លោកស្រី ផង ក្ដិម៖ ភាពជាអ្នកដឹកនាំក្នុងសហគមន៍ជនជាតិទំពួន
នៅក្នុងខេត្ត រតនគីរី លោកស្រីចៅសង្កាត់ ផង ក្ដិម រួមបញ្ចូលប្រពៃណីជាមួយនឹងវឌ្ឍនភាព ដោយគាំទ្រគំនិតផ្ដួចផ្ដើមដែលផ្ដល់ភាពអង់អាចជូនជនជាតិទំពួន និងជំរុញទឹកចិត្តអ្នកជំនាន់ក្រោយ។
- English
- Khmer
ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ ក្រុងបានលុង ខេត្តរតនគីរី - នៅចំកណ្ដាលព្រៃដ៏ត្រឈឹងត្រឈៃខៀវស្រងាត់ និងទឹកបឹងយក្សឡោមថ្លាដូចកញ្ចក់ ទឹកដីនេះមានអត្ថន័យជ្រាលជ្រៅសម្រាប់ជនជាតិទំពួន ដែលផ្សារភ្ជាប់ធម្មជាតិជាមួយនឹងកេរ្តិ៍មរតករបស់ពួកគេ។ ទីនេះបានផ្តល់ភាពជាអ្នកដឹកនាំរបស់លោកស្រី ផង ក្ដិម។ នៅក្នុងខេត្តដាច់ស្រយាលនាភូមិភាគឥសាន្តនៃប្រទេសកម្ពុជានេះ លោកស្រី ក្ដិម ដឹកនាំដោយមានគោលបំណងច្បាស់លាស់ ។ ក្នុងនាមជាអ្នកដឹកនាំជនជាតិទំពួន គាត់ធ្វើការងារដោយឥតនឿយហត់ដើម្បីធ្វើឲ្យជីវិតកុមារបានប្រសើរឡើង ដោយដោះស្រាយបញ្ហាកង្វះអាហារូបត្ថម្ភ និងលើកកម្ពស់ការចិញ្ចឹមបីបាច់កុមារតូច។ តាមរយៈការរួមបញ្ចូលចំណេះដឹងប្រពៃណីទំនៀមទម្លាប់ជាមួយនឹងដំណោះស្រាយបែបទំនើបៗ លោកស្រី ក្ដិម នាំក្ដីសង្ឃឹមដល់គ្រួសារចំនួន ៩៤២គ្រួសារ នៅក្នុងសហគមន៍របស់គាត់។
គាត់បានចាប់ផ្ដើមការងារជាមន្រ្តីផ្សព្វផ្សាយសហគមន៍ជាមួយនឹងអង្គការក្នុងស្រុកមួយ និងធ្វើការងារដោយឥតនឿយហត់ ដើម្បីផ្ដល់ដល់កុមារនូវការចាប់ផ្ដើមនៅក្នុងជីវិតប្រកបដោយសុខភាពល្អ និងស្មើភាពគ្នា។ ដំណើរនៃភាពជាអ្នកដឹកនាំរបស់គាត់បានបន្តវិវត្ត ដោយនាំឱ្យគាត់មានការទទួលខុសត្រូវកាន់តែខ្លាំង។ នៅពេលនេះ ក្នុងនាមជាចៅសង្កាត់យក្ខឡោម គាត់គាំទ្រគំនិតផ្ដួចផ្ដើមនានា ដែលរួមបញ្ចូលទំនៀមទម្លាប់ប្រពៃណីជាមួយនឹងវឌ្ឍនភាព ដែលជាការផ្ដល់ភាពអង់អាចជូនសហគមន៍ទំពួន និងកសាងអនាគតភ្លឺស្វាង។
ក្នុងវ័យ ៣៦ឆ្នាំ លោកស្រី ក្ដិម ធ្វើដំណើរឆ្លងកាត់ភូមិរបស់គាត់ដោយមានជំនឿចិត្ត និងគោលបំណង។ ជាតួនាទីរបស់គាត់ និង ក្នុងនាមជាអ្នកតំណាងជនជាតិទំពួន ដែលជាក្រុមជនជាតិដើមភាគតិចមួយក្នុងចំណោមក្រុមជនជាតិដើមភាគតិចនានានៅកម្ពុជា គាត់បង្ហាញកេរ្តិ៍មរតករបស់ពួកគេប្រកបដោយមោទកភាព ភាពខ្លាំង ភាពវៃឆ្លាត និងការប្ដេជ្ញាចិត្ត ។ យោងតាមជំរឿនរបស់រដ្ឋាភិបាលនៅឆ្នាំ២០១៩ សហគមន៍ទំពួនមានប្រជាជនចំនួន ៣៦,៣៧៣នាក់ ក្នុងចំណោមប្រជាជនជនជាតិដើមភាគតិចនៅប្រទេសនេះជិតកន្លះលាននាក់ ដែលរួមចំណែកក្នុងប្រពៃណីដ៏ជ្រាលជ្រៅ និងរស់រវើកនៅកម្ពុជា។
នៅឆ្នាំ២០២២ លោកស្រី ក្ដិម បានសម្រេចព្រឹត្តិការណ៍សំខាន់ជាប្រវត្តិសាស្រ្តក្នុងនាមជាស្រ្តីជនជាតិដើមភាគតិចដំបូង ដែលទទួលបានការចាត់តាំងពីរដ្ឋាភិបាលឱ្យដឹកនាំសង្កាត់យក្ខឡោមក្នុងនាមជាចៅសង្កាត់។ គាត់គឺជាស្រ្តីម្នាក់ក្នុងចំណោមស្រ្តីបួននាក់ប៉ុណ្ណោះ ដែលដើរតួនាទីជាមេឃុំ ឬចៅសង្កាត់នៅខេត្ត រតនគីរី ដែលធ្វើឱ្យតួនាទីរបស់គាត់កាន់តែមានភាពគួរឱ្យកត់សម្គាល់បន្ថែមទៀត។ នៅពេលនេះ គាត់គ្រប់គ្រងលើប្រជាជនចំនួន ៤.០០០នាក់ រួមទាំងកុមារតូច ៣០០នាក់ ដែលនេះគឺជាការទទួលខុសត្រូវដ៏ធំមួយ ដែល ស្រ្តីនៅក្នុងតំបន់នេះកម្រនឹងទទួលបានណាស់។ នេះគឺជាតួនាទីដែលគាត់ទទួលយកប្រកដោយមោទកភាព។
សង្កាត់យក្ខឡោម មានបឹងភ្នំភ្លើងដ៏បរិសុទ្ធមួយ ដែលមានទឹកថ្លា និងត្រជាក់ខ្លាំង ដោយទឹកនេះឆ្លុះព្រៃឈើនៅជុំវិញបឹងនោះ ហើយបឹងនេះ គឺជាទីកន្លែងដែលប្រជាជនគោរពបូជា។ បឹងនេះគឺជាបេះដូងនៃទំនៀមទម្លាប់របស់ពួកគេ។ រឿងព្រេងបូរាណមួយនិទានអំពីយក្សមួយ ដែលជីករណ្ដៅយ៉ាងជ្រៅ ដើម្បីលាក់កូនស្រីរបស់ខ្លួនពីអ្នកចង់រៀបការជាមួយនាង ដែលគាត់មិនចង់បាន។ នៅពេលភ្លៀងធ្លាក់មក រណ្ដៅនេះបានក្លាយទៅជាបឹង។ រឿងព្រេងបូរាណមួយទៀតនិទានអំពី កូនស្រីរបស់សេ្ដចយក្ស ដែលបានរត់គេចជាមួយគូស្នេហ៍របស់នាងទៅក្នុងព្រៃ និងបានបួងសួងឱ្យបិទបាំងពួកគេ។ ដីនេះបានបាក់ចុះក្រោមនាំយកពួកគេទៅជាមួយ ហើយទឹកភ្លៀងបានបំពេញលើរណ្ដៅនេះ ដោយបង្កើតបានជាយក្សឡោម ដែលមានន័យត្រង់ថា “ហ៊ុំព័ទ្ធទៅដោយយក្ស”។ រឿងព្រេងបូរាណទីបីទិនានអំពី ប្ដីប្រពន្ធដែលបូជាខ្លួនឯង ដើម្បីការពារប្រជាជនរបស់ពួកគេ ហើយពួកគេត្រូវបានស្រូបចូលក្នុងដី ហើយទីនោះបានក្លាយទៅជាបឹង។ សម្រាប់លោកស្រី ក្ដិម រឿងព្រេងទាំងនេះ គឺលើសពីការនិយាយប្រាប់តគ្នាពីដូនតា ពោលគឺ រឿងទាំងនេះជំរុញភាពជាអ្នកដឹកនាំរបស់គាត់ នៅក្នុងប្រពៃណីដ៏សម្បូរបែប និងការអំពាវនាវឱ្យមានវឌ្ឍនភាពជាបន្ទាន់។
រឿងរ៉ាវរបស់លោកស្រី ក្ដិម បានចាប់ផ្ដើមជាយូរមកហើយ នៅមុនពេលគាត់ចូលកាន់ការិយាល័យនេះ។ ដោយធំធាត់ឡើងនៅក្នុងគ្រួសារមួយដែលជាអ្នកត្បាញកន្ត្រក និងជាកសិករ គាត់បានរៀនសូត្រដំបូងអំពីគុណតម្លៃនៃការខិតខំធ្វើការងារ និងការអប់រំ ។ នេះគឺជាគន្លងដ៏កម្រមួយនៅក្នុងសហគមន៍ ដែលមានកុមារីចំនួន ៦៨ភាគរយរៀបការនៅត្រឹមអាយុ ១៥ឆ្នាំ នេះបើយោងតាមការអង្កេតប្រជាសាស្រ្ត និងសុខភាពកម្ពុជាចុងក្រោយគេ។ ក្នុងនាមជាប្រពន្ធ ជាម្ដាយ និងជាអ្នកដឹកនាំ គាត់ជំរុញទឹកចិត្តអ្នកផ្សេងទៀតឱ្យហ៊ានសម្រេចក្ដីសុបិន្តរបស់ខ្លួន។
គាត់ចាប់ផ្តើមការងារសហគមន៍ដំបូង នៅដើមទសវត្សរ៍ឆ្នាំ២០០០ នៅពេលដែលគាត់បានធ្វើការងារស្ម័គ្រចិត្តជាមួយនឹងអង្គការកិច្ចសហការអន្តរជាតិកម្ពុជា (ICC)។ គាត់បានសរសេរសាច់រឿងអប់រំ ដើម្បីផ្ដល់ភាពអង់អាចដល់កុមារនៅក្នុងមូលដ្ឋាន។ សាច់រឿងទាំងនេះ គឺជាគន្លងដ៏សំខាន់ ដែលដឹកនាំយុវជននៅក្នុងសហគមន៍តាមរយៈមេរៀននានាស្ដីពី អក្ខរកម្ម អនាម័យ និងបំណិនជីវិត។ ការលះបង់របស់គាត់បាននាំឱ្យគាត់ក្លាយទៅជាបុគ្គលិកនៅអង្គការ ICC ដែលគាត់ផ្ដោតលើអក្ខរកម្ម និងសុខភាព ជាពិសេស កម្មវិធីទឹកស្អាត និងអនាម័យ (WASH)។ ទោះជាយ៉ាងណាក្ដី នៅឆ្នាំ២០១២ លោកស្រី ក្ដិម បានសម្រេចចិត្តដ៏លំបាកក្នុងការលាឈប់ពីការងារនៅអង្គការ ICC ដើម្បីមើលថែទាំកូនស្រីទើបនឹងកើតរបស់គាត់ ដោយគាត់លះបង់អស់រយៈពេលជាច្រើនឆ្នាំដើម្បីជីវិតគ្រួសារ និងមុខរបរខ្នាតតូចមួយ មុនពេលវិលត្រលប់ទៅកាន់ការងារសហគមន៍វិញ។
ក្នុងជីវិតការងាររបស់គាត់ ប្ដីរបស់គាត់ ដែលជាសង្សារនឹងគ្នានៅថ្នាក់វិទ្យាល័យ និងជាបុគ្គលិកអង្គការមិនមែនរដ្ឋាភិបាល គឺជាអ្នកនៅពីក្រោយ និងគាំទ្រគាត់។ គាត់បាននិយាយថា “ខ្ញុំចង់ឱ្យកូនស្រីរបស់ខ្ញុំរកបានបុរសម្នាក់ដូចជាគាត់ បុរសម្នាក់ដែលជម្រុញក្ដីសុបិន្ត និងឈរនៅជិតគាត់។” ការទុកចិត្ត និងការគោរពនេះ បានជំរុញគាត់ឱ្យតាំងចិត្តជួយបង្កើតអនាគតកាន់តែល្អប្រសើរសម្រាប់ភូមិរបស់គាត់។
នៅឆ្នាំ២០១៧ លោកស្រី ក្ដិម បានបោះជំហានទៅធ្វើជាអ្នកទទួលបន្ទុកកិច្ចការនារី និងកុមារ ឃុំសង្កាត់ ដែលដឹកនាំលើកម្មវិធីការចិញ្ចឹមបីបាច់កុមារតូច ក្រោមការគាំទ្រមូលនិធិពីរដ្ឋាភិបាលអូស្ត្រាលី។ កម្មវិធីនេះអនុវត្តដោយក្រសួងអប់រំ យុវជន និងកីឡា ក្រសួងកិច្ចការនារី និងបានដាក់ចេញនូវវិធីសាស្រ្តចិញ្ចឹមកូនថ្មីៗ ដែលខុសពីការចិញ្ចឹមតាមបែបប្រពៃណីរបស់គាត់។
“ពេលខ្ញុំមានកូនស្រីដំបូង ខ្ញុំអនុវត្តតាមវិធីចាស់ៗប៉ុណ្ណោះ ដោយគ្មានការសួរនាំ និងការលើកទឹកចិត្ត” នេះជាការរំលឹករបស់គាត់ជាមួយនឹងការសើចដ៏ទន់ភ្លន់ៗ។ “នៅពេលនោះ ខ្ញុំដឹងតែប៉ុណ្ណឹង។” ប៉ុន្តែកម្មវិធីការចិញ្ចឹមកុមារតូច បានធ្វើឲ្យគាត់មើលឃើញវិធីសាស្ត្រល្អ ដែលបានជំរុញកូនស្រីទីពីររបស់គាត់ឲ្យចង់ចេះចង់ដឹង។ លោកស្រី ក្ដិម បានមើលឃើញភាពខុសគ្នាគួរឱ្យកត់សម្គាល់ ចំពោះកូនអាយុប្រាំពីរឆ្នាំរបស់គាត់។ “នាងមានលក្ខណៈខុសគ្នាខ្លាំង នាងតែងសួរ ‘ហេតុអ្វី’ នៅពេលនាងឃើញអ្វីមួយ។ ខ្ញុំបានដឹងថា ខ្ញុំគួរជំរុញភាពចង់ចេះចង់ដឹង ជាជាងឲ្យគាត់នៅស្ងៀមស្ងាត់។”
កម្មវិធីនេះបានមកដល់ខេត្ត រតនគីរី ចំពេលដែលខេត្តនេះត្រូវការបំផុត។ ភាពក្រីក្រ និងបញ្ហាកង្វះអាហារូបត្ថម្ភមានកម្រិតខ្ពស់ ការអប់រំអំពីការចិញ្ចឹមកូនជាបណ្ដើរៗ គឺជាការចាំបាច់។
វគ្គសិក្ខាសាលាស្ដីពីការចិញ្ចឹមបីបាច់កុមារតូច ផ្ដល់ជូនឪពុកម្ដាយនូវចំណេះដឹងនានា ដើម្បីអភិវឌ្ឍខួរក្បាល ការរៀនសូត្រតាំងពីវ័យកុមារតូច ការធំលូតលាស់ផ្លូវកាយ និងផ្លូវចិត្ត ដោយផ្ដល់ដល់ពួកគេនូវឧបករណ៍ ដើម្បីជួយកុមារតូចៗឱ្យសម្រេចបានសក្ដានុពលពេញលេញរបស់ពួកគេ ។
ក្នុងនាមជាចៅសង្កាត់ នៅពេលនេះ លោកស្រី ក្ដិម ដឹកនាំវគ្គសិក្ខាសាលានៅក្នុងភូមិទាំងប្រាំពីរ ដោយគាត់មើលឃើញការផ្លាស់ប្ដូរជាលើកដំបូងចំពោះជីវិតគ្រួសារនានា និងជីវិតរបស់កុមារ។ គាត់កត់សម្គាល់ថា “កុមារមានការចូលរួមកាន់តែខ្លាំង ហើយឪពុកម្ដាយកាន់តែជឿជាក់លើខ្លួនឯង។ គ្រួសារជាច្រើនរៀនពីគ្នាទៅវិញទៅមក។” ទោះជាយ៉ាងណាក្ដី បញ្ហាប្រឈមនៅតែមាន។ គ្រួសារមួយចំនួន ឧទាហរណ៍ រងឥទ្ធិពលពីគ្រឿងស្រវឹង ។ លោកស្រី ក្ដិម ទទួលស្គាល់ថា “វាមិនងាយស្រួលឡើយដើម្បីឲ្យគ្រប់គ្នាចូលរួម ប៉ុន្តែយើងនៅតែព្យាយាម។” ក្រុមការងាររបស់គាត់សហការជាមួយក្រុមគាំទ្រសុខភាពភូមិ នៅក្នុងការរៀបចំវគ្គប្រចាំខែសម្រាប់ឪពុកម្ដាយ។
តាមរយៈការដឹកនាំរបស់គាត់ លោកស្រី ក្ដិម បានក្លាយ ជានិមិត្តរូបនៃភាពរីកចម្រើននៅក្នុងខេត្ត រតនគីរី។ ក្នុងនាមជាចៅសង្កាត់ជាស្រ្តីម្នាក់ក្នុងចំណោមមេឃុំ ចៅសង្កាត់ជាស្រ្តីបួននាក់នៅទូទាំងខេត្តនេះ គាត់បានបំបែកឧបសគ្គយេនឌ័រ និងបានជំរុញទឹកចិត្តស្រ្តីអ្នកដឹកនាំជំនាន់ថ្មី។ ឥទ្ធិពលរបស់គាត់គឺលើសពីការងាររដ្ឋបាល ដោយគាត់បានផ្លាស់ប្តូរនូវទំនៀមទម្លាប់ដែលចាក់ឬសជាយូរមកហើយ។ ក្រោមការណែនាំរបស់គាត់ បុរសនៅក្នុងសហគមន៍បានចាប់យកតួនាទីប្រកបដោយសមធម៌ ដែលមានការចែកការទទួលខុសត្រូវនៅផ្ទះ រហូតដល់ការចូលរួមសកម្មភាពនៅក្នុងការថែទាំកូន។ “យើងធ្វើការសម្រេចចិត្តរួមគ្នា ការកសាងផ្លូវ ទឹកស្អាត” នេះជាសម្ដីរបស់គាត់ជាមួយនឹងមោទកភាព។
លោកស្រី ក្ដិម មិនត្រឹមតែជាអ្នកដឹកនាំប៉ុណ្ណោះទេ គាត់ជាអ្នកណែនាំ និងអ្នកតស៊ូមតិដើម្បីភាពអង់អាចរបស់ស្រ្តី។ កូនស្រីទាំងពីររបស់គាត់មានក្ដីសុបិន្ដដ៏ធំ ពោលគឺ កូនស្រីច្បងចង់ក្លាយទៅជាមន្រ្តីនគរបាល ហើយកូនស្រ្តីពៅចង់ក្លាយទៅជាវេជ្ជបណ្ឌិត។ គាត់លើកឡើងថា “ការអប់រំ គឺជាការបើកឱកាស។ ខ្ញុំចង់ឱ្យកុមារីគ្រប់រូបនៅទីនេះមានជម្រើសច្រើន។”
ផ្លូវមួយចំនួននៅខេត្ត រតនគីរី មានភក់ និងពិបាកធ្វើដំណើរ ជាពិសេស នៅរដូវវស្សា ដែលជាឧបសគ្គ លោកស្រី ក្ដិម បានជួបប្រទះ។ ឧបសគ្គទាំងនេះមិនអាចរារាំងគាត់បានឡើយ គាត់ធ្វើដំណើរនៅតាមផ្លូវទាំងនេះ ដើម្បីទៅជួបជាមួយគ្រួសារនៅតាមតំបន់ដាច់ស្រយាល។ នាពេលថ្មីៗនេះ គាត់បានចុះមូលដ្ឋានសួរសុខទុក្ខស្រ្តីជាម្ដាយម្នាក់ដែលថែទាំកូនមាន ដោនស៊ីនដ្រូម ហើយនៅតាមផ្លូវគាត់បានឃើញបុរសវ័យចំណាស់ម្នាក់ដែលពិបាកពិសារអាហារ ព្រោះតែគាត់ មានជំងឺទឹកនោមផ្អែម ។ ដោយមិនស្ទាក់ស្ទើរ គាត់បានរៀបចំឱ្យបុរសនោះទទួលបានការគាំទ្រតាមរយៈសេវាសង្គម។ សម្រាប់លោកស្រី ក្ដិម ភាពជាអ្នកដឹកនាំ គឺលើសពីមុខតំណែង ភាពជាអ្នកដឹកនាំគឺជាការយកចិត្តទុកដាក់ចំពោះបុគ្គលម្នាក់ៗនៅក្នុងសហគមន៍។
សាច់រឿងរបស់គាត់ គឺជាសាច់រឿងមួយអំពីភាពធន់ និងក្ដីសង្ឃឹម ហើយសាច់រឿងភាគច្រើនរបស់ប្រជាជន គាត់ ក៏ដូចជាសាច់រឿងរបស់គាត់ផ្ទាល់ដែរ។ “ខ្ញុំចង់ឱ្យយុវជនរបស់យើងជឿជាក់លើខ្លួនឯង និងជឿជាក់លើទឹកដីនេះ” នេះជាសម្ដីរបស់គាត់ដោយម៉ឺងម៉ាត់ជាមួយនឹងភាពជឿជាក់។ ទាំងជាភាសាទំពួន និងភាសាខ្មែរ ពាក្យពេជន៍របស់គាត់ បានបំភ្លឺផ្លូវដល់កុមារីនានានៅខេត្តរតនគីរី ដើម្បីក្លាយជាអ្នកដឹកនាំ។
លោកស្រី ក្ដិម ទទួលទានអាហារថ្ងៃត្រង់ អង្គុយយោលអង្រឹងតិចៗនៅក្នុងភោជនីយដ្ឋានឈើមួយនៅបឹងយក្សឡោម ដែលជាតំបន់អេកូទេសចរណ៍។ នៅពេលព្រះអាទិត្យបញ្ចេញកម្ដៅនៅលើផ្ទៃទឹក គាត់មានអារម្មណ៍ឃើញវត្តមានរបស់ដូនតាគាត់លេចចេញពីបាតបឹងនេះ ដែលជាការផ្ដល់កម្លាំងចិត្ត ដើម្បីបន្តបេសកកម្មរបស់គាត់។ ភាពជាអ្នកដឹកនាំរបស់គាត់ កសាងនូវកេរ្តិ៍ដំណែល និងវឌ្ឍនភាពរួមគ្នាមួយ សម្រាប់អនាគតកុមារជនជាតិដើមភាគតិចជំនាន់ក្រោយ។
“យើងកាន់តែខ្លាំង នៅពេលយើងដឹកនាំរួមគ្នា។” លោកស្រី ក្ដិម ថ្លែងជាមួយនឹងសម្លេងស្មើដោយភាពជឿជាក់។ “កុមារគួរទទួលបានអនាគតមួយ ប្រកបដោយការចិញ្ចឹមបីបាច់ល្អ និងស្រ្តីអាចមានក្ដីសុបិន្ត និងធ្វើការផ្លាស់ប្ដូរ” គាត់បន្ថែមជាមួយនឹងភាពញញឹមដ៏កក់ក្ដៅប្រកបដោយការតាំងចិត្ត ដែលបង្ហាញអំពីជំនឿចិត្តរបស់គាត់ចំពោះភាពខ្លាំងរបស់សហគមន៍ និងអំណាចនៃភាពជាអ្នកដឹកនាំរបស់ស្រ្តី។