ភ្នាក់ងារអង្គការសហប្រជាជាតិ និងអង្គការសង្គមស៊ីវិល ជំរុញឱ្យបង្កើនការផ្សព្វផ្សាយ ព័ត៌មានស្តីពីការចិញ្ចឹមកូនដោយទឹកដោះម្តាយ
- English
- Khmer
រាជធានីភ្នំពេញ, ២១ ខែកញ្ញា ឆ្នាំ ២០២៣ – នាឱកាសការប្រារព្ធសប្តាហ៍ពិភពលោកបំបៅកូនដោយទឹកដោះម្តាយ ឆ្នាំ២០២៣ អង្គការទស្សនៈពិភពលោកអន្តរជាតិ ប្រចាំនៅកម្ពុជា (WVI-C) យូនីសេហ្វ (UNICEF) អង្គការសុខភាព ពិភពលោក (WHO) គម្រោង Alive & Thrive នៃអង្គការ FHI360 (A&T/FHI360) អង្គការហេឡែន ខេលល័រ (Helen Keller Int’l) អង្គការភ្លែនអន្តរជាតិនៃកម្ពុជា (PIC) និងសម្ព័ន្ធដើម្បីអាហារូបត្ថម្ភកាន់តែប្រសើរឡើងនៅកម្ពុជា (SUN-CSA) បានរួមគ្នាសហការបង្កើតឱ្យមានការប្រកួតប្រជែងសរសេរអត្ថបទសម្រាប់អ្នកសារព័ត៌មាន ក្រោមប្រធានបទ៖ បង្កើតបរិយាកាសងាយស្រួលនៅកន្លែងការងារ ដើម្បីលើកកម្ពស់ការចិញ្ចឹមកូនដោយទឹកដោះម្តាយ។
គោលបំណងនៃការប្រកួតប្រជែងនេះ គឺដើម្បី (១) ជះឥទ្ធិពលជាវិជ្ជមានលើគោលនយោបាយទាក់ទងនឹងការលើកកម្ពស់ការបំបៅកូនដោយទឹកដោះម្តាយ (២) បង្កើនការយល់ដឹងពីបញ្ហាប្រឈមរបស់ម្តាយក្នុងប្រទេសកម្ពុជាដែលមានបំណងបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់សម្រាប់រយៈពេលប្រាំមួយខែដំបូងបន្ទាប់ពីសម្រាលរួច និងការបន្តបំបៅកូនដោយទឹកដោះម្តាយឱ្យបានយូរ (៣) ការផ្តល់ដំណោះស្រាយដែលអាចទៅរួចសម្រាប់ម្តាយដែលត្រូវបំពេញ កិច្ចការងារដើម្បីជំនះឧបសគ្គចំពោះការបំបៅកូនដោយទឹកដោះម្តាយ។ អ្នកសារព័ត៌មានសរុបចំនួន ១៩រូប ពីស្ថាប័នព័ត៌មានផ្សេងៗគ្នាបានចូលរួមក្នុងការប្រកួតនេះ រួមមាន៖ ក្រុមហ៊ុនអប្សារា មេឌា សឺវីស ឯ.ក (AMS) មជ្ឈមណ្ឌលព័ត៌មានឥស្លាមកម្ពុជា ទីភ្នាក់ងារសារព័ត៌មានកម្ពុជា មជ្ឈមណ្ឌលសម្រាប់ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យនៅកម្ពុជា ទូរទស្សន៍សំឡេងកម្ពុជាឥស្លាម ខេមបូចា ខ្មែរថាមស៍ គីរីប៉ុស្តិ៍ មង្គលមីឌា វិទ្យុបារាំងអន្តរជាតិ វិទ្យុជាតិកម្ពុជា ភ្នំពេញប៉ុស្តិ៍ សារព័ត៌មានអេឡិចត្រូនិចថ្មីៗ វិទ្យុវាយោ និងវិទ្យុស្ត្រី។
លោកស្រី ខឺស្ទ៊ី មីលេវ (Kirsty Milev) នាយិកាផ្នែកគុណភាពកម្មវិធីនៃអង្គការទស្សនៈពិភពលោកអន្តរជាតិ ប្រចាំ នៅកម្ពុជា មានប្រសាសន៍ថា៖ «សារៈសំខាន់នៃតួនាទីប្រព័ន្ធផ្សព្វផ្សាយក្នុងការលើកកម្ពស់ការបំបៅកូនដោយទឹកដោះ ម្តាយ និងផ្តល់ព័ត៌មានលើការបង្កើតគោលនយោបាយនៅកម្ពុជា ជារឿងមិនអាចមើលរំលងបាន។ ការផ្សព្វផ្សាយ ព័ត៌មានស្តីពីការបំបៅកូនដោយទឹកដោះម្តាយជួយលើកកម្ពស់ការយល់ដឹង និងតម្រូវការសម្រាប់ការបង្កើតគោល នយោបាយ និងកម្មវិធីដើម្បីគាំទ្រដល់ការបំបៅកូនដោយទឹកដោះម្តាយ។ កិច្ចការងារនេះ ក៏អាចជួយលុបបំបាត់ព័ត៌មានមិនត្រឹមត្រូវ និងការយល់ដឹងខុសអំពីការបំបៅកូនដោយទឹកដោះម្តាយ ហើយជំនួសមកវិញដោយផ្តល់ឱ្យឪពុកម្តាយ និងសមាជិកគ្រួសារនូវព័ត៌មានត្រឹមត្រូវអំពីរបៀបចិញ្ចឹមកូនដោយទឹកដោះម្តាយ»។
លោកបណ្ឌិត វីល ផាកស៍ (Will Parks) នាយកយូនីសេហ្វនៅកម្ពុជា បានថ្លែងថា៖ «ខ្ញុំពិតជាមានមោទនភាព ក្រៃលែងក្នុងការអបអរសាទរសមិទ្ធផលរបស់អ្នកសារព័ត៌មានដែលបានចូលរួមក្នុងការប្រកួតប្រជែងនេះ។ ពួកគេបាន បង្ហាញអំពីរបៀបដែលប្រព័ន្ធផ្សព្វផ្សាយ អាចជាកម្លាំងដ៏មានឥទ្ធិពលក្នុងការលើកកម្ពស់ការយល់ដឹង និងតស៊ូមតិ សម្រាប់ការអនុវត្តការបំបៅកូនដោយទឹកដោះម្តាយ ដែលមានអត្ថប្រយោជន៍ទាំងចំពោះម្តាយ និងកូន។ នៅអំឡុងពេល យើងអបអរសាទរឱកាសនេះ យើងក៏សូមបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តក្នុងការបង្កើតបរិយាកាសគាំទ្រ ដែលអាចឱ្យ ម្តាយបំបៅដោះកូន នៅគ្រប់ស្ថានភាពទាំងអស់ រាប់ចាប់ពីនៅមណ្ឌលសុខភាព រហូតដល់ផ្ទះ និងកន្លែងធ្វើការ។ នេះជារបៀបដែលយើងអាចធានាថា កុមារគ្រប់រូបទទួលបានការចាប់ផ្តើមដ៏ល្អបំផុតនៃជីវិតរបស់ពួកគេ»។
យោងតាមអង្គការសុខភាពពិភពលោក និងយូនីសេហ្វ ការបំបៅកូនដោយទឹកដោះម្តាយ គឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពបំផុតមួយក្នុងការទប់ស្កាត់បញ្ហាកង្វះអាហារូបត្ថម្ភ និងធានាដល់ការលូតលាស់ និងការអភិវឌ្ឍប្រកបដោយសុខភាពល្អរបស់កុមារ។ ទឹកដោះម្តាយ ពោរពេញទៅដោយសារធាតុចិញ្ចឹម និងអង្គបដិប្រាណចាំបាច់ទាំងអស់ ដែលទារកត្រូវការ ដើម្បីលូតលាស់ និងមានសារៈសំខាន់សម្រាប់សុខុមាលភាពរបស់ទារក។ ការបំបៅកូនដោយ ទឹកដោះម្តាយ ក៏ផ្តល់អត្ថប្រយោជន៍សម្រាប់សុខភាពរបស់ម្តាយ រួមទាំងកាត់បន្ថយហានិភ័យនៃជំងឺមហារីកសុដន់ និងមហារីកដៃស្បូនផងដែរ។
ទោះបីជាការបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់រយៈពេលប្រាំមួយ (០៦) ខែដំបូង បន្ទាប់ពីសម្រាលមាន អត្ថប្រយោជន៍ និងការណែនាំដោយយូនីសេហ្វ និងអង្គការសុខភាពពិភពលោកក្តី ក៏អាត្រានៃការអនុវត្តបានថយចុះក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ។ ការស្ទង់មតិប្រជាសាស្រ្ត និងសុខភាពកម្ពុជា បានបង្ហាញថា អត្រានៃការបំបៅកូនដោយទឹកដោះតែមួយមុខគត់ បានធ្លាក់ចុះពី ៧៤% ក្នុងឆ្នាំ២០១០ មកនៅត្រឹម ៦៥% ក្នុងឆ្នាំ ២០១៤ និងបន្តធ្លាក់ចុះមកនៅត្រឹម ៥០% នៅឆ្នាំ២០២១-២០២២។
លោកជំទាវវេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី រដ្ឋលេខាធិការនៃក្រសួងសុខាភិបាល បានមានប្រសាសន៍ថា៖ «ការបំបៅ កូនដោយទឹកដោះម្តាយ មានសារៈសំខាន់សម្រាប់សុខភាព និងសុខុមាលភាពរបស់ទារក និងម្តាយ។ ទន្ទឹមនឹងនេះសមាជិកគ្រួសារ គឺជាចលករយ៉ាងសំខាន់ក្នុងការជួយគាំទ្រ និងលើកទឹកចិត្តដល់ម្តាយក្នុងការបំបៅកូនដោយទឹកដោះម្តាយប្រកបដោយជោគជ័យ។ ពិសេសសម្រាប់ស្រ្តីដែលត្រូវត្រលប់ទៅធ្វើការវិញ ពួកគាត់ក៏អាចបន្តបំបៅកូនដោយទឹកដោះរបស់ពួកគាត់បានដដែល តាមរយៈការច្របាច់ទឹកដោះទុក ឬបង្កើតបន្ទប់បំបៅនៅកន្លែងធ្វើការ។ ដូចនេះ កន្លែងធ្វើការ គួររៀបចំទីកន្លែងសមរម្យ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ស្រ្តីក្នុងការបំបៅដោះកូន ដោយប្រាកដថាកូនៗរបស់ពួកគាត់មានសុខភាពល្អ និងជៀសផុតពីបញ្ហាកង្វះអាហារូបត្ថម្ភ»។
តាមរយៈការប្រើប្រាស់បណ្តាញទំនាក់ទំនងចម្រុះ រួមមាន វិទ្យុ ទូរទស្សន៍ កាសែត និងប្រព័ន្ធផ្សព្វផ្សាយសង្គម ប្រព័ន្ធផ្សព្វផ្សាយ ដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយព័ត៌មានអំពីការបំបៅកូនដោយទឹកដោះម្តាយ អត្ថប្រយោជន៍នៃ ទឹកដោះម្តាយ និងការអនុវត្តដ៏ល្អបំផុតដែលម្តាយអាចអនុវត្តតាម។ ការផ្សព្វផ្សាយ និងការលើកកម្ពស់ការយល់ដឹងយ៉ាងសកម្មទាំងនេះ រួមចំណែកកាត់បន្ថយកង្វះអាហារូបត្ថម្ភក្នុងចំណោមកុមារអាយុក្រោម៥ឆ្នាំ នៅកម្ពុជា។
លោកស្រី ជិន សេដ្ឋា ប្រធានគម្រោង Alive & Thrive នៃអង្គការ FHI360 បានគូសបញ្ជាក់ថា៖ «កិច្ចខិតខំ ប្រឹងប្រែងរួមគ្នាដោយមានការចូលរួមពីដៃគូជាច្រើន ជាកត្តាសំខាន់សម្រាប់ការលើកកម្ពស់សុខភាព និងសុខុមាល ភាពរបស់កុមារ និងម្តាយ នៅកម្ពុជា។ ប្រព័ន្ធផ្សព្វផ្សាយដើរតួនាទីយ៉ាងសំខាន់ក្នុងកិច្ចខិតខំប្រឹងប្រែងនេះ ហើយ យើងលើកទឹកចិត្តយ៉ាងពេញទំហឹងឱ្យប្រព័ន្ធផ្សព្វផ្សាយ បន្តផ្សព្វផ្សាយពីកិច្ចការងារនេះ និងលើកកម្ពស់ការយល់ដឹង ពីសារៈសំខាន់នៃការបំបៅកូនដោយទឹកដោះម្តាយនៅកម្ពុជា»។
លោក យី គឹមថាន នាយករងប្រចាំប្រទេសទទួលបន្ទុកផ្នែកកម្មវិធីនៃអង្គការភ្លែនអន្តរជាតិនៃកម្ពុជា បានលើកឡើងថា៖ «កន្លងមក ប្រព័ន្ធផ្សព្វផ្សាយសារព័ត៌មាន និងបណ្តាញព័ត៌មានសង្គម ដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកធ្វើឱ្យប្រសើរឡើងនូវអត្រាបំបៅកូនដោយទឹកដោះម្តាយ និងជំរុញការបំបៅកូនដោយទឹកដោះម្តាយនៅកម្ពុជា តាមរយៈការលើកកម្ពស់ការយល់ដឹង ការអប់រំដល់សាធារណៈជន ការធ្វើឱ្យការបំបៅកូនដោយទឹកដោះម្តាយក្លាយជារឿងធម្មតា ការបង្ហាញពីភាពជាគំរូ និងការតស៊ូមតិសម្រាប់គោលនយោបាយគាំទ្រ។ យើងសូមលើកទឹកចិត្តឱ្យប្រព័ន្ធផ្សព្វផ្សាយ សារព័ត៌មាន បន្តលើកកម្ពស់ការបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់ និងយូរជាងនេះ ជាពិសេសឪពុកម្តាយដែលធ្វើការនៅក្នុងប្រទេសកម្ពុជា»។
ចំណែកលោក ហ៊ូ ក្រើន នាយកប្រចាំប្រទេសអង្គការហេឡេន ខេលល័រ កម្ពុជា បានលើកឡើងថា៖ «ការបំបៅកូន ដោយទឹកដោះម្តាយ មិនមែនគ្រាន់តែជាជម្រើសផ្ទាល់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែជាទំនួលខុសត្រូវរួមគ្នាក្នុងការគាំទ្រឪពុក ម្តាយដែលធ្វើការ និងធានាថាកូនៗរបស់ពួកគេមានសុខភាពល្អ។ តាមរយៈការផ្តល់នូវបរិយាកាសអំណោយផល និង ការតស៊ូមតិសម្រាប់គោលនយោបាយគាំទ្រការបំបៅកូនដោយទឹកដោះម្តាយនេះ យើងអាចពង្រឹងសិទ្ធអំណាចដល់ឪពុកម្តាយដែលធ្វើការ ដើម្បីធ្វើឱ្យការបំបៅកូនដោយទឹកដោះម្តាយអាចប្រព្រឹត្តទៅបាន។ តាមរយៈការប្រកួតប្រជែងផ្នែកសារព័ត៌មាននេះ យើងសង្ឃឹមថានឹងបង្កើនសំឡេង និងបទពិសោធដែលមានឥទ្ធិពលជាវិជ្ជមាននៃការចិញ្ចឹមកូនដោយទឹកដោះម្តាយទៅដល់ឪពុកម្តាយ និងកូនរបស់ពួកគេ»៕
ព័ត៌មានបន្ថែម សូមទាក់ទង៖
សរ ពិសី អ្នកជំនាញជាន់ខ្ពស់ផ្នែកកិច្ចការសាធារណៈនៃអង្គការទស្សនៈពិភពលោកអន្តរជាតិ ប្រចាំនៅកម្ពុជា
តាមរយៈលេខទូរសព្ទ៖ ០៨៦ ២៧២ ៣៧២ | អ៊ីមែល៖ [email protected]
ចាន់ សុវត្ថិ មន្ត្រីប្រព័ន្ធផ្សព្វផ្សាយនៃអង្គការភ្លែនអន្តរជាតិកម្ពុជា
តាមរយៈលេខទូរសព្ទ៖ ០៩៨ ៩៨០ ៥២០ | អ៊ីមែល៖ [email protected]
ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ
About UNICEF
UNICEF promotes the rights and wellbeing of every child, in everything we do. Together with our partners, we work in 190 countries and territories to translate that commitment into practical action, focusing special effort on reaching the most vulnerable and excluded children, to the benefit of all children, everywhere.
For more information about UNICEF and its work for children, visit www.unicef.org.