ប្រទេសជប៉ុនផ្តល់ថវិកាដល់គម្រោងដើម្បីបញ្ចប់អំពើហិង្សាលើកុមារ អំឡុងពេលមានជំងឺរាតត្បាតកូវីដ១៩ ក្នុងប្រទេសកម្ពុជា
- English
- Khmer
ទោះបីជាកុមារប្រឈមនឹងហានិភ័យសុខភាពពីជំងឺកូវីដ១៩ តិចជាងមនុស្សពេញវ័យក៏ដោយ ក៏មានរបាយការណ៍សាកលមួយចំនួនបានបង្ហាញថា កុមារអាចនឹងមានហានិភ័យខ្ពស់ក្នុងការទទួលរងនូវអំពើហិង្សាដែលបណ្ដាលមកពីជំងឺរាតត្បាតនេះ។ ការរឹតត្បិតលើការធ្វើដំណើរ ការបាត់បង់ប្រាក់ចំណូល ភាពឯកោ កន្លែងរស់នៅចង្អៀត និងកម្រិតខ្ពស់នៃភាពតានតឹង និងជំងឺថប់បារម្ភ ធ្វើឲ្យមានការកើនឡើងនូវលទ្ធភាពដែលកុមារអាចជួបប្រទះ និងទទួលរងការរំលោភបំពានលើរាងកាយ និងផ្លូវចិត្តនៅផ្ទះ។ ជាការឆ្លើយតប រដ្ឋាភិបាលជប៉ុន និងយូនីសេហ្វ កំពុងចាប់ផ្តើមគម្រោងថ្មីមួយឈ្មោះថា “ ការទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារនៅកម្ពុជា ក្នុងអំឡុងពេលនៃការរាតត្បាតជាសកលនៃជំងឺកូវីដ១៩ និងការស្តារឡើងវិញ” ។
រដ្ឋាភិបាលជប៉ុនបានផ្តល់ថវិកាចំនួន ៣៤០ ០០០ ០០០ យេន (ប្រមាណជា ៣ ០៩០ ៩០៩ ដុល្លារអាមេរិក) ដល់យូនីសេហ្វសម្រាប់គម្រោងនេះ។ គោលបំណងរបស់គម្រោង គឺដើម្បីធានាថា កុមារា និងកុមារី នៅកម្ពុជាទទួលបានការការពារពីអំពើហិង្សា ការកេងប្រវ័ញ្ច និងការរំលោភបំពានក្នុងអំឡុងពេលរាតត្បាតនៃជំងឺកូវីដ១៩ និងការស្តារឡើងវិញ ដើម្បីពង្រឹងសន្តិសុខមនុស្សជាតិ។ សេវាកម្មកិច្ចការពារកុមារមួយចំនួនបានប្រឈមនឹងការរំខានក្នុងអំឡុងពេលមានជំងឺរាតត្បាត ដូច្នេះគម្រោងនេះមានគោលបំណងធានានូវការស្តារ និងការបន្តសេវាកម្មកិច្ចការពារទាំងនេះឡើងវិញ។
គម្រោងនេះនឹងបង្កើតនូវយុទ្ធសាស្រ្ត និងការអន្តរាគមន៍ដែលមានស្រាប់ដើម្បីពង្រឹងសេវាកម្មកិច្ចការពារកុមារដែលងាយរងគ្រោះខ្លាំង និងក្រុមគ្រួសាររបស់ពួកគេនៅទូទាំងប្រទេសកម្ពុជាក្នុងអំឡុងពេលរាតត្បាតនៃជំងឺកូវីដ១៩ និងការស្តារឡើងវិញ ។ គម្រោងនេះនឹងគាំទ្ររាជរដ្ឋាភិបាលកម្ពុជាក្នុងការបង្កើត និងអនុវត្តក្របខ័ណ្ឌស្ថាប័ន និងក្របខ័ណ្ឌគតិយុត្ត ដើម្បីលើកឡើងពីកត្តាហានិភ័យនានាដែលអាចកើតមានឡើងដោយសារជំងឺកូវីដ១៩ ទៅលើកិច្ចការពារកុមារ។ គម្រោងនេះក៏នឹងគាំទ្រដល់លោកគ្រូ អ្នកគ្រូ បុគ្គលិកសិក្សា ឪពុកម្តាយ និងអ្នកមើលថែទាំ ក្នុងការរៀនពីវិធីថ្មីៗដើម្បីបង្កើនចំណេះដឹង ឥរិយាបថ និងការអនុវត្តរបស់ពួកគេ ដើម្បីទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារ។
អ្វីដែលសំខាន់បំផុតនោះគឺគម្រោងនេះ នឹងធានាថាកុមារងាយរងគ្រោះអាចទទួលបានសេវាកម្មការពារប្រកបដោយគុណភាពរួមមានការគ្រប់គ្រងករណី ការគាំទ្រសុខភាពផ្លូវចិត្ត និងការគាំទ្រផ្នែកចិត្តសាស្ត្រនិងសង្គម ជំនួយផ្នែកច្បាប់ និងសេវាសុខភាព។ ខ្សែបណ្តាញជំនួយ និងលេខទំនាក់ទំនងទាន់ហេតុការណ៍ នឹងត្រូវបានបង្កើនឡើងដើម្បីផ្តល់នូវបណ្តាញសុវត្ថិភាពដែលមានភាពងាយស្រួលទាក់ទងសម្រាប់កុមារ និងមនុស្សពេញវ័យដើម្បីរាយការណ៍អំពីអំពើហិង្សារួមទាំងការកេងប្រវ័ញ្ចផ្លូវភេទ និងការរំលោភបំពាន។ សុវត្ថិភាពរបស់កុមារតាមប្រព័ន្ធអ៊ិនធើណេត នឹងត្រូវបានលើកកម្ពស់តាមរយៈការពង្រឹងភាពជាដៃគូជាមួយឧស្សាហកម្មព័ត៌មាន និងបច្ចេកវិទ្យា (ICT) និងការលើកកម្ពស់ការយល់ដឹងនិងសកម្មភាពអប់រំសម្រាប់កុមារនិងអ្នកថែទាំ។ ជាចុងក្រោយ ការគ្រប់គ្រងទិន្នន័យ និងការបង្កើតភ័ស្តុតាង នឹងត្រូវបានពង្រឹងតាមរយៈការធ្វើឱ្យប្រសើរឡើងនូវរបាយការណ៍ និងគុណភាពនៃទិន្នន័យដែលទាក់ទងនឹងអំពើហិង្សាលើកុមារ។
គោលដៅចុងក្រោយនោះគឺការគាំទ្ររាជរដ្ឋាភិបាលកម្ពុជាក្នុងការបង្កើតប្រព័ន្ធការពារកុមារដែលមានការសម្របសម្រួលសមស្រប និងប្រកបដោយចីរភាពដើម្បីឆ្លើយតបទៅនឹងបញ្ហាដែលបង្កឡើងកាន់តែខ្លាំងដោយសារជំងឺកូវីដ១៩ ក្រោមកិច្ចសហការជាមួយអង្គការសង្គមស៊ីវិល (CSOs) និងដៃគូពាក់ព័ន្ធដទៃទៀត។
លោកស្រីហ្វ័រូហ្គ ហ្វយូហ្សិថ នាយិកាយូនីសេហ្វប្រចាំកម្ពុជាបានមានប្រសាសន៍ថា “រាល់ទម្រង់នៃអំពើហិង្សាដែលកុមារបានជួបប្រទះអាចបណ្តាលឲ្យមានផលវិបាកធ្ងន់ធ្ងរ និងពេញមួយជីវិត ហើយយើងមានការព្រួយបារម្ភយ៉ាងខ្លាំង ដែលពួកគេអាចមានហានិភ័យខ្ពស់ក្នុងការទទួលរងនូវអំពើហិង្សានិងការរំលោភបំពានក្នុងអំឡុងពេលដ៏លំបាកនៃជំងឺរាតត្បាតកូវីដ១៩”។ លោកស្រីបានបន្តថា “យើងសូមថ្លែងអំណរគុណចំពោះរដ្ឋាភិបាលជប៉ុន ដែលបានចូលរួមចំណែកយ៉ាងសំខាន់ និងទាន់ពេលវេលា។ គម្រោងនេះមានគោលបំណងពង្រឹងប្រព័ន្ធ និងសេវាកម្មកិច្ចការពារកុមារ និងចូលរួមចំណែកសម្រេចឲ្យបាននូវ សិទ្ធិលូតលាស់របស់កុមារកម្ពុជា នៅក្នុងបរិស្ថានប្រកបដោយសុវត្ថិភាពនិងកិច្ចការពារ។”
ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពជប៉ុនប្រចាំកម្ពុជាបានមានប្រសាសន៍ថា “អំពើហិង្សាក្នុងវ័យកុមារភាព អាចបង្កគ្រោះថ្នាក់ជាច្រើនដល់កុមារ និងពេញមួយជីវិតរបស់ពួកគេ។ ការទទួលរងគ្រោះនូវអំពើហិង្សានៅវ័យកុមារភាព ជារឿយៗនាំឲ្យមានផលអវិជ្ជមានខាងអាកប្បកិរិយា ផ្លូវចិត្តនិងរាងកាយនៅក្នុងវ័យជំទង់ និងពេញវ័យដែលជាបញ្ហាប្រឈមសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចផងដែរ”។ ឯកឧត្តមបានបន្តទៀតថា “យូនីសេហ្វ មានសកម្មភាពនៅកម្ពុជាតាំងពីឆ្នាំ ១៩៥២ និងមានបទពិសោធលេចធ្លោរក្នុងការធ្វើការដើម្បីបញ្ចប់អំពើហិង្សាលើកុមារ។ នេះជាមូលហេតុដែលរដ្ឋាភិបាលជប៉ុនចាត់ទុកយូនីសេហ្វ ជាដៃគូដែលគួរឲ្យទុកចិត្តបំផុតដើម្បីសម្រេចគោលដៅនេះ។ រដ្ឋាភិបាលជប៉ុន និងយូនីសេហ្វប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការធ្វើការជាមួយរាជរដ្ឋាភិបាលកម្ពុជាដើម្បីបញ្ចប់អំពើហិង្សាលើកុមារហើយនឹងបន្តរហូតដល់យើងបានជួយបង្កើតពិភពលោកមួយដែលគ្មានកុមារណាម្នាក់ត្រូវបានទុកចោល។ យើងនឹងបន្តសហការជាមួយរាជរដ្ឋាភិបាលកម្ពុជាដើម្បីជួយស្តារប្រទេសឡើងវិញពីជំងឺកូវីដ ១៩ ។
ស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ៖ ០២៣ ២១៧ ១៦១, ទូរសារ៖ ០២៣ ២១៦ ១៦២
អ៊ីម៉ែល៖ [email protected]
គេហទំព័រ៖ http://www.kh.emb-japn.go.jp
ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ
About UNICEF
UNICEF promotes the rights and wellbeing of every child, in everything we do. Together with our partners, we work in 190 countries and territories to translate that commitment into practical action, focusing special effort on reaching the most vulnerable and excluded children, to the benefit of all children, everywhere.
For more information about UNICEF and its work for children, visit www.unicef.org.