សេចក្តីអំពាវនាវបន្ទាន់សម្រាប់កុមារកម្ពុជា
Click to close the emergency alert banner.

កម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ផ្តល់ឱកាសដល់កុមារគ្រប់រូប

ជំនួយសង្គមសំខាន់ៗសម្រាប់សហគមន៍ដែលងាយរងគ្រោះបំផុតនៅកម្ពុជា ជួយធ្វើឲ្យគ្រួសារមានអាហារទទួលទាន ធ្វើឲ្យកុមារអាចបន្តចូលរៀនបាន និងផ្តល់ឱកាសស្មើភាពដល់ពួកគេក្នុងការទទួលបានអនាគតភ្លឺស្វាង។

Cristyn Lloyd
ត សោភ័ណ្ឌ អាយុ ២៤ ឆ្នាំ ទទួលបានជំនួយប្រចាំខែ តាមរយៈកញ្ចប់គ្រួសារ ដែលជួយគាត់មើលថែជីដូនចាស់ និងកូនពីរនាក់របស់គាត់គឺ កូនស្រីអាយុប្រាំមួយឆ្នាំឈ្មោះ ផល ស្រីផួង និងកូនប្រុសអាយុប្រាំបួនឆ្នាំ ឈ្មោះ ផន ភារម្យ
UNICEF Cambodia/2024/Cristyn Lloyd
30 ធ្នូ 2024

ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ រាជធានីភ្នំពេញ – កុមារី ផន ភារម្យ អាយុប្រាំបួនឆ្នាំ រៀនថ្នាក់ទី ៣ រស់នៅជាយក្រុងភ្នំពេញ ជាមួយម្តាយ ប្អូនស្រី និងយាយទួត បាននិយាយថា “ខ្ញុំឃើញម្តាយខ្ញុំញញឹមនៅពេលខ្ញុំទៅសាលារៀន”។ “ខ្ញុំឃើញគាត់តស៊ូជារៀងរាល់ថ្ងៃ ដូច្នេះខ្ញុំនឹងខិតខំរៀនសូត្រដើម្បីរកប្រាក់ចិញ្ចឹមគាត់”។ 

Nine-year-old Phearom, a third-grade student, was captured in a photograph with his classmates engaged in a football game on the school playground, right in front of his classroom.
UNICEF Cambodia/2024/Cristyn Lloyd ភារម្យ អាយុ ៩ ឆ្នាំ សិស្សថ្នាក់ទី ៣ ថតរូបជាមួយមិត្តរួមថ្នាក់របស់គាត់ ពេលកំពុងលេងបាល់ទាត់នៅក្នុងទីធ្លាសាលា នៅចំពោះមុខថ្នាក់រៀនរបស់គាត់។

អ្នកស្រី ជេត សោភ័ណ អាយុ ២៤ ឆ្នាំ ជាម្តាយ ស្នាក់នៅផ្ទះ តែងតែចង់បានកូនប្រុសពៅ និងកូនស្រីអាយុប្រាំមួយឆ្នាំរបស់គាត់ឈ្មោះ ផល ស្រីភួង ទទួលបានអ្វីដែលល្អបំផុត ប៉ុន្តែដោយសារស្ថានភាពនៅក្នុងគ្រួសារ គ្រប់យ៉ាងតែងតែមិនងាយស្រួលសម្រាប់គាត់នោះទេ។ ដើម្បីតស៊ូចិញ្ចឹមគ្រួសារដោយប្រភពប្រាក់ចំណូលតិចតួចចំនួនពីរពីម្តាយ និងឪពុករបស់នាងផ្ទាល់ សោភ័ណ មិន​អាចរកការងារក្រៅម៉ោងធ្វើបានទេ ពីព្រោះនាងត្រូវផ្តល់ការមើលថែទាំពេញម៉ោងដល់ជីដូនចាស់របស់នាង។ ក្នុងអំឡុងពេលដ៏សែនលំបាកនេះ អ្នកជិតខាងដែលមានចិត្តសប្បុរសបានផ្តល់អង្ករដល់ពួកគេ ដើម្បីប្រាកដថា ពួកគេមានអាហារសម្រាប់ទទួលទាន។ ពេល​ខ្លះ នៅពេលដែលនាងមិនមានលុយឲ្យ​ ភារម្យ ទិញរបស់ញ៉ាំនៅសាលារៀន មិត្តរួមថ្នាក់របស់គាត់បានឲ្យលុយគាត់ពីរបីរយរៀល ។

នាងនិយាយថា​ “ខ្ញុំពិតជាបារម្ភពីអនាគតកូនខ្ញុំណាស់ ពីព្រោះខ្ញុំមិនមានការងារធ្វើ មិនមានលទ្ធភាពបញ្ជូនពួកគេទៅសាលារៀនដើម្បីទទួលបានការអប់រំល្អ​”។ នៅខណៈពេលដែលការសិក្សានៅសាលារដ្ឋត្រូវបានផ្តល់ជូនដោយឥតគិតថ្លៃនោះ ចំណាយបន្ថែមលើសម្ភារៈប្រើប្រាស់សំខាន់ៗ ដូចជា ឯកសណ្ឋាន កាតាប និងសៀវភៅសិក្សា ព្រមទាំងអាហារក្នុងអំឡុងពេលសិក្សានៅសាលារៀន អាចរារាំងសិស្សមិនឲ្យចូលរៀន និងបង្កើនឱកាសក្នុងការបោះបង់ការសិក្សារបស់ពួកគេ ជាពិសេសនៅថ្នាក់កាន់តែខ្ពស់ នៅពេលដែលចំណាយខាងក្រៅមានការកើនឡើង។

នាងនិយាយថា​ “​ពេលខ្លះ ខ្ញុំមិនឱ្យគាត់ទៅសាលារៀនទេ ពីព្រោះខ្ញុំមិនចង់ឱ្យគាត់ឃើញក្មេងៗដទៃទៀតកំពុងញ៉ាំអី នៅ ពេលដែលគាត់មិនមានអ្វីញ៉ាំទាល់តែសោះ”។ “ពេលខ្លះ ខ្ញុំមានអារម្មណ៍អាណិតកូនៗរបស់ខ្ញុំ ខ្ញុំយំ។ ពួកគេទាំង​ពីរនាក់មានសំណាងអាក្រក់ណាស់”។

សោភ័ណ និងគ្រួសាររបស់នាង នៅទីបំផុត បានចុះបញ្ជីអត្តសញ្ញាណកម្មគ្រួសារក្រីក្រ និងមានសិទ្ធិទទួលបានអត្ថប្រយោជន៍តាមរយៈកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ដែលជាការធ្វើសមាហរណកម្មកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនដល់គ្រួសារក្រីក្រ និងងាយរងគ្រោះនៅទូទាំងប្រទេស។ នៅប្រទេសកម្ពុជា ប្រជាជនប្រហែល ១៨ ភាគរយរស់នៅក្រោមបន្ទាត់ភាពក្រីក្រ ហើយកុមារមួយភាគបួនប្រឈមមុខនឹងភាពក្រីក្រច្រើន​ទម្រង់ មានន័យថា ពួកគេទំនងជាជួយការលំបាកខ្លាំង ដើម្បីទទួលបានការអប់រំ សេវាសុខាភិបាល និងសេវាដទៃទៀត។

កម្មវិធីជាតិនេះ ត្រូវបានដាក់ឱ្យដំណើរការនៅខែមេសា ឆ្នាំ២០២៤ ដោយរាជរដ្ឋាភិបាលកម្ពុជា និងមានការគាំទ្រពីយូនីសេហ្វ។ កម្មវិធីនេះរួមបញ្ចូលអត្ថប្រយោជន៍នានានៃរាល់ជំនួយសង្គមដែលមានស្រាប់ និងតាមការគ្រោងទុក ដូចជា ការផ្ទេរសាច់ប្រាក់សម្រាប់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ ឆ្នាំ ការផ្ទេរសាច់ប្រាក់សម្រាប់កុមារដែលមកពីគ្រួសារក្រីក្រនៅសាលាបឋមសិក្សា និងអនុវិទ្យាល័យ ការផ្ទេរសាច់ប្រាក់សម្រាប់ជនពិការ និងការផ្ទេរសាច់ប្រាក់តាមការគ្រោងទុកសម្រាប់មនុស្សវ័យចំណាស់ និងចាប់ផ្តើមអនុវត្តការផ្ទេរសាច់ប្រាក់សម្រាប់អ្នកផ្ទុកមេរោគអេដស៍/អ្នកជំងឺអេដស៍។ កម្មវិធីនេះក៏ជំនួសកម្មវិធីផ្ទេរសាច់ប្រាក់សម្រាប់ជំងឺកូវីដ-១៩ ដែលកំពុងត្រូវបានបិទជាបណ្តើរៗផងដែរ។

តាមរយៈមូលនិធិពីសហភាពអឺរ៉ុប យូនីសេហ្វបានគាំទ្រដល់ការអភិវឌ្ឍប្រព័ន្ធចែកចាយឌីជីថល និងការអភិវឌ្ឍសមត្ថភាពរបស់ប្រតិបត្តិករទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ រួមទាំងមន្ត្រីកម្មវិធីនៅតាមឃុំ មណ្ឌលសុខភាព និងសាលារៀនផងដែរ។

ដោយទទួលបានសាច់ប្រាក់ជារៀងរាល់ខែពីកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ដែលរួមបញ្ចូលប្រាក់ឧបត្ថម្ភសម្រាប់មនុស្សចាស់ សម្រាប់ជីដូនរបស់នាងផងដែរនោះ សោភ័ណ្ឌ អាចទិញសៀវភៅសិក្សាថ្មីៗ និងឯកសណ្ឋានសិស្សថ្មីឲ្យកូនប្រុសរបស់នាង នៅសល់ពីនោះ នាងបានចំណាយលើម្ហូបអាហារ រួមទាំងចំណាយប្រចាំថ្ងៃរបស់ ភារម្យ ផងដែរ។

សោភ័ណ និយាយថា “ខ្ញុំមានអារម្មណ៍រីករាយខ្លាំងណាស់ ដែលបានទទួលជំនួយកញ្ចប់គ្រួសារ”។ “ពេលនេះ កូនប្រុសរបស់ខ្ញុំអាចទៅសាលារៀនបានដោយមិនបារម្ភអំពីរឿងលុយទៀតទេ។ គាត់អាចទិញនំចំណីបាន ដោយមិនចាំបាច់មើលក្មេងដទៃទៀតញ៉ាំទៀតទេ។ ប្រសិនបើគ្មានកញ្ចប់គ្រួសារនោះទេ កូនៗរបស់ខ្ញុំប្រហែលជាត្រូវបោះបង់ការសិក្សាហើយ”។

លោក ឌី រិទ្ធី មកពីក្រុមប្រឹក្សាឃុំ នៅក្នុងឃុំភ្លើងឆេះរទេះ
UNICEF Cambodia/2024/Cristyn Lloyd លោក ឌី រិទ្ធី មកពីក្រុមប្រឹក្សាឃុំ នៅក្នុងឃុំភ្លើងឆេះរទេះ

តាមរយៈការដាក់បញ្ចូលអត្ថប្រយោជន៍នានានៅក្នុងកញ្ចប់តែមួយ កម្មវិធីនេះមានបំណងផ្តល់ការគាំទ្រគ្រប់ជ្រុងជ្រោយដល់គ្រួសារ និងកុមារក្រីក្រ និងងាយរងគ្រោះនៅគ្រប់ដំណាក់កាលនៃជីវិត។ មធ្យោបាយនេះជួយការពារគ្រួសារពីភាពក្រីក្រ ពន្លឿនការអភិវឌ្ឍធនធានមនុស្ស និងលើកកម្ពស់ភាពរីកចម្រើនប្រកបដោយបរិយាបន្ន ដោយមិនទុកនរណាម្នាក់ចោលឡើយ។ ចាប់តាំងពីពេលដាក់ឲ្យដំណើរការកម្មវិធីនេះក្នុងខែមេសា ឆ្នាំ២០២៤ កុមារប្រហែល ៧៥០.០០០ នាក់ មកពីគ្រួសារដែលងាយរងគ្រោះបំផុតនៅប្រទេសកម្ពុជា បានទទួលជំនួយសំខាន់ៗតាមរយៈកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ។

លោក ឌី រិទ្ធី ជនបង្គោលនៃក្រុមប្រឹក្សាឃុំ នៅក្នុងឃុំភ្លើងឆេះរទេះ ដែលអ្នកស្រី សោភ័ណ និងក្រុមគ្រួសាររស់នៅ មានប្រសាសន៍ថា “នៅក្នុងសហគមន៍របស់ខ្ញុំ កញ្ចប់គ្រួសារបានផ្តល់ជំនួយសំខាន់ៗដល់គ្រួសារដែលងាយរងគ្រោះ រួមទាំង កុមារ មនុស្សវ័យចំណាស់ និងជនពិការផងដែរ។ “កញ្ចប់គ្រួសារដើរតួនាទីអ្នកជំរុញទឹកចិត្តកុមារឱ្យចូលរៀន តាមរយៈការផ្តល់សម្ភារៈសិក្សាសំខាន់ៗ និងឯកសណ្ឋាន។ វាលើកទឹកចិត្តពួកគេឱ្យបន្តការសិក្សា ​និងធ្វើឲ្យពួកគេមានអនាគតភ្លឺស្វាង”។

ភ័ណ ចង់ឱ្យកូនៗរបស់នាងទទួលបានឱកាសច្រើនជាងអ្វីដែលនាងធ្លាប់មាន នៅ​ពេលធំឡើង។ នាងស្រមៃថា កូនៗរបស់នាងអាចចូលរៀននៅសាកលវិទ្យាល័យ និងរួចផុតពីភាពលំបាក។

មេរៀនដ៏សំខាន់បំផុតរបស់នាងសម្រាប់ពួកគេ៖ “ការអប់រំនឹងក្លាយជាទ្រព្យសម្បត្តិដ៏អស្ចារ្យបំផុត”។

នាងនិយាយថា​ “​ខ្ញុំតែងតែដាស់តឿនកូនខ្ញុំឲ្យខិតខំរៀនសូត្រ ពីព្រោះខ្ញុំមិនមានអ្វីបន្សល់ទុកឲ្យពួកគេទេ”​។ “អ្វីដែលខ្ញុំអាចធ្វើបានគឺ បញ្ជូនពួកគេទៅសាលារៀន។ ខ្ញុំចង់ឲ្យពួកគេទាំងពីរនាក់មានការអប់រំខ្ពស់ និងមាន​អនាគតល្អ”។

នាងមានគម្រោងចុះឈ្មោះឲ្យកូនស្រីរបស់នាងចូលរៀននៅសាលាបឋមសិក្សានៅឆ្នាំក្រោយ។ ចំពោះ ភារម្យ បច្ចុប្បន្ន គាត់ចំណាយពេលវេលារបស់គាត់ទាំងនៅក្នុងថ្នាក់រៀន និងនៅសួនកុមារ ធ្វើអ្វីដែលគាត់ចូលចិត្តបំផុត។

ភារម្យ​ និយាយ​ថា​ “​ខ្ញុំសប្បាយចិត្ត ​ដែលបានទៅសាលារៀន។ “នៅទីនោះ ខ្ញុំរៀនសូត្របានច្រើន ហើយខ្ញុំចូលចិត្តលេងបាល់ទាត់ជាមួយមិត្តភក្តិរបស់ខ្ញុំ”។

ជាមួយអត្ថប្រយោជន៍ដែលគ្រួសារ ភារម្យ ទទួលបានតាមរយៈកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ម្តាយរបស់គាត់អាចទិញសម្ភារៈសិក្សាសំខាន់ៗ ដូចជា ឯកសណ្ឋានសិស្សថ្មី និងសៀវភៅសិក្សាថ្មីៗ និងអាចបញ្ជូនគាត់ទៅសាលារៀន និងមានប្រាក់សម្រាប់ទិញម្ហូបអាហារ។
UNICEF Cambodia/2024/Cristyn Lloyd ជាមួយអត្ថប្រយោជន៍ដែលគ្រួសារ ភារម្យ ទទួលបានតាមរយៈកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ម្តាយរបស់គាត់អាចទិញសម្ភារៈសិក្សាសំខាន់ៗ ដូចជា ឯកសណ្ឋានសិស្សថ្មី និងសៀវភៅសិក្សាថ្មីៗ និងអាចបញ្ជូនគាត់ទៅសាលារៀន និងមានប្រាក់សម្រាប់ទិញម្ហូបអាហារ។