ការវាយតម្លៃសុខភាពកុមារ និងបរិស្ថាននៅកម្ពុជាជាលើកដំបូង បានរកឃើញហានិភ័យសំខាន់ៗមួយចំនួន និងសកម្មភាពដែលត្រូវអនុវត្តរួមគ្នាជាបន្ទាន់

យូនីសេហ្វបានគាំទ្រក្រសួងសុខាភិបាល តាមរយៈកិច្ចខិតខំប្រឹងប្រែងអន្តរក្រសួង និងពហុភាគីពាក់ព័ន្ធ ដើម្បីធ្វើការវាយតម្លៃសុខភាពកុមារ និងបរិស្ថាន ជាលើកដំបូងនៅក្នុងប្រទេសកម្ពុជា

27 សីហា 2023
© UNICEF Cambodia/2023/Stephen Rae
UNICEF Cambodia/2023/Stephen Rae

ភ្នំពេញ ថ្ងៃទី ២៦ ខែសីហា ឆ្នាំ ២០២៣ - សិក្ខាសាលារយៈពេលមួយថ្ងៃ ដែលបានរៀបចំឡើងដោយក្រសួងសុខាភិបាល ដោយមានការគាំទ្រពីយូនីសេហ្វ ត្រូវបានធ្វើឡើងក្នុងរាជធានីភ្នំពេញកាលពីម្សិលម៉ិញ ដើម្បីបង្ហាញ របកគំហើញ និងអនុសាសន៍សំខាន់ៗពីការវាយតម្លៃសុខភាពកុមារ និងបរិស្ថានរ ដែលជាការវាយតម្លៃលើកដំបូងបំផុតនៅក្នុងប្រទេសនេះ ។ កិច្ចខិតខំប្រឹងប្រែងនេះ មានការចូលរួមពីក្រសួង-ស្ថាប័នចំនួន ២៩ នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ រួមមាន ក្រសួងសុខាភិបាល ក្រសួងបរិស្ថាន ក្រសួងរ៉ែ និងថាមពល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ។

ការវាយតម្លៃសុខភាពកុមារ និងបរិស្ថាន ដែលបានធ្វើឡើងដោយក្រសួងសុខាភិបាល ដោយសហការជាមួយយូនីសេហ្វ ផ្តល់នូវទិដ្ឋភាពទូទៅគ្រប់ជ្រុងជ្រោយអំពីស្ថានភាពសុខភាពបរិស្ថានរបស់កុមារនាពេលបច្ចុប្បន្ននៅក្នុងប្រទេសកម្ពុជា ។ ការវាយតម្លៃនេះ បង្ហាញពីហានិភ័យសុខភាពបរិស្ថានធំៗដែលកុមារប្រឈមមុខ ដូចជាការប្រឈមនឹងការបំពុលខ្យល់ ការបំពុលទឹក និងចំណីអាហារ លោហធាតុពុល ថ្នាំសម្លាប់សត្វល្អិត និងសំណល់គ្រោះថ្នាក់ ។

លោកបណ្ឌិត វីល ផាកស៍ នាយកយូនីសេហ្វប្រចាំកម្ពុជា បានមានប្រសាសន៍ថា “វិបត្តិអាកាសធាតុ គឺជាវិបត្តិសិទ្ធិកុមារ ។ បច្ចុប្បន្ននេះ កុមារប្រឈមមុខនឹងមុខសញ្ញាគ្រោះថ្នាក់បរិស្ថានធ្ងន់ធ្ងរ និងបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរ ដែលធ្វើឲ្យប៉ះពាល់ដល់សិទ្ធិជាមូលដ្ឋានរបស់ពួកគេ រួមទាំងសិទ្ធិរស់រានមានជីវិត និងលូតលាស់ផងដែរ” ។ “បញ្ហាក្នុងជីវិតដំបូងទាំងនេះ ធ្វើឱ្យថយចុះនូវសក្តានុពលរបស់កុមារក្នុងការក្លាយជាអ្នកដឹកនាំជំនាន់ក្រោយ និងអ្នករួមចំណែកដល់សេដ្ឋកិច្ច និងវិបុលសុខរបស់ប្រទេស ។ កាលណា​យើង​យល់​ពី​ស្ថានការណ៍នេះ​កាន់​តែ​ច្រើន យើងកាន់តែ​អាច​ស្វែងរកការគាំទ្រ និង​ធ្វើ​សកម្មភាព​បន្ទាន់​ដើម្បី​គាំទ្រ​សហគមន៍​ដែល​ងាយ​រងគ្រោះ​បំផុត។”

ការប្រែប្រួលអាកាសធាតុ និងការរិចរិលបរិស្ថានកំពុងគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់ការរស់រានមានជីវិត សុខភាព  ការអប់រំ កិច្ចការពារ និងសុខុមាលភាពរបស់កុមារ ។ ការកើនឡើងទូទាំងសកលនៃជំងឺមហារីក ជំងឺទឹកនោមផ្អែម វិបត្តិអភិវឌ្ឍន៍ផ្នែកប្រព័ន្ធប្រសាទ និងជំងឺហឺត កើតឡើងព្រមពេលជាមួយនឹងការកើនឡើងយ៉ាងគំហុកនៃការបំពុលខ្យល់ សំណល់អេឡិចត្រូនិក និងការប្រើប្រាស់សារធាតុគីមីគ្រោះថ្នាក់នៅក្នុងផលិតផលប្រចាំថ្ងៃនានា ដូចជា ប្លាស្ទិក ម្ហូបអាហារ គ្រឿងអេឡិចត្រូនិក ប្រដាប់ក្មេងលេង និងក្រែមលាបស្បែកជាដើម ។

យូនីសេហ្វបានប៉ាន់ស្មានថា កុមារចំនួនបីរយលាននាក់នៅទូទាំងពិភពលោក រស់នៅក្នុងតំបន់ដែលមានកម្រិតជាតិពុលក្នុងខ្យល់ខ្ពស់ជាងគោលការណ៍ណែនាំអន្តរជាតិដល់ទៅ ៦ ដង ។ នៅ​កម្ពុជា កុមារ​អាយុ​ក្រោម ​៥ ​ឆ្នាំជិត​មួយ​នាក់​ក្នុង​ចំណោម​ប្រាំនាក់ ​ស្លាប់ដោយសារ​ការ​បំពុលខ្យល់។  អង្គការសុខភាពពិភពលោកប៉ាន់ស្មានថា ជាងមួយភាគបួននៃករណីស្លាប់ក្នុងចំណោមកុមារអាយុក្រោម ៥ ឆ្នាំ អាចបង្ការបានតាមរយៈការដោះស្រាយហានិភ័យបរិស្ថាន ។  

ទិន្នន័យនៅក្នុងប្រទេសបង្ហាញថា យើងត្រូវការសកម្មភាពរួមគ្នារបស់ភាគីពាក់ព័ន្ធទាំងអស់ រួមទាំងរាជរដ្ឋាភិបាលកម្ពុជា ដៃគូអភិវឌ្ឍន៍ វិស័យឯកជន គ្រឹះស្ថានសិក្សា និងសង្គមស៊ីវិល ដើម្បីកាត់បន្ថយហានិភ័យសុខភាពបរិស្ថានជាពិសេសចំពោះកុមារ ។ 

លោកវេជ្ជបណ្ឌិត កុល ហេរ៉ូ ប្រធាននាយកដ្ឋានការពារសុខភាពនៃក្រសួងសុខាភិបាល បានមានប្រសាសន៍ថា “គេមិនអាចព្រងើយកន្តើយចំពោះផលប៉ះពាល់ផ្នែកសុខភាពអវិជ្ជមានមកលើកុមារដោយសារតែការកើនឡើងនៃ

ហានិភ័យបរិស្ថាន និងកត្តាបម្រែបម្រួលអាកាសធាតុនោះឡើយ ។ សកម្មភាពរួមគ្នាបន្ទាន់ និងការវិនិយោគបន្ថែមទៀត គឺជាការចាំបាច់ដើម្បីដោះស្រាយបញ្ហាទាំងនេះ និងការពារកុមាររបស់យើង ។ “ការវាយតម្លៃនេះ នឹងផ្តល់ធនធានដ៏មានតម្លៃមួយសម្រាប់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីធ្វើការប្តេជ្ញាចិត្តឆ្ពោះទៅរកការបង្កើតបរិស្ថានមួយដែលកាន់តែមានសុខភាពល្អប្រសើរ ស្អាតជាងមុន និងកាន់តែមាននិរន្តរភាពថែមទៀតសម្រាប់កុមារ និងមនុស្សជំនាន់ក្រោយរបស់យើង” ។

អនុសាសន៍សំខាន់ៗពីការវាយតម្លៃសុខភាពកុមារ និងបរិស្ថាន រួមមានការពង្រឹងគោលនយោបាយ បទប្បញ្ញត្តិ និងការរឹតបន្តឹងអនុវត្តគោលនយោបាយនិងបទប្បញ្ញត្តិទាំងនេះ ដើម្បីទប់ស្កាត់ និងគ្រប់គ្រងការប៉ះពាល់ទៅនឹងសារធាតុបំពុល និងសារធាតុកខ្វក់ ការពង្រឹងសមត្ថភាពរបស់អ្នកផ្តល់សេវាថែទាំសុខភាពដើម្បីដោះស្រាយបញ្ហាសុខភាព

បរិស្ថាន ការលើកកម្ពស់ការយល់ដឹងជាសាធារណៈ ការចូលរួមរបស់សហគមន៍ និងកយុវជនក្នុងការដោះស្រាយបញ្ហាការប្រែប្រួលអាកាសធាតុ និងបរិស្ថាន ក៏ដូចជាធ្វើការស្រាវជ្រាវបន្ថែមទៀត និងកែលម្អប្រព័ន្ធត្រួតពិនិត្យតាមដាន និងឃ្លាំមើលសុខភាពបរិស្ថាន ។

ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ

អាឌ្រាន បូណូ
ប្រធានផ្នែកទំនាក់ទំនង
យូនីសេហ្វកម្ពុជា
ទូរស័ព្ទ: +85592555294
អ៊ីម៉ែល: hbonnaud@unicef.org
ចាន់ ទី
មន្ត្រីទំនាក់ទំនង
យូនីសេហ្វកម្ពុជា
ទូរស័ព្ទ: +855 92 284 262
អ៊ីម៉ែល: tchan@unicef.org

អំពីយូនីសេហ្វ  

យូនីសេហ្វធ្វើការនៅក្នុងតំបន់ដែលលំបាកបំផុតមួយចំនួនក្នុងពិភពលោក ដើម្បីគាំទ្រកុមារដែលងាយរងគ្រោះបំផុតក្នុងពិភពលោក ។ នៅទូទាំងជាង ១៩០ ប្រទេស និងដែនដី យើងធ្វើការដើម្បីកុមារគ្រប់រូប គ្រប់ទីកន្លែង ដើម្បីកសាង       ពិភពលោកមួយឱ្យកាន់តែប្រសើរសម្រាប់មនុស្សគ្រប់រូប ។

សម្រាប់ព័ត៌មានបន្ថែមអំពីយូនីសេហ្វ និងការងាររបស់យើងនៅក្នុងប្រទេសកម្ពុជា សូមចូលមើលវ៉ិបសាយ ៖ https://www.unicef.org/cambodia  Facebook | Twitter | YouTube | Instagram | Linkedin