យូនីសេហ្វផ្តល់ឧបករណ៍វេជ្ជសាស្រ្ត សម្រាប់ការព្យាបាលដោយអុកស៊ីសែន ដែលមានតម្លៃ ៧លានដុលា្លរអាមេរិក ដល់ប្រទេសកម្ពុជា
- Available in:
- English
- Khmer
ភ្នំពេញ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣៖ យូនីសេហ្វ ក្នុងនាមជាដៃគូសកល និងជាស្ថាប័នធ្វើលទ្ធកម្ម ឈានមុខគេនៃយន្តការផ្គត់ផ្គង់បរិក្ខារប្រយុទ្ធ និងព្យាបាលជំងឺកូវីដ-១៩ (ACT-A) បានផ្តល់ឧបករណ៍ វេជ្ជសាស្រ្តសម្រាប់ការព្យាបាលដោយអុកស៊ីសែន ដែលមានតម្លៃ ៧លានដុលា្លរអាមេរិក ដល់ក្រសួង សុខាភិបាលនៃប្រទេសកម្ពុជា។
ពិធីប្រគល់-ទទួលឧបករណ៍វេជ្ជសាស្រ្តទាំងនេះ ត្រូវបានប្រារព្ធធ្វើទ្បើងនៅថ្ងៃនេះនៅឃ្លាំងស្តុករបស់ អង្គការស្បៀងអាហារពិភពលោក ដោយមានការចូលរួមពីលោកជំទាវ វេជ្ជបណ្ឌិត យក់ សម្បត្តិ
រដ្ឋលេខាធិការប្រចាំការក្រសួងសុខាភិបាល លោកបណ្ឌិត វីល ផាកស៍ ប្រធានយូនីសេហ្វប្រចាំកម្ពុជា និងមន្រ្តីនានាមកពីនាយកដ្ឋានពាក់ព័ន្ធនៃក្រសួងសុខាភិបាល។
លោកបណ្ឌិត វីល ផាកស៍ ប្រធានយូនីសេហ្វប្រចាំកម្ពុជា បានមានប្រសាសន៍ថា “ក្នុងអំទ្បុងមានជំងឺ រាតត្បាតកូវីដ-១៩ យើងឃើញថាការទទួលបានឧបករណ៍អុកស៊ីសែន មានភាពមិនស្មើគ្នានៅក្នុង សកលលោក ដែលប៉ះពាល់យ៉ាងខ្លាំងដល់បណ្តាប្រទេសមានប្រាក់ចំណូល ទាប និងមធ្យម។ យើងមាន មោទនភាពក្នុងការដើរតួនាទីជាផ្នែកមួយនៅក្នុងសកលលោក ដើម្បីដោះស្រាយនូវគម្លាតសមភាពនេះ ស្របពេលដែលយើងកំពុងលើកកម្ពស់សមត្ថភាពរបស់កម្ពុជា លើវិធានការសង្រ្គោះជីវិតសម្រាប់កុមារ និងគ្រួសារពួកគេ។ ជាផ្នែកមួយនៃការស្តារ ទ្បើងវិញពីជំងឺរាតត្បាត យូនីសេហ្វ នៅតែប្តេជ្ញាចិត្តក្នុងការ គាំទ្ររាជរដ្ឋាភិបាលកម្ពុជា ក្នុងការធានាគុណភាព និងការទទួលបានដោយសមភាពនៃសេវាសុខភាព ការកាត់បន្ថយបន្ថែមទៀតនូវមរណភាពមាតា និងទារក ដើម្បីអាចឲ្យកុមារគ្រប់រូបមានសុខភាពល្អ និង
ឱកាសប្រសើរជាងមុនក្នុងការសម្រេចនូវសក្តានុពលរបស់ខ្លួន។”
អំណោយនេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់យូនីសេហ្វ ដើម្បីពង្រឹងប្រព័ន្ធសុខាភិបាលរបស់ កម្ពុជា សម្រាប់ការថែទាំសុខភាពបឋមប្រកបដោយសមភាព ក្រោយដំណាក់កាលនៃស្ថានភាពដ៏ធ្ងន់ធ្ងរ បង្កដោយជំងឺរាតត្បាតកូវីដ-១៩។ ចាប់តាំងពីមានការរាតត្បាតដំបូងនៃជំងឺកូវីដ យូនីសេហ្វបានផ្តល់ឲ្យ កម្ពុជានូវអំណោយគិតជាទឹកប្រាក់ជាង ៤៤លាន ដុល្លារអាមេរិក ដោយរួមមានឧបករណ៍វេជ្ជសាស្រ្ត និងទូប្រព័ន្ធត្រជាក់ខ្លាំង វ៉ាក់សាំងកូវីដ និងឱសថ ដោយមានការគាំទ្រពីដៃគូមួយចំនួនដូចជា ទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីអភិវឌ្ឍន៍អន្តរជាតិ (USAID) រាជរដ្ឋាភិបាលជប៉ុន អូស្រ្តាលី និង សាធារណរដ្ឋឆែក។
លោកជំទាវ វេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការប្រចាំការក្រសួងសុខាភិបាល បានមានប្រសាសន៍ថា “យើងថ្លែងអំណរគុណដល់យូនីសេហ្វសម្រាប់ការគាំទ្រដ៏មានតម្លៃ ក្នុងការឆ្លើយតបប្រកបដោយ ប្រសិទ្ធភាពនឹងវិបត្តិជំងឺរាតត្បាតកូវីដ-១៩ និងធានានូវការបន្តផ្តល់សេវាសុខភាពសំខាន់ៗសម្រាប់ស្រ្តី
និងកុមារ ដូចជាការផ្តល់ថ្នាំបង្ការជាប្រចាំ និងសេវាថែទាំសុខភាពមាតា និងទារកជាដើម។ ភាពជាដៃគូ របស់យើងជាមួយយូនីសេហ្វ បានជួយពង្រឹងប្រព័ន្ធថែទាំសុខភាព និងការបណ្តុះបណ្តាលធនធាន មនុស្ស។ អំណោយឧបករណ៍វេជ្ជសាស្ត្រអុកស៊ីសែននាថ្ងៃនេះ គឺជាជំហានមួយក្នុងការធ្វើទំនើបកម្មសម្ភារបរិក្ខារវេជ្ជសាស្រ្ត និងប្រព័ន្ធតាមដាន ដែលអាចជួយកាត់បន្ថយអត្រាមរណភាពមាតា ទារក និងកុមារ។”
ឧបករណ៍ដែលជាអំណោយទាំងនេះរួមមាន ឧបករណ៍បង្កើនកម្រិតអុកស៊ីសែន ម៉ូនីទ័រសម្រាប់អ្នកជំងឺ ឧបករណ៍ពិនិត្យកម្រិតអុកស៊ីសែនក្នុងឈាម ឧបករណ៍បញ្ចូល អុកស៊ីសែនក្នុងសួត និងឧបករណ៍ សម្រាប់ព្យាបាលអុកស៊ីសែនដទៃទៀត ដែលនឹងត្រូវបែងចែកទៅកាន់មណ្ឌលសុខាភិបាលចំនួន ១៣១ កន្លែង ដោយរួមមាន មន្ទីរពេទ្យថ្នាក់ជាតិ ខេត្ត និងស្រុក និងមណ្ឌលសុខភាពនៅទូទាំងប្រទេស នៅប៉ុន្មានសប្តាហ៍ខាងមុខ។
សម្ភារជាអំណោយទាំងនេះ នឹងធានាថាអ្នកជំងឺ រួមទាំងកុមារ ដែលត្រូវការការព្យាបាលដោយប្រើប្រាស់ អុកស៊ីសែន ទទួលបាននូវការព្យាបាលសង្រ្គោះជីវិតសម្រាប់ជំងឺទាក់ទងនឹងផ្លូវដង្ហើម និងស្ថានភាព ដទៃទៀតដូចជាស្ថានភាពខ្វះអុកស៊ីសែនរបស់ទារកទើបកើត។ ក្នុងខណៈដែលមរណភាព កុមារ មាតា និងទារក បានធ្លាក់ចុះក្នុងប្រទេសកម្ពុជាក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅនេះ បើតាមការអង្កេត ប្រជាសាស្រ្ត និងសុខភាពនាពេលថ្មីនេះ (២០២១-២០២២) អត្រាស្លាប់នៃទារកទើបកើតអាយុក្រោម ៥ឆ្នាំ នៅមានកម្រិតខ្ពស់នៅទ្បើយ។ ចំនួនទារកទើបកើតបានស្លាប់ គឺមានចំនួនជិតពាក់កណ្តាលនៃអត្រា ស្លាប់របស់ទារកក្រោមអាយុ ៥ឆ្នាំ ដែលជាអត្រាពុំមានការថយចុះក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។
ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ
Additional resources
អំពីយូនីសេហ្វ
យូនីសេហ្វកម្ពុជាធ្វើការងារ ដើម្បីលើកកម្ពស់ការអភិវឌ្ឍល្អប្រសើររបស់កុមារ ការពារសិទ្ធិរបស់ពួកគេ និងជួយឱ្យពួកគេសម្រេចសក្ដានុពលចាប់ពីវ័យកុមារតូច រហូតដល់វ័យក្មេងជំទង់។
សម្រាប់ព័ត៌មានបន្ថែមអំពីយូនីសេហ្វ និងការងារដែលយូនីសេហ្វធ្វើដើម្បីកុមារ សូមចូលមើលគេហទំព័រ www.unicef.org/cambodia/ ។
សូមតាមព័ត៌មានអំពីយូនីសេហ្វ Twitter និង Facebook