងអំពី​អភិក្រមវដ្ដជីវិតគ្រប់ជ្រុងជ្រោយ ដោយផ្ដោតលើ​ក្រុមប្រជាជនសំខាន់ៗចំនួនបួន គឺ ស្រ្តីក្នុងវ័យបន្តពូជ កុមារអាយុក្រោម៥ឆ្នាំ កុមារក្នុងវ័យសិក្សា និងយុវវ័យ។ អាទិភាពស្នូលនៃផែនទីបង្ហាញផ្លូវនេះ​រួមមាន៖

  • ការពិនិត្យ និងការព្យាបាល​បញ្ហាកង្វះអាហារូបត្ថម្ភ​នៅតាមសហគមន៍ រួមមាន​ ការប្រើប្រាស់​វិធីសាស្រ្តវាស់ជុំវិញដើមដៃ (MUAC) នៅតាមគ្រួសារ ការពិនិត្យតាមដានភាពលូតលាស់ និង​សេវាបង្ការនានា ដូចជា ការផ្ដល់វីតាមីនអា និងការផ្ដល់ថ្នាំទម្លាក់ព្រូន។
  • ការពង្រឹង​អាហារូបត្ថម្ភ​សម្រាប់​ស្រ្តីមានផ្ទៃពោះ និងស្រ្តីកំពុងបំបៅដោះកូន តាមរយៈ​ការផ្ដល់ប្រឹក្សាយោបល់ក្នុងពេលមានផ្ទៃពោះ ការបន្ថែមមីក្រូសារជាតិ និងការគាំទ្រចំពោះ​ការចាប់ផ្ដើម​បំបៅដោះកូនតាំងពីដំបូង និងតែមួយគត់ ដោយមានការជំរុញគាំទ្រពី​គោលនយោបាយស្ដីពីលំហែរមាតុភាព និង​កន្លែងការងារដែលបង្កលក្ខណៈងាយស្រួលសម្រាប់​ការបំបៅដោះកូន។
  • ការពង្រឹង​ការបញ្ចុកចំណីទារក និងកុមារ តាមរយៈ​ការកែលម្អ​ការអនុវត្ត​ការបំបៅដោះកូន ការផ្ដល់អាហារបន្ថែម ព្រមទាំង​ការពិនិត្យតាមដាន និងការលើកកម្ពស់ភាពធំលូតលាស់របស់​កុមារ។
  • ការអប់រំ​អំពីអាហារូបត្ថម្ភ និង​កម្មវិធី​ផ្ដល់អាហារតាមសាលារៀន សម្រាប់យុវវ័យ ជាពិសេស ក្មេងស្រី ដើម្បីដោះស្រាយលើ​ទាំង​បញ្ហាពាំក់ព័ន្ធនឹងការទទួលបាន​អាហារូបត្ថម្ភពុំគ្រប់គ្រាន់ និង​កំណើនហានិភ័យ​នៃជំងឺធាត់​។
  • ការបង្កើនការប្រើប្រាស់​អាហារព្យាបាល​ដែលផលិតនៅក្នុងស្រុក ដូចជា នូទ្រិច (Nutrix) ដែលផលិតនៅកម្ពុជា សម្រាប់​ការព្យាបាលបញ្ហាខ្វះអាហារូបត្ថម្ភស្រួចស្រាល់ធ្ងន់ធ្ងរ។
  • ការវិនិយោគកាន់តែច្រើននៅ​ក្នុងប្រទេស​ទៅលើ​អាហារូបត្ថម្ភ​ រួមទាំង​ការវិភាជថវិកា​ចំពោះអាហារព្យាបាលដែលរៀបចំរួចជាស្រេចសម្រាប់បរិភោគ (Ready-to-Use Therapeutic Foods (RUTF)) ព្រមទាំង​អភិបាលកិច្ចកាន់តែខ្លាំងក្លា​ និងភាពជាដៃគូ​ជាមួយវិស័យឯកជន ដើម្បីធានានិរន្តរភាព។

ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ

អាឌ្រាន បូណូ
ប្រធានផ្នែកទំនាក់ទំនង
យូនីសេហ្វកម្ពុជា
ទូរស័ព្ទ: +85592555294
អ៊ីម៉ែល: [email protected]
ចាន់ ទី
មន្ត្រីជំនាញផ្នែកទំនាក់ទំនង យូនីសេហ្វកម្ពុជា
យូនីសេហ្វកម្ពុជា
ទូរស័ព្ទ: +855 92 284 262
អ៊ីម៉ែល: [email protected]

About UNICEF

UNICEF promotes the rights and wellbeing of every child, in everything we do. Together with our partners, we work in 190 countries and territories to translate that commitment into practical action, focusing special effort on reaching the most vulnerable and excluded children, to the benefit of all children, everywhere.

For more information about UNICEF and its work for children, visit www.unicef.org.

Follow UNICEF on Twitter and Facebook