ឈ្វេងយល់ពីការមានផ្ទៃពោះក្នុងអំឡុងពេលរីករាលដាលជាសកលនៃជំងឺកូវីដ-១៩
វិធីការពារខ្លួនអ្នក និងកូនឲ្យបានល្អបំផុត

- English
- Khmer
ការមានផ្ទៃពោះ (ឬមានគភ៌) គឺជាពេលវេលាពិសេសមួយដែលពោរពេញដោយភាពរំភើបរីករាយ និងការទន្ទឹងរង់ចាំ។ ប៉ុន្តែសម្រាប់ស្ត្រីដែលមានផ្ទៃពោះជាច្រើន ពិតជាមានការភ័យបារម្ភ អន្ទះអន្ទែង និងមានភាពមិនប្រាកដប្រជា ដោយសារតែការរីករាលដាលនៃជំងឺកូវីដ-១៩ កំពុងកើតមាននាពេលបច្ចុប្បន្ន។
ដើម្បីជួយឲ្យស្ត្រីអាចឆ្លងកាត់ដំណាក់កាលនេះបានដោយសុវត្ថិភាព យើងបានពិភាក្សាជាមួយគ្រូពេទ្យជំនាញផ្នែកផ្ទៃពោះ និងវ៉ាក់សាំងការពារជំងឺកូវីដ-១៩ និងប្រាប់ពីដំបូន្មានណែនាំអំពីរបៀបរក្សាសុវត្ថិភាពពេលមានគភ៌ ជាពិសេសក្នុងអំឡុងពេលរីករាលដាលនៃជំងឺកូវីដ-១៩នេះតែម្តង។
ការមានផ្ទៃពោះ និងការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩
ការផលិតវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដែលមានសុវត្ថិភាព និងប្រសិទ្ធភាព គឺជាការបោះជំហានដ៏ធំមួយក្នុងកិច្ចខិតខំប្រឹងប្រែងជាសកលរបស់យើងទាំងអស់គ្នា ដើម្បីបញ្ចប់ការរីករាលដាលជាសកលនៃជំងឺនេះ ហើយអាចឲ្យយើងត្រឡប់ទៅរកពេលវេលាដែលយើងអាចធ្វើអ្វីៗជាច្រើនទៀតតាមចំណង់ចំណូលចិត្តជាមួយនឹងមនុស្សជាទីស្រលាញ់។ ខាងក្រោមនេះ គឺជាចម្លើយខ្លះៗចំពោះសំណួរមួយចំនួនដែលគេតែងសួរជាញឹកញាប់អំពីការផ្ទៃពោះ និងវ៉ាក់សាំងការពារជំងឺកូវីដ-១៩។
ប្រសិនបើខ្ញុំមានផ្ទៃពោះ តើខ្ញុំគួរចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដែរឬទេ?
ទោះបីជាហានិភ័យដែលនាំឲ្យកើតជំងឺធ្ងន់ធ្ងរដោយសារមេរោគកូវីដ-១៩ នៅមានកម្រិតទាបយ៉ាងណាក៏ដោយ ប៉ុន្តែការមានផ្ទៃពោះអាចធ្វើឲ្យអ្នកកាន់តែប្រឈមខ្ពស់នៃជំងឺធ្ងន់ធ្ងរ បើប្រៀបធៀបទៅនឹងអ្នកដែលពុំមានផ្ទៃពោះ។
បច្ចុប្បន្ន ការស្រាវជ្រាវនៅតែបន្តធ្វើជាបន្តបន្ទាប់ដើម្បីឈ្វេងយល់ពីសុវត្ថិភាព និងផលប៉ះពាល់នៃការចាក់វ៉ាក់សាំងកូវីដ-១៩ លើស្ត្រីមានផ្ទៃពោះ ប៉ុន្តែពុំមានមូលហេតុណាមួយដែលគេបានដឹងក្រៅតែអំពី អត្ថប្រយោជន៍នៃការចាក់វ៉ាក់សាំងសម្រាប់ស្ត្រីមានផ្ទៃពោះនោះឡើយ។ ហេតុដូច្នេះហើយ ស្ត្រីមានផ្ទៃពោះដែលប្រឈមខ្ពស់នៃជំងឺកូវីដ-១៩ (ឧ. បុគ្គលិកសុខាភិបាលជាដើម) ឬអ្នកដែលមានបញ្ហាសុខភាពដែលងាយនឹងឈឺធ្ងន់អាចទទួលបានការចាក់វ៉ាក់សាំង តាមរយៈការពិគ្រោះយោបល់ជាមួយនឹងអ្នកផ្តល់សេវាថែទាំសុខភាពរបស់ពួកគាត់។
តើវ៉ាក់សាំងការពារជំងឺកូវីដ-១៩ អាចប៉ះពាល់ដល់លទ្ធភាពមានកូនដែរឬទេ?
អត់ទេ! អ្នកប្រហែលជាធ្លាប់ឃើញព័ត៌មានមិនពិតនៅលើបណ្ដាញទំនាក់ទំនងសង្គម ប៉ុន្តែពុំមានភស្តុតាងណាដែលបញ្ជាក់ថាវ៉ាក់សាំងណាមួយ រួមទាំងវ៉ាក់សាំងការពារជំងឺកូវីដ-១៩ អាចបង្កផលប៉ះពាល់ដល់លទ្ធភាពមានកូនចំពោះស្ត្រី ឬបុរសឡើយ។ ប្រសិនបើអ្នកកំពុងព្យាយាមចង់បានកូន អ្នកមិនចាំបាច់ត្រូវប្តូរចិត្តវិញនោះទេ បន្ទាប់ពីទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩។
ប្រសិនបើខ្ញុំកំពុងបំបៅដោះកូន តើខ្ញុំគួរចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដែរឬទេ?
បច្ចុប្បន្ន ក្រុមអ្នកស្រាវជ្រាវកំពុងសិក្សាពីការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ លើស្ត្រីបំបៅដោះកូន ប៉ុន្តែមកដល់ពេលនេះ ព័ត៌មាននៅមានតិចតួចនៅឡើយ។ អង្គការសុខភាពពិភពលោកបានណែនាំថា វ៉ាក់សាំងនឹងត្រូវចាក់ជូនប្រសិនបើពួកគាត់គឺជាស្ត្រីបំបៅដោះកូន ដែលជាផ្នែកមួយនៃក្រុមអាទិភាពដែលត្រូវតែទទួលវ៉ាក់សាំង ដូចជាបុគ្គលិកសុខាភិបាលជាដើម។ ការបំបៅកូនដោយទឹកដោះម្តាយ អាចបន្ដជាធម្មតាបានបន្ទាប់ពីចាក់វ៉ាក់សាងរួច ហើយនៅតែជាវិធីមួយល្អបំផុតដើម្បីការពារកូនរបស់អ្នកពីជំងឺដង្កាត់នានា និងជួយឲ្យពួកគេនៅតែមានសុខភាពល្អមាំមួន។
>> អ្វីដែលអ្នកត្រូវដឹងអំពីវ៉ាក់សាំងការពារជំងឺកូវីដ-១៩
>> របៀបបំបៅដោះកូនដោយសុវត្ថិភាពក្នុងអំឡុងពេលរីករាលដាលនៃជំងឺកូវីដ-១៩
ការមានផ្ទៃពោះដោយសុវត្ថិភាពក្នុងអំឡុងពេលរីករាលដាលនៃជំងឺកូវីដ-១៩
ដើម្បីឈ្វេងយល់បន្ថែមអំពីរបៀបសម្រាប់ស្ត្រីអាចការពារខ្លួនឯង និងកូនតូចរបស់ពួកគាត់ យើងបានភិក្សាជាមួយលោកស្រី Franka Cadée ដែលជាប្រធានសហព័ន្ធឆ្មបអន្តរជាតិ។
ជំងឺកូវីដ-១៩ គឺជាមេរោគមួយថ្មី ហើយគេកំពុងបន្តសិក្សាស្រាវជ្រាវអំពីមេរោគនេះនៅឡើយ។ យើងនឹងធ្វើបច្ចុប្បន្នភាពអត្ថបទនេះនៅពេលដែលមានព័ត៌មានថ្មីៗបន្ថែមទៀត។
តើការបន្តពិនិត្យផ្ទៃពោះ អាចមានសុវត្ថិភាពដែរឬទេ?
ស្ត្រីដែលកំពុងមានផ្ទៃពោះជាច្រើន កំពុងមានការភ័យខ្លាចមិនហ៊ានទៅជួបជាមួយគ្រូពេទ្យ ខណៈដែលពួកគេកំពុងអនុវត្តវិធានការប្រុងប្រយ័ត្ននានា ដូចជាការនៅផ្ទះ និងការរក្សាគម្លាតសុវត្ថិភាពនៅពេលចេញទៅខាងក្រៅផ្ទះជាដើម។ លោកស្រី Cadée បានមានប្រសាសន៍ថា “អ្នកឃើញហើយថាមានការសម្របខ្លួនជាច្រើននាពេលបច្ចុប្បន្ននៅទូទាំងពិភពលោក ដោយឆ្មបត្រូវផ្តល់ការប្រឹក្សាគ្លីនិក ឬធ្វើការណាត់ជួបមួយចំនួនតាមទូរសព្ទ។ ដូច្នេះ អាចមានភាពខ្វះចន្លោះមួយចំនួននៅក្នុងការពិនិត្យផ្ទៃពោះ ក៏ដូចជាការតាមដានការលូតលាស់របស់ទារកក្នុងផ្ទៃ។ ខ្ញុំរំពឹងថាស្ត្រីមានផ្ទៃពោះនឹងមិនសូវជួបជាមួយគ្រូពេទ្យជំនាញញឹកញាប់ដើម្បីការពារពួកគាត់ផ្ទាល់ដូចមុនៗឡើយ ក៏ដូចជាគ្រូពេទ្យជំនាញផ្នែកថែទាំសុខភាពពីការឆ្លងមេរោគ ហើយពួកគាត់នឹងណាត់ជួបជាមួយគ្រូពេទ្យដោយផ្ទាល់តែនៅពេលណាដែលចាំបាច់ប៉ុណ្ណោះ ”។ លើសពីនេះ ក៏អាចមានការកែសម្រួលមួយចំនួនថែមទៀត អាស្រ័យទៅតាមស្ថានភាពរបស់អ្នកជំងឺម្នាក់ៗ ដូចជារវាងអ្នកដែលអាចមានហានិភ័យទាប ធៀបនឹងអ្នកដែលមានហានិភ័យខ្ពស់ក្នុងអំឡុងពេលមានផ្ទៃពោះជាដើម។
លោកស្រី Cadée បានផ្តល់ដំបូន្មានដល់អ្នកម្តាយគ្រប់រូបឲ្យឈ្វេងយល់អំពីជម្រើសនានាដែលមានសម្រាប់ពួកគាត់ពីសំណាក់គ្រូពេទ្យជំនាញ និងនៅក្នុងសហគមន៍របស់ពួកគាត់។ “អ្នកដែលផ្តល់សេវាថែទាំដល់អ្នកប្រាកដជាស្គាល់អ្នកច្បាស់ និងដឹងច្បាស់ពីតម្រូវការផ្ទាល់ខ្លួនរបស់អ្នក។ ដូច្នេះឆ្មប ឬគ្រូពេទ្យសម្ភពរបស់អ្នក គឺជាអ្នកដែលដឹងរឿងនេះច្បាស់ជាងគេ”។
បន្ទាប់ពីកូនរបស់អ្នកបានសម្រាលរួច អ្វីដែលសំខាន់ផងដែរនោះគឺត្រូវបន្តទទួលការណែនាំ ប្រកបដោយវិជ្ជាជីវៈ រួមទាំងការចាក់ថ្នាំបង្ការជាប្រចាំតាមកាលកំណត់ផងដែរ។ សូមនិយាយទៅកាន់អ្នកផ្តល់សេវាថែទាំសុខភាពរបស់អ្នកអំពីវិធីសាស្ត្រដែលមានសុវត្ថិភាពបំផុតក្នុងការណាត់ជួបជាមួយពួកគាត់ ដើម្បីរក្សា សុវត្ថិភាពសម្រាប់ខ្លួនអ្នកផ្ទាល់ និងកូនរបស់អ្នក។
>> វិធីចាក់ថ្នាំបង្ការកុមារជាប្រចាំតាមកាលកំណត់ក្នុងអំឡុងពេលរីករាលដាលនៃជំងឺកូវីដ-១៩
ប្រសិនបើខ្ញុំមានជំងឺកូវីដ-១៩ តើវាអាចឆ្លងទៅកូនរបស់ខ្ញុំដែរឬទេ?
យើងនៅតែមិនទាន់ដឹងថា តើមេរោគនេះអាចចម្លងពីម្តាយទៅកូនក្នុងអំឡុងពេលមានផ្ទៃពោះបាន ឬយ៉ាងណា។ លោកស្រី Cadée បានមានប្រសាសន៍ថា “មេរោគកូវីដ-១៩ មិនត្រូវបានគេរកឃើញថាមាននៅក្នុងទឹករំអិលទ្វារមាស ក្នុងទងផ្ចិត ឬនៅក្នុងទឹកដោះម្តាយនៅឡើយទេ បើទោះជាមានលេចចេញព័ត៌មានថ្មីៗជាបន្តបន្ទាប់ក៏ដោយ។ មកដល់ពេលបច្ចុប្បន្ននេះ គេក៏នៅមិនទាន់រកឃើញថាមេរោគកូវីដ-១៩ មាននៅក្នុងទឹកភ្លោះ ឬនៅក្នុងសុកនោះដែរ។
វិធីសាស្ត្រល្អបំផុតដែលអាចធ្វើបាន គឺត្រូវចាត់វិធានការប្រុងប្រយ័ត្នចាំបាច់គ្រប់បែបយ៉ាង ដើម្បីការពារខ្លួនឯងមិនឲ្យឆ្លងវីរុសកូវីដ-១៩។ ទោះយ៉ាងណាក៏ដោយ ប្រសិនបើអ្នកមានផ្ទៃពោះ ឬទើបសម្រាលកូនរួច ហើយមានអារម្មណ៍មិនស្រួលខ្លួន អ្នកគួរទៅជួបគ្រូពេទ្យដើម្បីទទួលការព្យាបាលជាបន្ទាន់ ហើយអនុវត្តតាមការណែនាំពីអ្នកផ្ដល់សេវាថែទាំសុខភាពរបស់អ្នក។
>> សូមអានត្រង់ចំណុច៖ “តើខ្ញុំអាចធ្វើអ្វីបានដើម្បីការពារទារកទើបនឹងកើតរបស់ខ្ញុំពីមេរោគកូវីដ-១៩?” និង“តើខ្ញុំអាចបំបៅដោះកូនដោយសុវត្ថិភាពបានដែរឬទេ?”
ខ្ញុំមានគម្រោងសម្រាលកូននៅក្នុងមន្ទីរពេទ្យ ឬគ្លីនិកថែទាំសុខភាព។ តើនេះគឺជាជម្រើសដ៏ល្អដែរឬទេ?
លោកស្រី Cadée បានផ្ដល់ជាអនុសាសន៍ណែនាំដូច្នេះថា “ស្ត្រីគួរសួរឆ្មប ឬអ្នកជំនាញថែទាំសុខភាពរបស់ពួកគាត់អំពីជម្រើសទីកន្លែងដែលមានសុវត្ថិភាពបំផុតសម្រាប់ពួកគាត់ និងរបៀបអនុវត្តតាមវិធានការប្រុងប្រយ័ត្នទៅតាមស្ថានភាពជាក់ស្តែង។ វាអាស្រ័យទៅតាមស្ត្រីជាម្តាយ ស្ថានភាពរបស់គាត់ និងប្រព័ន្ធថែទាំសុខភាពដែលមានជាក់ស្ដែងផងដែរ”។
លោកស្រី Cadée បានបន្ថែមថា “យើងសង្ឃឹមថាមូលដ្ឋានថែទាំសុខាភិបាលភាគច្រើនមានបរិក្ខារ
ផ្សេងៗ ដូចជាច្រកចូលសម្រាប់អ្នកជំងឺកូវីដ-១៩ និងច្រកមួយផ្សេងទៀតសម្រាប់អ្នកផ្សេងទៀត។ ប៉ុន្តែនៅក្នុងស្ថានភាពខ្លះ គេមិនអាចធ្វើបានដូច្នេះទាំងស្រុងនោះទេ”។
ជម្រើសដែលមានសុវត្ថិភាពបំផុតសម្រាប់អ្នក គឺសំខាន់ត្រូវនិយាយទៅកាន់អ្នកជំនាញផ្ដល់សេវាថែទាំសុខភាពដែលកំពុងផ្តល់ការគាំទ្រដល់អ្នកក្នុងអំឡុងពេលមានផ្ទៃពោះ និងខណៈពេលដែលត្រូវសម្រាលកូន។
តើដៃគូ ឬសមាជិកគ្រួសាររបស់ខ្ញុំ អាចនៅក្បែរពេលខ្ញុំសម្រាលកូនបានឬទេ?
ខណៈពេលដែលគោលនយោបាយអាចមានភាពខុសប្លែកគ្នាតាមប្រទេសនីមួយៗ លោកស្រី Cadée ជឿថាស្ត្រីគួរតែមាននរណាម្នាក់នៅក្បែរដើម្បីចាំជួយគាត់ ដរាបណាមានការអនុវត្តវិធានការប្រុងប្រយ័ត្នត្រឹមត្រូវ ដូចជាការពាក់ម៉ាស់ពេលនៅក្នុងបន្ទប់សម្រាល និងការលាងសម្អាតដៃជាដើម។ “យើងរកឃើញថានៅតាមប្រទេសខ្លះ គេមិនអនុញ្ញាតឲ្យមនុស្សផ្សេងទៀតនៅជាមួយស្ត្រីដែលកំពុងសម្រាលកូននោះទេ ហើយនេះឯងគឺជាការព្រួយបារម្ភរបស់ខ្ញុំ។ ខ្ញុំអាចយល់បានថាអ្នកចង់កាត់បន្ថយចំនួនមនុស្សនៅជាមួយស្ត្រីដែលសម្រាលកូន ដោយសារអ្នកព្យាយាមកាត់បន្ថយបុគ្គលដែលជាប់ពាក់ព័ន្ធ ហើយនេះគឺជាការសមហេតុផលណាស់ ប៉ុន្តែយើងត្រូវធានាយ៉ាងណាឲ្យមាននរណាម្នាក់នៅក្បែរគាត់ ខណៈពេលដែលគាត់កំពុងសម្រាលកូន ដូចជាដៃគូរបស់គាត់ បងប្អូនស្រីរបស់គាត់ ម្តាយរបស់គាត់ ឬមនុស្សជិតសិ្នទ្ធបំផុតទៅតាមជម្រើសរបស់គាត់។ សូមទុកទារកដែលទើបនឹងកើតឲ្យនៅជាប់ជាមួយម្ដាយ”។
“យើងត្រូវមានសមានចិត្តអាណិតអាសូរដល់គ្នា និងយល់ពីស្ថានភាពនីមួយៗតាមជាក់ស្តែង ហើយអ្នកជំនាញផ្នែកសេវាថែទាំសុខភាព និងសមាជិកគ្រួសារត្រូវប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដោយប្រើសុភវិនិច្ឆ័យរបស់ខ្លួន និងស្ដាប់គ្នាទៅវិញទៅមក។ ខ្ញុំគិតថាចំណុចនេះសំខាន់ណាស់៖ យើងត្រូវព្យាយាមធ្វើការងាររួមគ្នាក្នុងនាមជាសហគមន៍តែមួយ”។
ខ្ញុំមានអារម្មណ៍អន្ទះអន្ទែងក្នុងចិត្តយ៉ាងខ្លាំងអំពីការសម្រាលកូន។ តើខ្ញុំគួរធ្វើអ្វី ខ្លះដើម្បីទប់ទល់នឹងស្ថានភាពបែបនេះ?
ការមានផែនការទុកជាមុនសម្រាប់ការសម្រាលកូន អាចជួយបន្ធូរបន្ថយអារម្មណ៍អន្ទះអន្ទែង ដោយផ្តល់ឲ្យអ្នកនូវអារម្មណ៍នៃការគ្រប់គ្រងស្ថានការណ៍បានច្រើន ប៉ុន្តែអ្នកក៏ត្រូវទទួលស្គាល់ផងដែរថា ដោយសារស្ថានភាពបច្ចុប្បន្ន អ្វីៗមិនមែនសុទ្ធតែព្យាករត្រូវទាំងអស់ទេ គឺវាអាស្រ័យទៅតាមទីកន្លែងដែលអ្នករស់នៅ។ លោកស្រី Cadée បានផ្តល់ជាដំបូន្មានដូច្នេះថា “ផែនការរបស់អ្នកគួររួមបញ្ចូលការកំណត់ឲ្យបាន ច្បាស់លាស់ថាតើមនុស្សណាដែលអ្នកត្រូវទូរសព្ទទៅរកនៅពេលអ្នកចាប់ផ្ដើមឈឺពោះ អ្នកដែលចាំជួយអ្នកនៅពេលអ្នកកំពុងឈឺពោះ និងទីកន្លែងដែលត្រូវទៅសម្រាលកូនជាដើម។ សូមឈ្វេងយល់ពីវិធានការរឹតបន្តឹងមួយចំនួនសម្រាប់ការសម្រាលកូននៅតាមមន្ទីរពេទ្យ ជាពិសេសពាក់ព័ន្ធនឹងតម្រូវការអ្នកកំដរ និងសមាជិកគ្រួសារ”។
លោកស្រីក៏បានណែនាំឲ្យមានការអនុវត្តសកម្មភាពងាយៗមួយចំនួននៅផ្ទះផងដែរ ដើម្បីបន្ធូរបន្ថយអារម្មណ៍តានតឹង “ដូចជាការធ្វើលំហាត់ប្រាណ (ហាត់ពត់ខ្លួន) លំហាត់ដកដង្ហើម និងទូរសព្ទទៅកាន់ឆ្មប ប្រសិនបើមានការចាំបាច់”។ សូមផ្ដោតការយកចិត្តទុកដាក់លើការមើលថែទាំខ្លួនឯងឲ្យបានច្រើនបំផុតតាមដែលអាចធ្វើទៅបាន ញ៉ាំអាហារឆ្ងាញ់ៗ ផឹកទឹកឲ្យបានច្រើន ដាក់ដៃស្ទាបពោះរបស់អ្នក និងរីករាយជាមួយពេលវេលានៃការមានផ្ទៃពោះនេះ។
តើខ្ញុំគួរសួរសំណួរអ្វីខ្លះដល់គ្រូពេទ្យជំនាញដែលផ្តល់សេវាថែទាំសុខភាពរបស់ខ្ញុំ?
លោកស្រី Cadée បានគូសបញ្ជាក់ពីសារៈសំខាន់នៃការកសាងទំនាក់ទំនងប្រកបដោយទំនុកចិត្ត ជាមួយអ្នកផ្តល់សេវាថែទាំសុខភាពរបស់អ្នក។“សំណួរទាំងឡាយដែលពាក់ព័ន្ធជាមួយខ្លួនអ្នកផ្ទាល់ ក៏ដូចជា សុខភាពរបស់អ្នក ខ្ញុំនឹងសួរពួកគាត់ដោយសេរី។ ប្រសិនបើអ្នកមានទំនាក់ទំនងបើកចំហជាមួយអ្នកផ្តល់សេវាថែទាំសុខភាពរបស់អ្នក ដូចជាឆ្មប និងគ្រូពេទ្យសម្ភពជាដើម ពួកគាត់នឹងពិភាក្សារឿងទាំងនេះជាមួយអ្នក ហើយឆ្លើយតបនឹងសំណួររបស់អ្នកដោយបើកចំហ។ វាគឺជាសិទ្ធិដាច់ខាតរបស់អ្នកដែលត្រូវដឹងរឿងទាំងនេះ ព្រោះវាពាក់ព័ន្ធនឹងរាងកាយរបស់អ្នក និងកូន”។
លោកស្រី Cadée បានកត់សម្គាល់ថា “ពេទ្យឆ្មបកំពុងឆ្លើយតបទៅនឹងកំណើនតម្រូវការលើសេវារបស់ពួកគាត់ ដូចជាត្រូវការឲ្យមានវេជ្ជបណ្ឌិត និងគិលានុបដ្ឋាក ជាដើម ដូច្នេះគាត់អាចចំណាយពេលយូរបន្តិចដើម្បីឆ្លើយតប។” លោកស្រីបានលើកស្នើឲ្យមានការបង្កើតនូវប្រព័ន្ធមួយដែលកំណត់ពីរបៀបនិងពេលវេលា ដែលត្រូវទាក់ទងជាមួយគ្រូពេទ្យជំនាញផ្តល់សេវាថែទាំសុខភាពរបស់អ្នក ឧទាហរណ៍ការរៀបចំជាកាលវិភាគណាត់ជួប និងរបៀបទាក់ទងរកសេវាថែទាំបន្ទាន់ជាដើម។ អ្វីដែលមានប្រយោជន៍ផងដែរនោះ គឺការពិភាក្សាជាមួយអ្នកផ្តល់សេវាថែទាំសុខភាពជាមុន ដើម្បីសុំឯកសារថតចម្លងដែលបញ្ជាក់ពីសុខភាពរបស់អ្នក រួមមានឯកសារពិនិត្យផ្ទៃពោះ ក្នុងករណីដែលមានការអាក់ខាន ឬការផ្លាស់ប្តូរសេវាដោយប្រការណាមួយ ជាដើម។
ពាក់ព័ន្ធនឹងផែនការសម្រាលកូនរបស់អ្នកនេះផងដែរ ជាការសំខាន់ណាស់ដែលអ្នកត្រូវតែសួរសំណួរឲ្យបានច្រើនបំផុតតាមដែលអ្នកចង់សួរ។ លោកស្រី Cadée បានលើកស្នើឲ្យមានការសួរសំណួរដូចខាងក្រោម៖
- តើខ្ញុំអាចប្រឈមនឹងការឆ្លងជំងឺកូវីដ-១៩ នៅទីកន្លែងនេះដែរឬទេ?
- តើធ្លាប់មាននរណាម្នាក់មានមេរោគកូវីដ-១៩ មកកន្លែងនេះដែរឬទេ?
- តើអ្នកធ្វើការបែងចែកអ្នកដែលមានវីរុសកូវីដ-១៩ ពីអ្នកដែលគ្មានមេរោគនេះ ដោយរបៀបណា?
- តើមានសម្លៀកបំពាក់ការពារខ្លួនគ្រប់គ្រាន់សម្រាប់គ្រូពេទ្យជំនាញថែទាំសុខភាពដែរឬទេ?
- តើអាចអនុញ្ញាតឲ្យខ្ញុំយកអ្នកកំដរម្នាក់តាមខ្លួនបានដែរឬទេ? ប្រសិនបើមិនអាច ហេតុអ្វីដែរ?
- តើអាចអនុញ្ញាតឲ្យខ្ញុំទុកកូនតូចរបស់ខ្ញុំនៅជាមួយខ្ញុំបានដែរឬទេ? ប្រសិនបើមិនអាច ហេតុអ្វីដែរ?
- តើខ្ញុំអាចបំបៅដោះកូនរបស់ខ្ញុំបានដែរឬទេ? ប្រសិនបើមិនអាច ហេតុអ្វីដែរ?
- តើខ្ញុំអាចអនុញ្ញាតឲ្យខ្ញុំសម្រាលកូនតាមបែបធម្មជាតិ ឬខ្ញុំអាចសម្រាលតាមការវះកាត់ឲ្យបានឆាប់ភ្លាមៗដែរឬទេ? ប្រសិនបើអាច ហេតុអ្វីបានជាអាច?
តើស្ត្រីមានផ្ទៃពោះគួររៀបចំប្រដាប់ប្រដាអ្វីខ្លះ ពេលទៅដល់មន្ទីរពេទ្យក្នុងអំឡុងពេលរីករាលដាលនៃជំងឺកូវីដ-១៩?
លោកស្រី Cadée បានផ្តល់ជាដំបូន្មានដូច្នេះថា “ខ្ញុំមិនគិតថាស្ត្រីត្រូវយកអ្វីផ្សេងបន្ថែមទៀតនោះឡើយ ប៉ុន្តែគាត់គួរតែប្រុងប្រយ័ត្នឲ្យបានត្រឹមត្រូវជាមុន”។
លោកស្រីរំពឹងថា មន្ទីរពេទ្យខ្លះប្រហែលជាតម្រូវឲ្យស្ត្រីសម្រាលរួចត្រឡប់ទៅផ្ទះវិញលឿនជាងពេលធម្មតា ប្រសិនបើពួកគាត់មានសុខភាពមាំមួន។ លោកស្រីបានផ្តល់ជាអនុសាសន៍ណែនាំដល់ស្ត្រីដែលហៀបនឹងសម្រាលកូនដូច្នេះថា “ដូចការលើកឡើងខាងដើមដែរ ស្ថានភាពនេះអាចខុសគ្នាពីតំបន់មួយទៅតំបន់មួយទៀត ពីស្ត្រីម្នាក់ទៅស្ត្រីម្នាក់ទៀត ពីមន្ទីរពេទ្យមួយទៅមន្ទីរពេទ្យមួយទៀត ដូច្នេះអ្នកគួរតែសាកសួរទៅឆ្មប ឬគ្រូពេទ្យសម្ភពដើម្បីស្នើសុំដំបូន្មានដែលសមស្របសម្រាប់ខ្លួនឯង។
បន្ទាប់ពីខ្ញុំសម្រាលកូនរួច តើខ្ញុំត្រូវធ្វើដូចម្តេចដើម្បីការពារទារកទើបនឹងកើតពីមេរោគកូវីដ-១៩?
វិធីសាស្ត្រដែលល្អបំផុតដែលអ្នកអាចធ្វើបាន គឺងាយៗបំផុត៖ សូមនៅតែជាមួយសមាជិកគ្រួសាររបស់អ្នក និងសូមកុំឲ្យមានភ្ញៀវណាមកសួរសុខទុក្ខនៅពេលនេះ។
ថ្វីដ្បិតតែវាជាពេលវេលាដ៏ពិបាកក៏ដោយ លោកស្រី Cadée បានផ្តល់ជាយោបល់ថាគួរព្យាយាមមើលឃើញពីចំណុចវិជ្ជមានសម្រាប់ពេលនេះ ដើម្បីកសាងទំនាក់ទំនងល្អនៅក្នុងគ្រួសារ។ “ជួនកាលម្តាយ និងឪពុកដែលនៅវ័យក្មេង អាចរវល់ជាមួយនឹងការទទួលភ្ញៀវច្រើននាក់ដែលចេះតែមកសួរសុខទុក្ខជាហូរហែរ។ សូមរីករាយជាមួយនឹងពេលវេលាដ៏ស្ងប់ស្ងាត់ដែលគ្រួសាររបស់អ្នកអាចនៅជាមួយគ្នាបាននៅពេលនេះ។ នេះក៏ជាពេលវេលាដ៏ពិសេសដើម្បីកសាងទំនាក់ទំនងជាមួយកូនរបស់អ្នកផងដែរ ក៏ដូចជាឈ្វេងយល់ពីកូនតូចដែលទើបតែនឹងចាប់កំណើតម្នាក់នេះ ហើយវាគួរតែពេលវេលាដែលត្រូវរីករាយជាមួយគ្នា។
ខ្ញុំជិតសម្រាលកូនហើយ តើខ្ញុំគួរធ្វើអ្វីខ្លះដើម្បីការពារខ្លួនខ្ញុំឲ្យមានសុវត្ថិភាពក្នុងអំឡុងពេលរីករាលដាលនៃជំងឺកូវីដ-១៩?
បើយោងតាមការស្រាវជ្រាវបង្ហាញថា ស្ត្រីមានផ្ទៃពោះមិនមានហានិភ័យខ្ពស់ក្នុងការឆ្លងវីរុសកូវីដ-១៩ ជាងក្រុមមនុស្សដទៃទៀតទេ។ ការលើកឡើងបែបនេះ គឺដោយសារតែរាងកាយ និងប្រព័ន្ធភាពស៊ាំរបស់ស្រ្តីមានផ្ទៃពោះមានការប្រែប្រួល ប៉ុន្តែនៅត្រីមាសចុងក្រោយមុនសម្រាលកូន ពួកគាត់អាចរងផលប៉ះពាល់ធ្ងន់ធ្ងរដោយសារជំងឺផ្លូវដង្ហើមមួយចំនួន ដូច្នេះជាការសំខាន់ណាស់ដែលត្រូវអនុវត្តទៅតាមវិធានការប្រុងប្រយ័ត្នជាមុន។ លោកស្រី Cadée បានពន្យល់ថា “ខ្ញុំដឹងថាសម្រាប់ស្ត្រីមានផ្ទៃពោះ ពិតជាមានការពិបាកខ្លាំងណាស់ ហើយជាការពិតដែលពួកគាត់ត្រូវមើលថែទាំខ្លួនឯងផង និងទារកក្នុងផ្ទៃផង ហើយជួនពេលខ្លះពួកគាត់ក៏មានកូនផ្សេងទៀតក្នុងបន្ទុកផងដែរ។ ប៉ុន្តែបើតាមអ្វីដែលយើងដឹង ស្ត្រីមានផ្ទៃពោះមិនប្រឈមខ្ពស់នឹងការឆ្លងជំងឺជាងមនុស្សដទៃទៀតឡើយ ហេតុដូច្នេះហើយទើបពួកគាត់ចាំបាច់ត្រូវធ្វើអ្វីៗដូចគ្នានឹងអ្នកដទៃទៀតដែរ។ លោកស្រីបានផ្តល់ជាដំបូន្មានណែនាំឲ្យអនុវត្តតាមវិធានការរក្សាគម្លាតសុវត្ថិភាព ដូចខាងក្រោម៖
- គួរចៀសវាងប៉ះពាល់ជាមួយអ្នកដែលមានរោគសញ្ញានៃជំងឺដែលបង្កឡើងដោយសារមេរោគកូរ៉ូណា (កូវីដ-១៩)។
- គួរចៀសវាងការប្រើប្រាស់មធ្យោបាយធ្វើដំណើរសាធារណៈ ប្រសិនបើអាច។
- គួរធ្វើការពីផ្ទះ ប្រសិនបើអាច។
- គួរចៀសវាងការចូលរួមជួបជុំ ឬប្រមូលផ្ដុំជាទ្រង់ទ្រាយធំក្តីតូចក្តី នៅតាមទីកន្លែងសាធារណៈ ជាពិសេសនៅទីកន្លែងបិទជិត។
- គួរចៀសវៀងការជួបជុំមិត្តភក្តិ និងក្រុមគ្រួសារសាច់ញាតិ។
- គួរប្រើទូរសព្ទ ផ្ញើសារ ឬសេវាអនឡាញ ដើម្បីទាក់ទងឆ្មប គ្រូពេទ្យសម្ភព និងសេវាចាំបាច់ដទៃទៀត។
វិធានការការពារបន្ថែមរួមមាន ការពាក់ម៉ាស់ ការឧស្សាហ៍លាងសម្អាតដៃជាមួយសាប៊ូ និងទឹក ការសម្អាតនិងសម្លាប់មេរោគលើរបស់របរដែលបានប៉ះពាល់ញឹកញាប់នៅក្នុងផ្ទះ ការតាមដានខ្លួនឯងអំពីរោគសញ្ញាណាមួយ ឬរោគសញ្ញាស្រដៀងនឹងជំងឺកូវីដ-១៩ ក៏ដូចជាការស្វែងរកសេវាព្យាបាលឲ្យបានទាន់ពេលវេលាពីអ្នកផ្តល់សេវាថែទាំសុខភាព។
តើខ្ញុំអាចបំបៅដោះកូនរបស់ខ្ញុំដោយសុវត្ថិភាពបានដែរឬទេ?
លោកស្រី Cadée បានមានប្រសាសន៍ថា “បើតាមអ្វីដែលយើងដឹងរហូតមកដល់ពេលនេះ ការបន្តបំបៅដោះកូនពិតជាមានសុវត្ថិភាពឥតខ្ចោះ។ វាគឺជារឿងល្អបំផុតដែលអ្នកម្តាយគ្រប់រូបអាចធ្វើបានសម្រាប់កូនរបស់គាត់។ កន្លងមកមិនទាន់មានការរកឃើញពីការចម្លងវីរុសកូវីដ-១៩ ដែលសកម្ម (មេរោគដែលអាចបង្កការចម្លង) តាមរយៈទឹកដោះម្ដាយ និងការបំបៅកូនដោយទឹកដោះម្តាយនោះទេ”។
ប្រសិនបើអ្នកសង្ស័យថាអ្នកមានមេរោគកូវីដ-១៩ ជាការសំខាន់ណាស់ដែលត្រូវស្វែងរកការព្យាបាលឲ្យបានទាន់ពេលវេលា និងអនុវត្តតាមការណែនាំពីអ្នកផ្តល់សេវាថែទាំសុខភាពរបស់អ្នក។ អ្នកម្តាយដែលមានសុខភាពរឹងមាំនិងអាចបំបៅដោះកូនបាន គួរអនុវត្តតាមវិធានការប្រុងប្រយ័ត្ននានារួមមាន ការពាក់ម៉ាស់ ការលាងសម្អាតដៃមុននិងក្រោយប៉ះពាល់ និងសម្អាតឬសម្លាប់មេរោគលើរបស់របរនានាដែលបានប៉ះពាល់។ ប្រសិនបើអ្នកមិនស្រួលខ្លួនខ្លាំងដែលមិនអាចបំបៅកូនបាន គួរច្របាច់ទឹកដោះទុក និងបញ្ចុកកូនដោយប្រើប្រាស់ពែង ឬស្លាបព្រាដែលមានអនាម័យ ហើយទន្ទឹមនឹងនេះត្រូវអនុវត្តតាមវិធានការប្រុងប្រយ័ត្ន ដូចខាងលើដែរ។
>> សូមអានពីរបៀបបំបៅដោះកូនដោយសុវត្ថិភាពក្នុងអំឡុងពេលរីករាលដាលនៃជំងឺកូវីដ-១៩
ប្រសិនបើខ្ញុំរស់នៅកន្លែងដែលមានមនុស្សច្រើន តើខ្ញុំគួរធ្វើដូចម្ដេច?
ស្ត្រីជាច្រើននៅជុំវិញពិភពលោករស់នៅកៀកស្និទ្ធជាមួយមនុស្សជាច្រើនផ្សេងទៀត ដែលធ្វើឲ្យពួកគាត់រឹតតែពិបាកក្នុងការរក្សាគម្លាតសុវត្ថិភាព។ លោកស្រី Cadée បានទទូចថា “នៅតាមទីកន្លែងបែបនេះ ខ្ញុំស្នើសុំឲ្យសហគមន៍ទាំងមូលយកចិត្តទុកដាក់ចំពោះស្ត្រីមានផ្ទៃពោះផង”។ លោកស្រីបានផ្តល់ជាអនុសាសន៍ណែនាំឲ្យមនុស្សម្នាទាំងឡាយរក្សាគម្លាតសុវត្ថិភាពពីស្ត្រីមានផ្ទៃពោះឲ្យបានច្រើនបំផុតតាមដែលអាចធ្វើទៅបាន និងត្រូវមានបង្គន់អនាម័យជាក់លាក់សម្រាប់ពួកគាត់ផងដែរ។
យើងមិនត្រូវភ្លេចពីសារៈសំខាន់នៃការលាងសម្អាតដៃនៅក្នុងសហគមន៍នោះឡើយ។ លោកស្រី Cadée បានមានប្រសាសន៍ថា “ការលាងសម្អាតដៃមិនមែនគេចេះតែលើកមកនិយាយដោយគ្មានហេតុផលអ្វីនោះទេ ហើយមេរោគកូវីដ-១៩ និងសាប៊ូមិនត្រូវធាតុគ្នាទេ។ វាគឺជាវិធានការសាមញ្ញដែលអាចផ្តល់នូវប្រយោជន៍ជាច្រើន។ ខ្ញុំពិតជាសង្ឃឹមថា ទោះក្នុងស្ថានភាពបែបណាក៏ដោយដែលមនុស្សគ្រប់គ្នាជួបប្រទះ សហគមន៍ និងគ្រូពេទ្យជំនាញផ្ដល់សេវាថែទាំសុខភាព នឹងរិះរកប្រព័ន្ធមួយដែលមានសុវត្ថិភាពសម្រាប់ស្ត្រីមានផ្ទៃពោះ ដែលនឹងត្រូវសម្រាលបុត្រនាពេលបន្ទាប់ ដែលជាធនធានដ៏មានតម្លៃបំផុតសម្រាប់អនាគតរបស់យើងទាំងគ្នា។ ដូច្នេះធនធានទាំងនេះ ចាំបាច់ត្រូវតែមានតម្លៃសំខាន់បំផុត!”។
បទសម្ភាស និងអត្ថបទដោយ ម៉ាន់ឌី រីជ អ្នកសរសេរមាតិកាឌីជីថលរបស់យូនីសេហ្វ
អត្ថបទនេះត្រូវបានបោះពុម្ពផ្សាយជាលើកដំបូងនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ និងត្រូវបានធ្វើបច្ចុប្បន្នភាពចុងក្រោយនៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១។