សេចក្តីអំពាវនាវបន្ទាន់សម្រាប់កុមារកម្ពុជា
Click to close the emergency alert banner.

“នរណាម្នាក់​ត្រូវតែនៅ” ៖ ការតស៊ូរបស់បុគ្គលិកសង្គមដើម្បីកុមារ

នៅក្នុងប្រទេសកម្ពុជា បុគ្គលិកសង្គមខេត្ត ទឹម ស្រីអូន ឈរនៅជួរមុខ ការពារ​កុមារដែល​គ្មាននរណានៅជាមួយ ។ ដោយមានការគាំទ្រពីយូនីសេហ្វ លោកស្រីតស៊ូដើម្បីកុមារមាន សុវត្ថិភាព ទទួលបានក្តីស្រលាញ់ និងនៅជាមួយគ្រួសារ ។

យ បុទុមរ័ត្ន ឡឺប៊ុន
Child Protection BTB Day01-9638.webp
UNICEF Cambodia/2026/Seavhong Liv
26 កញ្ញា 2025

ថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០២៥, បាត់ដំបង កម្ពុជា — ទារក​នៅ​ម្នាក់ឯង ​យំ​នៅលើ​ផ្លូវដែក ពេលដែលនគរបាលបានឃើញគាត់ ​។ ម្ដាយ​របស់​គាត់ ​បាន​បាត់​ខ្លួន​ដោយសារ​ជំងឺ​ផ្លូវ​ចិត្ត​ដែល​មិន​បាន​ព្យាបាល ។ ឪពុក​របស់​គាត់ ​មិនដឹងថានៅទី​ណា​ទៀត ។ 

មានតែមនុស្សម្នាក់ប៉ុណ្ណោះ ដែលបានចេញមុខមក​ចិញ្ចឹមបីបាច់ដើម្បីអនាគតរបស់គាត់ — គឺលោកស្រី តឹម ស្រីអូន ។ 

ដោយក្រឡេកមើលដំបូង ស្រីអូន ហាក់ដូចជាក្មេងជាងវ័យមែនទែន - សក់ខ្មៅ ត្រង់ វែងរបស់នាង គ្របលើមុខដែលអាចមើលទៅហាក់ដូចជាក្មេងអាយុ ១៦ ឆ្នាំ ។ នាង​និយាយយ៉ាង​ស្រទន់ ស្ទើរតែដូចសំឡេង​ខ្សឹប ខណៈដែល​នាង​ដើរ​កាត់​​មនុស្សយ៉ាង​ច្រើនកុះករនៅការិយាល័យ​ខេត្តនៃ​ខេត្ត​បាត់ដំបង ។ ប៉ុន្តែនៅពីក្រោយឥរិយាបថខាងក្រៅដ៏ទន់ភ្លន់របស់នាង គឺជាការតាំងចិត្តយ៉ាងម៉ឺងម៉ាត់ ដែលបានធ្វើឱ្យនាងអាចឆ្លងកាត់រយៈពេលមួយទសវត្សរ៍នៃកិច្ចការពារកុមារដ៏តឹងតែងបំផុតនៅក្នុងប្រទេសកម្ពុជា ។ 

នាងនិយាយដោយសំឡេងទន់ភ្លន់ ដោយយកដៃផាត់សក់ទៅខាងក្រោយត្រចៀករបស់នាង ថា “ក្មេងៗទាំងនេះគ្មានអ្នកណានៅជាមួយទេ ។ មានតែខ្ញុំ” ។ “ហើយការសម្រេចចិត្តរបស់ខ្ញុំ ជួយកសាងអនាគតរបស់ពួកគេ” ។ 

នៅក្នុងប្រទេសមួយដែលមានបុគ្គលិកសង្គមជំនាញ ត្រឹមតែ ៣៧ នាក់នៅថ្នាក់ខេត្ត និងបុគ្គលិកជំនួយការសង្គមប្រហែល ២០០ នាក់ បម្រើការនៅតាមស្រុក ស្រីអូន គឺមនុស្សម្នាក់ក្នុងចំណោមចំណោមមនុស្សមួយចំនួនតូចដែលទទួលបន្ទុកដ៏ធ្ងន់នេះ ។ ក្នុង​នាម​ជា​បុគ្គលិក​សង្គមថ្នាក់​ខេត្ត នាង​ត្រួតពិនិត្យមើលការងាររបស់​បុគ្គលិក​ជំនួយការសង្គមកិច្ច​ថ្នាក់​ស្រុក ជួយ​កសាង​សមត្ថភាពរបស់ពួកគេ ​តាម​រយៈការគាំទ្រផ្នែក​បច្ចេកទេស ការ​បង្វឹក និង​ការ​ណែនាំបង្ហាត់បង្ហាញ ។ នាងបណ្តុះបណ្តាលពួកគេអំពីការគ្រប់គ្រងករណីការពារកុមារតាមរយៈប្រព័ន្ធ Primero ក៏ដូចជា ជំនាញផ្នែកទន់ដ៏សំខាន់បំផុត ដូចជាការប្រាស្រ័យទាក់ទង ការដោះស្រាយបញ្ហា និងការសម្ភាសជាដើម ។ ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ នាងបានណែនាំ និងគាំទ្រដល់បុគ្គលិកជំនួយការសង្គមកិច្ចជាង ៣.០០០ នាក់ នៅទូទាំងខេត្តបាត់ដំបង - បុគ្គលិកទាំងឡាយ ដូចជា ពៅ វណ្ណនី ដោយបង្កើតបណ្តាញសហគមន៍ដែលកាន់តែរឹងមាំមួយដើម្បីស្វែងរក និងការពារកុមារដែលមានហានិភ័យ ។ 

នាងបានពន្យល់ថា “ខ្ញុំនឹងមិនទទួលបានវិញ្ញាបនបត្រនោះទេ ប្រសិនបើគ្មានការគាំទ្រពីយូនីសេហ្វ” ។ យូនីសេហ្វ បានដើរតួយ៉ាងសំខាន់ក្នុងការអភិវឌ្ឍកម្លាំងការងារផ្នែកសេវាសង្គមរបស់កម្ពុជា ដោយជួយបង្កើតគោលការណ៍ណែនាំរបស់ក្រសួងសង្គមកិច្ចស្តីពីសមត្ថភាពជាមូលដ្ឋាន ផែនការយុទ្ធសាស្រ្តសម្រាប់ការបណ្តុះបណ្តាល និងអនុវត្តប្រព័ន្ធគ្រប់គ្រងករណីតាមឌីជីថល Primero ដែលប្រើប្រាស់ដោយបុគ្គលិកសង្គមនៅទូទាំងប្រទេស ។ 

សំណុំ​​ឯកសារ​របស់​នាង​នៅក្នុង​ខេត្ត​បាត់ដំបង ពោរពេញ​ទៅ​ដោយ​រឿងរ៉ាវ​របស់កុមារដែល​រស់​នៅ​ប្រឈមនឹង​គ្រោះ​មហន្តរាយ - ពោលគឺ ទារក​ដែល​​គេ​បោះ​បង់ចោល កុមារ​ដែល​មាន​ឪពុក​ម្តាយ​ជាប់​ឃុំ និង​គ្រួសារ​ដែលបែកបាក់ដោយសារ​ភាព​ក្រីក្រ ។ 

ករណីពិសេសមួយគឺ វិបុល ។ អស់រយៈពេលមួយឆ្នាំកន្លងមកនេះ នាងបានខិតខំធ្វើឱ្យវិបុល ដែលជាទារករកឃើញនៅតាមផ្លូវរថភ្លើងនៅអាយុទើបតែបីខែ ទទួលបានការថែទាំចិញ្ចឹម ការពិនិត្យជាប្រចាំ និងការទៅពន្ធនាគារម្តងម្កាលដើម្បីជួបឪពុករបស់គាត់ ។ រាល់ពេលដែលនាងនាំគាត់ចូលទៅទីនោះ នាងត្រលប់មកផ្ទះវិញជាមួយនឹងការធ្លាក់ចុះនៃកម្លាំងចិត្ត ។  

នាងនិយាយថា “ខ្ញុំពិតជាមានសុបិនអាក្រក់” ។

ការស្វែងរកដំណើរជីវិតរបស់នាង

ដំណើរ​​របស់​អ្នកស្រីអូនទៅ​ការងារ​សង្គម​បាន​ចាប់​ផ្ដើម​តាំង​ពី​វ័យកុមារភាព​មក​ម្ល៉េះ នៅ​ពេល​ដែល​នាង​បាន​ឃើញ​អ្នក​ជិត​ខាងវ័យចំណាស់ម្នាក់បៀតបៀន​ក្មេងៗ​ដែល​ដើរ​កាត់​ផ្ទះ​​គាត់ ។ បុរសនោះទាញចាប់ស្រាតសំពត់ក្មេងស្រី ឬ ស្រាតខោក្មេងប្រុស ប្រសិនបើពួកគេហ៊ានដើរកាត់ផ្ទះគាត់ ។ ការប្រឈមមុខចំពោះការបំភិតបំភ័យពីក្មេងនេះ បានជំរុញឱ្យអ្នកស្រីអូនមានការតាំងចិត្តដើម្បីការពារកុមារពីគ្រោះថ្នាក់ ។ 

នាងពន្យល់ថា “ខ្ញុំចង់ជំនះនឹងជំនឿថា មានតែក្មេងប្រុសប៉ុណ្ណោះដែលអាចធ្វើការងារនេះបាន ។” “ឪពុករបស់ខ្ញុំគាំទ្រការអប់រំរបស់ខ្ញុំ ប៉ុន្តែម្តាយរបស់ខ្ញុំជឿថា កន្លែងរបស់ក្មេងស្រីគឺនៅក្នុងចង្ក្រានបាយ មិនមែននៅក្នុងការិយាល័យទេ។” 

ក្នុង​នាម​ជា​កុមារ​ម្នាក់​ដែល​ទទួល​រង​អំពើ​ហិង្សា​ពី​ក្មេងដែលមានអាយុច្រើនជាងគាត់​នៅ​ក្នុងភូមិផង​របស់​នាង នាង​បាន​ប្តេជ្ញា​ថា​នឹង​បញ្ឈប់​ការ​រំលោភ​បំពាន​នៅ​គ្រប់​ទីកន្លែង​ដែល​នាង​បាន​ឃើញ ។ ប៉ុន្តែ​អ្វី​ដែល​សំខាន់​បំផុតគឺ “​ខ្ញុំ​ចង់​ជួយ​កុមារ​ឱ្យទទួលបាន​ជីវិតនៅក្នុង​គ្រួសាររបស់ពួកគេ​ឡើង​វិញ ។” 

ឥឡូវនេះ ក្នុងវ័យ ៣៣ ឆ្នាំ ម្តាយដែលមានកូនតូចពីរនាក់ ត្រូវថ្លឹងថ្លែងទំនួលខុសត្រូវក្នុងគ្រួសាររបស់នាង ជាមួយ 
តួនាទីចម្បងរបស់នាងជាបុគ្គលិកសង្គមខេត្តម្នាក់ ។ 

កុមារដែលនាង​ទទួលបន្ទុក

ករណីមួយនៅតែតាមលងនាងនៅឡើយ ។ ស្រីនិត ជាក្មេងអាយុ ៩ ឆ្នាំ ដែលស្ងៀមស្ងាត់ បានអង្វរស្រីអូន កុំឱ្យម្ដាយគាត់ យកគាត់ឆ្លងដែនទៅកាន់ប្រទេសថៃដើម្បីធ្វើការសំណង់ ។ អស់រយៈពេលបីឆ្នាំ ស្រីអូនបានរក្សាទុកគាត់ដោយសុវត្ថិភាពនៅក្នុងមណ្ឌលស្នាក់នៅមួយ ។ ក្មេងស្រីនោះ បានធំធាត់ឡើង មានមិត្តភក្តិជាច្រើន រៀនពូកែ និងបំពេញកិច្ចការរបស់នាងដែលនាងត្រូវធ្វើ ។ 

បន្ទាប់មក នៅក្នុងឆ្នាំ ២០២៤ ម្តាយនាងបានត្រឡប់មកវិញ ។ ដោយជំទាស់​នឹង​ដំបូន្មានរបស់​ស្រីអូន ស្រីនិត ត្រូវបានម្តាយ​យក​ទៅ​ប្រទេស​ថៃ ។ 

ស្រីអូន ​និយាយ​ដោយ​សំឡេង​ទាក់ៗ ​ថា ​៖ “ប្រធាន​របស់​ខ្ញុំ​បាន​ណែនាំ​ឲ្យ​ខ្ញុំ​បិទ​សំណុំ​រឿង​នេះ ។” “ប៉ុន្តែអ្នកមិនអាចបិទបេះដូងរបស់អ្នកបានទេ ។ ខ្ញុំមិនបានទទួលដំណឹងពីគាត់តាំងពីខែតុលាឆ្នាំមុនម្ល៉េះ ។” 

ឪពុក​របស់ ស្រីនិត នៅតែ​ជាប់​ពន្ធនាគារ​ពី​បទល្មើស​គ្រឿង​ញៀន និង​អំពើ​ហិង្សា​ក្នុង​គ្រួសារ ដែល​ជាបញ្ហាទូទៅមួយ​ក្នុង​ករណី​ជាច្រើន​របស់​នាងអូន ។ 

ក្រៅពី ស្រីនិត និង វិបុល នាងអូនក៏អមដំណើរកុមារផ្សេងទៀត ដូចជា ម៉ៃសា អាយុ ៤ ឆ្នាំ ដែលទៅសួរសុខទុក្ខម្តាយនាងក្នុងពន្ធនាគារអស់រយៈពេល ៣ ឆ្នាំមកហើយ ។ ម្តាយនាង ត្រូវ​ជាប់ពន្ធនាគារ​ពី​បទ​លក់​ថ្នាំ​ញៀន​តាម​ផ្លូវ ។ 

ស្រីអូន​និយាយ​ថា ​៖ “​រាល់​ពេល​ដែល​ខ្ញុំ​នាំ​ក្មេងទាំងនេះ​ទៅ​ជួប​ឪពុក​ម្តាយពួកគេ​ក្នុង​ពន្ធនាគារ ខ្ញុំ​ត្រឡប់​មក​ផ្ទះ​វិញ​ទាំង​ក្រៀមក្រំ​” ។ “ស្ថានភាពលក្ខណៈ​ធ្ងន់ធ្ងរ​ និងខ្លាំងពេក​​ដែល​ខ្ញុំ​មិនអាចទ្រាំ​បាន ។” 

ទំនួលខុសត្រូវរបស់នាង ក៏ពាក់ព័ន្ធនឹងការគ្រប់គ្រងករណីស្មុំកូនក្នុងប្រទេសផងដែរ ។ បច្ចុប្បន្ននេះ នាង​បាន​និងកំពុងចាត់ចែង​ដំណើរការ​ស្មុំកូន​ចំនួន ៥ ករណី ដែល​ក្នុង​នោះ​បីករណី ត្រូវបាន​ដាក់​ឲ្យ​ឪពុកម្ដាយ​ចិញ្ចឹម​ជាជនជាតិកម្ពុជា​រួចហើយ ។

© UNICEF Cambodia/2025/Seavhong Liv
UNICEF Cambodia/2025/Seavhong Liv

ប្រព័ន្ធស្ថិតក្រោមភាពផុយស្រួយ

លោក ជីវិត រតនៈ មន្ត្រីឯកទេសគាំពារកុមារនៅយូនីសេហ្វ មានប្រសាសន៍ថា “បុគ្គលិកសង្គម ដូចជា អ្នកស្រី អូន គឺជាឆ្អឹងខ្នងនៃការឆ្លើយតបគាំពារកុមាររបស់យើង ។” “ជារឿយៗ ពួកគេគឺជាបង្អែកតែមួយគត់សម្រាប់កុមារដែលទទួលរងអំពើហិង្សា ប៉ុន្តែពួកគេមានចំនួនតិចតួចពេក ។ យើងត្រូវការពួកគេរាប់រយនាក់បន្ថែមទៀតនៅទូទាំងប្រទេសកម្ពុជា ប្រសិនបើយើងត្រូវយកចិត្តទុកដាក់ឱ្យបានដិតដល់ចំពោះការបញ្ចប់អំពើហិង្សាលើកុមារ ។”

បន្ថែមពីលើក្តីបារម្ភនេះ ស្ថិតិពីក្រោយការតស៊ូប្រចាំថ្ងៃរបស់អ្នកស្រីអូន គឺជារឿងរ៉ាវដ៏ក្រៀមក្រំមួយ ។ យោងតាមការអង្កេតប្រជាសាស្រ្ត និងសុខភាពកម្ពុជា ឆ្នាំ ២០២១-២០២២ កុមារកម្ពុជាចំនួន ៦៦ ភាគរយ ដែលមានអាយុចន្លោះពី ១ ឆ្នាំ ដល់ ១៤ ឆ្នាំ បានទទួលរងអំពើហិង្សាផ្នែកវិន័យពីមនុស្សពេញវ័យនៅក្នុងគ្រួសាររបស់ពួកគេ ។ កុមារបីនាក់ក្នុងចំណោម ៥ នាក់ ទទួលរងការដាក់ទណ្ឌកម្មផ្លូវចិត្ត ហើយ ៤៣ ភាគរយ ទទួលរងការដាក់ទណ្ឌកម្មផ្លូវកាយ ។

បន្ថែមពីលើបញ្ហាប្រឈមទាំងនេះ សូម្បីតែនៅក្នុងខេត្តបាត់ដំបង ដែលជាទីតាំងនៃប្រព័ន្ធគាំពារកុមារលំដាប់ខ្ពស់បំផុតមួយរបស់កម្ពុជា ក៏តម្រូវការធនធានយ៉ាងច្រើនសន្ធឹកសន្ធាប់ដែរ ។ ទោះបីជាចំនួនមណ្ឌលថែទាំបានធ្លាក់ចុះចំនួន ៦៨ ភាគរយ ចាប់តាំងពីឆ្នាំ ២០១៥ មកក្តី ខេត្តបាត់ដំបងនៅតែផ្តល់ជម្រកដល់កុមារចំនួន ៥៦៦ នាក់ នៅក្នុងមណ្ឌលថែទាំស្នាក់នៅចំនួន ២០ កន្លែង ក្នុងឆ្នាំ ២០២៤ ។  អ្វីដែលជាការព្រួយបារម្ភដ៏ធំបំផុតគឺថា បីភាគបួននៃកុមារទាំងនេះ មានឪពុកឬម្តាយដែលនៅរស់ យ៉ាងតិចម្នាក់ ដែលអាចនឹងមើលថែទាំពួកគេជាមួយនឹងសេវាគាំទ្រត្រឹមត្រូវ ដែលឆ្លុះបញ្ចាំងពីលំនាំថ្នាក់ជាតិ ដែលក្នុងនោះ ៧៧ ភាគរយនៃកុមារទាំងអស់នៅក្នុងមណ្ឌលស្នាក់នៅ មានឪពុកម្តាយនៅរស់ ។ កាលៈទេសៈទាំងនេះ នៅតែបន្តកើតឡើង ខណៈដែលកម្ពុជាកំពុងតែអនុវត្តគោលនយោបាយថែទាំជំនួសដែលបានកែសម្រួលនៅក្នុងខែកក្កដា ឆ្នាំ ២០២៤ ដែលផ្តល់អាទិភាពដល់ការថែទាំនៅតាមគ្រួសារ និងកំណត់ការថែទាំតាមស្ថាប័នជាជម្រើសចុងក្រោយបំផុត ។ 

នៅទូទាំងប្រទេស កម្ពុជាធ្វើឱ្យមានការរីកចម្រើនគួរឲ្យកត់សម្គាល់ ដោយកាត់បន្ថយចំនួនកុមារក្នុងការថែទាំតាមមណ្ឌលចំនួន ៧៣ ភាគរយ ចាប់តាំងពីឆ្នាំ ២០១៥ មក ពោលគឺ ពីជាង ២៦.០០០ នាក់ មកត្រឹមប្រហែល ៧.០០០ នាក់ នាពេលបច្ចុប្បន្ននេះ បើយោងតាមរបាយការណ៍អធិការកិច្ចរបស់មណ្ឌលថែទាំកុមារនៅក្រោមក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដែលនឹងត្រូវចេញផ្សាយនាពេលខាងមុខ ៖ ឆ្នាំ ២០១៥-២០២៤ ។ ខណៈដែលប្រទេសនេះបន្តបរិវត្តកម្មនេះ នៅមានការងារសំខាន់ៗជាច្រើនទៀតដែលត្រូវធ្វើ ។ ជាងមួយភាគបីនៃកុមារទាំងនេះ (៣៤ ភាគរយ) នៅតែរស់នៅក្នុងកន្លែងដែលគ្មានអាជ្ញាប័ណ្ណ ហើយករណីដូចជា វិបុល ដែលជាទារកត្រូវបានគេរកឃើញ យំនៅម្នាក់ឯងនៅលើផ្លូវដែកដែលម្តាយបានបាត់ខ្លួនដោយសារជំងឺ បង្ហាញពីស្ថានភាពគ្រួសារដ៏ស្មុគស្មាញដែលបុគ្គលិកសង្គមកិច្ចដូចជា អ្នកស្រី អូន ជួបប្រទះរាល់ថ្ងៃ កំពុងតែធ្វើការដើម្បីស្វែងរកលទ្ធផលដ៏ល្អបំផុតសម្រាប់កុមារម្នាក់ៗ ។ 

ការស្វែងរកតុល្យភាព

ទោះបីជាត្រូវចំណាយកម្លាំងចិត្តយ៉ាងច្រើនក៏ដោយ ក៏អ្នកស្រី អូន រកឱកាសដើម្បីដកដង្ហើម តាមរយៈថ្នាក់បង្រៀនធ្វើម្ហូបចុងសប្តាហ៍នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈក្នុងមូលដ្ឋានមួយ ។

នាងនិយាយទាំងទឹកមុខញញឹមថា “នោះគឺជាកន្លែងដែលខ្ញុំដកដង្ហើម” ។ “វាគឺជាសមាធិរបស់ខ្ញុំ ។”

ការងាររបស់នាង មានលើសពីទម្រង់ពាក្យសុំ និងឯកសារក្រដាសស្នាម ។ ថ្វីត្បិតតែនាងមានមាឌតូច ប៉ុន្តែនាងធ្វើដំណើរឆ្លងកាត់តំបន់ទីទួលដ៏លំបាកដើម្បីទៅដល់ភូមិដាច់ស្រយាល ដោយជារឿយៗ មានកាបូបស្ពាយតាមខ្លួនដែលហាក់ដូចជាធ្ងន់ពេកសម្រាប់មាឌរបស់នាង ។ នាងវាយតម្លៃផ្ទះ ជួបជាមួយអ្នកថែទាំកុមារ និងខិតខំដើម្បីរក្សាគ្រួសារឱ្យនៅជាមួយគ្នានៅពេលណាដែលអាចធ្វើទៅបាន ។

“ខ្ញុំបន្តតស៊ូដើម្បីក្មេងៗទាំងនេះ” នាងនិយាយ ដោយយកដៃតម្រង់ក្រដាសនៅលើតុរបស់នាង។ “ពួកគេគ្មានអ្នកណាក្រៅពីខ្ញុំទេ ។”

នៅក្នុងការិយាល័យតូចមួយរបស់នាងនៅក្នុងខេត្តបាត់ដំបង ដែលពោរពេញដោយឯកសារសំណុំរឿង និង 
របាយការណ៍សាលារៀន ស្រីអូន រៀបចំខ្លួនសម្រាប់ចុះទៅជួបតាមផ្ទះមួយលើកទៀត ។ ជាឱកាសមួយទៀតដើម្បីផ្លាស់ប្តូរជីវិតរបស់កុមារ ។ នាង​លើក​កាបូបដ៏ចាស់​របស់​នាងឡើង​​យ៉ាង​ស្រួលដែលស្ទើរមិន​គួរ​ឱ្យជឿ ដែលភាពរឹងមាំបែបនេះ គឺដោយសារតែនាងធ្លាប់បានរ៉ាប់រង​បន្ទុករបស់​អ្នក​ដទៃ​អស់រយៈពេលជា​ច្រើន​ឆ្នាំកន្លងមក ។

“ពួកគេតែងតែចងចាំ ប្រសិនបើអ្នកនៅជាមួយពួកគេ” នាងនិយាយ ខណៈពេលប្រមូលក្រដាសរបស់នាង និងដើរសំដៅទៅមាត់ទ្វារ ។

ហើយដូច្នេះ​ ស្រីអូន បន្តនៅតទៅទៀត ។