អនុសាសន៍ថ្មីរបស់គណៈកម្មាធិការសិទ្ធិកុមារសហប្រជាជាតិ បង្ហាញពីវឌ្ឍនភាព និងក្តីព្រួយបារម្ភ
- English
- Khmer
រាជធានីភ្នំពេញ ថ្ងៃ១៦ ខែមិថុនា ឆ្នាំ២០២២៖ គណៈកម្មាធិការសិទ្ធិកុមារសហប្រជាជាតិ បានចេញផ្សាយនូវការអង្កេតរបស់ខ្លួនស្តីពីវឌ្ឍនភាពរបស់ប្រទេសកម្ពុជាសម្រេចបាន ក្នុងការឈានទៅបំពេញតាមកាតព្វកិច្ចផ្លូវច្បាប់នៃអនុសញ្ញាអន្តរជាតិស្តីពីសិទ្ធិកុមារ។ ការអង្កេតទទួលស្គាល់នូវវឌ្ឍនភាពដែលសម្រេចបានដោយរាជរដ្ឋាភិបាល
កម្ពុជានៅចន្លោះឆ្នាំ២០១១ និងឆ្នាំ២០២២ ហើយទន្ទឹមនឹងនេះក៏បានបង្ហាញពីចំណុចគួរឲ្យព្រួយបារម្ភជុំវិញបញ្ហាមួយចំនួនដូចជាការអប់រំ និងកិច្ចការពារកុមារ។
គណៈកម្មាធិការតាមដានទៅលើការអនុវត្តនៃអនុសញ្ញាស្តីពីសិទ្ធិកុមារ ដែលផ្អែកលើគោលការណ៍សំខាន់ៗនៃសិទ្ធិមានជីវិត សិទ្ធិរស់នៅនិងអភិវឌ្ឍន៍ សិទ្ធិគ្មានការរើសអើង ឧត្តមប្រយោជន៍កុមារ និងសិទ្ធិបញ្ចេញមតិ។ ជាអនុសញ្ញាដែលទទួលបានសច្ចាប័នច្រើនជាងគេក្នុងពិភពលោក អនុសញ្ញាស្តីពីសិទ្ធិកុមារបាននឹងកំពុងជំរុញទឹកចិត្ត
រដ្ឋាភិបាលនានាឲ្យផ្លាស់ប្តូរច្បាប់ និងគោលនយោបាយ ដើម្បីធានានូវការបំពេញ ការទទួលស្គាល់ និងកិច្ចការពារសិទ្ធិកុមារ។
សេចក្តីសន្និដ្ឋាននៃការអង្កេតរបស់គណៈកម្មាធិការបានបញ្ជាក់ថា៖ “គណៈកម្មាធិការសូមស្វាគមន៍នូវការសម្រេចបាននូវវិធានការច្បាប់ ស្ថាប័ន និងគោលនយោបាយដើម្បីអនុវត្តអនុសញ្ញានេះ ដែលរួមមានដូចជាការអនុម័តច្បាប់យុត្តិធម៌អនីតិជន ផែនការសកម្មភាពដើម្បីទប់ស្កាត់ និងឆ្លើយតបអំពើហិង្សាលើកុមារ ផែនការសកម្មភាពសម្រាប់លើកកម្ពស់សុខមាលភាពកុមារ និងគោលនយោបាយស្តីពីកិច្ចការពារកុមារនៅតាមសាលារៀន និងការអប់រំប្រកបដោយបរិយាបន្ន។ គណៈកម្មាធិការសូមកត់សម្គាល់ជាមួយការវាយតម្លៃខ្ពស់ចំពោះការផ្តល់សច្ចាប័នដល់ អនុសញ្ញាស្តីពីសិទ្ធិជនពិការក្នុងឆ្នាំ២០១២ និងការចូលរួមជាសមាជិកក្នុងអនុសញ្ញាស្តីពីការការពារជនគ្រប់រូបពីការបាត់ខ្លួនដោយបង្ខំ ក្នុងឆ្នាំ២០១៣។”
ទោះជាយ៉ាងនេះក្តី គណៈកម្មាធិការក៏បានលើកទ្បើងអំពីការព្រួយបារម្ភទៅលើចំណុចដទៃទៀត ដូចជាការអប់រំកាតព្វកិច្ចដោយមិនយកកម្រៃសម្រាប់កុមារក្នុងប្រទេសកម្ពុជា និងសេចក្តីព្រាងច្បាប់ស្តីពីការស្នើបែងចែកថ្នាក់រៀនសម្រាប់កុមារមានពិការភាព។ គណៈកម្មាធិការផ្តល់អនុសាសន៍ដល់រាជរដ្ឋាភិបាលកម្ពុជាឲ្យផ្តល់ការអប់រំថ្នាក់បឋមសិក្សាដោយមិនយកកម្រៃ និងជាកាតព្វកិច្ចសម្រាប់កុមារគ្រប់រូបយ៉ាងហោចណាស់ឲ្យបាន៩ឆ្នាំ និងធ្វើវិសោធនកម្មសេចក្តីព្រាងច្បាប់ ដើម្បីធានានូវសិទ្ធិកុមារមានពិការភាពឲ្យទទួលបានការអប់រំប្រកបដោយបរិយាបន្ន។ គណៈកម្មាធិការ ក៏ផ្តល់អនុសាសន៍ផងដែរថា កុមារដែលការសិក្សាខ្លួនត្រូវបានប៉ះពាល់ដោយជំងឺកូវីដ-១៩ គួរទទួលបាននូវការគាំទ្រពីអន្តរាគមន៍នានា ដើម្បីឆ្លើយតបនឹងការបាត់បង់ការរៀនសូត្រក្នុងរយៈពេលមានជំងឺរាតត្បាតនេះ។
លើសពីនេះទៀត គណៈកម្មាធិការក៏បានលើកទ្បើងអំពីកង្វល់ជុំវិញអត្រាខ្ពស់នៃការកេងប្រវ័ញ្ច និងរំលោភបំពាន
ផ្លូវភេទលើកុមារ។ គណៈកម្មាធិការទទូចឲ្យប្រទេសកម្ពុជាធានានូវការស៊ើបអង្កេត និងអន្តរាគមន៍ប្រកបដោយ
ប្រសិទ្ធភាព ទៅលើរាល់ករណីកេងប្រវ័ញ្ច និងរំលោភបំពានផ្លូវភេទលើកុមារនៅខាងក្នុង ឬខាងក្រៅផ្ទះ និងបរិស្ថាន
ឌីជីធល ដែលក្នុងនោះរួមមានការលួងលោមតាមប្រព័ន្ធអនទ្បាញផងដែរ។ គណៈកម្មាធិការក៏បានជំរុញឲ្យបន្ត ធ្វើវឌ្ឍនភាព និងបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីឈានទៅរកការផ្តល់អាទិភាពលើការថែទាំតាមគ្រួសារ សម្រាប់កុមារ ដោយមានការគាំទ្រពីបុគ្គលិកសង្គមក្នុងចំនួនច្រើននាក់នៅគ្រប់ខេត្តទាំងអស់។
ដោយយកអនុសញ្ញាស្តីពីសិទ្ធិកុមារជាមគ្គទេសក៍ យូនីសេហ្វគឺជាស្ថាប័នអង្គការសហប្រជាជាតិដែលត្រូវបានផ្តល់សមត្ថកិច្ចដើម្បីការពារសិទ្ធិកុមារគ្រប់រូប និងធ្វើការជាមួយដៃគូនានារួមទាំងរាជរដ្ឋាភិបាលកម្ពុជា ដើម្បីធ្វើសកម្មភាពឆ្លើយតបទៅនឹងអនុសាសន៍របស់គណៈកម្មាធិការសិទ្ធិកុមារ។
លោកស្រី ហ្វ័រូហ្គ ហ្វយូហ្សិថ នាយិកាយូនីសេហ្វប្រចាំកម្ពុជាបានមានប្រសាសន៍ថា៖ “យើងសូមអបអរសាទរ
រាជរដ្ឋាភិបាលកម្ពុជាលើវឌ្ឍនភាពនានាដែលសម្រេចបានក្នុងការលើកកម្ពស់ជីវិតកុមារនៅក្នុងទសវត្សរ៍ថ្មីៗនេះ ប៉ុន្តែរបាយការណ៍នេះក៏បង្ហាញថានៅមានចំណុចគួរឲ្យព្រួយបារម្ភខ្លាំងមួយចំនួនទៀតផងដែរ។ សូម្បីតែនៅក្នុងចំណុចដែលមានវឌ្ឍនភាពគួរឲ្យកត់សម្គាល់ហើយក្តី ជំងឺកូវីដបានបង្កជាឧបសគ្គថយក្រោយធ្ងន់ធ្ងរទៅវិញ។ ឥទ្បូវនេះគឺជាពេលវេលាដើម្បីផ្តោតកិច្ចខិតខំប្រឹងប្រែងរបស់យើងទៅលើការឆ្លើយតបនឹងឧបសគ្គទាំងនោះ និងដោះស្រាយបញ្ហាប្រឈមនានាដែលគណៈកម្មាធិការសិទ្ធិកុមារបានផ្តល់អនុសាសន៍។ នៅក្នុងរយៈពេលពីរទៅបីសប្តាហ៍ខាងមុខ យូនីសេហ្វរួមជាមួយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នឹងពិគ្រោះយោបល់ជាមួយដៃគូពាក់ព័ន្ធសំខាន់ៗ ដើម្បីធ្វើសកម្មភាពឆ្លើយតបនឹងអនុសាសន៍ទាំងនោះ ក្នុងគោលបំណងចម្បងបំផុតគឺធានាថាសិទ្ធិរបស់កុមារកម្ពុជាគ្រប់រូបត្រូវបានគោរព ទទួលស្គាល់ ផ្តល់ឲ្យ និងការពារ។”
កំណត់សម្គាល់សម្រាប់និពន្ធនាយក៖
ព័ត៌មានបន្ថែម និងរបាយការណ៍ទាំងស្រុងអាចទាញយកបានតាមតំណភ្ជាប់ខាងក្រោមនេះ៖
ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ
អំពីយូនីសេហ្វ៖
យូនីសេហ្វកម្ពុជាធ្វើការងារ ដើម្បីលើកកម្ពស់ការអភិវឌ្ឍល្អប្រសើររបស់កុមារ ការពារសិទ្ធិរបស់ពួកគេ និងជួយឱ្យពួកគេសម្រេចសក្ដានុពលចាប់ពីវ័យកុមារតូច រហូតដល់វ័យក្មេងជំទង់។ សម្រាប់ព័ត៌មានបន្ថែមអំពីយូនីសេហ្វ និងការងារដែលយូនីសេហ្វធ្វើដើម្បីកុមារ សូមចូលមើលគេហទំព័រwww.unicef.org/cambodia/ ។
សូមតាមព័ត៌មានអំពីយូនីសេហ្វ Twitter និង Facebook