យូនីសេហ្វ និងអង្គការទស្សនៈពិភពលោកអន្តរជាតិ ជំរុញឱ្យមានការអនុវត្តវិធានការជាបន្ទាន់ ដើម្បីស្រោចស្រង់ការថយចុះគួរឱ្យបារម្ភនៃអត្រាបំបៅកូនដោយទឹកដោះម្តាយនៅកម្ពុជា

25 សីហា 2023
UNICEF and WVI urge immediate action to reverse the alarming decline in breastfeeding rates in Cambodia
UNICEF Cambodia/2023/Bunsak But
Cambodia's celebration of world breastfeeding week workshop

យូនីសេហ្វ អង្គការទស្សនៈពិភពលោកអន្តរជាតិ និងដៃគូនានា បានធ្វើការព្រមានពីការថយចុះយ៉ាងគំហុកនៃអត្រាបំបៅកូនដោយទឹកដោះម្តាយនៅកម្ពុជា ដូចបង្ហាញឱ្យឃើញក្នុងការអង្កេតប្រជាសាស្ត្រ និងសុខភាពកម្ពុជាចុងក្រោយ ២០២១-២០២២។ ការអង្កេតនេះបង្ហាញថា ការបំបៅកូនដោយទឹកដោះម្តាយភ្លាមៗក្រោយសម្រាល ពោលគឺការreachផ្តល់ទឹកដោះម្តាយដល់ទារកក្នុងអំឡុង ១ ម៉ោងដំបូងក្រោយសម្រាល បានថយចុះពី ៦៦% មក ៥៤% ក្នុងទសវត្សរ៍ចុងក្រោយនេះ ខណៈពេលដែលការបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់ ពោលគឺការផ្តល់តែទឹកដោះម្តាយជាអាហារសម្រាប់ទារកនៅក្នុងរយៈពេល ៦ ខែដំបូងនៃជីវិត ថយចុះពី ៧៤% មក ៥០%។

លទ្ធផលទាំងនេះ គឺជាការគួរឱ្យបារម្ភ ត្បិតការបំបៅកូនដោយទឹកដោះម្តាយ គឺជាវិធីមួយក្នុងចំណោមវិធីដែលមានប្រសិទ្ធភាពបំផុត ដើម្បីជួយឱ្យកុមាររស់រាន និងមានសុខភាពមាំមួន នៅពេលជីវិតរបស់ពួកគេបានចាប់ផ្តើម។ បើតាមការប៉ាន់ប្រមាណជាសកល គេអាចសង្គ្រោះជីវិតកុមារប្រមាណ ៨២0.000 នាក់ជារៀងរាល់ឆ្នាំ ប្រសិនបើការបំបៅកូនដោយទឹកដោះម្តាយមានការកើនឡើងរហូតដល់កៀកនឹងកម្រិតសកល។ ការបំបៅកូនដោយទឹកដោះម្តាយ ក៏ជួយដល់ការរៀនសូត្ររបស់កុមារ និងបង្ការភាពធាត់ជ្រុល និងជំងឺរ៉ាំរ៉ៃ នៅពេលដែលកុមារកាន់តែចម្រើនវ័យនៅក្នុងជីវិតផងដែរ។

“ទឹកដោះម្តាយ គឺជាអំណោយដ៏ពិសិដ្ឋមួយ ដែលម្តាយអាចផ្តល់ឱ្យកូនរបស់ខ្លួន។ ទារកបៅទឹកដោះម្តាយ ច្រើនតែបន្តរស់រាន ទទួលបានការការពារកាន់តែប្រសើរទប់ទល់នឹងជំងឺដែលបង្កការគំរាមកំហែងដល់ជីវិត និងអាចចម្រើនវ័យក្លាយជាមនុស្សពេញវ័យដែលមានសុខភាពមាំមួន” នេះបើតាមប្រសាសន៍របស់លោកបណ្ឌិត វីល ផាកស៍នាយកយូនីសេហ្វប្រចាំប្រទេសកម្ពុជា។ លោកបានបន្តទៀតថា “យើងត្រូវបន្តការប្តេជ្ញាចិត្តរបស់យើង ក្នុងការកសាងនូវបរិយាកាសកាន់តែប្រសើរ ដើម្បីផ្តល់ឱ្យស្ត្រីជាម្តាយនូវចំណេះដឹង និងលទ្ធភាពបំបៅកូនដោយទឹកដោះម្តាយក្នុងគ្រប់កាលៈទេសៈទាំងអស់ ចាប់ពីពេលដែលកូនទើបសម្រាលនៅមណ្ឌលសុខភាព រហូតដល់ក្នុងគេហដ្ឋាន និងកន្លែងធ្វើការរបស់ម្តាយ។  តាមរយៈការធ្វើបែបនេះ កុមារគ្រប់រូបអាចលូតលាស់បានយ៉ាងល្អបំផុតនៅក្នុងជីវិត ហើយយើងបានកសាងគ្រឹះសម្រាប់មនុស្សជំនាន់ក្រោយរបស់កម្ពុជាឱ្យមានភាពរីកចម្រើន។”

ការអង្កេតប្រជាសាស្ត្រ និងសុខភាពកម្ពុជា ២០២១-២២ រកឃើញថា កត្តាជាច្រើនដែលអាចរួមចំណែកនាំឱ្យអត្រាបំបៅកូនដោយទឹកដោះម្តាយមានការថយចុះ មានដូចជា ការបន្តផ្សព្វផ្សាយយ៉ាងគំហុកនៃផលិតផលជំនួសទឹកដោះម្តាយ ដូចជា ម្សៅទឹកដោះគោទារកជាដើម កង្វះការយល់ដឹងអំពីអត្ថប្រយោជន៍នៃការបំបៅកូនដោយទឹកដោះម្តាយដែលមានច្រើនជាងម្សៅទឹកដោះគោទារក និងការគាំទ្រតិចតួចដល់ម្តាយដែលកំពុងបំបៅដោះកូន ពេលដែលពួកគេវិលចូលធ្វើការវិញ។ ការថយចុះការបំបៅកូនដោយទឹកដោះម្តាយត្រូវបានគេសង្កេតឃើញថា មានការថយចុះរួចទៅហើយ សូម្បីតែមុនពេលដែលមានការរាតត្បាតជាសកលនៃជំងឺកូវីដ-១៩។

លោកស្រី ក្រាណា ពូ សែវវី   ប្រធានបច្ចេកទេសផ្នែកអាហារូបត្ថម្ភ នៃអង្គការទស្សនៈពិភពលោកអន្តរជាតិ នៅកម្ពុជាមានប្រសាសន៍ថា “តាមរយៈកម្មវិធីសុខភាព និងអាហារូបត្ថម្ភរបស់យើង អង្គការទស្សនៈពិភពលោក បានសហការជាមួយមណ្ឌលសុខភាព មាតាបិតា អ្នកផ្តល់ការថែទាំ និងតំណាងសហគមន៍ ដើម្បីលើកកម្ពស់ការបំបៅកូនដោយទឹកដោះម្តាយ។ ការបំបៅកូនដោយទឹកដោះម្តាយ គឺជាការទទួលខុសត្រូវរួម ហើយចាំបាច់ត្រូវមានការគាំទ្រពីគ្រប់ផ្នែកទាំងអស់នៃសង្គម។ យើងសូមជំរុញឱ្យគ្រប់គ្នាយកចិត្តទុកដាក់វិនិយោគលើការបំបៅកូនដោយទឹកដោះម្តាយ ដើម្បីកម្ពុជាកាន់តែមានការរីកចម្រើនប្រកបដោយចីរភាព។”

កម្លាំងពលកម្មជាស្ត្រីសរុបនៅកម្ពុជាមាន ៤៧,១% ក្នុងឆ្នាំ ២០២២ តែទោះជាយ៉ាងនេះក្តី ការសម្រាក          មាតុភាពដោយទទួលបានប្រាក់ឈ្នួល បច្ចុប្បន្នមានត្រឹមតែ ៩០ ថ្ងៃប៉ុណ្ណោះ ពោលគឺតិចជាងចំនួនថ្ងៃអប្បរមាដែលត្រូវបានកំណត់នៅក្នុងអនុសាសន៍របស់អង្គការពលកម្មអន្តរជាតិដែលកំណត់យក ១៨ សប្តាហ៍ (ស្មើនឹង ១២៦ ថ្ងៃ)។  

យូនីសេហ្វ និងដៃគូ សូមអំពាវនាវឱ្យភាគីពាក់ព័ន្ធទាំងអស់ ចាត់វិធានការជាក់លាក់ ដើម្បីស្រោចស្រង់ការថយចុះនៃការបំបៅកូនដោយទឹកដោះម្តាយ តាមរយៈការបង្កើតនូវបរិយាកាសកាន់តែប្រសើរ ដើម្បីឱ្យសហគមន៍ គ្រួសារ និងឪពុកម្តាយជួយសម្រួលដល់ការបំបៅកូនដោយទឹកដោះម្តាយ និងដើម្បីឱ្យម្តាយអាចបំបៅកូនរបស់ខ្លួនបាន។ សកម្មភាពទាំងនេះរួមមាន៖

  • ពង្រឹងការអនុវត្តលិខិតបទដ្ឋានជាតិដែលមានរួចស្រាប់ (អនុក្រឹត្យលេខ ១៣៣) ស្តីពីការផ្សព្វផ្សាយលក់ផលិតផលសម្រាប់ចិញ្ចឹមទារក និងកុមារ និងផលិតផលផ្សេងៗទៀត ដែលអាចនាំឱ្យការបំបៅកូនដោយទឹកដោះម្តាយមានការថយចុះ ស្របតាមបទដ្ឋានអន្តរជាតិស្តីពីការផ្សព្វផ្សាយលក់ផលិតផលជំនួសទឹកដោះម្តាយ។
  • គំាទ្រដល់ម្តាយដែលនៅកំពុងបំបៅដោះកូននៅតាមទីកន្លែងធ្វើការរបស់ពួកគេ ដូចជាតាមរយៈការផ្តល់ការសម្រាកមាតុភាពដោយមានប្រាក់ឈ្នួល យ៉ាងហោចណាស់រយៈពេល ៦ ខែ ការផ្តល់ម៉ោងធ្វើការដោយមានភាពបត់បែន បន្ទប់បំបៅដោះកូន និងទារកដ្ឋាន។
  • ផ្តល់ប្រឹក្សាអំពីការបំបៅកូនដោយទឹកដោះម្តាយដោយអ្នកជំនាញ និងផ្តល់ការគាំទ្រឱ្យម្តាយអាចបំបៅដោះកូនបាន ចាប់ពីពេលសម្រាលនិងក្រោយពេលម្រាល។
  • បង្កើនការយល់ដឹងរបស់សាធារណៈជន និងពង្រឹងការកៀរគរចលនាសង្គម ផ្តោតលើសារៈសំខាន់នៃការឆាប់បំបៅកូនដោយទឹកដោះម្តាយ និងការបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់ ដោយប្រើប្រាស់ច្រកអប់រំផ្សព្វផ្សាយនានា។
  • ជំរុញឱ្យសមាជិកគ្រួសារ ជាពិសេសឪពុក ជីដូន និងអ្នកផ្តល់ការថែទាំដទៃទៀត ចូលរួមផ្សព្វផ្សាយពីការបំបៅកូនដោយទឹកដោះម្តាយ និងជួយឱ្យម្តាយធ្វើការសម្រេចចិត្តផ្អែកលើព័ត៌មានត្រឹមត្រូវអំពីការបំបៅកូនដោយទឹកដោះម្តាយ។

លោកជំទាវវេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី រដ្ឋលេខាធិការក្រសួងសុខាភិបាល មានប្រសាសន៍ថា “ក្រសួងសុខាភិបាលបាននឹងកំពុងអនុវត្តសកម្មភាពជាច្រើន ដើម្បីលើកទឹកចិត្តឱ្យមានការអនុវត្តទម្លាប់ចិញ្ចឹមទារក និងកុមារតូចឱ្យបានល្អបំផុត ដូចជាការអនុវត្តគំនិតផ្តួចផ្តើមមណ្ឌលសុខភាពស្រឡាញ់ទារក និងគោលនយោបាយជាតិស្តីពីការចិញ្ចឹមទារក និងកុមារតូច ជាដើម។ យើងក៏សូមលើកទឹកចិត្តឱ្យបុគ្គលិកសុខាភិបាលទំាងអស់អនុវត្តតាមអនុក្រឹត្យលេខ ១៣៣ ស្តីពីទីផ្សារផលិតផលសម្រាប់ទារក និងអាហារបំប៉នសម្រាប់​កុមារ​ និងចូលរួមការពារ លើកកម្ពស់ និងគាំទ្រដល់ការបំបៅកូនដោយទឹកដោះម្តាយនៅតាមកន្លែងធ្វើការរបស់ពួកគេ។”

ដើម្បីឆ្លើយតបចំពោះការថយចុះគួរឱ្យបារម្ភនៃអត្រាបំបៅកូនដោយទឹកដោះម្តាយ ដៃគូនៃចលនាបង្កើនអាហារូបត្ថម្ភនៅកម្ពុជា កំពុងធ្វើការរួមគ្នា ដើម្បីជួយដល់រដ្ឋាភិបាលក្នុងការពង្រឹងការអនុវត្តលិខិតបទដ្ឋានគតិយុត្តស្តីពីការផ្សព្វផ្សាយលក់ផលិតផលសម្រាប់ចិញ្ចឹមទារក និងកុមារ ឱ្យបានកាន់តែខ្លាំងក្លាបន្ថែមទៀត ដាក់ឱ្យអនុវត្តនូវបញ្ញត្តិស្តីពីការឈប់សម្រាកមាតុភាពកាន់តែប្រសើរ ធ្វើឱ្យប្រសើរឡើងនូវការផ្តល់ប្រឹក្សាអំពីការបំបៅកូនដោយទឹកដោះម្តាយ និងសេវាគាំទ្រនានា ក៏ដូចជាពង្រឹងការយល់ដឹងរបស់សាធារណៈជន និងការចូលរួមរបស់សហគមន៍ក្នុងការលើកកម្ពស់ការបំបៅកូនដោយទឹកដោះម្តាយ។

###

អំពីយូនីសេហ្វ

យូនីសេហ្វបំពេញការងារនៅតាមតំបន់ ដែលជួបការលំបាកបំផុតមួយចំនួននៅក្នុងពិភពលោក ដើម្បីផ្តល់សេវាដល់កុមារដែលជួបការលំបាកជាងគេនៅក្នុងពិភពលោក។ ជាមួយវត្តមាននៅក្នុងប្រទេស និងដែនដីជាង ១៩០ យើងធ្វើការដើម្បីកុមារគ្រប់រូបនៅគ្រប់ទិសទី ដើម្បីកសាងពិភពលោកកាន់តែប្រសើរសម្រាប់គ្រប់គ្នា។

សម្រាប់ព័ត៌មានបន្ថែមអំពីយូនីសេហ្វ និងការងាររបស់យូនីសេហ្វនៅកម្ពុជា សូមចូលមើលគេហទំព័រ៖https://www.unicef.org/cambodia

សូមតាមដានព័ត៌មានអំពីយូនីសេហ្វកម្ពុជាតាមរយៈ Facebook | Twitter | YouTube | Instagram | Linkedin

អំពីអង្គការទស្សនៈពិភពលោក

អង្គការទស្សនៈពិភពលោក បានចាប់ផ្តើមបំពេញការងារនៅក្នុងប្រទេសកម្ពុជាក្នុងទសវត្សរ៍ ១៩៧០។ តាមរយៈការសហការយ៉ាងជិតស្និទ្ធជាមួយក្រសួង ស្ថាប័នរដ្ឋាភិបាល ដៃគូ និងក្រុមសហគមន៍នៅមូលដ្ឋាន យើងធ្វើការសហការជាមួយសហគមន៍ ដើម្បីលើកកម្ពស់ជីវិតរបស់កុមារកម្ពុជា ជាពិសេសកុមារដែលជួបការលំបាកជាងគេ ដោយផ្តោតលើវិស័យសំខាន់ៗចំនួន ៣ អាហារូបត្ថម្ភចម្រុះ ការអប់រំ និងការកាពារនិងការចូលរួមរបស់កុមារ។

សម្រាប់ព័ត៌មានបន្ថែមអំពីអង្គការទស្សនៈពិភពលោកអន្តរជាតិនៅកម្ពុជា សូមចូលមើលគេហទំព័រ៖ https://www.wvi.org/cambodia
សូមតាមដានព័ត៌មានអំពីអង្គការទស្សនៈពិភពលោកអន្តរជាតិនៅកម្ពុជា តាមរយៈ Facebook | Twitter | YouTube | Instagram | Linkedin

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖

អាឌ្រាន បូណូ

ប្រធានផ្នែកទំនាក់ទំនង អង្គការយូនីសេហ្វកម្ពុជា

ទូរស័ព្ទ៖ +855 23 260 204 អ៊ីមែល៖ hbonnaud@unicef.org

ឡាយ រតនា

អ្នកគ្រប់គ្រងផ្នែកទំនាក់ទំនង និងការចូលរួមរបស់សាធារណៈជន អង្គការទស្សនៈពិភពលោកនៅកម្ពុជា
ទូរស័ព្ទ៖ +855 86 915 925  អ៊ីមែល៖ ratana_lay@wvi.org 

ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ

អាឌ្រាន បូណូ
ប្រធានផ្នែកទំនាក់ទំនង
យូនីសេហ្វកម្ពុជា
ទូរស័ព្ទ: +85592555294
អ៊ីម៉ែល: hbonnaud@unicef.org
ចាន់ ទី
មន្ត្រីទំនាក់ទំនង
យូនីសេហ្វកម្ពុជា
ទូរស័ព្ទ: +855 92 284 262
អ៊ីម៉ែល: tchan@unicef.org

About UNICEF

UNICEF promotes the rights and wellbeing of every child, in everything we do. Together with our partners, we work in 190 countries and territories to translate that commitment into practical action, focusing special effort on reaching the most vulnerable and excluded children, to the benefit of all children, everywhere.

For more information about UNICEF and its work for children, visit www.unicef.org.

Follow UNICEF on Twitter and Facebook