ប្រធានគណៈកម្មាធិការសិទ្ធិកុមារនៃអង្គការសហប្រជាជាតិ ទស្សនកិច្ចកម្ពុជាដើម្បីតស៊ូមតិ សម្រាប់សុខុមាលភាពកុមារងាយរងគ្រោះបំផុត

08 វិច្ឆិកា 2023
© UNICEF Cambodia/2023/Bunsak But
UNICEF Cambodia/2023/Bunsak But

រាជធានីភ្នំពេញ ថ្ងៃទី ខែវិច្ឆិកា ឆ្នាំ២០២៣៖ ប្រធានគណៈកម្មាធិការសិទ្ធិកុមារនៃអង្គការសហប្រជាជាតិ (UNCRC) បានបញ្ចប់ដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃនៅកម្ពុជា ដើម្បីតស៊ូមតិសម្រាប់ការអនុវត្តអនុសាសន៍របស់ខ្លួន ដែលបានធ្វើឡើងកាលពីឆ្នាំ២០២២ ក្នុងគោលបំណងលើកកម្ពស់សុខុមាលភាពកុមារ និងយុវជននៅក្នុងប្រទេសកម្ពុជា។

ក្នុងអំឡុងពេលទស្សនកិច្ច លោកស្រីប្រធានគណៈកម្មាធិការ អាន ស្កេលតុន (Ann Skelton) និងលោកស្រីអនុប្រធាន សូភីអូ ឃីទ្បាដហ្ស៍ (Sopio Kiladze) បានជួបពិភាក្សាជាមួយមន្ត្រី និងតំណាងមកពីក្រសួងស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល
ទីភ្នាក់ងារអង្គការសហប្រជាជាតិ និងដៃគូអភិវឌ្ឍន៍ ព្រមទាំងសង្គមស៊ីវិល និងអង្គការមិនមែនរដ្ឋាភិបាលដែលធ្វើការលើវិស័យសិទ្ធិកុមារ រួមទាំងបណ្តាញក្មេងជំទង់ និងយុវជន និងគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាផងដែរ ។ 

គណៈកម្មាធិការសិទ្ធិកុមារនៃអង្គការសហប្រជាជាតិ (UNCRC) តាមដានមើលការអនុវត្តអនុសញ្ញាស្តីពីសិទ្ធិកុមារ (CRC) ដែលផ្អែកលើគោលការណ៍គន្លឹះនៃសិទ្ធិមានជីវិត សិទ្ធិរស់រាន និងការអភិវឌ្ឍ ការមិនរើសអើង ឧត្តមប្រយោជន៍របស់កុមារ និងសិទ្ធិបញ្ចេញមតិ។ នៅក្នុងឆ្នាំ២០២២ គណៈកម្មាធិការនេះ បានចេញសេចក្តីសង្កេត និងអនុសាសន៍របស់ខ្លួនស្តីពីវឌ្ឍនភាពដែលកម្ពុជាសម្រេចបាន ឆ្ពោះទៅរកការអនុវត្តអនុសញ្ញាស្តីពីសិទ្ធិកុមារ ដែលជាកាតព្វកិច្ចច្បាប់។

នៅក្នុងកិច្ចពិភាក្សាទាំងនេះ អ្នកជំនាញទាំងពីររូបបានទទួលស្គាល់សមិទ្ធផលដែលសម្រេចបានដោយរាជរដ្ឋាភិបាលកម្ពុជាពីឆ្នាំ ២០១១ ដល់ឆ្នាំ២០២៣ ក្នុងកិច្ចការពារ និងបំពេញសិទ្ធិកុមារ ហើយក៏បានលើកឡើងផងដែរពីចំណុចនានាដែលគួរឲ្យព្រួយបារម្ភ។

លោកស្រី​ប្រធានគណៈកម្មាធិការ អាន ស្កេលតុន បានមានប្រសាសន៍ថា៖ “ជំនួសមុខឲ្យគណៈកម្មាធិកា ខ្ញុំសូមថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ សម្រាប់ការទទួលស្វាគមន៍ និងការផ្លាស់ប្តូរយោបល់ប្រកបដោយផ្លែផ្កានៅក្នុងដំណើរទស្សនកិច្ចនេះ។ ប្រទេសកម្ពុជា បានសម្រេចនូវវឌ្ឍនភាពគួរឲ្យកត់សម្គាល់ក្នុងការអនុវត្តអនុសញ្ញាស្តីពីសិទ្ធិកុមារ។ យើងសង្ឃឹមថារាជរដ្ឋាភិបាលនឹងធានានូវការអនុម័តច្បាប់ស្តីពីកិច្ចការពារកុមារ និងការអនុវត្តនូវច្បាប់នេះ។ យើងក៏សូមលើកទឹកចិត្តដល់រាជរដ្ឋាភិបាលក្នុងការបំពេញនូវការប្តេជ្ញាចិត្តរបស់ខ្លួនទាក់ទងនឹងសិទ្ធិកុមារ ដោយអនុម័តនូវពិធីសារបន្ថែមទី៣នៃអនុសញ្ញាស្តីពីសិទ្ធិកុមារ ដែលបង្កើតនូវយន្តការជាតិ ដើម្បីអនុញ្ញាតឲ្យកុមារអាចស្វែងរកនូវសំណងពីការរំលោភបំពានលើសិទ្ធិរបស់ពួកគេ ហើយនៅពេលប្រព័ន្ធច្បាប់របស់ពួកគេមិនអាចផ្តល់នូវដំណោះស្រាយឲ្យបាន។​”  

អ្នកជំនាញទាំងពីរក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការហាមប្រាមនូវការដាក់ទណ្ឌកម្មលើរាងកាយនៅគ្រប់បរិបទទាំងអស់ និងការបន្តប្រយុទ្ធប្រឆាំងនឹងអំពើហិង្សា និងការកេងប្រវញ្ចផ្លូវភេទលើកុមារ។  

លោកបណ្ឌិត វីល ផាកស៍ នាយកយូនីសេហ្វប្រចាំកម្ពុជា បានមានប្រសាសន៍ថា៖ “តាមរយដំណើរទស្សនកិច្ចនេះ សមាជិកទាំងពីរនៃគណៈកម្មាធិការសិទ្ធិកុមារ បានរួមចំណែកចែករំលែកចំណេះដឹង និងទស្សនៈទាក់ទងនឹងសិទ្ធិ ដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការលើកស្ទួយសិទ្ធិកុមារនៅក្នុងប្រទេសកម្ពុជា”។

“អាជ្ញាធរជាតិកំពុងធ្វើការងារត្រឹមត្រូវក្នុងការអនុវត្តតាមអនុសាសន៍ភាគច្រើនបំផុត ដែលបានលើកឡើងដោយគណៈកម្មាធិការសិទ្ធិកុមារកាលពីឆ្នាំ២០២២។ យូនីសេហ្វបន្តប្តេជ្ញាចិត្តគាំទ្ររាជរដ្ឋាភិបាលកម្ពុជាទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីសម្រេចបានសិទ្ធិកុមារ និងបង្កើតអនាគតមួយដែលកុមារទាំងអស់អាចចម្រើនលូតលាស់ រៀនសូត្រ លេងកំសាន្ត អភិវឌ្ឍ និងរីកចម្រើនប្រកបដោយសេចក្តីថ្លៃថ្នូរនៅក្នុងគ្រួសារ និងបរិស្ថានសហគមន៍របស់ខ្លួន។”

ដោយយកអនុសញ្ញាស្តីពីសិទ្ធិកុមារជាគោល យូនីសេហ្វ គឺជាស្ថាប័នសហប្រជាជាតិ ដែលមានអាណត្តិការពារសិទ្ធិកុមារគ្រប់រូប និងធ្វើការជាមួយដៃគូនានា រួមទាំងរាជរដ្ឋាភិបាលកម្ពុជា ដើម្បីអនុវត្តតាមអនុសាសន៍របស់គណៈកម្មាធិការសិទ្ធិកុមារនៃអង្គការសហប្រជាជាតិ ។

© UNICEF Cambodia/2023/Bunsak But
UNICEF Cambodia/2023/Bunsak But

ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ

អាឌ្រាន បូណូ
ប្រធានផ្នែកទំនាក់ទំនង
យូនីសេហ្វកម្ពុជា
ទូរស័ព្ទ: +85592555294
អ៊ីម៉ែល: hbonnaud@unicef.org
លោក​ មាស ប៊ុនលី
មន្ត្រីជំនាញផ្នែកទំនាក់ទំនង
យូនីសេហ្វកម្ពុជា
ទូរស័ព្ទ: +85523260204;ext=435
អ៊ីម៉ែល: bmeas@unicef.org

About UNICEF

UNICEF promotes the rights and wellbeing of every child, in everything we do. Together with our partners, we work in 190 countries and territories to translate that commitment into practical action, focusing special effort on reaching the most vulnerable and excluded children, to the benefit of all children, everywhere.

For more information about UNICEF and its work for children, visit www.unicef.org.

Follow UNICEF on Twitter and Facebook