យូនីសេហ្វ និងអង្គការ SAVE THE CHILDREN រៀបចំវេទិកាប្រារឰខួប លើកទី១០ នៃគោលការណ៍ស្តីពីសិទ្ធិកុមារ និងធុរកិច្ច

09 មីនា 2023
© UNICEF Cambodia/2023/Bunsak But
UNICEF Cambodia/2023/Bunsak But

ថ្ងៃទី១០ ខែមីនា រាជធានីភ្នំពេញ៖ ថ្ងៃនេះ យូនីសេហ្វកម្ពុជា និង​ Save the Children ប្រចាំកម្ពុជា បានរួមគ្នារៀបចំវេទិកាក្នុងរាជធានីភ្នំពេញ ដើម្បីប្រារឰខួបលើកទី១០ នៃការប្រកាសដាក់ឲ្យប្រើប្រាស់ជាសាកលនូវគោលការណ៍សិទ្ធិកុមារ និងធុរកិច្ច ។ គោលការណ៍ទាំងនេះ ផ្តល់ការណែនាំដល់ធុរកិច្ច ដោយដាក់បញ្ចូលសិទ្ធិកុមារទៅក្នុងយុទ្ធសាស្ត្រ និងសកម្មភាពអាជីវកម្មរបស់ពួកគេ។ តំណាងចំនួន៥០រូប មកពីវិស័យឯកជន រាជរដ្ឋាភិបាលកម្ពុជា និងដៃគូអភិវឌ្ឍន៍ បានចូលរួមក្នុងវេទិកានេះ ដើម្បីពិភាក្សាអំពីទំនួលខុសត្រូវរបស់ធុរកិច្ចទាក់ទងនឹងសិទ្ធិកុមារ អបអរសាទរវឌ្ឍនភាពដែលសម្រេចបានកន្លងមក និងឯកភាពគ្នាលើអាទិភាពសម្រាប់រយៈពេលដប់ឆ្នាំខាងមុខ ។

វាគ្មិនសំខាន់ៗនៅក្នុងវេទិកានេះ រួមមានឯកឧត្តមបណ្ឌិត ហួត ពុំ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោកបណ្ឌិត វីល ផាកស៍ នាយកយូនីសេហ្វប្រចាំកម្ពុជា និងលោក ហុង រស្មី នាយកអង្គការ Save the Children ប្រចាំកម្ពុជា ។

ឯកឧត្តមបណ្ឌិត ហួត ពុំ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានមានប្រសាសន៍ថា
“រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់សច្ចាប័នលើអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីសិទ្ធិកុមារក្នុងឆ្នាំ១៩៩២ ហើយនៅតែបន្តប្តេជ្ញាចិត្តក្នុងការការពារ និងបំពេញនូវសិទ្ធិកុមារគ្រប់រូប”។ “កុមារទាំងអស់ស្ថិតក្រោមផលប៉ះពាល់ពីសកម្មភាពនៃវិស័យធុរកិច្ច មិនត្រឹមតែក្នុងនាមជាអ្នកប្រើប្រាស់ប៉ុណ្ណោះទេ ប៉ុន្តែជាបុគ្គលិក និងអ្នកដឹកនាំធុរកិច្ចនាពេលអនាគតផងដែរ។ គោលការណ៍ធុរកិច្ច និងសិទ្ធិកុមារ បានផ្តល់ជាមគ្គុទេ្ទសក៏ដ៏សំខាន់ ខណៈរដ្ឋាភិបាលបានធ្វើការជាមួយវិស័យឯកជន ដើម្បីដាក់បញ្ចូលសិទ្ធិកុមារជាស្នូលនៃសេដ្ឋកិច្ចកម្ពុជា។ ថ្ងៃនេះ យើងទទួលស្គាល់វឌ្ឍនភាពដែលសម្រេចបានក្នុងរយៈពេលដប់ឆ្នាំចុងក្រោយនេះ ហើយបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់យើងក្នុងការធ្វើឲ្យមានវឌ្ឍនភាពបន្ថែមទៀតក្នុងរយៈពេលដប់ឆ្នាំខាងមុខ»។

គោលការណ៍សិទ្ធិកុមារ និងធុរកិច្ច ត្រូវបានបង្កើតឡើងដោយយូនីសេហ្វ អង្គការ Save the Children និង UN Global Compact ក្នុងឆ្នាំ២០១២ ដើម្បីផ្តល់ការណែនាំសម្រាប់ធុរកិច្ចស្តីពីការដាក់សិទ្ធិកុមារជាស្នូល នៃគោលនយោបាយ និងប្រតិបត្តិការរបស់ពួកគេ។ កុមារទទួលរងឥទ្ធិពលពីវិស័យឯកជនក្នុងនាមជាអ្នកប្រើប្រាស់ផលិតផល និងសេវាកម្ម តាមរយៈការទទួលព័ត៌មានពីការផ្សព្វផ្សាយលក់ និងការផ្សាយ
ពាណិជ្ជកម្មក្នុងនាមជាអ្នកប្រើប្រាស់ប្រព័ន្ធឌីជីថល ឬតាមរយៈបរិស្ថានដែលពួកគេរស់នៅ និងលេង
កំសាន្ត។ វេទិកានេះ គឺជាឱកាសដើម្បីលើកទឹកចិត្ត និងជំរុញធុរកិច្ចឲ្យទទួលយកការអនុវត្តប្រកបដោយការទទួលខុសត្រូវ ដោយដាក់សិទ្ធិកុមារជាអាទិភាពរបស់គេ។

លោកបណ្ឌិត វីល ផាកស៍  នាយកយូនីសេហ្វកម្ពុជា បានមានប្រសាសន៍ថា “ជីវិតរបស់កុមាររងផលប៉ះពាល់ពីវិស័យឯកជនជារៀងរាល់ថ្ងៃ ហើយជាការសំខាន់ខ្លាំងណាស់ដែលធុរកិច្ចត្រូវធ្វើសកម្មភាពយ៉ាងណាដើម្បីផ្តល់តម្លៃ គោរព និងគាំទ្រដល់សិទ្ធិរបស់កុមារ”។ “ការបំពេញកិច្ចសន្យារបស់គោលការណ៍ស្តីពីសិទ្ធិកុមារ និងធុរកិច្ច អាចសម្រេចបានលុះត្រាណាតែមានកិច្ចសហការគ្នាយ៉ាងជិតស្និទ្ធរវាងធុរកិច្ច
រាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍។” យើងអាចមានមោទនភាពចំពោះវឌ្ឍនភាពដែលយើងសម្រេចបានកន្លងមក ដូចជាការរៀបចំសេចក្តីព្រាងច្បាប់ថ្មីស្តីពីកិច្ចការពារកុមារដោយរាជរដ្ឋាភិបាល ប៉ុន្តែយើងក៏ត្រូវតែទទួលស្គាល់ផងដែរថា យើងនៅមានកិច្ចការជាច្រើនទៀតដែលត្រូវធ្វើបន្ត។ នៅថ្ងៃនេះ យើងសូមអំពាវនាវដល់វិស័យសាធារណៈ និងឯកជន ឲ្យបង្កើនទ្វេដងនូវការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការដាក់បញ្ចូលសិទ្ធិកុមារ ជាបញ្ហាស្នូលនៃប្រតិបត្តិការធុរកិច្ច» ។

វាគ្មិនផ្សេងៗទៀតនៅក្នុងវេទិកានេះ បានឆ្លុះបញ្ចាំងពីវឌ្ឍនភាពដែលសម្រេចបានកន្លងមក ស្របតាមគោលការណ៍ស្តីពីសិទ្ធិកុមារ និងធុរកិច្ច ។ គោលការណ៍នេះបានផ្តល់មូលដ្ឋានគ្រឹះសម្រាប់ការតស៊ូមតិឲ្យមានច្បាប់កាន់តែរឹងមាំទាក់ទងនឹងធុរកិច្ចដែលការពារសិទ្ធិកុមារ ដោយបញ្ចុះបញ្ចូលអ្នកតាក់តែងច្បាប់ធំៗ ដូចជាសហភាពអឺរ៉ុប ជាដើម ។ ដូច្នេះ សភាពាណិជ្ជកម្មអ៊ឺរ៉ុបនៅកម្ពុជា បានបង្ហាញនិន្នាការនីតិប្បញ្ញត្តិនៅក្នុងសហភាពអឺរ៉ុប ដែលគាំទ្រធុរកិច្ចឲ្យយល់ និងរៀបចំខ្លួនដើម្បីបំពេញទំនួលខុសត្រូវ និងលក្ខខណ្ឌច្បាប់នាពេលអនាគត ។ គោលការណ៍នេះ ក៏បានគាំទ្រដល់ធុរកិច្ចធំៗនៅកម្ពុជាផងដែរ ដូចជា ក្រុមហ៊ុនផ្តល់សេវាទូរសព្ទចល័តស្មាត (Smart Axiata) ដើម្បីបង្កើនកិច្ចការពារកុមារ ដោយក្រុមហ៊ុនស្មាត បានបង្កើត និងផ្សព្វផ្សាយខ្លឹមសារអប់រំកុមារ និងឪពុកម្តាយអំពីហានិភ័យតាមប្រព័ន្ធអនឡាញ។ ក្រុមហ៊ុនស្មាត បានចូលរួមជាមួយសមាគមផលិតផលវាយនភ័ណ្ឌ សំលៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរក្នុងប្រទេសកម្ពុជា នៅក្នុងកិច្ចពិភាក្សាអំពីវឌ្ឍនភាពដែលបានសម្រេចបានកន្លងមក បញ្ហាប្រឈមដែលបានជួបប្រទះ និងផែនការអនាគត ។

លោក រស្មី ហុង នាយកអង្គការ Save the Children ប្រចាំកម្ពុជា បាន​ថ្លែងចំណាប់អារម្មណ៍បិទ​វេទិកានេះ។​ លោកបានកត់សម្គាល់ពីផលវិជ្ជមានពីកំណើនសេដ្ឋកិច្ចរបស់កម្ពុជាមកលើកុមារ ប៉ុន្តែក៏បានគូសបញ្ជាក់ផងដែរថា ពួកគេនៅតែប្រឈមមុខនឹងបញ្ហាជាច្រើន ជាពិសេសបន្ទាប់ពីមានជំងឺរាតត្បាតជា
សកល។ “ខ្ញុំសូមអំពាវនាវដល់លោក លោកស្រី  ឲ្យបន្តការប្តេជ្ញាចិត្តក្នុងការគោរពសិទ្ធិកុមារនៅក្នុងគ្រប់ទិដ្ឋភាពនៃយុទ្ធសាស្ត្រ និងប្រតិបត្តិការធុរកិច្ចរបស់លោកអ្នក។ សូមចងចាំថា ការគាំទ្ររបស់អ្នកចំពោះនិយោជិត និងសហគមន៍របស់អ្នក និងការផ្លាស់ប្តូរដែលអ្នកបានបង្កើតនៅក្នុងការងាររបស់អ្នក និងនៅក្នុងទីផ្សារ អាចផ្តល់ផលវិជ្ជមានមកលើជីវិតរបស់កុមារ។ យូនីសេហ្វ និងអង្គការ Save the Children នឹងបន្តគាំទ្រកុមារ គ្រួសារ និងសហគមន៍របស់ពួកគេ ហើយយើងនឹងមានវត្តមាននៅទីនេះជានិច្ចសម្រាប់អ្នកផងដែរ ក្នុងនាមជាដៃគូ ពីព្រោះយើងអាចបង្កើតលទ្ធផលកាន់តែច្រើន នៅពេលយើងសហការគ្នា»។


សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖

  • លោក មាស ប៊ុនលី មន្រ្តីជំនាញផ្នែកទំនាក់ទំនង យូនីសេហ្វកម្ពុជា
    ទូរសព្ទ៖ +៨៥៥ ១២ ៧៣៣ ៩០៩  ឬសារអេទ្បិកត្រូនិក៖ bmeas@unicef.org
  • លោក តាំង វីដា ប្រធានក្រុមទំនាក់ទំនង និងយុទ្ធនាការផ្សព្វផ្សាយ អង្គការ Save The Children ប្រចាំកម្ពុជា
    ទូរសព្ទ៖ +៨៥៥ ១៦ ៥៤១ ៦១៦  ឬសារអេទ្បិកត្រូនិក៖ vida.taing@savethechildren.org          

 

© UNICEF Cambodia/2023/Bunsak But
UNICEF Cambodia/2023/Bunsak But

ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ

លោក​ មាស ប៊ុនលី
មន្ត្រីជំនាញផ្នែកទំនាក់ទំនង
យូនីសេហ្វកម្ពុជា
ទូរស័ព្ទ: +85523260204;ext=435
អ៊ីម៉ែល: bmeas@unicef.org

About UNICEF

UNICEF promotes the rights and wellbeing of every child, in everything we do. Together with our partners, we work in 190 countries and territories to translate that commitment into practical action, focusing special effort on reaching the most vulnerable and excluded children, to the benefit of all children, everywhere.

For more information about UNICEF and its work for children, visit www.unicef.org.

Follow UNICEF on Twitter and Facebook