សេចក្តីអំពាវនាវបន្ទាន់សម្រាប់កុមារកម្ពុជា
Click to close the emergency alert banner.

តោះ នាំគ្នានិយាយអំពីការមករដូវ

ការបង្រៀនអំពីការមករដូវរបស់សាលា បានកំពុងធ្វើឲ្យសិស្សស្រី និងសិស្សប្រុស និយាយអំពីការមករដូវ បំបែកតំណម ឬ ជំនឿ និងផ្តល់ភាពអង់អាចដល់ក្មេងស្រីដើម្បីថែរក្សាសុខភាពរបស់ពួកគេមិនមានការអៀនខ្មាស។

Cristyn Lloyd
 UNICEF Cambodia/2025/Cristyn Lloyd
UNICEF Cambodia/2025/Cristyn Lloyd
28 ឧសភា 2025

ថ្ងៃទី ១២ ខែមីនា ឆ្នាំ ២០២៥ សៀមរាប – ស្រីលក្ខណ៍ អាយុ ១៧ ឆ្នាំ មិនដែលនិយាយពីការមកឈាម
រដូវរបស់នាងនោះទេ។ ឪពុកម្តាយ​របស់​ប្អូន​បាន​ប្រាប់​ប្អូនថា វាគឺ​ជា​រឿង​ដែល​ត្រូវ​រក្សា​ទុក​ជា​សម្ងាត់ ពីព្រោះ​ឈាមនោះ​អាច​ត្រូវបានគេប្រើ​ជា​មន្តអាគមន៍ប្រសិនបើ​វា​ធ្លាក់​ទៅក្នុង​ដៃរបស់មនុស្សអាក្រក់ ។

​ប្អូននិយាយថា “ឪពុកម្តាយរបស់ខ្ញុំបានប្រាប់ខ្ញុំថា ប្រសិនបើអ្នកដទៃដឹងថា ខ្ញុំមករដូវ ហើយខ្ញុំមិនបោះចោលឈាមរដូវនោះដោយត្រឹមត្រូវទេ នរណាម្នាក់អាចនឹងប្រើវាដើម្បីធ្វើបាបខ្ញុំ។ បន្ទាប់​ពី​បាន​ឮ​ដូច្នេះ ពេលខ្ញុំមាន​រដូវ​ដំបូង ខ្ញុំ​ពិត​ជា​ខ្លាច​ណាស់ ខ្ញុំ​មិន​ហ៊ាន​ប្រាប់​អ្នក​ណា​ឡើយ” ។

ខណៈពេលដែលអាកប្បកិរិយាកំពុងមានការផ្លាស់ប្តូរ ការមាក់ងាយ និងការយល់ខុសជុំវិញការមករដូវនៅក្នុងប្រទេសកម្ពុជា នៅតែបន្តបង្កផលប៉ះពាល់ដល់របៀបដែលក្មេងស្រីគ្រប់គ្រងការមករដូវដំបូងរបស់ពួកគេ។ ក្មេងស្រីខ្លះនៅតែត្រូវបានប្រាប់ថាពួកគេនឹងមានផ្ទៃពោះ ប្រសិនបើពួកគេប៉ះក្មេងប្រុសនៅពេលកំពុងមករដូវ ហើយថាការទៅជិតមនុស្សឈឺអាចធ្វើឲ្យពួកគេកាន់តែឈឺធ្ងន់ថែមទៀត ឬ ថាការញ៉ាំផ្លែឈើជូរៗអាចបញ្ឈប់ការហូរឈាមរដូវ បាន។ នៅក្នុងតំបន់ជនបទ ភាពអៀនខ្មាស និងកង្វះព័ត៌មានរារាំងក្មេងស្រីពីការរៀនសូត្រពីរបៀបគ្រប់គ្រងនៅពេលមករដូវរបស់ពួកគេប្រកបដោយអនាម័យ ដែលជាហេតុបង្កហានិភ័យចំពោះសុខភាពរបស់ពួកគេ និងការផ្តល់តម្លៃដល់ខ្លួនឯង ។

Once afraid of talking about periods, seventeen-year-old Srey Leak has been learning how to open up thanks to sessions at her school on menstruation
UNICEF Cambodia/2025/Cristyn Lloyd Once afraid of talking about periods, seventeen-year-old Srey Leak has been learning how to open up thanks to sessions at her school on menstruation

នៅសាលារៀនរបស់ ស្រីលក្ខណ៍ ក្នុងខេត្តសៀមរាបគំនិតផ្តួចផ្តើមថ្មីមួយដែលគាំទ្រដោយយូនីសេហ្វ ដើម្បីលើកកម្ពស់សុខភាព និងអនាម័យពេលមករដូវ កំពុងជួយប្អូនឲ្យរួចផុតពីការភ័យខ្លាច។ ក្រុមប្រឹក្សាយុវជនរបស់សាលាបាននឹងកំពុងបំបែកការមាក់ងាយ ដោយឲ្យក្មេងប្រុស និងក្មេងស្រីរៀនសូត្រ និងនិយាយដោយចំហអំពីភាពពេញវ័យ ការមករដូវ និងសុខភាព និងអនាម័យពេលមករដូវ។ ពួកគេកំពុងធ្វើខ្សែដៃវដ្តរដូវ និងដុំកំណាត់អនាម័យដែលអាចប្រើឡើងវិញបាន ដោយពន្យល់ពីអត្ថប្រយោជន៍សម្រាប់ទាំងសុខភាព និងបរិស្ថាន ។

ស្រី​លក្ខណ៍ បាននិយាយ​ថា ​៖ “​ពី​មុន ​ខ្ញុំធ្លាប់តែ​គិត​ថា​ប្រុស​ៗ​មិន​គួរ​ដឹងអំ​ពីការមក​​រដូវ​របស់​ក្មេង​ស្រីទេ”។ “ប៉ុន្តែឥឡូវនេះ ខ្ញុំអាចនិយាយអំពីរឿងនេះដោយចំហព្រោះខ្ញុំដឹងថា វាគ្មានអ្វីត្រូវលាក់បាំងនោះទេ។ វាជារឿងធម្មតាហើយយើងអាចនិយាយរឿងនេះជាមួយមនុស្សជុំវិញយើងបាន” ។

រៃ អាយុ ១៦ ឆ្នាំ និង ស៊ាន អាយុ ១៥ ឆ្នាំ ជាសិស្សថ្នាក់ទី ១១ គឺជាសមាជិកក្រុមប្រឹក្សាយុវជននៅសាលារបស់ពួកគេដែលបានចូលរួមក្នុងវគ្គបណ្តុះបណ្តាលដែលធ្វើឡើងដោយនាយកដ្ឋានសុខភាពសិក្សានៃក្រសួងអប់រំ យុវជន និងកីឡា ដោយមានការគាំទ្រពីយូនីសេហ្វ និង ហ្គ្រីនឡេឌី ខេមបូឌា​ (Green Lady Cambodia) ដែលជាអង្គការមួយជួយសម្របសម្រួលការអប់រំស្តីពីការមករដូវ។ ដោយមានការណែនាំពីគ្រូ ពួកគេកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយដល់សិស្សនៅក្នុងសាលា ផ្តល់ប្រឹក្សាដល់ក្មេងស្រីអំពីរបៀបថែទាំខ្លួនពួកគេឲ្យបានល្អបំផុត និងប្រាប់ក្មេងប្រុសថា ការមករដូវ គឺជាអ្វីដែលពួកគេគួររៀនសូត្រ និងផ្សព្វផ្សាយផងដែរ។ ទាំងក្មេងប្រុស និងក្មេងស្រីរៀនពីរបៀបធ្វើដុំកំណាត់អនាម័យ ដែលអាចបោកគក់បាន និងខ្សែដៃនៃវដ្ថរដូវ។

រៃ បាននិយាយ​ថា៖ “​នៅពេល​ខ្ញុំ​បង្រៀនក្មេង​ប្រុស ពួកគេ​តែងតែ​សួរ​ថា “ខ្ញុំ​ជា​​ប្រុស ហេតុ​អ្វី​បាន​ជា​ខ្ញុំ​ត្រូវ​ដឹងអំពី​រឿង​នេះ?” ខ្ញុំប្រាប់ពួកគេថា វាជាការសំខាន់សម្រាប់មនុស្សប្រុស ដែលត្រូវយល់ពីអ្វីដែលកើតឡើងចំពោះក្មេងស្រីនៅពេលពួកគេមករដូវ ដោយសារតែពួកគេរស់នៅក្នុងគ្រួសារដែលមានម្តាយ បងប្អូនស្រី ថែមទាំងប្រពន្ធផងដែរ” ។

ស៊ាន និយាយ​ថា វគ្គ​អប់រំទាំងនេះ​បាន​ជួយ​ក្មេង​ស្រី​ឲ្យ​ត្រៀម​ខ្លួន​សម្រាប់​ការ​មក​រដូវ​ដំបូង​របស់​ពួក​គេ ។

គាត់បានបន្តទៀតថា “ដោយសារតែពួកគេនៅក្មេង ហើយវាជាលើកដំបូងរបស់ពួកគេ យើងប្រាប់ពួកគេអំពីអ្វីទៅជាការមករដូវដោយផ្អែកលើអ្វីដែលយើងបានរៀនពីវគ្គបណ្តុះបណ្តាល ដូច្នេះពួកគេត្រៀមខ្លួនសម្រាប់រឿងនេះ និងមិនមានការភ័យខ្លាច”។ “ខ្ញុំ​អាច​មើល​ឃើញ​ថា​ ពួកគេ​មានទំនុកចិត្ត​ជាងមុន ​និង​មិន​សូវ​​ខ្មាសអៀនដូចមុន​” ។

នៅក្នុងប្រទេសកម្ពុជាសាលារៀនចំនួន ៦៣ ភាគរយមិនមានបង្គន់អនាម័យជាមូលដ្ឋាន ដែលបែងចែកទៅតាមភេទ និងអាចប្រើប្រាស់បាន (មានន័យថាមានសម្រាប់ប្រើ មានដំណើរការ និងមានភាពជាឯកជន) ដែលធ្វើឲ្យក្មេងស្រីកាន់តែពិបាកក្នុងការគ្រប់គ្រងរដូវរបស់ពួកគេប្រកបដោយអនាម័យ និងប្រកបដោយទំនុកចិត្ត។ សម្រាប់ស្ត្រី និងក្មេងស្រីក្រីក្រជាច្រើន ការចំណាយលើសម្ភារៈអនាម័យក៏អាចបណ្តាលឲ្យមានទម្លាប់ដែលគ្មានអនាម័យផងដែរ។ ដុំកំណាត់អនាម័យដែលអាចបោកគក់បានផ្តល់នូវជម្រើសមួយជំនួសឲ្យផលិតផលសំឡីអនាម័យដែលប្រើម្តងបោះចោល ដោយជួយក្មេងស្រី និងស្ត្រីឲ្យសន្សំប្រាក់ និងលើកទឹកចិត្តឲ្យមានអនាម័យកាន់តែប្រសើរបន្ថែមពីលើអត្ថប្រយោជន៍ចំពោះបរិស្ថាន ។

រហូតមកដល់ពេលនេះ យូនីសេហ្វបានគាំទ្រការបណ្តុះបណ្តាលសម្រាប់គ្រូបង្រៀនចំនួន ៣៤ នាក់ (ស្រី ១៨ នាក់) និងសមាជិកក្រុមប្រឹក្សាយុវជនចំនួន ៧៨ នាក់ (ស្រី ៥៥ នាក់) នៅក្នុងសាលារៀនចំនួន ៥ ក្នុងខេត្តសៀមរាប ដោយមានការចូលរួមពីសិស្សចំនួន ២.១៣០ នាក់ ក្នុងនោះស្រី ១.២៩០ នាក់ និងសិស្សមានពិការភាពចំនួន ៤ នាក់។ ដើម្បីធានាថាក្មេងស្រីមានអារម្មណ៍ថាមានសុវត្ថិភាព និងទទួលបានការគាំទ្រក្នុងគ្រប់ផ្នែកនៃជីវិតរបស់ពួកគេជនបង្គោលមកពីគណៈកម្មាធិការឃុំ ទទួលបន្ទុកកិច្ចការនារី និងកុមារ (គកនក) និងមេភូមិ ក៏ត្រូវបានបណ្តុះបណ្តាល និងលើកទឹកចិត្តឲ្យចែករំលែកអ្វីដែលពួកគេរៀនសូត្រនៅក្នុងសហគមន៍ផងដែរ ។

លោក សុខ ស៊ីផា នាយកសាលាវិទ្យាល័យ គោកដូង បានមានប្រសាសន៍ថា “វាជាការសំខាន់ផងដែរ ដែលពួកគេត្រូវរក្សាទុកសម្ភារៈអនាម័យឲ្យបានគ្រប់គ្រាន់នៅក្នុងសាលា ហើយមានទីកន្លែងស្អាតសម្រាប់ក្មេងស្រីអាចផ្លាស់ប្តូរសម្ភារៈអនាម័យរបស់ពួកគេជាឯកជនបាន។”

គាត់បានបន្តថា “ខ្ញុំចង់ឲ្យសាលារៀនទាំងអស់យកចិត្តទុកដាក់ឲ្យបានហ្មត់ចត់លើបញ្ហាដ៏សំខាន់នេះ។ សាលា​គួរ​តែ​រៀបចំ​សម្ភារៈ​ឲ្យបានគ្រប់គ្រាន់ ព្រោះ​ប្រសិនបើ​សិស្ស​ស្រី​មក​រដូវពេលកំពុងរៀន វា​អាច​ប៉ះ​ពាល់​ដល់​ការ​សិក្សា​របស់​ពួក​គេ។ ពួក​គេ​គួរ​តែអាចទទួលបានដុំ​កំណាត់​អនាម័យ បន្ទប់ទឹក​ស្អាត និង​ធុង​សំរាម​សម្រាប់​បោះ​ចោល​សម្ភារៈ​អនាម័យទាំងនោះ” ។

During the training sessions, both boys and girls learn how to make washable pads and period cycle bracelets
UNICEF Cambodia/2025/Cristyn Lloyd During the training sessions, both boys and girls learn how to make washable pads and period cycle bracelets
To promote menstrual health and hygiene education in schools, UNICEF partners with Green Lady Cambodia, an organisation that helps facilitate education on menstruation and promotes safe menstrual hygiene products like washable pads
UNICEF Cambodia/2025/Cristyn Lloyd To promote menstrual health and hygiene education in schools, UNICEF partners with Green Lady Cambodia, an organisation that helps facilitate education on menstruation and promotes safe menstrual hygiene products like washable pads

លោកនាយកសាលា​បានបន្ថែមទៀត​ថា វា​មិន​មែន​ត្រឹម​តែ​ក្មេង​ស្រីទេ​ដែល​មាន​ភាព​​ខ្មាសអៀនតិចជាងមុន​។ ក្មេងប្រុសក៏ទទួលយកសារនេះផងដែរ ។

បូវ៉ាន់ អាយុ ១៦ ឆ្នាំ ជាសិស្សប្រុសថ្នាក់ទី ១០ បាននិយាយថា “គេមិនគួរលាក់បាំងអំពីការមករដូវឡើយ ។ យើងត្រូវតែផ្សព្វផ្សាយការយល់ដឹង និងអប់រំទាំងក្មេងស្រី និងក្មេងប្រុសថា ការមករដូវគឺជារឿងធម្មតា ហើយយើងមិនគួរមានអារម្មណ៍ខ្មាសអៀនក្នុងការនិយាយអំពីរឿងនេះឡើយ”។ “ខ្ញុំអាចជួយផ្សព្វផ្សាយដល់ក្មេងស្រីផ្សេងទៀត និងសមាជិកគ្រួសាររបស់ខ្ញុំជាពិសេសប្អូនស្រីខ្ញុំ។ ដូច្នេះនៅពេលនាងមករដូវ ខ្ញុំអាចយល់ថានាង​មានអារម្មណ៍ធុញទ្រាន់ ឬ ​មិនស្រួលក្នុងខ្លួនហើយប្រាប់នាងឲ្យ​ផឹកទឹកក្តៅឧណ្ហៗ និងញ៉ាំ​អាហារ​ដែល​មាន​ជីវជាតិ។”

រៃ និយាយថាការអប់រំសិស្សអំពីអនាម័យពេលមករដូវ គឺការពារក្មេងស្រីពេញមួយជីវិតរបស់ពួកគេ ។ ហើយនៅពេលក្មេងស្រីចេះថែរក្សាសុខភាពរបស់ពួកគេដោយមិនខ្មាសអៀន ប្រទេសក៏អាចរីកចម្រើនផងដែរ ។

រៃ បានបន្តទៀតថា “ខ្ញុំចង់ឲ្យក្មេងស្រីមានភាពក្លាហាន”។ “ដោយសារយើងរស់នៅក្នុងតំបន់ឆ្ងាយដាច់ស្រយាលខ្លាំង ពត៌មានបែបនេះនៅតែខ្វះខាត ដូច្នេះការបណ្តុះបណ្តាលបែបនេះ​ គឺជាឱកាសសម្រាប់យើងអប់រំពួកគេដើម្បីឲ្យពួកគេចេះថែរក្សាសុខភាព និងអនាម័យរបស់ពួកគេ។ ក្មេងស្រីគឺជាកត្តាជំរុញ និងរួមចំណែកដល់ការអភិវឌ្ឍប្រទេស។ ក្មេងស្រីគឺជាម្តាយ។ ម្តាយគឺជាអ្នកដែលអាចផ្តល់កំណើតដល់មនុស្សជំនាន់ក្រោយ ដែលជាធនធានមនុស្ស​របស់ប្រទេស ។”

“I can help spread awareness,” says 16-year-old Bovan (left), who once thought that only girls need to learn about menstrual hygiene
UNICEF Cambodia/2025/Cristyn Lloyd “I can help spread awareness,” says 16-year-old Bovan (left), who once thought that only girls need to learn about menstrual hygiene