អនាម័យ និងទឹកស្អាត
បរិស្ថានប្រកបដោយសុខភាពល្អ សម្រាប់កុមារគ្រប់រូប

- Available in:
- English
- Khmer
បញ្ហាប្រឈម
ការផ្តល់ឲ្យកុមារនូវទឹកស្អាតបរិភោគ និងបង្គន់អនាម័យសមស្រប និងអប់រំពួកគេឲ្យយល់ពីភាពចាំបាច់នៃការលាងសម្អាតដៃជាមួយនឹងសាប៊ូជាមួយទឹក គឺជាវិធីសាស្រ្តដ៏មានប្រសិទ្ធភាពបំផុត ដើម្បីជួយសង្គ្រោះអាយុជីវិតរបស់ពួកគេ និងធានាយ៉ាងណាឲ្យពួកគេក្លាយជាមនុស្សពេញវ័យដែលមានសុខភាពល្អ។ ជំងឺរាករូស ដែលជារឿយៗកើតចេញពីទម្លាប់អនាម័យបរិស្ថាន និងអនាម័យផ្ទាល់ខ្លួនកខ្វក់ គឺជាមូលហេតុដ៏ធំមួយដែលធ្វើឲ្យកុមារឈឺជំងឺផ្សេងៗ រួមនឹងបញ្ហាក្រិសក្រិន និងប៉ះពាល់ដល់ការអភិវឌ្ឍខួរក្បាលរបស់ពួកគេផងដែរ។
ប្រទេសកម្ពុជា កំពុងសម្រេចបាននូវវឌ្ឍនភាពជាបណ្តើរៗ ប៉ុន្តែវឌ្ឍនភាពទាំងនេះពុំទាន់គ្រប់គ្រាន់ ដើម្បីបំពេញទៅតាមចំណុចដៅផ្នែកអនាម័យ និងទឹកស្អាតឡើយ។ បើទោះបីជាប្រព័ន្ធទឹកស្អាត និងអនាម័យ និងទម្លាប់ប្រើប្រាស់ទឹកស្អាត និងអនាម័យមានភាពល្អប្រសើរជាងមុនក៏ដោយ ប្រទេសកម្ពុជា គឺជាប្រទេសដែលមានអត្រាបន្ទោរបង់ពាសវាលពាសកាលខ្ពស់ជាងគេនៅក្នុងតំបន់ ពោលគឺក្នុងចំណោមប្រជាពលរដ្ឋកម្ពុជារស់នៅជនបទនៅមានជីវភាពក្រីក្រជាងគេ ១០នាក់ មានប្រមាណ ៨នាក់ទៅហើយ ដែលនៅបន្ទោរបង់ក្នុងប្រភពទឹកចំហ ឬបន្ទោរបង់ពាសវាលពាសកាលដោយមិនប្រើប្រាស់បង្គន់។ ទម្លាប់បែបនេះ បន្តជាបញ្ហាប្រឈមដ៏សែនគ្រោះថ្នាក់មួយ ព្រោះថាលាមករបស់មនុស្សដែលនៅជិតផ្លូវទឹក និងផ្ទះសម្បែង នាំឲ្យមានការសាយភាយជំងឺយ៉ាងឆាប់រហ័ស និងធ្វើឲ្យកុមារ និងគ្រួសាររបស់ពួកគេប្រឈមនឹងហានិភ័យ។
ប្រជាពលរដ្ឋកម្ពុជាម្នាក់ ក្នុងចំណោមបីនាក់ ប្រើប្រាស់ទឹកពីប្រភពដែលពុំត្រូវបានកែលម្អ ហើយនេះមានន័យថា ពួកគេមិនបានបែងចែកសំណល់របស់មនុស្សឲ្យនៅដោយឡែកពីមនុស្សប្រកបដោយអនាម័យនោះឡើយ។ ក្នុងចំណោមសាលាមត្តេយ្យសិក្សាចំនួន១០ មាន ៧សាលា ដែលពុំមានបរិក្ខារអនាម័យ និងទឹកស្អាត ហើយក្នុងចំណោមមណ្ឌលសុខភាពនៅតំបន់ជនបទចំនួនពីរ មានមួយកន្លែងដែលពុំមានទឹកគ្រប់គ្រាន់សម្រាប់ប្រើប្រាស់ពេញមួយឆ្នាំ។
កុមារបន្តជួបបញ្ហាក្រិសក្រិន និងបាត់បង់ជីវិត ដោយសារមូលហេតុពាក់ព័ន្ធនឹងទឹកស្អាត និងអនាម័យ ដែលគេអាចបង្ការជាមុនបាន ដោយសារពួកគេពុំមានទឹកស្អាតប្រើប្រាស់ បង្គន់អនាម័យ និងកន្លែងលាងដៃនៅក្នុងសហគមន៍ និងសាលារៀនរបស់ពួកគេ។ ជាពិសេសនៅតាមតំបន់ជនបទ ប្រជាពលរដ្ឋមានចំណេះដឹងតិចតួច អំពីសារៈសំខាន់នៃអនាម័យត្រឹមត្រូវ។
កុមារគ្រប់រូបមានសិទ្ធិទទួលបានអនាម័យ និងទឹកស្អាតជាមូលដ្ឋាន ដូចមានចែងក្នុងអនុសញ្ញាស្តីពីសិទ្ធិកុមារ។
ដំណោះស្រាយ
យូនីសេហ្វ ផ្តោតការយកចិត្តទុកដាក់លើការកែលម្អធ្វើទឹកឲ្យស្អាត និងស្ថានភាពអនាម័យកាន់ល្អប្រសើរ សម្រាប់កុមារដែលពុំបានទទួលសេវាគ្រប់គ្រាន់ និងសហគមន៍របស់ពួកគេ ដែលជារឿយៗជាសហគមន៍ក្រីក្រ ស្ថិតនៅតំបន់ដែលជួបការលំបាក ឬមិនសូវទទួលបានឱកាសក្នុងសង្គម និងកុមារដែលរស់នៅក្នុងតំបន់ងាយរងគ្រោះដោយសារបញ្ហាបរិស្ថាន ដូចជាទឹកជំនន់ និងគ្រោះរាំងស្ងួតជាដើម។
ការលើកកម្ពស់ស្ថានភាពអនាម័យ និងទឹកស្អាតរបស់កុមារនៅកម្ពុជា តម្រូវឲ្យមានការប្រើប្រាស់ អភិក្រមរួមដែលមានលក្ខណៈជាប្រព័ន្ធ។ កត្តានេះទាមទារឲ្យមានការខិតខំរួមគ្នា ព្រោះថាការសម្រេចបាននូវវឌ្ឍនភាពនៅក្នុងផ្នែកមួយ គឺអាស្រ័យទៅលើវត្តមានរបស់ផ្នែកផ្សេងទៀត ដូចជានៅពេលដែលពុំមានបង្គន់ ប្រភពទឹកត្រូវជួបនឹងបញ្ហាកខ្វក់ ហើយនៅពេលដែលពុំមានទឹកស្អាត គេពុំអាចអនុវត្តទម្លាប់អនាម័យខ្លួនប្រាណស្អាតបានឡើយ។ វាតម្រូវឲ្យមានការប្រើប្រាស់អភិក្រមរួម ព្រោះថាការធ្វើឲ្យស្ថានភាពកាន់តែល្អប្រសើរ និងមាននិរន្តរភាព អាចសម្រេចទៅបានលុះត្រាតែមានអន្តរាគមន៍ក្នុងវិស័យទឹកស្អាត និងអនាម័យ សុខាភិបាល និងអប់រំ មានលក្ខណៈប្រទាក់ក្រឡា និងពង្រឹងឲ្យគ្នាទៅវិញទៅមកតែប៉ុណ្ណោះ។ វាត្រូវការអភិក្រមដែលមានលក្ខណៈជាប្រព័ន្ធ ព្រោះថាគេចាំបាច់ត្រូវដោះស្រាយបញ្ហានេះ នៅតាមផ្ទះ សាលារៀន និងមណ្ឌលសុខភាព ចាប់ពីថ្នាក់ជាតិ ដល់ថ្នាក់មូលដ្ឋាន។
ជាមួយនឹងចក្ខុវិស័យជំរុញឲ្យមានការទទួលបានទឹកស្អាត និងសេវាអនាម័យឲ្យបានជាសកលត្រឹមឆ្នាំ២០៣០ យើងរួមគ្នាជាមួយនឹងរដ្ឋាភិបាល និងដៃគូ ធ្វើការងារដើម្បីឲ្យការផ្តល់ហិរញ្ញប្បទាន និងការសម្របសម្រួលការងារអនាម័យ និងទឹកស្អាតកាន់តែប្រសើរជាងមុន។ យើងប្រមូលភស្តុតាងតាមរយៈការប្រមូល និងវិភាគទិន្នន័យ ដើម្បីផ្តល់ជាព័ត៌មានអំពីរបៀបដែលយើងគួរអនុវត្តកម្មវិធី។ យើងក៏ធ្វើការដើម្បីធានាភូមិនានា កាន់តែធន់នឹងវិបត្តិអាកាសធាតុ តាមរយៈការវិភាគលើហានិភ័យ និងគ្រោះមហន្តរាយ និងការរៀបចំផែនការត្រៀមបង្ការផ្នែកអនាម័យ និងទឹកស្អាត។ យើងស្វែងរកផលិតផលអនាម័យ និងទឹកស្អាត ផលិតដោយវិស័យឯកជន ហើយយើងខិតខំនាំយកផលិតផលទាំងនោះទៅកាន់ទីផ្សារ។

ការបង្កើនលទ្ធភាពទទួលបានសេវាអនាម័យបរិស្ថាន និងអនាម័យផ្ទាល់ខ្លួនប្រកបដោយសុវត្ថិភាព
យូនីសេហ្វ សហការជាមួយរាជរដ្ឋាភិបាល ដើម្បីធ្វើឲ្យប្រភពទឹកកាន់តែល្អប្រសើរជាងមុន និងបង្កើតប្រភពទឹកថ្មីៗ ដែលធន់នឹងគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួត។ យើងធ្វើការងារនៅតាមសហគមន៍ ដែលពឹងអាស្រ័យលើទន្លេ អណ្តូង និងស្រះ ជាប្រភពទឹក ដែលរងការបំពុលដោយជាតិពុលនានា ដូចជាបាក់តេរីអុីកូលី និងសារធាតុអាសេនិក ឬនៅកន្លែងដែលប្រព័ន្ធទឹកពុំអាចប្រើប្រាស់បាន ដោយសារតែខូចខាត។
យើងក៏បានខិតខំប្រឹងប្រែងនាំយកបរិក្ខារអនាម័យបរិស្ថាន និងអនាម័យផ្ទាល់ខ្លួន ទៅកាន់សាលារៀន និងមណ្ឌលសុខភាពផងដែរ ដើម្បីឲ្យកុមារអាចរស់នៅ រៀនសូត្រ និងទទួលបានសេវាសុខភាពក្នុងបរិស្ថានដែលមានសុវត្ថិភាពជាងមុនផងដែរ។
បរិស្ថានក្នុងសាលារៀន ដែលនាំមកនូវសុខភាពល្អ និងផ្តល់នូវភាពស្អាត អមជាមួយនឹងការផ្តល់ព័ត៌មានអំពីរបៀបអនុវត្តអនាម័យផ្ទាល់ខ្លួនត្រឹមត្រូវ លើកទឹកចិត្តសិស្សឲ្យបន្តរៀនសូត្រក្នុងសាលារៀន និងលើកទឹកចិត្តឲ្យពួកគេមានទម្លាប់អនាម័យល្អ ដែលពួកគេអាចបន្តប្រាប់ទៅកាន់គ្រួសាររបស់ពួកគេ។ យូនីសេហ្វ បន្តកិច្ចសហការជាមួយរាជរដ្ឋាភិបាល ដើម្បីធានាយ៉ាងណាឲ្យសាលារៀននៅកម្ពុជាមានទឹកស្អាតប្រើប្រាស់ មានបង្គន់ដាច់ដោយឡែកសម្រាប់កុមារី និងកុមារា មានសម្ភាររូបវន្តគ្រប់គ្រាន់សម្រាប់ក្មេងស្រីជំទង់ប្រើប្រាស់ពេលមករដូវ និងមានកន្លែងលាងដៃត្រឹមត្រូវ។
ការងារយូនីសេហ្វលើបញ្ហាអនាម័យផ្ទាល់ខ្លួន និងអនាម័យបរិស្ថាន ជួយឲ្យក្មេងស្រីអាចទៅរៀន និងបន្តរៀនបាន។
កុមារមានពិការភាព អាចជួបនឹងការលំបាក ជាពិសេសក្នុងការប្រើប្រាស់បង្គន់នៅតាមសាលារៀន។ ជារឿយៗ ប្រសិនបើសម្ភាររូបវន្តទាំងនេះ ពុំផ្តល់ភាពងាយស្រួល និងពុំមានការសម្របសម្រួលសមស្របសម្រាប់កុមារពិការនោះទេ កុមារត្រូវវារលើកម្រាលដែលកខ្វក់ និងពុំមានអនាម័យ។ កាន់តែអាក្រក់ជាងនេះទៅទៀតនោះ គឺវាធ្វើឲ្យកុមារទទួលរងការអាម៉ាស និងបាត់បង់សេចក្តីថ្លៃថ្នូរបស់ពួកគេ។ កុមារពិការមួយចំនួន កាត់បន្ថយតម្រូវការប្រើប្រាស់បង្គន់អនាម័យ ដោយមិនបរិភោគអាហារ ឬផឹកទឹកនៅសាលារៀន ដែលអាចនាំឲ្យពួកគេមានជំងឺទៅវិញ។ យើងខិតខំធ្វើឲ្យបរិក្ខារអនាម័យ និងទឹកស្អាតនៅតាមសាលារៀនទូទាំងប្រទេសមានភាពល្អប្រសើរជាងមុន ដើម្បីឲ្យកុមារគ្រប់រូប អាចប្រើប្រាស់បរិក្ខារទាំងនោះ មិនថាពួកគេមានសមត្ថភាពកាយសម្បទាបែបណានោះឡើយ។
ជួយប្រជាពលរដ្ឋឲ្យយល់ពីអត្ថប្រយោជន៍នៃការប្រើប្រាស់បង្គន់ ទឹកស្អាត និងសាប៊ូ
មានតែការផ្លាស់ប្តូរឥរិយាបថតែប៉ុណ្ណោះទេ ដែលអាចធ្វើឲ្យទម្លាប់អនាម័យ និងទឹកស្អាតនៅជាប់ឋិតថេរជានិរន្តរពិតប្រាកដ។ ការអប់រំផ្សព្វផ្សាយ គឺជាផ្នែកមួយដ៏ធំនៃការងាររបស់យូនីសេហ្វ ដើម្បីបង្កើតនូវបរិយាកាសស្អាត និងមានសុវត្ថិភាព ដើម្បីឲ្យកុមារទទួលបាននូវការអភិវឌ្ឍ។ យើងផ្សព្វផ្សាយព័ត៌មាន ដើម្បីឲ្យប្រជាពលរដ្ឋយល់ពីសារៈសំខាន់នៃការប្រើប្រាស់ទម្លាប់អនាម័យ និងទឹកស្អាត និងកាត់បន្ថយគម្លាតរវាងការសាងសង់បង្គន់ និងកន្លែងលាងសម្អាតដៃ និងពេលដែលមានមនុស្សប្រើប្រាស់បរិក្ខារទាំងនេះពិតប្រាកដ។
យូនីសេហ្វ បានសហការជាមួយរាជរដ្ឋាភិបាល និងដៃគូដទៃទៀត ដើម្បីផ្លាស់ប្តូរផ្នត់គំនិតរបស់ប្រជាពលរដ្ឋ អំពីអនាម័យ និងជំរុញឲ្យមានការផ្លាស់ប្តូររបៀប ដែលពួកគេប្រើប្រាស់បរិក្ខារអនាម័យ និងទឹកស្អាតទាំងនេះ។ យើងសម្រេចគោលដៅនេះ តាមរយៈកិច្ចខិតខំប្រឹងប្រែងអប់រំផ្សព្វផ្សាយ ដែលលើកទឹកចិត្តឲ្យកុមារ និងសហគមន៍របស់ពួកគេធ្វើការផ្លាស់ប្តូរទម្លាប់អនាម័យបរិស្ថាន និងអនាម័យផ្ទាល់ខ្លួនបច្ចុប្បន្នរបស់ពួកគេ និងស្វែងរកបរិក្ខារអនាម័យ និងទឹកស្អាតនៅផ្ទះ សាលារៀន និងសហគមន៍របស់ពួកគេ។