អ្នកត្រួសត្រាយផ្លូវសម្រាប់ក្មេងស្រីកម្ពុជាក្នុងពិភពឌីជីថល
អបអរសាទរទិវាសិទ្ធនារីអន្តរជាតិឆ្នាំ២០២៣ យើងចង់នាំអារម្មណ៍អ្នកទាំងអស់គ្នាមកស្គាល់ យុវតីម្នាក់ដែលមានអាយុ ១៨ ឆ្នាំ ប្អូនស្រី ណារិទ្ធ វេជ្ជដា មកពីកម្មវិធីជំនាន់ថ្មី និងស្វែងយល់ពីរបៀបជំនះឧបសគ្គ ដើម្បីក្លាយជាអ្នកត្រួសត្រាយមួយរូបក្នុងវិស័យបច្ចេកវិទ្យា
- English
- Khmer
ណារិទ្ធ វេជ្ជដា ជាយុវតីម្នាក់ដែលចូលចិត្តបង្កើតរបស់ថ្មី។ គាត់និយាយថា៖ «ខ្ញុំចាត់ទុកខ្លួនឯងអ្នកកសាងពីកំណើត»។ ជាយុវតីម្នាក់ដែលបានធំឡើងក្នុងទឹកដីខេត្ត បាត់ដំបង វេជ្ជដា ចូលចិត្តសន្សំឈើចង្កាក់ការ៉េមកី និងយកវាមកធ្វើជាកូនផ្ទះតូចៗ ។ ទោះបីជាឥឡូវនេះគាត់មានអាយុ ១៨ឆ្នាំ ចំណង់ចំណូលចិត្តរបស់ វេជ្ជដា មិនបានផ្លាស់ប្តូរឡើយ ប៉ុន្តែឧបករណ៍លេងរបស់គាត់ បានប្រែប្រួលទៅជាការប្រើកុំព្យូទ័រសរសេរកូដ ដើម្បីបង្កើតគម្រោងមួយដែលបើកឱកាសដល់ពិភពឌីជីថលរបស់ប្រជាជនកម្ពុជាឲ្យកាន់តែច្រើន ជាពិសេសក្មេងស្រី។ គម្រោងរបស់គាត់ “ដើររក Tech” បានទទួលជោគជ័យក្នុងការចូលរួមក្នុងកម្មវិធីជំនាន់ថ្មីរបស់យូនីសេហ្វ ហើយគម្រោងនេះ ផ្តោតលើការណែនាំយុវជន និងកុមារអំពីបច្ចេកវិទ្យា និងលើកទឹកចិត្តពួកគេឱ្យស្វែងយល់បន្ថែមទៅលើវិស័យនេះ។
វេជ្ជដា លើកឡើងថា «បច្ចេកវិទ្យាអាចដោះស្រាយបញ្ហាដែលកម្ពុជាជួបប្រទះ ដូចជាការកាប់បំផ្លាញព្រៃឈើជាដើម ឬ ជួយយើងបង្កើតការអនុវត្តក្នុងវិស័យកសិកម្មកាន់តែប្រសើរ និងមានប្រសិទ្ធភាពជាងមុន ។ បច្ចេកវិទ្យាដើរតួនាទីដ៏មានឥទ្ធិពលមួយចំពោះអនាគតរបស់យើង»។
ក្នុងឱកាសដែលយើងអបអរសាទរទិវាសិទ្ធិនារីអន្តរជាតិ យើងសូមនាំអារម្មណ៍អ្នកមកស្គាល់ វេជ្ជដា ក្រោមប្រធានបទសកល៖ «ឌីជីថលសម្រាប់ទាំងអស់គ្នា: នវានុវត្តន៍ និងបច្ចេកវិទ្យាដើម្បីសមភាពយេនឌ័រ»។ ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ការដាក់ឱ្យប្រើប្រាស់នូវកម្មវិធីបញ្ញាសិប្បនិមិត្ត ដូចជា ChatGPT បានជំរុញឱ្យយើងទាំងអស់គ្នាឱ្យខិតទៅជិតពិភពបច្ចេកវិទ្យាទំនើបថ្មីមួយ ហើយគួរឲ្យរំភើបដែលបច្ចេកវិទ្យាមួយនេះទទួលបានប្រជាប្រិយយ៉ាងខ្លាំងក្នុងប្រវត្តិសាស្ត្រ។
ទោះបីជាបច្ចេកវិទ្យាមានការរីកចម្រើនបែបណាក៏ដោយ ស្ត្រី និងក្មេងស្រីនៅតែមិនទទួលបានការរាប់បញ្ចូលពីសង្គមក្នុងវិស័យបច្ចេកវិទ្យា។ តាមការស្រាវជ្រាវបានបង្ហាញថាក្នុងចំណោម អ្នកបម្រើការងារលើផ្នែកបញ្ញាសិប្បនិមិត្ត៥នាក់ មានតែម្នាក់ប៉ុណ្ណោះដែលជាស្ត្រី។ ហេតុនេះហើយទើប អ្នកត្រួសត្រាយក្នុងបច្ចេកវិទ្យាដូចជា វេជ្ជដាមានតួនាទីយ៉ាងសំខាន់ មិនត្រឹមតែសម្រាប់អនាគតរបស់ប្រទេសកម្ពុជាទេ ប៉ុន្តែសម្រាប់ពិភពលោកទាំងមូលផងដែរ។
គាត់និយាយថា «កាលពេលខ្ញុំធំដឹងក្តីនៅខេត្តបាត់ដំបង ខ្ញុំស្គាល់ឧបករណ៍បច្ចេកវិទ្យាខ្លះដែរ ប៉ុន្តែខ្ញុំមិនចេះប្រើវានោះទេ។ ប៉ារបស់ខ្ញុំមានកុំព្យូទ័រមួយ ប៉ុន្តែខ្ញុំធ្លាប់បានលេងកុំព្យូទ័ររបស់គាត់បន្តិចតែប៉ុណ្ណោះ»។ ក្រោយមកអ្វីៗក៏បានផ្លាស់ប្តូរនៅពេលដែល វេជ្ជដា ទទួលបានឱកាសចូលរៀនក្នុងសាលាជំនាន់ថ្មី ដែលជាកម្មវិធីសិក្សាមួយដែលត្រូវបានត្រួសត្រាយដោយក្រសួងអប់រំ យុវជន និងកីឡារបស់កម្ពុជា ដោយមានការគាំទ្រពីអង្គការ សកម្មភាពសម្រាប់ការអប់រំនៅកម្ពុជា (KAPE) ក្រោមបេសកកម្ម «បង្កើនកម្រិតការអប់រំនៅសាលារៀនរដ្ឋ ដើម្បីឱ្យសិស្សានុសិស្សអាចទទួលបានការអប់រំស្តង់ដារ 'អតិបរមា' ជាពិសេសមុខវិជ្ជាស្តេម»។
វេជ្ជកា បានរំលឹកឡើងដោយស្នាមញញឹមថា «ពេលដំបូងដែលខ្ញុំរៀនសរសេរកូដ វាពិតជាគ្មានបានការអីនោះទេ និយាយរួមខ្ញុំគ្រាន់តែសរសេរកូដឲ្យមនុស្សសិប្បនិមិត្ត(avatar) ចេះរាំតែប៉ុណ្ណោះ ប៉ុន្តែវាក៏បានធ្វើអោយខ្ញុំចាប់អារម្មណ៍លើការសរសេរកូដយ៉ាងខ្លាំង»។ ការរៀនភាសាកូដស៊ីជម្រៅដូចជា Java Script, Python, HTML និង CSS របស់វេជ្ជដាមានភាពរីកចម្រើនយ៉ាងឆាប់រហ័ស។ «ខ្ញុំបានសាកល្បងសកម្មភាពជាច្រើន ស្របពេលដែលរៀនសូត្របន្ថែមពីគ្រូរបស់ខ្ញុំ និងYouTube។ ខ្ញុំបានចូលរួមក្រុមរៀនសរសេរកូដ ជាពិសេសចូលរួមកម្មវិធីដូចជា Technovation Girls និងកម្មវិធីជំនាន់ថ្មីជាដើម។ រឿងមួយដែលខ្ញុំចូលចិត្តអំពីក្រុមសមាគមបច្ចេកវិទ្យាក្នុងប្រទេសកម្ពុជា គឺការសហការជួយយកអាសារ និងរៀនសូត្រពីគ្នាទៅវិញទៅមក»។
ហើយបច្ចុប្បន្ននេះ វេជ្ជដា ក៏មានតួនាទីយ៉ាងសំខាន់នៅក្នុងក្រុមអ្នករៀនសរសេរកូដនោះដែរ។ ដោយមានការគាំទ្រពីយូនីសេហ្វ គម្រោង ដើររកTech បានផ្តល់សិក្ខាសាលាបច្ចេកវិទ្យាដោយផ្ទាល់នៅតាមសាលារៀននៅតាមជនបទ និងបានបង្កើតជំរុំសរសេរកូដនៅតាមប្រព័ន្ធអ៊ីនធឺណិតផងដែរ។ វេជ្ជដាបានបន្តថា «ខ្ញុំមិនធ្លាប់ទទួលបានឱកាសបែបនេះនោះទេពេលខ្ញុំនៅក្មេង ប៉ុន្តែខ្ញុំដឹងថាខ្ញុំប្រាកដជាពេញចិត្តវា។ ពេលយើងទៅបង្រៀននៅតាមតំបន់ជនបទ យើងបានជួបយុវជនមួយចំនួនដែលមិនធ្លាប់សូម្បីតែបើកកុំព្យូទ័រ។ ពេលខ្លះយើងសួរគាត់ថាតើពួកគាត់ចង់ធ្វើការងារអ្វីពេលធំឡើង ហើយ៩០% បានឆ្លើយថា ចង់ក្លាយជា វេជ្ជបណ្ឌិត គិលានុបដ្ឋាយិកា ឬ គ្រូបង្រៀន។ ហើយពួកគាត់ភាគច្រើនមិនដឹងទេថា វិស័យបច្ចេកវិទ្យាក៏អាចផ្តល់អនាគតល្អដល់ពួកគាត់ដែរ។ យើងសង្ឃឹមថាយើងអាចផ្តល់ឱ្យពួកគាត់នូវរសជាតិនៃបច្ចេកវិទ្យា ដើម្បីឲ្យគាត់បានយល់ ហើយសិស្សមួយចំនួនក៏អាចចាប់អារម្មណ៍ចង់បន្តការសិក្សាលើមុខវិជ្ជាស្តេម»។
វេជ្ជដា និងក្រុមរបស់គាត់បានកត់សម្គាល់នៅពេលផ្តល់សិក្ខាសាលាបច្ចេកវិទ្យាដល់ក្មេងៗ យ៉ាងហោចណាស់ពាក់កណ្តាលនៃអ្នកចូលរួមជាក្មេងស្រី។ ក្រោយមកទៀតគាត់សង្កេតឃើញថា នៅពេលផ្តល់សិក្ខារសាលាដល់ក្រុមក្មេងជំទង់ ចំនួនក្មេងស្រីជាច្រើនបានបោះបង់ចោល។ វេជ្ជដាយល់ថា «ខ្ញុំគិតថា វាមកពីបញ្ហារសង្គមច្រើនជាង។ ក្មេងស្រីម្នាក់ដែលយើងបានជួបនៅក្នុងម៉ោងបង្រៀនអំពីមនុស្សយន្ត ត្រូវបានឪពុកម្តាយរបស់គាត់បង្ខំឱ្យគាត់ឈប់រៀនមុខវិជ្ជានេះហើយទៅរៀនសិល្បៈវិញ។ ពួកគាត់យល់ថា បច្ចេកវិទ្យាគឺសម្រាប់តែក្មេងប្រុសប៉ុណ្ណោះ។ ដូច្នេះក្មេងស្រីដែលរៀនមុខវិជ្ជានេះពិតជាមានសម្ពាធច្រើន។ យើងចង់ឃើញវត្តមានស្ត្រីបន្ថែមទៀតក្នុងផ្នែកបច្ចេកវិទ្យា ដើម្បីបំផុសគំនិតសិស្ស បន្ទាប់មកគ្រូបង្រៀន និងឪពុកម្តាយ»។
សម្រាប់វេជ្ជដាខ្លួនឯងផ្ទាល់ ក៏ធ្លាប់ជួបប្រទះនឹងឧបសគ្គដែរ។ ដំបូងឡើយឪពុករបស់គាត់មិនសូវសប្បាយចិត្តពេលដឹងថា វេជ្ជដាមានចំណាប់អារម្មណ៍លើបច្ចេកវិទ្យាឡើយ ហើយគាត់ចាំបានបទពិសោធន៍មួយពេលរៀនចប់វិទ្យាល័យយ៉ាងច្បាស់។ «មានម្តង ពេលចប់ថ្នាក់វិទ្យាល័យខ្ញុំបាននិយាយជាមួយគ្រូទាំងអស់អំពីផែនការសម្រាប់អនាគតរបស់ខ្ញុំ ជាពិសេសអំពីគម្រោង ដើររកTech។ មានលោកគ្រូម្នាក់បានមានប្រសាសន៍ថា គាត់សន្មតថា ខ្ញុំចង់រៀនពេទ្យ។ ហេតុអ្វី? ខ្ញុំមិនដែលធ្លាប់និយាយថា ខ្ញុំចង់ធ្វើជាវេជ្ជបណ្ឌិតពីមុនមកផង!”
ទោះជាយ៉ាងណាក៏ដោយ វេជ្ជដានៅតែមានការប្តេជ្ញាចិត្ត ហើយថែមទាំងទទួលបានអាហារូបករណ៍ដើម្បីទៅបន្តការសិក្សាបរិញ្ញាបត្រផ្នែកបច្ចេកវិទ្យានៅសហរដ្ឋអាមេរិកទៀតផង។ វេជ្ជដាបានដាក់ពាក្យសុំអាហាររូបករណ៍នេះក្នុងអំឡុងការផ្ទុះនៃជំងឺកូវីដ១៩ ហើយគាត់ក៏បានលើកឡើងថាដោយសារតែឧបករណ៍ឌីជីថលនេះហើយ ទើបគាត់អាចទទួលបានអាហាររូបករណ៍មួយនេះ។ «បច្ចេកវិទ្យាពិតជាបានជួយបង្កើនលទ្ធភាពទទួលបានការអប់រំ និងអាចបើកឱកាសថ្មីៗសម្រាប់សិស្សានុសិស្ស។ វាអាចជួយសិស្សនៅតាមជនបទ និងទីក្រុងក្នុងការស្វែងយល់ពីចំណាប់អារម្មណ៍ និងសក្ដានុពលរបស់ពួកគេ»។
វេជ្ជដា មានផែនការចង់បន្តគម្រោង ដើររកTech ស្របពេលគាត់សិក្សានៅសហរដ្ឋអាមេរិក ហើយត្រឡប់មកវិញ យកចំណេះដឹងទាំងនោះមកប្រើប្រាស់ដើម្បីអភិវឌ្ឍប្រទេសកំណើតរបស់គាត់។
«ខ្ញុំចង់ស្វែងយល់ ទស្សនៈកិច្ច និងរៀន បន្ទាប់មកខ្ញុំចង់បង្កើតអ្វីមួយដែលអាចជួយខ្លួនខ្ញុំ និងមនុស្សជុំវិញខ្លួន។ នេះជាអ្វីដែលធ្វើឱ្យខ្ញុំរីករាយ។ ហើយប្រសិនបើខ្ញុំអាចលើកទឹកចិត្តក្មេងស្រីកាន់តែច្រើនឱ្យចាប់យកសក្តានុពលខ្លួនលើវិស័យបច្ចេកវិទ្យាដោយពួកគាត់អាចយកបទពិសោធន៍ខ្ញុំជាគំរូ នោះនឹងធ្វើឲ្យខ្ញុំកាន់តែសប្បាយចិត្តថែមទៀត»។