សេចក្តីអំពាវនាវបន្ទាន់សម្រាប់កុមារកម្ពុជា
Click to close the emergency alert banner.

ការសន្ទនាអំពីសុខភាពផ្លូវចិត្ត

យុវជននៅកម្ពុជាជាច្រើនមានការលំបាកក្នុងការនិយាយដោយបើកចំហ​អំពី​សុខភាពផ្លូវចិត្តរបស់ពួកគេ។ តាមរយៈការស្ដាប់បទពិសោធន៍របស់ពួកគេ យូនីសេហ្វកំពុងជួយ​កំណត់ការគាំទ្រកាន់តែល្អ​សម្រាប់កុមារ និងយុវវ័យ។

Cristyn Lloyd
A conversation on mental health
UNICEF Cambodia/2026/Antoine Raab
21 សីហា 2026

ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ រាជធានីភ្នំពេញ - ​ដូចគ្នា​នឹងយុវវ័យជាច្រើនទៀត​ដែលជិតនឹងបញ្ចប់ថ្នាក់មធ្យមសិក្សាដែរ វណ្ណធា អាយុ១៨ឆ្នាំ កំពុងមានការព្រួយបារម្ភអំពីអនាគតរបស់ខ្លួន។ 

វ៉ាន់ធាបានប្រាប់ថា “[ខ្ញុំ]បារម្ភពីអនាគត... បារម្ភដោយសារខ្ញុំត្រូវចាត់ចែងច្រើន។ ព្រោះអីនៅមានបន្ទុកច្រើន ជួយម៉ាក់ ជួយប៉ា... ហើយរកលុយដណ្តឹងប្រពន្ធ។” 

នៅវិទ្យាល័យ​របស់វ៉ាន់ធានៅជាយរាជធានីភ្នំពេញ សិស្សានុសិស្សមួយក្រុមតូច​បានប្រមូលផ្ដុំគ្នា​នៅក្រោមម្លប់​នៅក្នុងអំឡុងពេលសម្រាករបស់ពួកគេ។ ពួកគេកំពុងបិទភ្នែក​ និងយកដៃដាក់លើស្មាររបស់ពួកគេ ដើម្បីបង្កើតជារូបមេអំបៅ។ 

“​សូមគិតអំពី កន្លែងមួយ​ដែលអ្នកចង់ទៅ និងដែលធ្វើឱ្យអ្នកសប្បាយចិត្ត” នេះជាសម្ដីរបស់ កញ្ញា ជឺ រចនា អ្នកសម្របសម្រួលក្រុម និងជា​ទីប្រឹក្សាផ្នែក​សុខភាពផ្លូវចិត្តកុមារ និងក្មេងជំទង់របស់យូនីសេហ្វប្រចាំកម្ពុជា។ “បន្ទាប់មក​ ដកដង្ហើមវែងចូល និងបញ្ចេញមកវិញ។ សូមទះស្នារបស់អ្នកថ្នមៗ។ ប្រាប់ខ្លួនអ្នកថា៖ ខ្ញុំខ្លាំង ខ្ញុំនឹងទទួលបាន​ជោគជ័យ​ ហើយខ្ញុំនឹងទៅដល់កន្លែងដែលខ្ញុំសប្បាយចិត្ត។” 

នេះគឺជាការចាប់ផ្ដើម​នៃវគ្គមួយ ដើម្បីលើកទឹកចិត្តឱ្យយុវជន​ចាប់ផ្ដើមនិយាយ​អំពី​សុខភាពផ្លូវចិត្ត ដែលនៅតែជាប្រធានបទដែលគេមិនចង់និយាយទៅដល់ និង​ជាប្រធានបទដែលគេយល់ខុស​នៅកម្ពុជា។ “នេះ គឺជាវិធីសាស្រ្តថែទាំខ្លួនឯង និងស្រឡាញ់ខ្លួនឯង សម្រាប់ថ្ងៃណាមួយ ដែលអ្នកមានអារម្មណ៍ដូចជា ‘អូ ខ្ញុំមិនអាចធ្វើអ្វីមួយបានឡើយ’” នេះជាការនិយាយរបស់រចនា​ ទៅកាន់ក្រុមសិស្ស។ 

វណ្ណធា ស្ថិតនៅក្នុងចំណោម​ក្រុមនេះ។ គាត់បានចូលរួម​នៅក្នុងលំហាត់ស្រដៀងគ្នា​ជាមួយនឹង​រចនា​នៅចុងឆ្នាំ២០២៤ ដែលគាំទ្រដោយយូនីសេហ្វ ដោយសហការជាមួយ​នាយកដ្ឋានសុខភាពផ្លូវចិត្ត និងការបំពានគ្រឿងញៀន​របស់ក្រសួងសុខាភិបាល។ អ្នកចូលរួម​ត្រូវបានសួរអំពី​សម្ពាធនានា ដែលពួកគេប្រឈមមុខជាមួយ កន្លែងដែលពួកគេស្វែងរកជំនួយ និងឧបសគ្គដែលពួកគេជួបប្រទះ។ 

Rachana Cheu, UNICEF Cambodia child and adolescent mental health consultant, leads informal youth consultations on mental health at a secondary school in Phnom Penh
UNICEF Cambodia/2026/Antoine Raab ជឺ រចនា ជាទីប្រឹក្សា​សុខភាពផ្លូវចិត្តកុមារ និងយុវវ័យ​របស់យូនីសេហ្វប្រចាំកម្ពុជា គាត់កំពុងដឹកនាំ​ការពិគ្រោះយោបល់ក្រៅផ្លូវការជាមួយយុវជន​អំពីសុខភាពផ្លូវចិត្ត នៅវិទ្យាល័យមួយ​នៅរាជធានីភ្នំពេញ

គាត់ថ្លែងថា ពេលនោះ គឺជាលើកទីមួយ ដែលបានចូលរួម​នៅក្នុងវគ្គបែបនេះ ហេតុនេះការនិយាយចេញមកមិនងាយស្រួលឡើយ នៅពេលដំបូង។ លំហាត់នានា​បានជំរុញ​ឱ្យគាត់ឆ្លុះបញ្ចាំង​លើបញ្ហានានានៅផ្ទះ ប្រើប្រាស់ពាក្យពេជន៍ និងគំនូរសម្រាប់បញ្ចេញអារម្មណ៍ ដែលគាត់មិនដែលបានបង្ហាញពេញលេញ​ទៅដល់​មនុស្សជាច្រើន ក្រៅពីជីដូនរបស់គាត់។ លើសពីនេះ សកម្មភាពនេះក៏បានលើកទឹកចិត្តឱ្យ​គាត់គិតអំពី អ្នកដែលអាចផ្ដល់ការគាំទ្រដល់គាត់បាននៅពេលគាត់មានបញ្ហា ដូចជា ឪពុកម្ដាយ គ្រូបង្រៀន និងសហគមន៍ជាដើម។  

គាត់ថ្លែងថា “ពេលហ្នឹងបងឯងឲ្យគូរគំនូរ គូរបញ្ចេញពីអារម្មណ៍យើង។ ដល់ហើយខ្ញុំគូររូបរញ៉េរញ៉ៃ ដោយសារមានអារម្មណ៍ស្មុគស្មាញបង។” 

វណ្ណធាមិនមែនជាក្មេងជំទង់ម្នាក់ដែលឆ្លងកាត់បទពិសោធន៍​នេះទេ។ ការប៉ាន់ស្មានជាសកល​បង្ហាញថា ក្មេងជំទង់អាយុ ១០-១៩ ឆ្នាំ​ម្នាក់ក្នុងចំណោម ៧នាក់ (១៥%) ជួបប្រទះនឹងបញ្ហាសុខភាពផ្លូវចិត្ត ប៉ុន្តែមនុស្សជាច្រើននៅតែមិនទទួលស្គាល់ និងមិនបានព្យាបាលជាច្រើននៅឡើយ​។ នៅកម្ពុជា ក៏ដូចជា​នៅក្នុងប្រទេសជាច្រើនដែរ យុវជន​អាចមានអារម្មណ៍​ដូចជាពួកគេគ្មានកន្លែងសុវត្ថិភាពដើម្បីចែករំលែករឿងក្នុងចិត្ត និងអារម្មណ៍របស់ពួកគេឡើយ។ ពួកគេមានអារម្មណ៍អៀនខ្មាស់ក្នុងការស្វែងរកជំនួយ ឬនិយាយចេញមក ឬមិនដឹងអំពីកន្លែងដែលពួកគេត្រូវទៅ​​ ដើម្បីទទួលបាន​សេវាសុខភាព​ផ្លូវចិត្តឡើយ។ 

យូនីសេហ្វ និងក្រសួងសុខាភិបាលកំពុងប្រើប្រាស់ការយល់ដឹងស៊ីជម្រៅពី វណ្ណធា និងមិត្តរួមថ្នាក់របស់គាត់​ ដើម្បី​យល់កាន់តែច្បាស់​អំពី​ ដើម្បីយល់កាន់តែច្បាស់អំពីបទពិសោធន៍រស់នៅរបស់កុមារ និងក្មេងជំទង់ ឧបសគ្គរបស់ពួកគេក្នុងការទទួលបានការគាំទ្រ និងគម្លាតនៃសេវាសុខភាពផ្លូវចិត្តដែលមានស្រាប់។  ។ ការពិគ្រោះយោបល់បានធ្វើឡើងជាមួយ​កុមារ អាណាព្យាបាល និងក្មេងជំទង់ចំនួន ១១៤នាក់​នៅក្នុងគ្រឹះស្ថានអប់រំ មូលដ្ឋានសុខាភិបាល​ និងសហគមន៍ នៅខេត្តរតនគីរី សៀមរាប និង​រាជធានីភ្នំពេញ ដើម្បី​ពង្រឹង​បណ្ដាញគាំទ្រ​សម្រាប់កុមារ និងក្មេងជំទង់។ 

During the consultation, 18-year-old Vanthea and his classmates answered questions about the pressures they face, where they seek help, and what barriers they encounter
UNICEF Cambodia/2026/Antoine Raab ក្នុងអំឡុងពេលពិគ្រោះយោបល់ វណ្ណធា ដែលមានអាយុ ១៨ឆ្នាំ និងមិត្តរួមថ្នាក់របស់គាត់​បានឆ្លើយសំណួរ​អំពី សម្ពាធនានាដែលពួកគេប្រឈមមុខជាមួយ កន្លែងដែលពួកគេស្វែងរកជំនួយ និងឧបសគ្គដែលពួកគេជួបប្រទះ

តាមរយៈការពិគ្រោះយោបល់​ជាមួយយុវជនដោយផ្ទាល់ សំឡេងរបស់យុវជនក៏ក្លាយទៅជាផ្នែកមួយ​នៃដំណោះស្រាយផងដែរ។ យុវជនជាច្រើនមានគំនិតយោបល់ច្បាស់លាស់អំពី អ្វីដែលនឹងអាចជួយបានដែលមានរួមមាន ការមានមនុស្សពេញវ័យនិងមិត្តភក្តិដែលទុកចិត្តបានដើម្បីចែករំលែកអារម្មណ៍ដោយមិនខ្លាចគេវាយតម្លៃ ការទទួលបានការយល់ចិត្តពីក្រុមគ្រួសារ និងមាន​អ្នកបង្កើតមាតិកាដែលចែករំលែកការណែនាំអភិវឌ្ឍខ្លួនឯង។ អ្វីដែលកាន់តែសំខាន់នោះ ពួកគេក៏បានអំពាវនាវឱ្យមាន​ប្រព័ន្ធគាំទ្រដែលមានបរិយាបន្នសម្រាប់មនុស្សប្រុស ការបញ្ជ្រាបការអប់រំសុខភាពផ្លូវចិត្តនៅកម្រិតសហគមន៍ និងគ្រឹះស្ថានអប់រំ ព្រមទាំងបង្កើតបរិយាកាសសុវត្ថិភាពក្នុងការនិយាយពីសុខភាពផ្លូវចិត្តដោយបើកចំហ។ 

វ៉ាន់ធារំពឹងថានឹងមានការបង្កើតមាតិកាសុខភាពផ្លូវចិត្តនៅលើបណ្តាញសង្គមប្រកបដោយភាពទាក់ទាញ និងស្របតាមបរិបទជាក់ស្តែងកាន់តែច្រើន។ គាត់ជឿជាក់ថា ក្មេងប្រុសជាពិសេស ត្រូវការប្រព័ន្ធគាំទ្របន្ថែមទៀតដើម្បីបើកចិត្តចែករំលែកអារម្មណ៍។ ជាមួយគ្នានេះ គាត់ក៏បានលើកឡើងថា ឪពុកម្តាយ និងអាណាព្យាបាល គួរតែមានការយល់យោគ និងកាត់បន្ថយសម្ពាធលើកុមារ និងក្មេងជំទង់។ 

គាត់លើកឡើងថា “តាមចិត្តខ្ញុំ[អាណាព្យាបាលគួរ]គាំទ្រផ្លូវចិត្តគាត់។ ទី១​​ អាណាព្យាបាល គួរយកចិត្តទុកដាក់ជាមួយគាត់។” គាត់សំណូមពរឲ្យម្តាយឪពុក "លើកទឹកចិត្តកូនជាជាងបង្អាប់កូន ពេលរៀនអត់បានលេខល្អ។ ជាពិសេសកុំប្រៀបធៀបកូន​​ ឲ្យមើលកូនគេអីអញ្ចឹង។” 

យូនីសេហ្វ​លើកកម្ពស់​ដំណោះស្រាយទាំងឡាយណាដែលជួយកុមារ​ និងយុវវ័យ​កសាងភាពធន់ពេញ តាមរយៈ​ទម្លាប់រស់នៅល្អៗ ទំនាក់ទំនងប្រកបដោយទំនុកចិត្ត និង​អាកប្បកិរិយាវិជ្ជមានក្នុងការស្វែងរកជំនួយស្របពេលដែលធានាថា​ ការថែទាំសុខភាពផ្លូវចិត្តត្រូវបានគ្របដណ្ដប់ទៅដល់ប្រជាជនដែលត្រូវការចាំបាច់។ នៅទូទាំងកម្ពុជា បុគ្គលិកសុខាភិបាល គ្រូបង្រៀន ក្រុមទ្រទ្រង់សុខភាពភូមិ​ បានទទួល​ការបណ្ដុះបណ្ដាល​ និងការបង្វឹកផ្ទាល់នៅនឹងមូលដ្ឋាន ​អំពីការផ្ដល់​អន្តរាគមន៍ចិត្តសង្គម ការអប់រំចិត្តសាស្រ្ត ការវាយតម្លៃរកបញ្ហាសុុខភាពផ្លូវចិត្ត្ត និង​ការបញ្ជូនបន្តនៅមូលដ្ឋានសុខាភិបាល។ ជាមួយគ្នានេះដែរ ​ព្រះសង្ឃ បុគ្គលិកសង្គមកិច្ច និង​អាណាព្យាបាលក៏​កំពុងទទួលបាន​ការបណ្ដុះបណ្ដាលអំពី​ការសង្គ្រោះផ្លូវចិត្តបឋម និង​ការអប់រំផ្លូវចិត្ត នៅតាមសហគមន៍ផងដែរ។ ទន្ទឹមនឹងនេះ យុទ្ធនាការតាមប្រព័ន្ធអនឡាញ​ កំពុងជួយយុវជន និងគ្រួសារ​ក្នុងការលុបបំបាត់ការមាក់ងាយ និង​កសាងបរិយាកាសមួយដែលសុខុមាលភាពផ្លូវចិត្តអាចរីកលូតលាស់បានយ៉ាងពិតប្រាកដ។ 

យូនីសេហ្វ​ក៏កំពុងស្នើសុំជំនួយរបស់យុវជន​ដើម្បីធ្វើជា​អ្នកផ្លាស់ប្ដូរ និងអ្នកស្វែងរកមតិគាំទ្រ​សុខភាពផ្លូវចិត្តផងដែរ។ 

ក្នុងអំឡុងពេលចែករំលែកនាថ្ងៃនេះជាមួយរចនា សិស្សមួយក្រុមនេះ​បានដាក់វេនគ្នា​ឆ្លើយកាតសំណួរ​ ដែលរៀបចំដោយ​ក្រុមនវានុវត្តករវ័យក្មេង​ ដែលបានចូលរួម​នៅក្នុងកម្មវិធី​សហគ្រិនភាពជំនាន់ថ្មី​របស់យូនីសេហ្វ។ ក្នុងរយៈពេលប្រាំពីរខែ ពួកគេបានចូលរួម​នៅកម្មវិធីបណ្ដុះបណ្ដាល បានចុះតាមសហគមន៍ និង​បានភ្ជាប់ទំនាក់ទំនងជាមួយ​ដៃគូសហការ ដើម្បីស្វែងយល់កាន់តែច្បាស់អំពី​បញ្ហាប្រឈម និងកំណត់ដំណោះស្រាយ​ចំពោះបញ្ហានានា ដែល​មានផលប៉ះពាល់លើ​យុវជន និង​សហគមន៍នៅក្នុងពេលបច្ចុប្បន្ន។ លទ្ធផលចុងក្រោយ៖ ល្បែងកម្សាន្តប្រើប្រាស់កាត Hyper Healer ​ បង្កឱ្យមាន​ការសន្ទនា និងលើកទឹកចិត្តស្វ័យឆ្លុះបញ្ចាំង ព្រមទាំងបានគ្របដណ្ដប់ទៅដល់​យុវជនចំនួនរាប់រយ​រហូតមកទល់ពេលបច្ចុប្បន្ននេះ។ នៅទីបំផុត ក្រុមនេះ​ទទួលបាន​មូលនិធិបន្ថែម​ ដើម្បីបន្តរៀបចំគំរូដើមរបស់ពួកគេ។ 

ដើម្បីលេងល្បែងកម្សាន្តនេះ អ្នកចូលរួម​ដាក់វេនគ្នាឆ្លើយសំណួរ​នៅលើកាត ដែលពួកគេទទួលបាន​តាមការជ្រើសរើសដោយចៃដន្យ។ សម្រាប់វណ្ណធា គាត់ស្គាល់ច្បាស់សំណួរមួយចំនួន ដូចជា “តើអ្នកព្រួយបារម្ភអំពីអ្វីខ្លាំងជាងគេ?” ចំណែកឯសំណួរផ្សេងទៀតលើកទឹកចិត្ត​ឱ្យមាន​ការគិតកាន់តែស៊ីជម្រៅ ដូចជា “តើអារម្មណ៍អ្វីមួយ ដែលអ្នកគិតថា​ពិបាកប្រឈមមុខជាមួយ និងហេតុអ្វី?” 

“អារម្មណ៍ដែលគិតថាពិបាកប្រឈមមុខ គឺការបាត់បង់មនុស្សជាទីស្រលាញ់។” គាត់បានលើកឡើងពីអារម្មណ៍គាត់ថា “ខ្ញុំបាត់បង់បងប្រុសម្នាក់ គាត់លង់ទឹកស្លាប់។ ដល់ហើយឲ្យតែពេលគេសួរទៅ យើងប៉ះពាល់អារម្មណ៍។”  

One of the exercises asked students to write their feelings on a tree, reflect on what they wrote, and compare their answers to their classmates, helping them understand that others may be feeling the same
UNICEF Cambodia/2026/Antoine Raab លំហាត់មួយក្នុងចំណោមលំហាត់នានា បានស្នើឱ្យសិស្សានុសិស្ស​សរសេរអំពីអារម្មណ៍របស់ពួកគេ​នៅលើដើមឈើមួយ ឆ្លុះបញ្ចាំងលើ​អ្វីដែលពួកគេបានសរសេរ និងប្រៀបធៀបចម្លើយរបស់ពួកគេជាមួយមិត្តរួមថ្នាក់របស់ពួកគេ ដែលជួយឱ្យពួកគេយល់ថា យុវជនផ្សេងទៀត​អាចមានអារម្មណ៍ដូចគ្នា
Hyper Healer cards, developed by a team of young innovators as part of UNICEF’s Generation Future initiative, aim to encourage open conversation and self-reflection about mental health
UNICEF Cambodia/2026/Antoine Raab កាត Hyper Healer ត្រូវបានរៀបចំដោយក្រុមនវានុវត្តករវ័យក្មេង​ជាផ្នែកមួយ​គំនិតផ្ដួចផ្ដើមជំនាន់ថ្មីរបស់យូនីសេហ្វ ហើយកាតទាំងនេះមានបំណងលើកទឹកចិត្តការសន្ទនាដោយបើកចំហ​ និងស្វ័យឆ្លុះបញ្ចាំងអំពី​សុខភាពផ្លូវចិត្ត

វណ្ណធា មើលឃើញគុណតម្លៃ​នៃការនិយាយអារម្មណ៍ក្នុងចិត្តចេញមក។ ទោះបីជាការបើកចិត្តនិយាយមិនមែនជារឿងងាយស្រួលក៏ដោយ គាត់បានយល់ឃើញថា ការនិយាយអំពីអារម្មណ៍លំបាកៗនៅក្នុងបរិយាកាសដែលមានសុវត្ថិភាពជាមួយអ្នកដែលទុកចិត្តបាន អាចធ្វើឱ្យគាត់មានអារម្មណ៍ធូរស្បើយជាងមុន។ 

ដូចគ្នានឹង​យុវជនជាច្រើន​ដែរ វណ្ណធា​នៅតែ​ប្រឈមមុខនឹង​ការព្រួយបារម្ភ​អំពី​អនាគត។ ប៉ុន្តែគាត់ក៏មានវិធីដើម្បីដោះស្រាយ មានមនុស្សដែលគាត់ទុកចិត្ត និងមានគោលដៅដែលធ្វើឱ្យគាត់បន្តបោះជំហានទៅមុខ​។ គាត់ថ្លែងថា គាត់មានក្ដីសុបិន្តក្លាយទៅជាអ្នករចនាក្រាហ្វិក។ គាត់​ទទួលបាន​ការងារក្រៅម៉ោងរួចហើយ ដើម្បីជួយ​គាត់កសាងជំនាញរចនារបស់គាត់ ហើយគាត់បានកំណត់អំពីមុខវិជ្ជានៅសាកលវិទ្យាល័យដែលគាត់ចង់រៀន ព្រមទាំងសង្ឃឹមថា​នឹងរកបានអាហារូបករណ៍។ ប្រសិនបើ​ធ្វើលំហាត់មួយចំនួន​ក្នុងចំណោមលំហាត់ទាំងនេះឡើងវិញ ចម្លើយមួយចំនួន​ក្នុងចំណោមចម្លើយរបស់គាត់​នឹងខុសគ្នា​ពីចម្លើយ​​ពីការពិគ្រោះយោបល់ដំបូង។ 

គាត់បន្តថា “ឥឡូវបើឲ្យគូរ អត់អីទេ វាមិនដូចពីមុនទេ។ ពីមុនយើងគិតច្រើន ដោយសារបញ្ហាវាច្រើនពេលហ្នឹង។ តែដល់ឥឡូវរៀងធូរស្រាលជាងមុនបង។” 

ហើយនៅពេលនេះ ការនិយាយអំពីសុខភាពផ្លូវចិត្ត​របស់គាត់​ គឺងាយស្រួលជាងមុនផងដែរ។ 

“ខ្ញុំមានភាពក្លាហានជាងមុន ក្នុងការនិយាយទល់មុខគ្នា​ ព្រោះអី​[ពីមុន]ខ្ញុំមិនសូវចូលចិត្តមនុស្សច្រើនបង។ ឥឡូវខ្ញុំអភិវឌ្ឍខ្លួនឯងបានច្រើន។” 

យូនីសេហ្វ បន្តពង្រឹងសេវាគាំទ្រសុខភាពផ្លូវចិត្តសម្រាប់កុមារ និងក្មេងជំទង់ ក្រោមការឧបត្ថម្ភថវិកាពីដៃគូនានា រួមទាំងរដ្ឋាភិបាលអូស្ត្រាលី តាមរយៈកម្មវិធីសហប្រតិបត្តិការអង្គការក្រៅរដ្ឋាភិបាលអូស្ត្រាលី (ANCP)។ 

Vanthea dreams of being a graphic designer, and spends much of his free time practicing his skills
UNICEF Cambodia/2026/Antoine Raab វណ្ណធា មានក្ដីសុបិន្ត​ក្លាយទៅជា​អ្នករចនាក្រាហ្វិក និងចំណាយពេលទំនេររបស់គាត់ ដើម្បីអនុវត្តជំនាញរបស់គាត់
Many students at Vanthea’s school play sports like volleyball to relieve stress
UNICEF Cambodia/2026/Antoine Raab សិស្សជាច្រើន​នៅសាលារៀនរបស់វណ្ណធា​លេងកីឡាផ្សេងៗ ដូចជា បាល់ទះ ដើម្បីបន្ធូរភាពតានតឹងក្នុងចិត្ត