របាយការណ៍ថ្មីគូសបញ្ជាក់អំពីវិធានការរួម ដើម្បីការពារកុមារពីហានិភ័យសុខភាពបរិស្ថាននៅកម្ពុជា
- English
- Khmer
រាជធានីភ្នំពេញ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ – ដោយមានការគាំទ្រពីយូនីសេហ្វ ក្រសួងសុខាភិបាល បានចេញផ្សាយរបាយការណ៍ស្ដីពីសុខភាពកុមារ និងបរិស្ថាន ដែលជារបាយការណ៍ដំបូងពាក់ព័ន្ធនឹងបញ្ហាសុខភាពកុមារ និងបរិស្ថាននៅកម្ពុជា។ កិច្ចខិតខំប្រឹងប្រែងនេះមានការចូលរួមពីជាង ២៩ ក្រសួង និងមន្ទីរនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ រួមទាំងក្រសួងសុខាភិបាល ក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍។
របាយការណ៍ សុខភាពកុមារ និងបរិស្ថាន ដែលអនុវត្តដោយក្រសួងសុខាភិបាល ដោយមានការគាំទ្រពីយូនីសេហ្វ និងការរួមចំណែកពីមូលនិធិ Clarios ផ្ដល់នូវទិដ្ឋភាពទូទៅគ្រប់ជ្រុងជ្រោយអំពីស្ថានភាពបច្ចុប្បន្ននៃសុខភាព បរិស្ថានរបស់កុមារនៅកម្ពុជា។ របាយការណ៍នេះគូសបញ្ជាក់អំពីហានិភ័យសុខភាពបរិស្ថានចម្បងៗ ដែលកុមារប្រឈម រួមមាន ការប្រឈមមុខនឹងការបំពុលខ្យល់ ការបំពុលទឹក និងចំណីអាហារ ភាពតានតឹងដោយសារកម្ដៅ សារធាតុលោហៈពុល ថ្នាំសម្លាប់សត្វល្អិត និងសំណល់គ្រោះថ្នាក់ផ្សេងទៀត ហើយការប្រែប្រួលអាកាសធាតុបានធ្វើឲ្យបញ្ហាទាំងនេះមានលក្ខណៈកាន់តែមានធ្ងន់ធ្ងរបន្ថែមទៀត ។
លោកវេជ្ជបណ្ឌិត កុល ហេរ៉ូ ប្រធាននាយកដ្ឋានការពារសុខភាពនៃក្រសួងសុខាភិបាល បានឱ្យដឹងថា “ការធានានូវវឌ្ឍនភាពជាបន្តបន្ទាប់ចំពោះសុខភាពមាតា និងកុមារ គឺជាអាទិភាពចំបងរបស់រាជរដ្ឋាភិបាលកម្ពុជា។ យើងទទួលស្គាល់ថា ការគំរាមកំហែងផ្នែកសុខភាពបរិស្ថាន បង្កហានិភ័យគួរឱ្យកត់សម្គាល់ចំពោះសមិទ្ធផល ដែលយើងបានធ្វើទៅលើការពង្រឹងសុខភាពមាតា និងកុមារ នៅក្នុងរយៈពេលប៉ុន្មានទសវត្សរ៍កន្លងទៅ។ “យើងមានការប្ដេជ្ញាចិត្តយ៉ាងជ្រាលជ្រៅចំពោះការអនុវត្តគោលនយោបាយ និងកម្មវិធីពហុវិស័យ ដែលការពារសមិទ្ធផលទាំងនេះ។ ថ្ងៃនេះ យើងមានមោទកភាពចំពោះការផ្សព្វផ្សាយរបាយការណ៍ជាស្ថាពរនៃការវាយតម្លៃថ្នាក់ជាតិស្តីពីសុខភាពបរិស្ថានកុមារ និងបរិស្ថាន ដែលនឹងក្លាយជាមគ្គុទ្ទេសក៍នៃកិច្ចខិតខំប្រឹងប្រែងរបស់យើង។ តាមរយៈការដោះស្រាយគ្រោះថ្នាក់បរិស្ថាន យើងកំពុងកសាងអនាគតមួយ ដែលកាន់តែមានសុខភាពល្អ និងសុវត្ថិភាពសម្រាប់កុមារ និងមនុស្សជំនាន់ក្រោយរបស់យើង។”
ការប្រែប្រួលអាកាសធាតុ និងភាពរេចរឹលបរិស្ថានកំពុងគំរាមកំហែងក្នុងកម្រិតខុសៗគ្នាដល់ការរស់រានមានជីវិត សុខភាព ការអប់រំ ការការពារ និងសុខុមាលភាពរបស់កុមារ។ កំណើនជាសកលនៃជំងឺមហារីក ជំងឺទឹកនោមផ្អែម វិបត្តិពាក់ព័ន្ធនឹងការអភិវឌ្ឍប្រព័ន្ធប្រសាទ និងជំងឺហឺត បានកើតឡើងដំណាលគ្នានឹងកំណើននៃការបំពុលខ្យល់ សំណល់អេឡិចត្រូនិក និងការប្រើប្រាស់សារធាតុគីមីគ្រោះថ្នាក់នៅក្នុងផលិតផលប្រចាំថ្ងៃ ដូចជា ប្លាស្ទិក ចំណីអាហារ គ្រឿងអេឡិចត្រូនិក របស់របរក្មេងលេង និងក្រែមរក្សាស្បែក ។
លោកបណ្ឌិត វីល ផាកស៍ នាយកយូនីសេហ្វប្រចាំកម្ពុជា បានមានប្រសាសន៍ឱ្យដឹងថា “បច្ចុប្បន្ន កុមារប្រឈមនឹងការគំរាមកំហែងផ្នែកបរិស្ថានជាច្រើនដែលមិនធ្លាប់មានពីមុនមក រួមមាន ការបំពុលខ្យល់ និងទឹក ភាពតានតឹងដោយសារកម្ដៅ ព្រមទាំងការប្រឈមនឹងសំណល់ពុល និងសារធាតុបំពុល ដែលបង្កគ្រោះថ្នាក់ចំពោះសុខភាព និងការអភិវឌ្ឍខួរក្បាលរបស់កុមារ”។ “ភាពតក់ស្លុតនៅឆាកជីវិតដំបូងរបស់កុមារ ប៉ះពាល់ដល់សក្ដានុពលរបស់ពួកគេក្នុងការក្លាយជាអ្នកដឹកនាំ និងអ្នករួមចំណែកចំពោះសេដ្ឋកិច្ចរបស់ពួកគេនៅពេលអនាគត។ ការដោះស្រាយបញ្ហាស្មុគស្មាញទាំងនេះ ទាមទារឱ្យមានកិច្ចសហប្រតិបត្តិការពហុវិស័យ និងភាពជាដៃគូដ៏រឹងមាំ។ តាមរយៈការរួមសហការគ្នា យើងអាចបង្កើតបរិយាកាសកាន់តែមានសុខភាពល្អ ដើម្បីឱ្យកុមារគ្រប់រូបអាចធំលូតលាស់ និងសម្រេចបានសក្ដានុពលពេញលេញរបស់ពួកគេ។ អនាគតរបស់ពួកគេ គឺពឹងផ្អែកលើការដោះស្រាយនេះហើយ។”
យូនីសេហ្វប៉ាន់ប្រមាណថា កុមារចំនួន ៣០០លាននាក់នៅទូទាំងសកលលោក រស់នៅក្នុងតំបន់ជាច្រើន ដែលខ្យល់ពុលមានកម្រិតខ្ពស់ជាងគោលការណ៍ណែនាំអន្តរជាតិចំនួនប្រាំមួយដង។ ដោយផ្អែកលើការប៉ាន់ប្រមាណជាសកលនេះ1 កម្ពុជាស្ថិតនៅក្នុងចំណោមបណ្ដាប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ ដែលប្រឈមមុខខ្ពស់បំផុតនឹងហានិភ័យបរិស្ថានចំនួនបី នោះគឺ ការបំពុលនៅក្នុងបរិយាកាសជុំវិញ ការបំពុលក្នុងអគារ និងការប៉ះពាល់នឹង សំណ។
នៅកម្ពុជា មានការប៉ាន់ប្រមាណថា កុមារជិតមួយនាក់ នៅក្នុងចំណោមប្រាំនាក់ ដែលមានអាយុក្រោមប្រាំឆ្នាំ បានទទួលមរណភាពដោយសារការបំពុលខ្យល់ទាំងនៅក្នុងអគារ និងទាំងនៅក្រៅអគារ ហើយកុមារអាយុក្រោម១៨ឆ្នាំជាង ៥០% មានកម្រិតសារធាតុសំណក្នុងឈាមខ្ពស់ ដោយសារការប៉ះពាល់នឹងសំណ។
ព័ត៌មានគួរឱ្យព្រួយបារម្ភនេះ គឺជាកាតាលីករចំពោះវិធានការរបស់រដ្ឋាភិបាលក្នុងការអនុវត្តការវាយតម្លៃសុខភាពកុមារ និងបរិស្ថាន ដែលត្រូវបានផ្សព្វផ្សាយនៅថ្ងៃនេះ។ អនុសាសន៍សំខាន់ៗពីរបាយការណ៍ សុខភាពកុមារ និង បរិស្ថាន រួមមាន៖ ការពង្រឹងគោលនយោបាយ និងលិខិតបទដ្ឋានគតិយុត្ត ព្រមទាំងការអនុវត្តគោលនយោបាយ និងលិខិតបទដ្ឋានទាំងនោះ ដើម្បីបង្ការ និងគ្រប់គ្រងការប៉ះពាល់នឹងសារធាតុពុល និងសារធាតុបង្ករោគ ការពង្រឹងសមត្ថភាពរបស់បុគ្គលិកសុខាភិបាលក្នុងការដោះស្រាយបញ្ហាសុខភាពបរិស្ថាន ការលើកកម្ពស់ការយល់ដឹង ការចូលរួមរបស់សហគមន៍ និងយុវជនក្នុងបញ្ហាបម្រែបម្រួលអាកាសធាតុ និងបរិស្ថាន ការអនុវត្តការស្រាវជ្រាវ និងការអង្កេតបន្ថែមទៀត ព្រមទាំងការពង្រឹងប្រព័ន្ធពិនិត្យតាមដាន និងឃ្លាំមើលសុខភាពបរិស្ថាន។
ការវាយតម្លៃនេះបានជួយក្នុងការជំរុញវិធានការ និងភាពដៃជាដៃគូបន្ថែមទៀតនៅឆ្នាំនេះ ដូចជា ភាពជាដៃគូថ្មីរវាងយូនីសេហ្វ ទីភ្នាក់ងារជំនួយអាមេរិក USAID និងក្រសួងសុខាភិបាល ក្នុងការអនុវត្តការអង្កេតជាតិស្ដីពី សុខភាពកុមារ និងបរិស្ថាន នៅក្នុងឆ្នាំ២០២៥ ដែលនឹងផ្ដល់ទិន្នន័យកាន់តែច្បាស់អំពីវិសាលភាពនៃការបំពុលដោយ លោហៈ រួមទាំងសំណ ចំពោះកុមារ និងស្រ្តីមានផ្ទៃពោះ និងប្រភពនៃការបំពុល។ បន្ថែមលើនេះ នៅឆ្នាំនេះ រាជរដ្ឋាភិបាលកម្ពុជា បានចូលរួមនៅក្នុងកិច្ចសហការសកលពាក់ព័ន្ធនឹងសុខភាពកុមារ និងបរិស្ថាន និងភាពជាដៃគូសម្រាប់អនាគតមួយដែលគ្មានសំណ ដែលជាគំនិតផ្ដួចផ្ដើមសកល ក្រោមការដឹកនាំរបស់យូនីសេហ្វ និង USAID ដើម្បីប្រយុទ្ធប្រឆាំងនឹងការបំពុលដោយសំណចំពោះកុមារ ជាពិសេស នៅក្នុងប្រទេសមានចំណូលទាប និង មធ្យម។
1 ការពិតអំពីការបំពុល៖ ការប្រឈមមុខរបស់កុមារចំពោះការបំពុលដោយសំណបង្កភាពអន្តរាយចំពោះការបង្កើតសក្ដានុពលនៅពេលអនាគត យូនីសេហ្វ និង Pure Earth ខែកក្កដា ឆ្នាំ២០២០។
ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ
ធនធានបន្ថែម
About UNICEF
UNICEF works in some of the world’s toughest places, to reach the world’s most disadvantaged children. Across more than 190 countries and territories, we work for every child, everywhere, to build a better world for everyone.
For more information about UNICEF and its work in Cambodia, visit: www.unicef.org.kh
Follow UNICEF in Cambodia on Facebook | Twitter | YouTube | Instagram | LinkedIn | Threads | TikTok