សេចក្តីអំពាវនាវបន្ទាន់សម្រាប់កុមារកម្ពុជា
Click to close the emergency alert banner.

យូនីសេហ្វ ព្រមានពីផលប៉ះពាល់ពីជំងឺកូវីដ-១៩ លើសុខភាពផ្លូវចិត្តរបស់កុមារ និងយុវជន នៅកម្ពុជា និងទូទាំងពិភពលោក

ការវិភាគថ្មីមួយ បង្ហាញពីការបាត់បង់ការចូលរួមចំណែកក្នុងសេដ្ឋកិច្ច បណ្តាលមកពីបញ្ហាផ្លូវចិត្តរបស់មនុស្សវ័យក្មេង ដែលគិតជាទឹកប្រាក់ស្មើប្រមាណជិត ៣៩០ ពាន់លានដុល្លារក្នុងមួយឆ្នាំ នៅទូទាំងពិភពលោក

05 តុលា 2021
© UNICEF Cambodia/2020/Bunsak But
UNICEF Cambodia/2020/Bunsak But

រាជធានីភ្នំពេញ​ ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២១៖ យូនីសេហ្វ ព្រមាននៅក្នុងរបាយការណ៍ថ្មីដ៏សំខាន់មួយរបស់ខ្លួនថា កុមារ និងយុវជនអាចទទួលផលប៉ះពាល់ពីជំងឺកូវីដ-១៩ ចំពោះសុខុមាលភាព និងសុខភាពផ្លូវចិត្តរបស់ពួកគេជាច្រើនឆ្នាំតទៅមុខទៀត។ របាយការណ៍ស្ថានភាពកុមារពិភពលោកឆ្នាំ២០២១៖ នៅក្នុងចិត្តខ្ញុំ: លើកកម្ពស់ ការពារ និងថែទាំសុខភាពផ្លូវចិត្តកុមារ គឺជាការពិនិត្យមើលជាសកល និងយ៉ាងទូលំទូលាយបំផុតរបស់យូនីសេហ្វ អំពីសុខភាពផ្លូវចិត្តកុមារ ក្មេងជំទង់ និងអ្នកថែទាំ នៅក្នុងសតវត្សរ៍ទី២១។

យោងតាមការប៉ាន់ស្មានចុងក្រោយថ្មីៗនេះ ក្មេងជំទង់លើសពីម្នាក់ ក្នុងចំណោម ៧នាក់ ដែលមានអាយុចាប់ពី១០ឆ្នាំ ដល់១៩ឆ្នាំ នៅទូទាំងពិភពលោក ត្រូវបានរកឃើញថាកំពុងរស់នៅជាមួយបញ្ហាផ្លូវចិត្ត។ ក្មេងជំទង់ប្រមាណជិត ៤៦ ពាន់នាក់ បានស្លាប់ដោយសារការធ្វើអត្តឃាតជារៀងរាល់ឆ្នាំ ដែលស្ថិតក្នុងចំណោមមូលហេតុនៃការស្លាប់ធំៗទាំង៥ នៅក្នុងក្រុមអាយុរបស់ពួកគេ។ ការចូលរួមចំណែកក្នុងសេដ្ឋកិច្ចដែលបានបាត់បង់ដោយសារបញ្ហាផ្លូវចិត្តដែលបណ្តាលឲ្យយុវជនស្លាប់ ឬមានពិការភាព ត្រូវបានប៉ាន់ស្មានស្មើនឹងទឹកប្រាក់ប្រមាណជិត ៣៩០ ពាន់លានដុល្លារក្នុងមួយឆ្នាំ។ ទន្ទឹមនឹងនេះ គម្លាតយ៉ាងធំនៅតែមានរវាងតម្រូវការសុខភាពផ្លូវចិត្ត និងមូលនិធិសម្រាប់គាំទ្របញ្ហាសុខភាពផ្លូវចិត្ត។ របាយការណ៍នេះបានរកឃើញថា នៅទូទាំងពិភពលោក ប្រហែល ២% នៃថវិកាសម្រាប់ការថែទាំសុខភាពរបស់រដ្ឋាភិបាល ត្រូវបានបម្រុងទុកសម្រាប់ចំណាយលើបញ្ហាសុខភាពផ្លូវចិត្ត។

នៅក្នុងប្រទេសកម្ពុជាជាពិសេស យូនីសេហ្វ និងដៃគូនានារបស់ខ្លួន បានដំណើរការការសិក្សាវាយតម្លៃពីផលប៉ះពាល់សេដ្ឋកិច្ចសង្គមក្នុងបរិបទនៃការរីករាលដាលជំងឺកូវីដ-១៩ និងតាមដានសុខុមាលភាពរបស់ប្រជាជនកម្ពុជា ក្នុងចំណោមសូចនាករជាច្រើន។ នៅក្នុងការស្ទង់មតិនេះ ៤៥% នៃក្មេងជំទង់ដែលត្រូវបានស្ទង់មតិ (យុវជនអាយុចាប់ពី ១៥ឆ្នាំ ដល់ ១៩ឆ្នាំ) បាននិយាយថា ពួកគេព្រួយបារម្ភអំពីសុវត្ថិភាពរបស់ខ្លួននៅក្នុងកំលុងពេលរីករាលដាលនៃជំងឺកូវីដ-១៩ រីឯក្មេងជំទង់ ១៦% ផ្សេងទៀតបានលើកឡើងថា ពួកគេមានអារម្មណ៍តឹងតែងក្នុងចិត្ត ឬធ្លាក់ទឹកចិត្តចាប់តាំងពីវិបត្តិកូវីដ-១៩ បានចាប់ផ្តើមឡើង។

បន្ថែមពីលើនេះ ក្រសួងអប់រំ យុវជន និងកីឡា ក្រុមការងារផ្នែកអប់រំ និងយូនីសេហ្វ បានធ្វើការវាយតម្លៃអំពីតម្រូវការអប់រំរួមគ្នាមួយ បន្ទាប់ពីសាលារៀនទាំងអស់ត្រូវបានបិទនៅក្នុងឆ្នាំ២០២០។ ការវាយតម្លៃនេះ បានស្ទង់មតិប្រជាជនកម្ពុជាចំនួន ១៥ ពាន់នាក់ ដោយរួមមានសិស្សានុសិស្ស អ្នកថែទាំ បុគ្គលិកអប់រំ និងអាជ្ញាធរមូលដ្ឋាន ដែលបានរកឃើញថា ៥៨% នៃសិស្សវិទ្យាល័យបានរាយការណ៍ថា ពួកគេធ្លាប់មានបញ្ហាផ្លូវចិត្តយ៉ាងហោចណាស់មួយលើក។ លើសពីនេះ ៤៣% នៃអ្នកចូលរួមការស្ទង់មតិទាំងអស់យល់ឃើញថា ក្មេងប្រុសនឹងមានហានិភ័យខ្ពស់ពីការប្រើអំពើហឹង្សា ការរំលោភបំពាន និងការកេងប្រវ័ញ្ច ក្នុងកំលុងពេលបិទសាលារៀន ខណៈពេលដែល ៣៦% ផ្សេងទៀតជឿជាក់ថា ក្មេងស្រីក៏នឹងមានហានិភ័យខ្ពស់ដូចគ្នាដែរ។

​លោកស្រី ហ្វ័រូហ្គ ហ្វយូហ្សាថ នាយិកាយូនីសេហ្វប្រចាំកម្ពុជាបានមានប្រសាសន៍ថា៖ “កុមារនៅកម្ពុជា ក៏ដូចជាកុមារទាំងឡាយនៅលើពិភពលោក បានជួបប្រទះបញ្ហាប្រឈមជាច្រើននៅក្នុងកំលុងពេលនៃវិបត្តិជំងឺកូវីដ-១៩។ ការបិទសាលារៀន ការផ្លាស់ប្តូរយ៉ាងខ្លាំងនៃការប្រាស្រ័យទាក់ទងក្នុងសង្គម និងផលប៉ះពាល់សេដ្ឋកិច្ចសង្គម ដែលកើតឡើងចំពោះគ្រួសារកម្ពុជាទាំងអស់ បានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពផ្លូវចិត្តរបស់កុមារ និងយុវជន។ របាយការណ៍សកលនេះ បង្ហាញពីសភាពធ្ងន់ធ្ងរ និងស៊ីជម្រៅរបស់បញ្ហានេះ និងស្មើសុំការវិនិយោគ និងការចាត់វិធានការឲ្យបានទាន់ពេលវេលាលើបញ្ហាសុខភាពផ្លូវចិត្ត  ដែលនេះគឺជាវិធានការជួយសង្គ្រោះជីវិតមនុស្ស និងការសង្គ្រោះអនាគតរបស់ពួកគេ។”

ខណៈពេលដែលជំងឺកូវីដ-១៩ កំពុងឈានចូលទៅឆ្នាំទី៣ ផលប៉ះពាល់លើសុខភាព និងសុខុមាលភាពផ្លូវចិត្តរបស់កុមារ និងយុវជន នៅតែបន្តកាន់តែធ្ងន់ធ្ងរទៅៗ។ របាយការណ៍នេះបានចង្អុលបង្ហាញថា យ៉ាងហោចណាស់កុមារម្នាក់ ក្នុងចំណោម ៧នាក់ បានរងផលប៉ះពាល់ដោយផ្ទាល់ពីការបិទខ្ទប់ ខណៈដែលកុមារជាង ១,៦ ពាន់លាននាក់ បានបាត់បង់ការអប់រំ។ ការរំខានចំពោះទម្លាប់ប្រចាំថ្ងៃ ការអប់រំរៀនសូត្រ ការកំសាន្ត ព្រមទាំងការព្រួយបារម្ភចំពោះប្រាក់ចំណូល និងសុខភាពគ្រួសារ កំពុងធ្វើឲ្យយុវជនជាច្រើនមានអារម្មណ៍ភ័យខ្លាច ខឹង និងព្រួយបារម្ភអំពីអនាគតរបស់ពួកគេ។

ស្របពេលដែលមានកត្តាបង្ការមួយចំនួនដូចជា ការមានអ្នកថែទាំផ្តល់ក្តីស្រលាញ់ បរិស្ថានសាលារៀនមានសុវត្ថិភាព និងទំនាក់ទំនងវិជ្ជមានជាមួយមិត្តភក្តិ អាចជួយកាត់បន្ថយហានិភ័យនៃបញ្ហាផ្លូវចិត្តបានក៏ដោយ របាយការណ៍នេះបានព្រមានផងដែរថា ឧបសគ្គផ្សេងៗដូចជា ការមើលរើសអើងអ្នកដទៃ និងការខ្វះខាតថវិកា កំពុងរារាំងកុមារយ៉ាងច្រើនមិនឲ្យមានសុខភាពផ្លូវចិត្តល្អ ឬទទួលបានការគាំទ្រដែលពួកគេត្រូវការ។

របាយការណ៍ស្ថានភាពកុមារពិភពលោកឆ្នាំ២០២១ ស្នើឲ្យរដ្ឋាភិបាល ដៃគូនៅក្នុងវិស័យរដ្ឋ និងឯកជនទាំងអស់ឲ្យចាត់វិធានការ “៣ C ” – Commitments (ការប្តេជ្ញាចិត្ត) Connections (ការភ្ជាប់ទំនាក់ទំនង) និង Conversations (កិច្ចសន្ទនា)។ វិធានការនេះតម្រូវឲ្យមាន៖

ការប្តេជ្ញាចិត្ត ពីរដ្ឋាភិបាលក្នុងការវិនិយោគលើសុខភាពផ្លូវចិត្តរបស់កុមារ និងយុវជន ពីវិស័យទាំងអស់ មិនមែនតែវិសួតសុខាភិបាលតែមួយនោះទេ ដើម្បីគាំទ្រវិធីសាស្រ្តសង្គមទាំងមូល ក្នុងការលើកកម្ពស់ ការពារ និងថែទាំសុខភាពផ្លូវចិត្ត។

ការភ្ជាប់ទំនាក់ទំនង ដែលមានសម្រាប់កុមារ និងយុវជនទាំងអស់ ដែលមានន័យថាជាការធ្វើសមាហរណកម្ម និងការបង្កើនកិច្ចអន្តរាគមន៍នៅក្នុងវិស័យសុខាភិបាល វិស័យអប់រំ និងវិស័យការពារសង្គម ដូចជាការបង្កើតកម្មវិធីចិញ្ចឹមកូនប្រកបដោយភាពវិជ្ជមាន ផ្តល់សេវាសុខភាពផ្លូវចិត្ត និងបង្កើតទំនាក់ទំនងវិជ្ជមាននៅតាមសាលារៀន។

កិច្ចសន្ទនា ត្រូវចាប់ផ្តើមនិយាយពីសុខភាពផ្លូវចិត្ត ដើម្បីដោះស្រាយបញ្ហាការរើសអើងពីអ្នកដទៃ យកចិត្តទុកដាក់យ៉ាងខ្លាំងលើបទពិសោធដែលកុមារ និងយុវជនបានជួបប្រទះ រួមបញ្ចូលទាំងកម្រិតនៃការបង្កើតគោលនយោបាយ និងកម្មវិធីគាំទ្រនានាផងដែរ។

ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ

Rudina Vojvoda
Chief of Communication
UNICEF Cambodia
ទូរស័ព្ទ: +85523260204;ext=434
អ៊ីម៉ែល: [email protected]
លោក​ មាស ប៊ុនលី
មន្ត្រីជំនាញផ្នែកទំនាក់ទំនង
យូនីសេហ្វកម្ពុជា
ទូរស័ព្ទ: +85523260204;ext=435
អ៊ីម៉ែល: [email protected]

អំពីយូនីសេហ្វ៖

យូនីសេហ្វកម្ពុជាធ្វើការងារ ដើម្បីលើកកម្ពស់ការអភិវឌ្ឍល្អប្រសើររបស់កុមារ ការពារសិទ្ធិរបស់ពួកគេ និងជួយឱ្យពួកគេសម្រេចសក្ដានុពលចាប់ពីវ័យកុមារតូច រហូតដល់វ័យក្មេងជំទង់។ សម្រាប់ព័ត៌មានបន្ថែមអំពីយូនីសេហ្វ និងការងារដែលយូនីសេហ្វធ្វើដើម្បីកុមារ សូមចូលមើលគេហទំព័រ www.unicef.org/cambodia/ ។ សូមតាមព័ត៌មានអំពីយូនីសេហ្វ Twitter និង Facebook