ការឆ្លើយតបចំពោះការធ្លាក់ចុះនៃការបំបៅដោះកូនដោយទឹកដោះម្តាយ
យុទ្ធនាការផ្សព្វផ្សាយ និងផ្លាស់ប្តូរឥរិយាបទសង្គម កំពុងគាំទ្រម្តាយនៅតំបន់ពិបាកទៅដល់ និងផ្សព្វផ្សាយពីអត្ថប្រយោជន៍ពេញមួយជីវិតនៃការបំបៅដោះកូនដោយទឹកដោះម្តាយ

- Available in:
- English
- Khmer
អ្នកស្រី កាំង វ៉ាន់ឌី អាយុ៣១ឆ្នាំ ជាអាជីវករលក់ចាប់ហួយ និងជាម្ដាយរបស់កូនពីរនាក់ ដឹងថាទឹកដោះម្ដាយមានសារសំខាន់ណាស់សម្រាប់កូនៗរបស់គាត់ដើម្បីចាប់ផ្តើមនូវការលូតលាស់ដ៏ល្អបំផុតក្នុងដំណាក់កាលដំបូងនៃជីវិតរបស់ពួកគេ។
អ្នកស្រីបាននិយាយថា៖ “ដំបូងទឹកដោះម្តាយ គឺជួយភ្នែក ខួរក្បាលកុមារ និងពង្រឹងប្រព័ន្ធភាពស៊ាំនឹងជំងឺ ធ្វើឲ្យសុខភាពរឹតតែល្អ ដោយការពារសរីរាង្គកាយទាំងនេះពីការវាយលុករបស់មេរោគ និងជំងឺនានា។ ហើយនៅពេលពួកគេធំឡើង ពួកគេឆ្លាត នៅក្នុងការសិក្សា និងការរស់នៅក្នុងជីវិតប្រចាំថ្ងៃ។”
អ្នកស្រី វ៉ាន់ឌី រស់នៅជាមួយកូនស្រីម្នាក់អាយុបីឆ្នាំ និងកូនប្រុសម្នាក់អាយុប្រាំមួយខែ នៅក្នុងខេត្តរតនគិរី ជាខេត្តនៅព្រំដែនមានព្រៃឈើក្រាស់ ដែលគេស្គាល់ទូទៅថាជាខេត្តដែលមានព្រៃឈើស្រស់បំព្រង និងមានសហគមន៍ជនជាតិដើមភាគតិចរស់នៅតំបន់ដាច់ស្រយាល។ ដូចប្រជាជនដទៃទៀតនៅក្នុងសហគមន៍របស់ខ្លួនដែរ អ្នកស្រី វ៉ាន់ឌី ពឹងអាស្រ័យលើប្រាក់ចំណូលពីរបរកសិកម្ម។ គាត់ និងប្ដីរបស់គាត់បានធ្វើដំណើរចេញពីខេត្តបាត់ដំបងមកខេត្តរតនគិរីនេះអស់រយៈពេលជាច្រើនឆ្នាំមកហើយ ដើម្បីធ្វើចំការស្វាយចន្ទី។ បន្ទាប់ពីជំងឺកូវីត-១៩ បានវាយលុក ព្រំដែនត្រូវបានបិទ ហើយតម្លៃស្វាយចន្ទីដែលកសិករអាចទទួលបានសម្រាប់កសិផលរបស់ខ្លួន បានធ្លាក់ចុះយ៉ាងខ្លាំង។ មានគ្រួសារជាច្រើនត្រូវបង្ខំចិត្តស្វែងរកមុខរបរផ្សេងទៀតដើម្បីរកប្រាក់ចំណូល ឬក៏ខ្ចីបំណុលគេដើម្បីមានប្រាក់គ្រប់គ្រាន់សម្រាប់ចិញ្ចឹមគ្រួសារ។
ស្ត្រីជាម្ដាយជាច្រើននៅក្នុងសហគមន៍ដាច់ស្រយាល និងសហគមន៍ពិបាកទៅដល់ ដូចជាសហគមន៍នៅក្នុងខេត្តរតនគិរីជាដើម បានបាត់បង់ឱកាសក្នុងការទំនាក់ទំនងជាមួយនឹងបុគ្គលិកសុខាភិបាល។ ទោះជាយ៉ាងនេះក្ដី អ្នកស្រី វ៉ាន់ឌី បានមានប្រសាសន៍ថាគាត់នៅតែពឹងពាក់លើសេវាកម្មគាំទ្រពីមណ្ឌលសុភាពពយ និងពីគ្លីនិកក្នុងមូលដ្ឋានរបស់គាត់ដដែល ដើម្បីថែទាំសុខភាពកូនៗរបស់គាត់ ទោះបីជាមានការលំបាកផ្នែកហិរញ្ញវត្ថុក្ដី។ នៅពេលដែលគាត់មានផ្ទៃពោះក្នុងពេលដែលជំងឺកូវីត-១៩ ឆ្លងរីករាលដាលខ្លាំងបំផុតនោះ ក៏គាត់មិនដែលខកខានពីការណាត់ជួបមុនសម្រាលជាមួយគ្រូពេទ្យម្ដងណាឡើយ និងតែងតែយកកូនស្រីទៅចាក់ថ្នាំបង្ការបានជាទៀងទាត់ទៀតផង។ នៅត្រង់ចំណុចនេះហើយដែលគាត់បានដឹងពីសារសំខាន់នៃទឹកដោះម្ដាយនៅក្នុងការបង្ការជំងឺ និងជំរុញការអភិវឌ្ឍខួរក្បាលទារកដែលទើបនឹងកើត ហើយដឹងថាទឹកដោះម្ដាយ គឺជាអាហារូបត្ថម្ភដ៏ល្អបំផុត និងតែមួយមុខគត់ដែលទារកត្រូវការនៅក្នុងរយៈពេលប្រាំមួយខែដំបូងនៃអាយុរបស់ពួកគេ។
ដោយអនុវត្តតាមការណែនាំរបស់មណ្ឌលសុខភាពបានខ្ជាប់ខ្ជួន រួមមានរបៀបបំបៅកូនដោយទឹកដោះម្ដាយឲ្យបានត្រឹមត្រូវ ប្រកបដោយអនាម័យល្អ និងការផ្ដល់អាហារបន្ថែម ក្រោយពីទារកអាយុបានប្រាំមួយខែ អ្នកស្រី វ៉ាន់ឌី បានមានប្រសាសន៍ថា កូនៗរបស់គាត់មានសុខភាពល្អ និងកម្រឈឺណាស់ បើប្រៀបធៀបនឹងកុមារដទៃដែលមានអាយុស្របាលគ្នានៅក្នុងភូមិ។
គាត់បានបន្តទៀតថា “ជីវិតវាលំបាកហើយក្នុងអំទ្បុងពេលមានជំងឺកូវីដរាតត្បាត ប៉ុន្តែយើងត្រូវតែប្រឹងប្រែងរស់ ហើយឥឡូវនេះយើងកំពុងតែខិតខំធ្វើការរកចំណូលបន្ថែមទៀត។”
ការបំបៅកូនដោយទឹកដោះម្ដាយ ដោយចាប់ផ្ដើមបំបៅភ្លាមៗនៅក្នុងរយៈពេលមួយម៉ោងដំបូងក្រោយពីទារកកើត រួចហើយបំបៅទឹកដោះម្ដាយនេះតែមួយមុខគត់នៅក្នុងរយៈពេលប្រាំមួយខែទៀត ហើយបន្តបំបៅទឹកដោះម្ដាយនេះរហូតដល់រយៈពេលពីរឆ្នាំ ឬលើសពីនេះដោយមានផ្ដល់អាហារបន្ថែមដែលមានសុវត្ថិភាព និងសមស្រប ត្រូវបានចាត់ទុកថាជាការអនុវត្តមួយដែលមានប្រសិទ្ធភាពបំផុត សម្រាប់លើកកម្ពស់សុខុមាលភាពកុមារ។ ការបំបៅកូនដោយទឹកដោះម្ដាយធ្វើឲ្យប្រសើរឡើងនូវអត្រារស់រានមានជីវិតរបស់កុមារ ជួយការពារប្រឆាំងនឹងជំងឺដែលគម្រាមកំហែងដល់អាយុជីវិត និងជំងឺរ៉ាំរ៉ៃផ្សេងៗទៀត ហើយវាក៏ជួយលើកកម្ពស់ការលូតលាស់របស់កុមារប្រកបដោយសុខភាពល្អ និងការអភិវឌ្ឍតាំងពីតូចៗមកផងដែរ។
ការបំបៅដោយទឹកដោះម្ដាយក៏ជួយទ្រទ្រង់ដល់ការអភិវឌ្ឍខួរក្បាលប្រកបដោយសុខភាពល្អផងដែរ ហើយក៏ជួយបង្កើនសមត្ថភាពខួរក្បាលខ្ពស់នៅក្នុងការធ្វើតេស្តិ៍បញ្ញា នៅក្នុងចំណោមកុមារ និងយុវវ័យនៅគ្រប់កម្រិតប្រាក់ចំណូលរបស់គ្រួសារទាំងអស់។ មានការប៉ាន់ស្មានថាការជំរុញអត្រាបំបៅកូនដោយទឹកដោះម្ដាយនៅទូទាំងពិភពលោក នឹងអាចសង្គ្រោះអាយុជីវិតកុមារដែលមានអាយុក្រោមប្រាំឆ្នាំ លើសពី ៨២០.០០០ នាក់ ជារៀងរាល់ឆ្នាំ។

ខណៈដែលស្ត្រីជាម្ដាយភាគច្រើននៅក្នុងប្រទេសកម្ពុជាជ្រើសរើសយកការបំបៅកូនដោយទឹកដោះខ្លួន ក៏មានការស្រាវជ្រាវមួយបង្ហាញថាប្រេវ៉ាឡង់នៃការបំបៅកូនដោយទឹកដោះម្ដាយតែមួយមុខគត់រហូតដល់ទារកអាយុប្រាំមួយខែដែលជាស្តង់ដារណែនាំដោយយូនីសេហ្វ និងដោយអង្គការសុខភាពពិភពលោក (WHO) មានការធ្លាក់ចុះជាលំដាប់នៅក្នុងប្រទេសនាទស្សវត្សរ៍កន្លងទៅ។ ទោះបីជាមានវឌ្ឍនភាពខ្ពស់សម្រេចបាននៅចន្លោះឆ្នាំ២០០០ និងឆ្នាំ២០១០ ដែលឃើញមានការកើនឡើងនូវតួលេខទាំងនេះក្តី។ ការអង្កេតប្រជាសាស្ត្រ និងសុខភាពកម្ពុជា (CDHS) ពីឆ្នាំ២០១៤ បានរកឃើញថាការបំបៅកូនដោយទឹកដោះម្ដាយតែមួយមុខគត់បានធ្លាក់ចុះពីចំនួន ៧៣.៥% នៅក្នុងឆ្នាំ ២០១០ មកនៅត្រឹមចំនួន ៦៥% នៅក្នុងឆ្នាំ ២០១៤ ភាគច្រើនធ្លាក់ចុះនៅតំបន់ទីប្រជុំជន ហើយមានកុមារតែក្នុងចំនួន ៣៧% ប៉ុណ្ណោះបានទទួលនូវការបំបៅដោយទឹកដោះម្ដាយនេះ បន្តរហូតដល់អាយុពីរឆ្នាំ ដូចដែលបានណែនាំដោយអង្គការ WHO។ នៅក្នុងឆ្នាំ ២០២១ តួលេខទាំងនេះបានបន្តធ្លាក់ចុះតទៀត ដោយមានកុមារត្រឹមចំនួន ៥១% ប៉ុណ្ណោះ បានទទួលនូវការបំបៅទឹកដោះម្ដាយតែមួយមុខគត់ នៅក្នុងរយៈពេលប្រាំខែដំបូងនៃអាយុរបស់ពួកគេ។
ការធ្លាក់ចុះយ៉ាងគំហុកនេះត្រូវបានកំណត់ថាបណ្ដាលមកពីកត្តាមួយចំនួន រួមមានការផ្សាយពាណិជ្ជកម្មអួតហួសហេតុអំពីម្សៅទឹកដោះគោ និងការអនុវត្តខ្សោយនូវបទប្បញ្ញត្តិជាតិក្នុងការគ្រប់គ្រងការអនុវត្ត ការខ្វះការគាំទ្រចំពោះស្ត្រីដែលដែលត្រូវបានតម្រូវឲ្យត្រឡប់ចូលធ្វើការវិញភ្លាមៗ បន្ទាប់ពីសម្រាលកូន ក៏ដូចជាការខ្វះការយល់ដឹងអំពីអត្ថប្រយោជន៍នៃការបំបៅកូនដោយទឹកដោះម្ដាយ ការផ្សព្វផ្សាយព័ត៌មានខុស និងការនិយាយតៗគ្នាមិនច្បាស់លាស់រាលដាលពីមាត់មួយទៅមាត់មួយ។ ការសិក្សាមួយបានរកឃើញថាមានស្ត្រីជាម្ដាយ និងអ្នកមើលក្មេងជាច្រើន ជាពិសេសនៅទីប្រជុំជន យល់ឃើញថាម្សៅទឹកដោះគោធ្វើឲ្យទារកមានសុខភាពល្អ និងមានអាហារូបត្ថម្ភច្រើនជាង នៅពេលដែលរបបអាហារផ្ទាល់ខ្លួនរបស់ស្ត្រីជាម្ដាយមិនល្អគ្រប់គ្រាន់នោះទេ ដែលការយល់ឃើញនេះគឺមិនត្រឹមត្រូវនោះទេ។
លោកស្រី Selamawit Negash ជាអ្នកឯកទេសអាហារូបត្ថម្ភរបស់យូនីសេហ្វប្រចាំកម្ពុជាបានមានប្រសាសន៍ថា “ការដើរបញ្ច្រាសទៅនឹងទិន្នាការវិជ្ជមានទាំងនេះគឺធ្វើឲ្យមានការព្រួយបារម្ភជាខ្លាំង ព្រោះកុមារមានអាយុក្រោមប្រាំមួយខែ ដែលទទួលការបំបៅដោយទឹកដោះម្ដាយត្រឹមមួយរយៈណានោះ មានការប្រឈមកាន់តែខ្ពស់ទៅនឹងមរណភាព ជាពិសេសដោយសារជំងឺរាគរូស។” លោកស្រីក៏បានគូសបញ្ជាក់អំពីអត្ថប្រយោជន៍ដ៏ច្រើននៃទឹកដោះម្ដាយ នៅក្នុងការបង្ការជំងឺចំពោះស្ត្រីជាម្ដាយដែលបំបៅកូនដោយទឹកដោះខ្លួន រួមមានដូចជាជំងឺមហារីកក្រពេញអូវែ និងមហារីដោះ ជំងឺបេះដូង និងជំងឺទឹកនោមផ្អែមប្រភេទ ២ ជាដើម ក៏ដូចជាបានគូសបញ្ជាក់អំពីតួនាទីដ៏សំខាន់របស់វានៅក្នុងការរួមចំណែកដល់ការអភិវឌ្ឍប្រទេសជាតិទាំងមូលផងដែរ។
លោកស្រីបានបន្ថែមទៀតថា៖ “ការបំបៅកូនដោយទឹកដោះម្ដាយគឺជាចំណាត់ការដ៏សំខាន់បំផុតមួយក្នុងចំណោមចំណាត់ការសំខាន់នានាដែលមិនសម្រាប់តែដើម្បីការរស់រានមានជីវិត និងការអភិវឌ្ឍសម្រាប់កុមារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសម្រាប់សុខភាពមាតាផងដែរ។ ផលសេដ្ឋកិច្ចក៏ទទួលបានខ្ពស់ផងដែរ ព្រោះកុមារមិនសូវឈឺ ដូច្នេះសម្ពាធសេវាកម្មថែទាំសុខភាពក៏ត្រូវបានកាត់បន្ថយផងដែរ។ កាន់តែសំខាន់ទៀតនោះ ទារកដែលបៅទឹកដោះម្ដាយអាចធំលូតលាស់ពេញលេញនៅក្នុងដំណាក់កាលអភិវឌ្ឍន៍នីមួយៗនៃជីវិតរបស់ពួកគេនាពេលក្រោយ ដូចជារៀនពូកែនៅសាលារៀន និងមានកម្លាំងខ្លាំងធ្វើការងារបានច្រើននៅពេលពេញវ័យ។”
យូនីសេហ្វកំពុងគាំទ្រក្រសួងសុខាភិបាល ក្រុមប្រឹក្សាកសិកម្មនិងអភិវឌ្ឍន៍ជនបទ រួមទាំងដៃគូផ្សេងៗទៀត ឲ្យកាត់បន្ថយនូវបញ្ហាខ្វះអាហារូបត្ថម្ភចំពោះកុមារ ដោយលើកកម្ពស់និងការពារទារក និងកុមារតូច តាមរយៈរបបអាហារ និងរបៀបរបបទទួលទានរបស់កុមារ។ មួយផ្នែកធំនៃការងារនេះ ពាក់ព័ន្ធនឹងការចុះដល់មូលដ្ឋាន និងយុទ្ធនាការប្រាស្រ័យទាក់ទងផ្លាស់ប្ដូរឥរិយាបទសង្គម (SBCC) ដើម្បីតស៊ូមតិចំពោះស្ត្រីជាម្ដាយ និងគាំទ្រពួកគាត់នៅក្នុងការបំបៅកូនដោយទឹកដោះម្ដាយតែមួយមុខគត់ នៅក្នុងរយៈពេលប្រាំមួយខែដំបូងដល់ទារក បំបៅទឹកដោះម្ដាយភ្លាមៗក្រោយពីកើតបានមួយម៉ោង និងបន្តបំបៅកូនដោយទឹកដោះម្ដាយនេះរហូតដល់ពីរឆ្នាំ ដោយមានផ្ដល់នូវអាហារបន្ថែមជាមួយផងដែរ។
ការវាយតម្លៃថ្មីៗនេះទៅលើសមត្ថភាពរបស់យុទ្ធនាការ SBCC បានរកឃើញនូវចំណុចខ្វះខាតមួយចំនួនដែលនៅបន្តមាននៅក្នុងការអនុវត្តសកម្មភាព SBCC ឲ្យជោគជ័យដើម្បីលើកកម្ពស់របបអាហារនិងរបៀបរបបទទួលទានឲ្យបានល្អបំផុតសម្រាប់ស្ត្រីជាម្ដាយ សម្រាប់ទារក និងសម្រាប់កុមារតូច។ យុទ្ធនាការនេះនឹងត្រូវបានគេប្រើប្រាស់ដើម្បីរៀបចំឯកសារកសាងសមត្ថភាពដោយផ្អែកលើភស្ដុតាង ក៏ដូចជារៀបចំនូវកញ្ចប់ព័ត៌មានទុកប្រើតាមផ្ទះ សម្រាប់ស្ត្រីជាម្ដាយស្វែងយល់ផងដែរ។ ការគាំទ្រជាបន្តទៅលើសកម្មភាពចុះមូលដ្ឋាននៅក្នុងខេត្តចំនួនប្រាំនៃភូមិភាគឦសាននេះ ក៏កំពុងជួយមន្ត្រីសុខាភិបាលអាចធ្វើដំណើរទៅតំបន់ដែលពិបាកទៅដល់ និងតំបន់ដែលទទួលបាននូវសេវាតិចតួចផងដែរ ដើម្បីផ្ដល់សេវាសុខភាពសំខាន់ៗ រួមមានការប្រឹក្សាយោបល់ជាបុគ្គលក៏ដូចជាការអប់រំជាក្រុមអំពីអាហារូបត្ថម្ភ និងសុខភាពផងដែរ។

យូនីសេហ្វ ក៏កំពុងតស៊ូមតិដើម្បីបង្កើនថ្ងៃឈប់សម្រាកលំហែមាតុភាព និងទីកន្លែងធ្វើការដែលអាចបំបៅដោះកូនបាន ហើយកំពុងគាំទ្រការកែប្រែបទប្បញ្ញត្តិ ដោយបញ្ជាក់ និងធ្វើបច្ចុប្បន្នភាពបទប្បញ្ញត្តិនានាពាក់ព័ន្ធនឹងការលក់ និងការផ្សព្វផ្សាយពាណិជ្ជកម្មម្សៅទឹកដោះគោ។ ដោយទទួលស្គាល់នូវបញ្ហាប្រឈមដែលកំពុងកើតមាន លោកស្រី Negash បានមានប្រសាសន៍ថា ដើម្បីពង្រឹងនូវកិច្ចការពារចំពោះការបំបៅកូនដោយទឹកដោះម្ដាយ និងជំរុញឲ្យមានវឌ្ឍនភាពដែលបានធ្លាក់ចុះឲ្យងើបឡើងវិញនោះ គឺជាការទទួលខុសត្រូវរួមរបស់ប្រជាជនម្នាក់ៗ។”
លោកស្រីបានមានប្រសាសន៍ថា៖ “យូនីសេហ្វ រាជរដ្ឋាភិបាល និងដៃគូផ្សេងៗទៀតត្រូវរួមដៃគ្នាធ្វើការងារចំនួនបី។ “ទីមួយគឺការបន្តលើកកម្ពស់ការគាំទ្រការប្រឹក្សាយោបល់ ជាពិសេសសម្រាប់ស្ត្រីជាម្ដាយវ័យក្មេង
ស្ដីពីសារប្រយោជន៍នៃការបំបៅកូនដោយទឹកដោះម្ដាយ និងស្ដីពីគ្រោះថ្នាក់នៃការប្រើប្រាស់ម្សៅទឹកដោះគោ។ ទីពីរគឺបទប្បញ្ញត្តិជាតិត្រូវតែអនុវត្តឲ្យបានត្រឹមត្រូវ ដើម្បីការពារស្ត្រីជាម្ដាយពីសម្ពាធនៃការផ្សាយពាណិជ្ជកម្ម។ ទីបី ស្ត្រីជាម្ដាយត្រូវការបរិយាកាសអំណោយផលមួយ ដែលមានដូចជាការគាំទ្រពីគ្រួសារ ការគាំទ្រពីថៅកែរបស់ខ្លួន និងការគាំទ្រពីរាជរដ្ឋាភិបាល ដើម្បីឲ្យពួកគាត់អាចបំបៅដោះកូនដោយទឹកដោះម្ដាយបានស្រួលនៅទីកន្លែងធ្វើការ និងអាចសម្រាកនៅផ្ទះបានយូរ មុននឹងត្រឡប់មកធ្វើការវិញ។ ប្រសិនបើការងារទាំងបីនេះផ្សារភ្ជាប់គ្នា នោះស្ថានភាពបំបៅកូនដោយទឹកដោះម្ដាយ ជាក់ច្បាស់ណាស់ ពិតជាប្រសើរឡើងវិញមិនខាន។”
អ្នកស្រី វ៉ាន់ឌី ក៏ទទួលស្គាល់ផងដែរថាតម្រូវការជាបន្តទៀតនៅក្នុងសហគមន៍របស់គាត់គឺការអប់រំស្ត្រីជាម្ដាយអំពីសារសំខាន់នៃការបំបៅកូនដោយទឹកដោះម្ដាយ រួមទាំងការដោះស្រាយនូវបញ្ហាប្រឈមនានា
ពាក់ព័ន្ធនឹងសុខភាព ដោយបានលើកឡើងថាមានឪពុកម្ដាយជាច្រើននៅតែពឹងផ្អែកលើការសែនព្រេន នៅពេលដែលកូនៗរបស់ពួកគាត់ឈឺ។ នៅក្នុងតំបន់ដាច់ស្រយាល ដែលមិនសូវមានអនាម័យក្នុងការរស់នៅ និងអនាម័យខ្លួនប្រាណបានល្អ នោះទឹកដោះម្ដាយត្រូវបានចាត់ទុកថាជាដំណោះស្រាយប្រកបដោយសុវត្ថិភាពបំផុត មិនចាំបាច់ចំណាយលុយ និងមិនប៉ះពាល់បរិស្ថានឡើយ សម្រាប់ការពារកុមារពីការឆ្លងជំងឺផ្សេងៗ។
អ្នកស្រីបានបន្តទៀតថា៖ “មានកុមារជាច្រើននៅម្ដុំៗផ្ទះគាត់រស់នៅ ឧស្សាហ៍ឈឺណាស់។” “ខ្ញុំបានសង្កេតឃើញបញ្ហានេះកើតឡើងដោយសារតែឪពុកម្ដាយមួយចំនួនយល់ខុសអំពីទម្លាប់ប្រចាំថ្ងៃដើម្បីថែរក្សាសុខភាព។ ពេលខ្លះ ពួកគេរវល់ពេក មិនបានមើលថែទាំកូនទេ។ ពួកគេមិនបានបំបៅដោះកូនដោយទឹកដោះម្ដាយនេះបានត្រឹមត្រូវ និងគ្រប់គ្រាន់ទេ។”
បច្ចុប្បន្ននេះ អ្នកស្រី វ៉ាន់ឌី សង្ឃឹមថាមានសាលាមត្តេយ្យនៅក្នុងសហគមន៍របស់គាត់ ដើម្បីឲ្យកូនស្រីគាត់អាចចូលរៀនបាន ដោយមិនចាំបាច់ធ្វើដំណើរទៅភូមិផ្សេងឡើយ។ ការចេះដឹងអំពីអត្ថប្រយោជន៍នៃទឹកដោះម្ដាយនេះមានប្រយោជន៍ពេញមួយជីវិតរបស់ុកុមារ។ គាត់ជឿជាក់ថាកូនៗរបស់គាត់កំពុងធ្វើដំណើរលើផ្លូវត្រូវឆ្ពោះទៅរកអនាគតប្រកបដោយសុខភាពល្អ និងសុភមង្គល។