ប្រទេសអូស្រ្តាលី សហការជាមួយយូនីសេហ្វ ដើម្បីផ្តល់នូវការចាក់ថ្នាំបង្ការជំងឺកូវីដ-១៩ និង ការផ្តល់ថ្នាំបង្ការជាប្រចាំប្រកបដោយបរិយាបន្ន និងមានលក្ខណៈរួមបញ្ចូលគ្នា

30 ឧសភា 2023
© UNICEF Cambodia/2023/Hadrien Bonnaud
UNICEF Cambodia/2023/Hadrien Bonnaud

ខេត្តតាកែវ ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ គណៈប្រតិភូចម្រុះ ដែលរួមមានលោកជំទាវវេជ្ជបណ្ឌិត
ប្រាក់ សោភ័ណនារី រដ្ឋលេខាធិការក្រសួងសុខាភិបាល ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំកម្ពុជា ឯកឧត្តមចាស្ទីន វ៉ាយអេត និងនាយកយូនីសេហ្វប្រចាំកម្ពុជា លោកបណ្ឌិត វីល ផាកស៍ បានចាប់ផ្តើមដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃទៅកាន់ខេត្តតាកែវនៅថ្ងៃនេះ ដើម្បីចុះពិនិត្យមើលការផ្តល់សេវាថែទាំសុខភាពបឋម និងការផ្តល់សេវាមានលក្ខណៈរួមបញ្ចូលគ្នា បន្ទាប់ពីវិបត្តិជំងឺរាតត្បាតសកលកូវីដ-១៩។ ដំណើរទស្សនកិច្ចនេះផ្តោតសំខាន់លើការជួបជាមួយអាជ្ញាធរមូលដ្ឋាន រួមមានអភិបាលខេត្ត បុគ្គលិក
សុខាភិបាល និងសហគមន៍មូលដ្ឋាន ដើម្បីពិភាក្សាពីលទ្ធផលនៃការគាំទ្រដែលផ្តល់ដោយប្រទេស
អូស្ត្រាលី និងយូនីសេហ្វ ចំពោះកិច្ចខិតខំប្រឹងប្រែងផ្តល់ថ្នាំបង្ការជំងឺកូវីដ-១៩ដែលជាផ្នែកមួយនៃ
សេវាផ្តល់ថ្នាំបង្ការជាប្រចាំ ដែលមានលក្ខណៈរួមបញ្ចូលគ្នា និងការអនុវត្តសកម្មភាពនៅសហគមន៍។

នាពេលថ្មីៗនេះ ប្រទេសអូស្រ្តាលី បានពង្រីកការគាំទ្ររបស់ខ្លួនតាមរយៈយូនីសេហ្វ នូវទឹកប្រាក់បន្ថែម ចំនួន ៣,៣ លានដុល្លារអាមេរិក ដើម្បីគាំទ្រការដាក់បញ្ចូលកម្មវិធីផ្តល់ថ្នាំបង្ការជំងឺកូវីដ-១៩ ទៅក្នុង សេវាផ្តល់ថ្នាំបង្ការជាប្រចាំ ដែលជាផ្នែកមួយនៃការផ្តល់សេវាថែទាំសុខភាពបឋម។ អូស្រ្តាលីបានផ្តល់ ថវិកាចំនួន ៣១ លានដុល្លារអាមេរិក ដល់ប្រទេសកម្ពុជាក្រោមគម្រោងសុវត្ថិភាពសុខភាព និងការទទួលបានថ្នាំបង្ការ ដែលមានភាពជាដៃគូជាមួយយូនីសេហ្វ និងបានផ្គត់ផ្គង់ថ្នាំបង្ការជំងឺកូវីដ-១៩ ប្រភេទ Pfizer-BioNTech ចំនួន ២,៨៣ លានដូស មកដល់ប្រទេសកម្ពុជា។    

ចាប់តាំងពីការចាប់ផ្តើមផ្តល់ការចាក់ថ្នាំបង្ការជំងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជាកាលពីដើមឆ្នាំ ២០២១ មក រាជរដ្ឋាភិបាលអូស្ត្រាលី តាមរយៈក្រសួងការបរទេស និងពាណិជ្ជកម្ម និងយូនីសេហ្វ បាននឹងកំពុងសហការគ្នាក្នុងការផ្តល់នូវការគាំទ្រដល់ក្រសួងសុខាភិបាល ដើម្បីផ្តល់ថ្នាំបង្ការប្រកបដោយសុវត្ថិភាព ប្រសិទ្ធភាព និងសមធម៌ រួមទាំងដាក់ដាក់​ឲ្យប្រើប្រាស់ថ្នាំបង្ការប្រភេទ mRNA និងការបង្កើតប្រព័ន្ធត្រជាក់ខ្លាំងដំបូងបំផុតនៅក្នុងប្រទេសនេះ។    

លោកឯកអគ្គរាជទូត វ៉ាយអេត បានមានប្រសាសន៍ថា “យើងពិតជាមានមោទនភាពដែលបានចូលរួមចំណែកក្នុងការគាំទ្រការឆ្លើយតបរបស់រាជរដ្ឋាភិបាលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ប្រកបដោយជោគជ័យ និងចំពោះសមិទ្ធផលនៃការចាក់ថ្នាំបង្ការនៅក្នុងប្រទេសកម្ពុជា។ “ខណៈពេលយើងបានចេញផុតពី ដំណាក់កាលស្រួចស្រាល់នៃជំងឺរាតត្បាតជាសកលនេះ ឥឡូវគឺជាឱកាសមួយដើម្បីពង្រឹងការថែទាំសុខភាពបឋមជាផ្នែកមួយនៃការស្តារឡើងវិញ និងត្រៀមខ្លួនសម្រាប់ជំងឺរាតត្បាតជាសកលដែលអាចកើតមាននាពេលអនាគត។ វាជាការសំខាន់ណាស់ដែលសេវាសុខភាពចាំបាច់សំខាន់ៗត្រូវមានគុណភាព និងអាចប្រើប្រាស់បានចំពោះប្រជាជនគ្រប់រូប រួមទាំងសហគមន៍ងាយរងគ្រោះបំផុត និងនៅតំបន់ដាច់ស្រយាលផងដែរ។ ការរួមចំណែកចុងក្រោយបំផុតរបស់យើងក្នុងភាពជាដៃគូជាមួយ
យូនីសេហ្វ បង្ហាញពីការប្តេជ្ញាចិត្តដ៏ខ្ជាប់ខ្ជួនរបស់យើងចំពោះសេវាសុខភាពប្រកបដោយបរិយាបន្ន និងសមធម៌សម្រាប់ទាំងអស់គ្នា”។

លោកបណ្ឌិត វីល ផាកស៍ ប្រធានយូនីសេហ្វប្រចាំកម្ពុជា បានមានប្រសាសន៍ថា “យើងប្តេជ្ញាចិត្តបន្តធ្វើការរួមគ្នា ក្រោមកិច្ចដឹកនាំរបស់រាជរាជរដ្ឋាភិបាល ដើម្បីលើកកម្ពស់លទ្ធផលសុខភាពរបស់កុមារកម្ពុជា និងគ្រួសាររបស់ពួកគេ”។ “បទពិសោធនៃការចាក់ថ្នាំបង្ការជំងឺកូវីដ-១៩ បានបង្ហាញថា សេវា
រួមបញ្ចូលគ្នាដែលផ្តោតលើសមធម៌ ការចូលរួមយ៉ាងសកម្មរបស់សហគមន៍ និងការចុះផ្តល់សេវានៅ មូលដ្ឋានផ្ទាល់ អាចនាំមកនូវលទ្ធផលកាន់តែទូលំទូលាយមកលើសុខភាព និងសុខុមាលភាពរបស់ប្រជាជន។ យើងសូមសម្តែងការដឹងគុណដល់រាជរដ្ឋាភិបាលអូស្ត្រាលី ចំពោះការបន្តភាពជាដៃគូជាមួយយូនីសេហ្វ និងការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការលើកកម្ពស់ដល់ការរស់រានរបស់កុមារ និងសិទ្ធិកុមារ។

ប្រទេសកម្ពុជានៅតែស្ថិតក្នុងចំណោមប្រទេសនាំមុខគេនៅក្នុងពិភពលោក ដែលមានអត្រាចាក់ថ្នាំបង្ការជំងឺកូវីដ-១៩ ខ្ពស់បំផុត ដោយក្នុងនោះមាន ៩៩ ភាគរយនៃប្រជាជនគោលដៅពេញវ័យ បានទទួលថ្នាំបង្ការដូសមូលដ្ឋានចំនួន២ដូស។ ការគាំទ្ររបស់អូស្រ្តាលីដល់ក្រសួងសុខាភិបាលតាមរយៈ យូនីសេហ្វ ក្នុងការដឹកជញ្ជូន និងការគ្រប់គ្រងថ្នាំបង្ការ យុទ្ធនាការផ្សព្វផ្សាយអំពីហានិភ័យ និងការចូលរួមរបស់សហគមន៍ ការកសាងសមត្ថភាពរបស់បុគ្គលិកសុខាភិបាល ការរៀបចំផែនការនៅមូលដ្ឋាន និងការចុះផ្តល់សេវានៅសហគមន៍ដល់ប្រជាជនដែលរស់នៅតំបន់ដាច់ស្រយាល ក៏​បាន​បង្កើន​លទ្ធភាព​ និងចំនួនទទួល​បាន​ថ្នាំបង្ការ​កូវីដ-១៩ និង​ដូសជំរុញ​ ដល់​ជន​ងាយ​រងគ្រោះ ដែលរួម​មាន​មនុស្ស​ចាស់ ស្ត្រី​មាន​ផ្ទៃពោះ ជន​មានពិការភាព និង​ជន​ចំណាក​ស្រុក។

ការដាក់បញ្ចូលការចាក់ថ្នាំបង្ការជំងឺកូវីដ-១៩ ទៅក្នុងកម្មវិធីផ្តល់ថ្នាំបង្ការជាប្រចាំនៅក្នុងប្រទេសកម្ពុជា គឺរួមចំណែកដល់ការបង្កើនលទ្ធភាពទទួលបានសេវាថែទាំសុខភាពប្រកបដោយគុណភាព តាមរយៈការទទួលថ្នាំបង្ការពេញមួយជីវិត ដែលលើកកម្ពស់ការផ្តល់ថ្នាំបង្ការដល់បុគ្គលទាំងឡាយនៅគ្រប់ដំណាក់កាលនៃជីវិត។ ជាលទ្ធផលនៃការវិនិយោគនេះ កុមារនឹងមានលទ្ធភាពធំទូលាយជាងមុន ក្នុងការទទួលបានថ្នាំបង្ការដូសដំបូងរបស់ខ្លួន ដែលអាចការពារពួកគេពីជំងឺកាចសាហាវនានា ដូចជា ខាន់ស្លាក់ តេតាណូស គ្រុនស្វិតដៃជើង ឬជំងឺរលាកថ្លើមប្រភេទបេ និងធានាថាពួកគេត្រូវបានផ្តល់នូវមូលដ្ឋានរឹងមាំ សម្រាប់ជីវិតដែលមានសុខភាពល្អពីឆ្នាំដំបូងបំផុតនៃជីវិតរបស់ពួកគេ។    

###

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង ៖

លោក អាឌ្រាន បូណូ

ប្រធានផ្នែកទំនាក់ទំនង យូនីសេហ្វកម្ពុជា

ទូរសព្ទ: +៨៥៥៩២ ៥៥៥ ២៩៤  សារអេទ្បិកត្រូនិក: hbonnaud@unicef.org​  

 

លោក​ មាស ប៊ុនលី

មន្ត្រីជំនាញផ្នែកទំនាក់ទំនង យូនីសេហ្វកម្ពុជា

ទូរសព្ទ: +៨៥៥១២​ ៧៣៣​ ៩០៩ សារអេទ្បិកត្រូនិក: bmeas@unicef.org

 

ស្ថានទូតអូស្ត្រាលី

Media.Cambodia@dfat.gov.au

© UNICE Cambodia/2023/Bunly Meas
UNICE Cambodia/2023/Bunly Meas

ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ

អាឌ្រាន បូណូ
ប្រធានផ្នែកទំនាក់ទំនង
យូនីសេហ្វកម្ពុជា
ទូរស័ព្ទ: +85592555294
អ៊ីម៉ែល: hbonnaud@unicef.org
លោក​ មាស ប៊ុនលី
មន្ត្រីជំនាញផ្នែកទំនាក់ទំនង
យូនីសេហ្វកម្ពុជា
ទូរស័ព្ទ: +85523260204;ext=435
អ៊ីម៉ែល: bmeas@unicef.org

About UNICEF

UNICEF promotes the rights and wellbeing of every child, in everything we do. Together with our partners, we work in 190 countries and territories to translate that commitment into practical action, focusing special effort on reaching the most vulnerable and excluded children, to the benefit of all children, everywhere.

For more information about UNICEF and its work for children, visit www.unicef.org.

Follow UNICEF on Twitter and Facebook