សេចក្តីអំពាវនាវបន្ទាន់សម្រាប់កុមារកម្ពុជា
Click to close the emergency alert banner.

គន្លឹះប្រាំ សម្រាប់យុវជនមានអារម្មណ៍ថប់បារម្ភ

វាអាចមានអារម្មណ៍តានតឹងខ្លាំង ប៉ុន្តែមានសកម្មភាពមួយចំនួនដែលយើងទាំងអស់គ្នាសុទ្ធតែអាចធ្វើបាន ដើម្បីកុំឲ្យបញ្ហានេះគ្រប់គ្រងយើង។ នេះ គឺជាជំហានទាំងប្រាំ ដើម្បីសាកល្បង។

Voices of Youth
Five tips for young people feeling anxious
UNICEF Cambodia/2022
18 មករា 2022

យើងទាំងអស់គ្នា​សុទ្ធតែមានអារម្មណ៍​ថប់បារម្ភពីពេលមួយទៅពេលមួយ នៅពេលដែលយើងប្រឈម​មុខនឹង​ភាពមិនច្បាស់លាស់ ភាពភ័យខ្លាច ឬ​បញ្ហាប្រឈមនានា។ ភាពថប់បារម្ភ គឺជាអារម្មណ៍​ធម្មជាតិរបស់មនុស្ស ដែលត្រូវបានកើតឡើង ដើម្បីជួយឲ្យយើងមានសុវត្ថិភាព​ពីការគំរាមកំហែងដែលអាចកើតមាន។ ភាពថប់បារម្ភរមែងធ្វើឲ្យយើងមានអារម្មណ៍​ដូចជាមិនងាយស្រួល ឬការព្រួយបារម្ភ។ អ្នកក៏អាចមានរោគសញ្ញាមួយចំនួនលើផ្លូវកាយផងដែរ ដូចជា អត្រាចង្វាក់បេះដូងខ្ពស់ ការដកដង្ហើមលឿន ឈឺក្បាល ឬ​បញ្ហាឈឺក្រពះ​។

ជាពិសេស​ យុវជន​ឆ្លងកាត់​ការផ្លាស់ប្ដូរ និងបទពិសោធថ្មីៗជាច្រើនអាចបណ្តាលឲ្យមានអារម្មណ៍​ថប់បារម្ភ ហើយវាជារឿងធម្មតា។ ហើយការរាតត្បាតនៃជំងឺកូវីដ-១៩  បាននាំមកនូវបញ្ហាប្រឈមជាច្រើន ដែលបង្កើនហានិភ័យ​នៃភាពថប់បារម្ភចំពោះ​មនុស្សជាច្រើន។

វាអាចមានអារម្មណ៍តានតឹងខ្លាំង ប៉ុន្តែមានសកម្មភាពមួយចំនួនដែលយើងទាំងអស់គ្នាសុទ្ធតែអាចធ្វើបាន ដើម្បី​កុំឲ្យបញ្ហានេះគ្រប់គ្រងយើង។ នេះ គឺជាជំហានទាំងប្រាំ ដើម្បីសាកល្បង។

Five tips for young people feeling anxious

១. ដកដង្ហើមវែង - ​ដកដង្ហើមយឺតៗ​ចូលតាមច្រមុះ និងចេញតាមមាត់។ សូមធ្វើបែបនេះ​ច្រើនដង រហូតដល់អ្នកស្ងប់អារម្មណ៍។ ការដកដង្ហើម​យឺតៗឲ្យចូលទៅដល់ក្បាលពោះដោយចេតនា​ គឺជាវិធីងាយ និងមានប្រសិទ្ធភាពបំផុត​ក្នុងការកាត់បន្ថយ​ភាថប់បារម្ភដោយសារការបង្កើន​ការផ្គត់ផ្គង់​អុកស៊ីសែន​​ទៅដល់​ខួរក្បាលរបស់យើង និងជួយ​​ធ្វើឲ្យស្ងប់អារម្មណ៍។ ការដកដង្ហើមលឿន គឺជារឿងធម្មតា នៅពេល​អ្នកកំពុងថប់បារម្ភ ហើយវាពិតជាបង្កឲ្យមានរោគសញ្ញាលើផ្លូវកាយជាច្រើនដូចជា ការស្ពឹកស្រពន់​ពេញរាងកាយ ដែលបង្កឲ្យមានភាពថប់បារម្ភកាន់តែខ្លាំង។ អ្នកអាចពិចារណាបញ្ចូល​លំហាត់ដកដង្ហើម​ប្រចាំថ្ងៃ​នៅក្នុង​ទម្លាប់របស់អ្នក ឬសាកល្បងបច្ចេកទេស​សម្រាកសាច់ដុំ​ជាបន្ត​បន្ទាប់ (ដែលអ្នកបន្តឹង និងបន្ធូរក្រុមសាច់ដុំជាក់លាក់) ការធ្វើបែបនេះ​អាច​ធ្វើឲ្យរាងកាយ​សម្រាក និងបង្វែរអារម្មណ៍អ្នកចេញពី​ការព្រួយបារម្ភ។

២. និយាយជាមួយមិត្តភក្ដិ ឬមនុស្ស​ដែលអ្នកទុកចិត្ត - ប្រាប់អ្នកណាម្នាក់​អំពីអារម្មណ៍​របស់អ្នក និងសាកសួរថាពីអារម្មណ៍របស់គេផងដែរ។ ការនិយាយជាមួយអ្នកណាម្នាក់ទៀត ​អាចជួយយើង​សម្រាលសម្ពាធមួយចំនួនដែលយើងបង្កើតឡើងកាន់តែច្រើន​នៅក្នុងចិត្តរបស់យើង និងក៏ជួយបំបែកវិធីនានាដើម្បីដោះស្រាយបញ្ហាដែលបង្ក ឬរួមចំណែកធ្វើឲ្យថប់បារម្ភរបស់អ្នកផងដែរ។ សូមចងចាំថា អ្នកអាចជា​ការគាំទ្រយ៉ាងសំខាន់​ចំពោះ​អ្នកណាម្នាក់ដែលកំពុងមានអារម្មណ៍ថប់បារម្ភផងដែរ សូមព្យាយាម​បង្កើតទំនាក់ទំនងជាមួយ​អ្នកណាម្នាក់​នៅក្នុងសប្ដាហ៍នេះ។

Five tips for young people feeling anxious

៣. វិលត្រលប់ទៅតម្រូវការមូលដ្ឋានវិញ - ​នៅពេលតម្រូវការមូលដ្ឋាន​ដូចជា ការទទួលទានដំណេក និងការទទួលទានអាហារល្អៗ មិនត្រូវបានបំពេញ យើងងាយនឹងមានអារម្មណ៍ថប់បារម្ភ និងមិនស្រួលខ្លួន។ សូមថែទាំ​សុខភាពផ្លូវកាយរបស់អ្នក​នៅសប្ដាហ៍​នេះ ដោយផ្ដោតលើការទទួលទានដំណេកស្កប់ស្កល់ និងការទទួលទានអាហារល្អ និងធ្វើសកម្មភាពផ្លូវកាយ​មួយចំនួន និងពិនិត្យមើលអំពីភាពខុសគ្នា ដែលសកម្មភាពនេះអាចបានបង្កើតឡើង។ នៅពេលខ្លះ មនុស្សទទួល​ទានជាតិកាហ្វេអ៊ីន ឬការព្យាបាលដោយខ្លួនឯង​ជាមួយ​សារធាតុនានាដូចជា ថ្នាំជក់ និងគ្រឿងស្រវឹង ដើម្បីសម្រាល​អារម្មណ៍ពីភាពថប់បារម្ភ ប៉ុន្តែការធ្វើបែបនេះ​ធ្វើឲ្យយើង​រិត​តែថប់បារម្ភកាន់តែខ្លាំង​នៅក្នុងរយៈពេលវែង។

៤. បញ្ចូលសកម្មភាពធ្វើឲ្យស្ងប់អារម្មណ៍​នៅក្នុងទម្លាប់ប្រចាំថ្ងៃអ្នក - សូមសាកល្បងចំណាយពេលយ៉ាងតិចមួយម៉ោងធ្វើសកម្មភាព​មួយ ដែលធ្វើឲ្យអ្នកមានអារម្មណ៍កាន់តែល្អដូចជា អានសៀវ​ភៅ​ដែលអ្នកចូលចិត្ត គូរគំនូរ ឬសរសេរអត្ថបទ។ សូមសាកល្បង​ និងដាក់កំហិតចំពោះ​កិច្ចការនានា ដែលអាចធ្វើឲ្យយើងថប់បារម្ភកាន់តែខ្លាំងដូចជា ការតាមដានព័ត៌មាន​ជាញឹកញាប់ ឬមើលព័ត៌មានច្រើនលើបណ្ដាញទំនាក់ទំនងសង្គមរបស់អ្នក។ ការមានអារម្មណ៍​មិនបានត្រៀមលក្ខណៈ និងការប្រញាប់ប្រញាល់​ក៏អាចបង្កឲ្យមានភាពថប់បារម្ភ និងភាពតានតឹងក្នុងចិត្តជាច្រើនផងដែរ។ ប្រសិនបើអ្នកដឹងថា អ្នកនឹងមានអ្វីមួយដែលសំខាន់​នៅក្នុងពេលខាងមុខឆាប់ៗនេះ ដូចជាការប្រលង​នៅសាលារៀន​ ឬការបរិច្ឆេទកំណត់ប្រគល់ការងារ​នៅកន្លែងធ្វើការ សូមព្យាយាម​រៀបចំផែនការជាមុន និងផ្ដល់ពេលវេលាឲ្យខ្លួនឯងសម្រាប់ត្រៀម។

Five tips for young people feeling anxious

៥. ស្វែងរក​ការគាំទ្របន្ថែម ប្រសិនបើអ្នកមានរោគសញ្ញាថប់បារម្ភច្រើនជាប្រចាំ ដែលរំខានជីវិតប្រចាំថ្ងៃ​របស់អ្នក។ សូមគិតអំពីផលប៉ះពាល់អវិជ្ជមាន​នៃភាពថប់បារម្ភមកលើ​គុណភាពជីវិត ការសិក្សា​ ការងារ ទំនាក់ទំនង និងសមត្ថភាពរបស់អ្នក​ក្នុងថែទាំខ្លួន ឬមិនសមាមាត្រ​ជាមួយនឹង​វិធីដែលអ្នកអាចឆ្លើយតប​ជាធម្មតា​នៅក្នុងស្ថានភាពតានតឹងក្នុងចិត្ត។ នៅពេលរឿងរ៉ាវតានតឹងខ្លាំងពេកធ្វើឲ្យអ្នកមិនអាចដោះស្រាយដោយខ្លួនអ្នកបាន សាលារៀនរបស់អ្នក មណ្ឌលសុខភាព ឬសេវាសហគមន៍​ដទៃទៀត​អាចផ្ដល់ការគាំទ្រយ៉ាងសំខាន់ដល់អ្នកបាន។ ការសុំ​ជំនួយ គឺជាសិទ្ធិមនុស្សរបស់អ្នក និងគឺជាសញ្ញានៃភាពខ្លាំង ដោយវាបង្ហាញនូវការយល់ដឹងអំពីខ្លួនឯង និងសេចក្ដីក្លាហាន​ក្នុងការជម្នះ​អ្វីមួយដែលពិបាក។ ប្រសិនបើអ្នកមិនដឹងអំពីកន្លែងដែលទទួលជំនួយ សូមសួរ​អ្នកណាម្នាក់ ដែលអ្នកទុកចិត្ត ឬស្រាវជ្រាវតាម​ប្រព័ន្ធអនឡាញ ដើម្បីស្វែងរក​ការគាំទ្រ ដែលមាននៅក្នុងប្រទេសរបស់អ្នក។


គំនូរជីវចលទាំងនេះ​ត្រូវបានបង្កើតឡើងដោយ Njung'e Wanjirū, ដែលជាអ្នកចូលរួមម្នាក់​នៃអ្នកចូលរួម​ទាំងឡាយនៅក្នុងកម្មវិធីកសាងជំនាញរបស់យុវជន​ដំបូងរបស់យូនីសេហ្វ។ ប្រសិនបើអ្នកមានចំណាប់អារម្មណ៍ស្វែងយល់បន្ថែម​អំពីសុខភាពផ្លូវចិត្ត សូមពិនិត្យមើលមគ្គុទេសក៍​នេះ ដើម្បីថែទាំខ្លួនអ្នក​ក្នុងអំឡុងពេល​មានភាពតានតឹងក្នុងចិត្ត ឬ អានរឿងរ៉ាវនានា  របស់យុវជន តាមរយៈកម្មវិធីសំទ្បេងយុវជន។

 

ប្រភព: 

https://www.voicesofyouth.org/anxiety-guide