ការបំបៅកូនដោយទឹកដោះម្តាយ គឺជារឿងសំខាន់សម្រាប់គ្រប់គ្នា

អត្ថបទវិចារណកថាអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ក្នុងសង្គម ផ្តល់ការគាំទ្រពេញលេញ ដល់ការបំបៅកូនដោយទឹកដោះម្តាយ និងការពារធនធានមនុស្សនាពេលអនាគតរបស់ប្រទេសជាតិឲ្យមានសុខភាពមាំមួន

Foroogh Foyouzat, UNICEF Representative
 អ្នកម្តាយ រំចង់ សាមឿន អាយុ២៧ឆ្នាំ កំពុងបំបៅកូនក្នុងអំឡុងពេលដែលក្រុមការងារចុះផ្តល់សេវាចម្រុះ ដល់ភូមិរបស់គាត់ នៅភូមិប៉ាឡៃ ឃុំកែចង ស្រុកបរកែវ ខេត្តរតនគិរី ប្រទេសកម្ពុជា។
UNICEF Cambodia/2021/Antoine Raab
16 សីហា 2021

ពិភពលោកមិនធ្លាប់យកចិត្តទុកដាក់ខ្លាំង លើវ៉ាក់សាំងដូចពេលនេះឡើយ តែទោះជាយ៉ាងនេះក្តី យើងនៅតែមើលស្រាលឧបករណ៍ដ៏មានអនុភាពបំផុត សម្រាប់បង្កើនភាពស៊ាំដល់កុមារតូច នោះគឺការបំបៅកូនដោយទឹកដោះម្តាយ។ នេះគឺព្រោះតែមនុស្សជាច្រើនចាត់ទុកថា ការបំបៅកូនដោយទឹកដោះម្តាយ​ គឺជាក្តីបារម្ភផ្តាច់មុខតែរបស់ស្ត្រីដែលទើបមានកូនប៉ុណ្ណោះ។ តាមពិត វាគឺជារឿងដែលពាក់ព័ន្ធនឹងយើងទាំងអស់គ្នា ប្រសិនបើយើងពិតជាខ្វល់ខ្វាយពីសុខភាពកុមារតូច ដែលជាអ្នកស្នងវេនរបស់យើងនាពេលអនាគត។ យើងត្រូវតែបង្កភាពងាយស្រួលឲ្យម្តាយគ្រប់រូបដែលទើបសម្រាលកូនរួចអាចបំបៅកូនដោយទឹកដោះរបស់ខ្លួន។ ដោយហេតុផលនេះហើយ ទើបសប្តាហ៍ពិភពលោកបំបៅកូនដោយទឹកដោះម្តាយនៅឆ្នាំនេះ ធ្វើឡើងក្រោមប្រធានបទ “ការពារការបំបៅកូនដោយទឹកដោះម្តាយ៖ ការទទួលខុសត្រូវរួមគ្នារបស់យើងទាំងអស់គ្នា។”

តាមពិត ទឹកដោះម្តាយគឺជាវ៉ាក់សាំងដំបូងសម្រាប់ទារក ដែលផ្តល់នូវការការពារដ៏សំខាន់ ទប់ ទល់នឹងជំងឺធ្ងន់ធ្ងរជាច្រើន និងជួយឲ្យទារកអាចបន្តទទួលបានសារជាតិចិញ្ចឹមគ្រប់គ្រាន់ និងមានសុខភាពមាំមួន។ ការបង្កលក្ខណៈឲ្យការបំបៅកូនដោយទឹកដោះម្តាយអាចធ្វើទៅបានស្ទើរតែទូទាំងសកលលោក អាចជួយសង្គ្រោះជីវិតកុមារអាយុក្រោម៥ឆ្នាំ ជាង ៨២0,000 នាក់ជារៀងរាល់ឆ្នាំនៅទូទាំងសកលលោក និងអាចបង្ការការបាត់បង់ជីវិតបាន ២0,000 ករណីបន្ថែមទៀតពីជំងឺមហារីកដោះ ដែលកើតមានលើស្ត្រីជាម្តាយជារៀងរាល់ឆ្នាំ។ ទាំងនេះគឺជាអត្ថប្រយោជន៍ផ្នែកសុខភាព ដែលយើងទាំងអស់គ្នាត្រូវផ្តល់ការគាំទ្រ។

ជាការពិត រាជរដ្ឋាភិបាលកម្ពុជា បានទទួលស្គាល់ពីសារៈសំខាន់នៃទឹកដោះម្តាយជាយូរមកហើយ​ និងបានធ្វើការងារជាមួយដៃគូនានា ដើម្បីបង្កើនប្រេវ៉ាឡង់នៃការបំបៅកូនដោយទឹកដោះម្តាយ រាប់ទសវត្សរ៍មកហើយដែរ។ តួលេខអាចបង្ហាញឲ្យយើងឃើញកាន់តែច្បាស់៖ នៅក្នុងឆ្នាំ ២០០០ មានទារកត្រឹមតែ ១១% ប៉ុណ្ណោះ ដែលបៅទឹកដោះម្តាយតែមួយមុខគត់ ប៉ុន្តែអត្រានេះកើនឡើងដល់ ៧៤% នៅក្នុងឆ្នាំ ២០១០។ អ្វីដែលជាការបារម្ភនោះ គឺវឌ្ឍនភាពនេះបានរំកិលថយក្រោយមកនៅ ៦៥% វិញ បើតាមការអង្កេតសុខភាពនិងប្រជាសាស្ត្រកាលពីឆ្នាំ ២០១៤។

ហេតុអ្វីបានជាវឌ្ឍនភាពដ៏សំខាន់នេះត្រូវដើរថយក្រោយទៅវិញ? មានបញ្ហាប្រឈមជាច្រើន ប៉ុន្តែយើងសូមលើកបញ្ហាប្រឈមតែ៣ប៉ុណ្ណោះ។ បញ្ហាប្រឈមទាំងនេះមានកត្តាមួយដូចគ្នា នោះគឺវាទាមទារឲ្យមានការប្រើប្រាស់កម្លាំងសរុបនៅក្នុងសង្គម ទើបអាចយកឈ្នះវាបាន។

បញ្ហាប្រឈមទី១ គឺជាអ្វីដែលស្រ្តីជាម្តាយអាចមើលឃើញយ៉ាងច្បាស់ក្រឡែត ប៉ុន្តែអ្នកដទៃទៀតអាចមើលមិនឃើញ៖ ការបំបៅកូនមិនមែនជារឿងដែលចេះតែងាយស្រួលនោះឡើយ។ វាអាចជារឿងដែលពិបាក និងធ្វើឲ្យស្ត្រីអស់កម្លាំង និងនឿយណាយ សូម្បីតែស្រ្តីដែលបានទទួលការគាំទ្រពេញទំហឹងឲ្យអាចបំបៅកូនដោយទឹកដោះរបស់ខ្លួនផ្ទាល់ក៏ដោយ។ ម្តាយអាចមានការភាន់ភាំង នៅពេលដែលពួកគេ ទទួលបានដំបូន្មានផ្សេងៗគ្នាពីមិត្តភក្តិ គ្រួសារ មិត្តរួមការងារ និងប្រព័ន្ធផ្សព្វផ្សាយ អំពីរយៈពេលដែលត្រូវបំបៅកូន ការប្រើប្រាស់និងអត្ថប្រយោជន៍នៃម្សៅទឹកដោះគោ ពេលដែលត្រូវវិលត្រឡប់ទៅធ្វើការងារវិញ និងអ្វីដែលត្រូវធ្វើពេលត្រឡប់ទៅធ្វើការវិញ និងការមានសុវត្ថិភាព ឬគ្មាន នៃការបំបៅកូន ក្នុងអំឡុងពេលដែលមានជំងឺកូវីដ-១៩។ ម្តាយកាន់តែមានទំនុកចិត្តក្នុងការបំបៅដោះកូន មិនថាពួកគេនៅផ្ទះ នៅកន្លែងធ្វើការ ឬនៅក្នុងសហគមន៍នោះឡើយ នៅពេលដែលគ្រប់គ្នាខិតខំផ្សព្វផ្សាយសារគាំទ្រឲ្យបានដូចៗគ្នា និងបង្កើនបរិយាកាសដែលផ្តល់នូវភាពកក់ក្តៅសម្រាប់ពួកគេ។

ទី២ ចាំបាច់ត្រូវមានការតាក់តែងច្បាប់ ដើម្បីឆ្លើយតបចំពោះបញ្ហាចំនួន ២៖ ការផ្សព្វផ្សាយទីផ្សារយ៉ាងគំហុកអំពីផលិតផលទឹកដោះគោចិញ្ចឹមទារក និងការផ្តល់កិច្ចការពារនៅកន្លែងធ្វើការសម្រាប់ស្រ្តីដែលមានគ៌ត ស្រ្តីដែលកំពុងសម្រាកលំហែមាតុភាព និងស្ត្រីដែលកំពុងបំបៅដោះកូន។ បើទោះជាមានការដាក់ឲ្យអនុវត្តនូវច្បាប់ជាតិដ៏សំខាន់មួយកាលពីឆ្នាំ២០០៥ ដើម្បីគ្រប់គ្រងការផ្សព្វផ្សាយលក់ផលិតផលជំនួសទឹកដោះម្តាយ ដូចជាម្សៅទឹកដោះគោចិញ្ចឹមទារកក៏ដោយ ការផ្សព្វផ្សាយបែបបង្ខំ និងការពង្រឹងការអនុវត្តច្បាប់នៅមានកម្រិតទាប ជាកត្តារួមចំណែកធ្វើឲ្យការបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់ ត្រូវថយចុះ។ កន្លងមក មានដាក់ចេញនៅស្តង់ដារសម្រាប់ការលំហែមាតុភាព និងការផ្តល់ប្រាក់ប៉ះប៉ូវក្នុងវិស័យឯកជនដែរ ប៉ុន្តែស្តង់ដារជាតិទាំងនេះមិនទាល់ដល់កម្រិតដែលត្រូវបានលើកឡើង ក្នុងអនុសាសន៍របស់អង្គការអន្តរជាតិខាងការងារនោះឡើយ ហើយមិនមែនសុទ្ធតែត្រូវបានគេអនុវត្តពេញលេញរហូតនោះឡើយ។ លើសពីនេះ សិទ្ធិរបស់ម្តាយដែលកំពុងបំបៅដោះកូនក្នុងការវិលត្រឡប់មកកន្លែងធ្វើការវិញ ក៏មិនទាន់ត្រូវបានកំណត់នៅឡើយ។ យើងឯកភាពទាំងស្រុងជាមួយនឹងប្រសាសន៍របស់រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង នៅពេលដែលឯកឧត្តមធ្វើការប្រកាសតាមប្រព័ន្ធផ្សព្វផ្សាយកាលពីពេលថ្មីៗនេះថា “ក្រសួងសូមអំពាវនាវឲ្យគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ ជំរុញការបំបៅកូនដោយទឹកដោះម្តាយទាំងនៅថ្នាក់ជាតិ និងនៅថ្នាក់ក្រោមជាតិ។” មានការងាជាច្រើនទៀតដែលចាំបាច់ត្រូវធ្វើ ដើម្បីពង្រឹងការការពារ ការបំបៅកូនដោយទឹកដោះម្តាយ ហើយយើងទាំងអស់គ្នាសុទ្ធតែមានតួនាទីត្រូវបំពេញ។

ទី៣ ការអូសបន្លាយពេលនៃការរាតត្បាតជាសកលនៃជំងឺកូវីដ-១៩ ធ្វើឲ្យការបំបៅកូនដោយទឹកដោះម្តាយកាន់តែពិបាកសម្រាប់ស្ត្រីដែលទើបមានកូន ជាពិសេសនៅពេលដែលមានការផ្សព្វផ្សាយ ព័ត៌មានមិនពិត ឬការចែករំលែកសារដែលពុំមានភាពច្បាស់លាស់។ ស្រ្តីជាម្តាយ អាចបារម្ភខ្លាចចម្លងជំងឺនេះទៅកូនរបស់នាង តាមរយៈការប៉ះពាល់ផ្ទាល់​ ឬតាមរយៈទឹកដោះម្តាយ។ នាងអាចមានសំណួរថាតើនាងអាចចាក់វ៉ាក់សាំង ក្នុងអំឡុងពេលដែលនាងនៅកំពុងបំបៅកូនបានដែរឬទេ។ សូម្បីតែស្ត្រីជាម្តាយម្នាក់ដែលចង់ឲ្យកូនរបស់ខ្លួនទទួលបានអ្វីដែលល្អបំផុតក៏ដោយ ក៏នាងអាចត្រូវមិនដឹងថាតើត្រូវទៅរកចម្លើយចំពោះសំណួរនេះ ដោយរបៀបណា ឬនៅទីកន្លែងណា។ [insert link: https://www.unicef.org/ cambodia/stories/breastfeeding-safely-during-covid-19-pandemic​​]

 

ដូច្នេះ តើយើងអាចធ្វើការងាររួមគ្នាយ៉ាងដូចម្តេច ដើម្បីផ្តល់ការគំាទ្រដល់ស្ត្រីជាម្តាយ និងគ្រួសារ? តើយើងឆ្លើយតបចំពោះបញ្ហាប្រឈមទាំង ៣ ខាងលើយ៉ាងដូចម្តេច?

ទី១ ជាការសំខាន់ណាស់ ដែលគ្រួសារមិត្តភក្តិ នយោជក ប្រព័ន្ធផ្សព្វផ្សាយ និងរដ្ឋាភិបាលត្រូវទទួលស្គាល់ពីតួនាទីដែលខ្លួនមានក្នុងគាំទ្រក្នុងការបំបៅកូន។ យើងមិនមែនត្រឹមតែជួយដល់ម្តាយ និងកូនតូចរបស់ពួកគេនោះទេ យើងក៏កំពុងកសាងមនុស្សជំនាន់ក្រោយ កាន់តែប្រសើរនិងកាន់តែមានសុខភាពមាំមួនសម្រាប់កម្ពុជាផងដែរ។ រួមគ្នា យើងអាចជួយឲ្យកុមារសម្រេចសក្តានុពល​ពេញលេញរបស់ពួកគេ តាមរយៈការទទួលបានអាហារូបត្ថម្ភសមស្របក្នុងដំណាក់កាលអភិវឌ្ឍន៍ដ៏សំខាន់ក្នុងវ័យជាកុមារតូចរបស់ពួកគេ។ ការទទួលយកចំណុចនេះថាជាគោលដៅរួម គឺជាជំហានទី១ ហើយបន្ទាប់មកគឺវាអាស្រ័យទៅលើយើងទាំងអស់គ្នា ដែលត្រូវផ្តល់ព័ត៌មានអំពីការបំបៅកូន ដើម្បីធានាយ៉ាងណាឲ្យសារអប់រំទាំងនេះ មានភាពច្បាស់លាស់ និងមានភាពស៊ីសង្វាក់គ្នា។

ទី២ ពាក់ព័ន្ធនឹងក្របខ័ណ្ឌច្បាប់វិញ ការទទួលបានព័ត៌មានដែលត្រឹមត្រូវ ភាពងាយស្រួលទទួលបានព័ត៌មានដែលសុក្រឹត និងច្រកផ្តល់ព័ត៌មានដែលមានភាពច្បាស់លាស់ ដើម្បីអាចសួរជាសំណួរ និងរាយការណ៍ពីការបំពានច្បាប់ ក៏ជាកត្តាដ៏ចាំបាច់បំផុតផងដែរ។ ការផ្សព្វផ្សាយព័ត៌មាន   សាធារណៈឲ្យកាន់តែប្រសើរអំពីអាជ្ញាធរ ដែលត្រូវទាក់ទងទៅ នៅពេលដែលមានការព្រួយបារម្ភអ្វីមួយ និងរបៀបទទួលបានព័ត៌មានត្រឹមត្រូវអាចជាចំណុចចាប់ផ្តើមមួយដ៏អស្ចារ្យ ប៉ុន្តែអ្វីដែលគេត្រូវការជាចាំបាច់ផងដែរនោះ គឺច្បាប់ដែលមានភាពរឹងម៉ាំ និងមន្ត្រីក្នុងចំនួនគ្រប់គ្រាន់ ដើម្បីឆ្លើយតបចំពោះបណ្តឹង និងការបារម្ភនានា។ កន្លែងធ្វើការក៏បំពេញតួនាទីសំខាន់ផងដែរ។ ចំាបាច់ត្រូវពង្រឹងស្តង់ដារជាតិដែលត្រូវបានកំណត់សម្រាប់ការសម្រាកលំហែមាតុភាព និងការផ្តល់សំណងប៉ះប៉ូវបន្ថែមទៀត ដើម្បីផ្តល់ការសម្រាកលំហែមាតុភាពដោយមានការផ្តល់ប្រាក់ឈ្នួលពេញលេញ មានចំនួនដល់ ១៨សប្តាហ៍។ ចាំបាច់ត្រូវមានការផ្សព្វផ្សាយស្តង់ដារទាំងនេះ ឲ្យបានច្បាស់លាស់ដល់និយោជក និងនិយោជិត និងត្រូវមានការរៀបចំយុទ្ធនាការផ្លាស់ប្តូរឥរិយាបថ ដើម្បីធានាឲ្យមានការផ្តល់ការគាំទ្រ និងការគោរពតាមស្តង់ដារទំាងនេះ។ ការសហការឲ្យកាន់តែជិតស្និតជាមួយនឹងវិស័យឯកជន គឺជារឿងដែលសំខាន់ និងចាំបាច់ ដើម្បីធានាឲ្យគោលនយោបាយនានា ក្លាយទៅជាការអនុវត្តជាក់ស្តែង និងដើម្បីបង្កើតនូវប្រព័ន្ធ ដែលមានតម្លាភាព និងងាយស្រួលសម្រាប់អ្នកប្រើប្រាស់​ ដើម្បីរាយការណ៍អំពីការបំពានគោលការណ៍ ផ្សព្វផ្សាយផលិតផល និងការបំពាននៅកន្លែងធ្វើការ ដែលនេះគឺជាការបញ្ជូនសារយ៉ាងច្បាស់លាស់ថាការបំបៅកូនដោយទឹកដោះម្តាយ គឺជារឿងដែលទទួលបានការការពារនៅក្នុងប្រទេសកម្ពុជា។

ទី៣ បុគ្គលិកសុខាភិបាល​ត្រូវការធនធាន ដើម្បីផ្តល់ការគាំទ្រប្រកបដោយប្រសិទ្ធភាព ដើម្បីឲ្យម្តាយអាចបំបៅកូនរបស់ខ្លួន ជាពិសេសពួកគេត្រូវការព័ត៌មានច្បាស់លាស់ ថាតើការបំបៅកូនទទួលរងផលប៉ះពាល់ ឬមិនទទួលរងផលប៉ះពាល់ យ៉ាងដូចម្តេចខ្លះដោយសារជំងឺកូវីដ។ យូនីសេហ្វ និង   អង្គការសុខភាពពិភពលោកកំពុងសហការជាមួយនឹងក្រសួងសុខាភិបាល ដើម្បីផ្ទៀងផ្ទាត់ព័ត៌មាន និងផ្សព្វផ្សាយដល់សាធារណៈជនទូទៅ។ បច្ចុប្បន្ននេះ យើងដឹងថា ការបំបៅកូនក្នុងអំឡុងពេលមានការរាតត្បាតជាសកលនៃជំងឺកូវីដ-១៩ គឺជារឿងដែលមានសុវត្ថិភាព ម្តាយដែលបំបៅកូនអាចចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ បាន ហើយសូម្បីតែម្តាយដែលឆ្លងជំងឺកូវីដ-១៩ ក៏អាចបន្តបំបៅកូនបានដែរ ដរាបណាពួកគេពាក់ម៉ាស់ពេទ្យ លាងសម្អាតដៃឲ្យបានស្អាតល្អ និងធ្វើអនាម័យផ្ទៃខាងលើវត្ថុនានាឲ្យបានជាទៀងទាត់។ ការបំបៅកូនដោយទឹកដោះម្តាយ ផ្តល់នូវអត្ថប្រយោជន៍ជាច្រើន ដែលលើសពីហានិភ័យ ដែលអាចកើតមានជំងឺនានាពាក់ព័ន្ធនឹងមេរោគនេះ។

ខណៈពេលដែលសប្តាហ៍ពិភពលោកបំបៅកូនដោយទឹកដោះម្តាយ កាន់តែកៀកមកដល់ យើង​ទាំងអស់គ្នាចូលរួមក្នុងការអំពាវនាវជាសកល ឲ្យគ្រួសារ បុគ្គលិកសុខាភិបាល និយោជក និងការិយាល័យរដ្ឋាភិបាលទាំអស់អនុវត្តវិធានការ ដើម្បីគាំទ្រដល់ម្តាយដែលកំពុងបំបៅកូន និងទារករបស់ពួកគេ។ កុមារដែលអាចសម្រេចសក្តានុពលរបស់ពួកគេបានពេញលេញ ជួយត្រួសត្រាយផ្លូវ ដើម្បីឈានទៅកសាងអនាគត ដែលមនុស្សកាន់តែមានសុខភាពម៉ាំមួន សម្រាប់ប្រទេសជាតិទាំង មូល។