“រឿងសម័យកូវីដ១៩ នៅកម្ពុជា”
កុមារជាង ៣ លាននាក់កំពុងរងផលប៉ះពាល់ពីការបិទសាលារៀននៅកម្ពុជា ហើយទំហំនៃវិបត្ដិនេះកំពុងគំរាមកំហែងដល់ការរីកចម្រើនដែលទទួលបានជាច្រើនឆ្នាំកន្លងមក...
- English
- Khmer
ការរាតត្បាតជាសកលនាំឱ្យសាលារៀនត្រូវបិទទ្វារ ភាពក្រីក្ររបស់កុមារមានការកើនឡើង និងបង្កហានិភ័យបន្ទុចបង្អាក់ដល់ឱកាសទទួលបានការអភិវឌ្ឍរបស់កុមារនៅទូទាំងប្រទេសកម្ពុជា។ កុមារជាង ៣ លាននាក់ ទទួលរងផលប៉ះពាល់ ដោយសារការបិទសាលារៀននៅក្នុងប្រទេស ហើយវិសាលភាពនៃវិបត្តិនេះកំពុងគំរាមកំហែងធ្វើឱ្យវឌ្ឍនភាពដែលសម្រេចបាននៅក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ត្រូវរលាយបាត់ទៅវិញ និងធ្វើឱ្យក្រុមដែលងាយរងគ្រោះបំផុតពុំបានទទួលសេវាចាំបាច់សំខាន់ៗ ដូចជា សេវាការពារ អប់រំ សុខភាព អាហារូបត្ថម្ភ និងទឹកស្អាតជាដើម។ ផលប៉ះពាល់នេះអាចអូសបន្លាយរាប់ជំនាន់។ ការផ្ដល់ឱ្យកុមារនូវជម្រើសផ្សេងៗសម្រាប់រៀនសូត្រ និងកសាងមាគ៌ាជីវិតរបស់ពួកគេឡើងវិញ គឺជាផ្នែកមួយដ៏សំខាន់នៃការឆ្លើយតបរបស់យូនីសេហ្វ។
នេះគឺកុមារា ស៊ុន សក្ដា មានវ័យ៨ឆ្នាំ រៀនថ្នាក់ទី៣ នៅសាលាបឋមសិក្សាវត្តចក។ “ការរៀនតាមអនឡាញគឺជារឿងពិបាក។ គ្រូផ្ញើមេរៀន និងកិច្ចការដែលត្រូវធ្វើនៅផ្ទះតាមក្រុមពិភាក្សានៃបណ្តាញហ្វេសបុក។ ខ្ញុំទទួលបានឯកសារទាំងនេះ តាមទូរសព្ទម្ដាយរបស់ខ្ញុំ ប៉ុន្តែនៅពេលដែលទូរសព្ទរបស់គាត់អស់ទឹកប្រាក់ ខ្ញុំមិនដឹងថាតើមានកិច្ចការសាលាអ្វីខ្លះនោះឡើយ ហើយខកខានពុំបានរៀនមេរៀនជាច្រើនទៀត។ ក្រោយមក ពេលគាត់បញ្ចូលទឹកប្រាក់ក្នុងទូរសព្ទវិញ មានកិច្ចការសាលាជាច្រើនដែលខ្ញុំត្រូវធ្វើ!”
ដូចគ្នានឹងកុមារកម្ពុជាជាច្រើននាក់ផ្សេងទៀត ដែលរស់នៅតំបន់ជនបទ សក្កដា គឺជាកុមារដែលមានឱកាសតិចតួច ដោយសារខ្វះការភ្ជាប់ទំនាក់ទំនងឌីជីថល ប៉ុន្តែកុមាររូបនេះនៅតែប្រឹងប្រែងអស់ពីលទ្ធភាព។ គម្លាតឌីជីថល បង្កបញ្ហាប្រឈមធ្ងន់ធ្ងរដល់ដំណោះស្រាយសម្រាប់ការរៀនសូត្រពីចម្ងាយក្នុងអំឡុងពេលនៃវិបត្តិនេះ និងអាចពង្រីកគម្លាតវិសមភាពនេះឱ្យរឹតតែធំទៅៗ។ ខណៈពេលដែលមានប្រជាជនប្រមាណ ១២,៥ លាននាក់ក្នុងចំនួន ១៦,៣៦ លាននាក់ គឺជាអ្នកប្រើអ៊ីនធឺណិត (Hootsuite, 2019) អ្នកដែលគ្មានអ៊ីនធឺណិតប្រើប្រាស់ភាគច្រើន គឺជាអ្នករស់នៅក្នុងតំបន់ជនបទក្នុងប្រទេស។ យូនីសេហ្វកំពុងគាំទ្រដល់ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីផ្ដល់ជម្រើសឱកាសរៀនសូត្រដល់សិស្ស ដូចជាការផ្សព្វផ្សាយការបង្រៀនអនឡាញ “ការរៀនសូត្រតាមប្រព័ន្ធអេឡេត្រូនិក (e-learning)” តាមរយៈថ្នាលបណ្ដាញទំនាក់ទំនងសង្គមជាច្រើន ក៏ដូចជា តាមស្ថានីយ៍ទូរទស្សន៍ និងវិទ្យុ ក្នុងគោលបំណងផ្សព្វផ្សាយការបង្រៀនទាំងនេះ ដល់ប្រជាពលរដ្ឋគ្រប់គ្រួសារទាំងអស់នៅកម្ពុជា។
សក្កដា តែងមកសាលារៀននៅរៀងរាល់ថ្ងៃពុធ ដើម្បីយកមេរៀនមុខវិជ្ជាគណិតវិទ្យា និងភាសាខ្មែរ និងប្រគល់កិច្ចការដែលគ្រូដាក់ឱ្យធ្វើនៅផ្ទះ។ ក្នុងសាលាបឋមសិក្សាវត្តចកនេះ ក៏ដូចជានៅតាមសាលារៀនជាច្រើនទៀតក្នុងខេត្តសៀមរាប មានការអនុវត្តវិធានការតឹងរ៉ឹង ដើម្បីការពារជំងឺកូវីដ១៩ ដូច្នេះកុមារអាចមកសាលារៀនជាក្រុមតូចៗ ម្តងមួយក្រុមៗ មួយដងក្នុងមួយសប្ដាហ៍ ដើម្បីយកក្រដាសមេរៀន និងប្រគល់កិច្ចការដែលគ្រូដាក់ឱ្យធ្វើនៅផ្ទះ។ នេះក៏ផ្ដល់ឱកាសឱ្យពួកគេបាននិយាយទៅកាន់គ្រូ និងសួរសំណួរអំពីប្រធានបទដែលពួកគេមិនទាន់យល់ពេញលេញផងដែរ។ កុមារមួយចំនួនមកសាលារៀនដោយសារតែពួកគេនឹកមិត្តភក្តិ បន្ទប់រៀន និងសួនកុមារ។
កុមារា រ៉ុង វណ្ណៈ អាយុ១៥ឆ្នាំ រៀនថ្នាក់ទី៩ នៅអនុវិទ្យាល័យរលួស បាននិយាយថា៖ “ឪពុកម្ដាយខ្ញុំ បាត់បង់ការងារទាំង២នាក់ ដោយសារតែជំងឺកូវីដ១៩។ ពួកគាត់ជាអ្នកធ្វើការផ្នែកសេវាកម្ម និងទេសចរណ៍។ ឥឡូវនេះ ពួកគាត់ជួយចាត់ចែងហាងលក់ម្ហូបអាហាររបស់មីងខ្ញុំ និងដាំដំណាំហូបផ្លែមួយចំនួន។ ពួកគេពុំមានប្រាក់ខែទៀងទាត់នោះឡើយ។ យើងមិនដឹងថាតើស្ថានភាពនៅសប្ដាហ៍បន្ទាប់ទៅជាយ៉ាងណានោះឡើយ។ ប៉ុន្តែគ្រួសាររបស់យើងពុំមានបញ្ហាអ្វីនោះទេ។”
ឪពុកម្ដាយ វណ្ណៈ គឺជាមនុស្ស២នាក់ ក្នុងចំណោមនុស្ស៣៩០.០០០នាក់ នៅកម្ពុជាដែលបាត់បង់ការងារ ដោយសារផលប៉ះពាល់សេដ្ឋកិច្ចដែលបង្កឡើងដោយសារជំងឺកូវីដ១៩ (ធនាគារអភិវឌ្ឍន៍អាស៊ី)។ ផលប៉ះពាល់ដែលបង្កឡើងដោយវិបត្តិនេះ គឺជាផលប៉ះពាល់ដែលកើតមានចំពោះមុខនាពេលនេះតែម្ដង ព្រោះថាគ្រួសារមួយចំនួនពុំមានលទ្ធភាពចំណាយលើតម្រូវការជាមូលដ្ឋានរបស់ពួកគេ ដូចជាលើម្ហូបអាហារ ទឹក ថ្នាំសង្កូវ ព្រមទាំងការទទួលបានសេវាថែទាំសុខភាព និងអប់រំឡើយ។ ពេលដែលមានវិបត្តិកើតឡើង ដូចជាវិបត្តិនាពេលនេះជាដើម កុមារគឺជាអ្នកដែលរងផលប៉ះពាល់ជាងគេ ពោលគឺមិនមែនត្រឹមតែតម្រូវការចំពោះមុខរបស់ពួកគេប៉ុណ្ណោះទេ ដែលពុំត្រូវបានបំពេញនោះ ហានិភ័យផ្សេងទៀត ដូចជាការទុកចោលមិនអើពើ ពលកម្មកុមារ អំពើហិង្សា ការរំលោភបំពាន និងការរៀបការរបស់កុមារ កាន់តែមានការកើនឡើង និងអាចបង្កផលប៉ះពាល់យូរអង្វែងលើជីវិតរបស់ពួកគេ។
ប៉ុន្តែ វណ្ណៈមិនរួញរាដោយសារកាលៈទេសៈបែបនេះឡើយ ហើយកុមាររូបនេះតែងសម្លឹងទៅអនាគត។ “ខ្ញុំតែងតែចូលចិត្តរៀនភាសាអង់គ្លេស។ ម្ដាយរបស់ខ្ញុំណែនាំខ្ញុំឱ្យស្គាល់ភាសាអង់គ្លេសនៅពេលដែលខ្ញុំរៀនថ្នាក់ទី២ ហើយខ្ញុំទៅរៀនភាសាអង់គ្លេសដោយខ្លួនឯងចាប់តាំងពីថ្នាក់ទី៣មក។ ឪពុកម្ដាយរបស់ខ្ញុំផ្ដល់ពេល និងឱកាសឱ្យខ្ញុំបានរៀនសូត្រ។ ខ្ញុំចង់ធ្វើជាមគ្គុទេសក៍ទេសចរណ៍ ឬជាគ្រូបង្រៀនភាសាអង់គ្លេស។ ការធ្វើជាមគ្គុទេសក៍ទេសចរណ៍នឹងផ្ដល់ឱកាសឱ្យខ្ញុំហ្វឹកហាត់ភាសាអង់គ្លេស ហើយខ្ញុំចូលចិត្តនិយាយលេងជាមួយនឹងជនជាតិដើមម្ចាស់ភាសា នៅពេលដែលខ្ញុំទៅក្រៅប្រទេស។”
“ខ្ញុំក៏ស្រឡាញ់បច្ចេកវិទ្យាផងដែរ។ ដូច្នេះ នៅពេលដែលលោកនាយករងបង្ហាញយើងអំពីកម្មវិធី E-School Cambodia App ខ្ញុំក៏ស្ម័គ្រចិត្តជួយដំឡើងកម្មវិធីនេះ។ ខ្ញុំក៏បានជួយផលិតវីដេអូបង្ហាញពីរបៀបប្រើប្រាស់កម្មវិធី និងសរសេរការណែនាំផ្សេងទៀតសម្រាប់មិត្តភក្តិ និងមិត្តរួមសាលារៀនរបស់ខ្ញុំ។ បទពិសោធន៍នេះធ្វើឱ្យខ្ញុំពេញចិត្តនឹងខ្លួនឯង ព្រោះខ្ញុំអាចចែករំលែកចំណេះដឹងរបស់ខ្ញុំជាមួយនឹងមិត្តភក្តិ ហើយខ្ញុំក៏អាចរៀនអ្វីដែលថ្មីៗមកវិញផងដែរ។”
ការរៀនពីផ្ទះនៅក្នុងអំឡុងពេលនេះ មិនមែនត្រឹមតែបង្កការលំបាកដល់កុមារតែប៉ុណ្ណោះនោះទេ ឪពុកម្ដាយ និងអាណាព្យាបាលជាច្រើន ក៏ត្រូវបំពេញតួនាទីជាគ្រូផងដែរ។ សម្រាប់ឪពុកម្ដាយ ដូចជា លោកម៉ុត ក្រឹម ដែលជាអ្នកលក់ធ្យូងវ័យ ៣៨ឆ្នាំ និង អ្នកស្រីប៉ោ សៀមឡាយ ជាមេផ្ទះវ័យ ៣៥ឆ្នាំ បានធ្វើការងារជាច្រើន ដើម្បីជួយឱ្យកូនរបស់ពួកគេបានរៀននៅផ្ទះ។ បច្ចេកវិទ្យាតែមួយមុខគត់មិនអាចជំនួសឱ្យវត្តមាន និងការណែនាំរបស់គ្រូ ឬអាណាព្យាបាលបាននោះឡើយ ហើយវាគឺជាការពិត ជាពិសេសសម្រាប់កុមារតូចៗ។ កូនពៅរបស់ពួកគេឈ្មោះ ក្រឹម អឹមរិទ្ធធីតា មានអាយុ ៦ឆ្នាំ កំពុងរៀនថ្នាក់ទី ១។
ក្រឹម ពន្យល់ថា៖ “កូនពៅរបស់ខ្ញុំទើបតែចាប់ផ្ដើមចូលរៀន ហើយ ៣ខែក្រោយមក ជំងឺកូវីដ១៩ ក៏បានកើតឡើង ហើយសាលារៀនក៏បិទទ្វារជាបណ្ដោះអាសន្នទៀត។ បច្ចុប្បន្ននេះ ប្រពន្ធរបស់ខ្ញុំ និងខ្ញុំកំពុងជួយនាងក្នុងការរៀនសូត្រពីចម្ងាយ ក្នុងអំឡុងពេលដែលមានគ្រូចុះមកបង្រៀនដល់កន្លែង និងជួយបង្រៀននៅផ្ទះ។ រាល់ការចុះមកបង្រៀនទាំងអស់ សុទ្ធតែធ្វើឡើងដោយស្ម័គ្រចិត្ត ប៉ុន្តែយើងពិតជាអរគុណចំពោះការខិតខំប្រឹងប្រែងនេះ ព្រោះសិស្សនៅតែអាចរៀនបានយ៉ាងល្អប្រសើរ ទោះជាចំនួនម៉ោងរៀនតិចតួចយ៉ាងណាក៏ដោយ។”
លោកបន្តថា “នៅពេលដែលសាលារៀនបើកទ្វារសាជាថ្មី ខ្ញុំនឹងបញ្ជូនកូនរបស់ខ្ញុំទាំងអស់ទៅរៀនឡើងវិញ។ ខ្ញុំពុំមានអ្វីសម្រាប់ផ្ដល់ឱ្យពួកគេទៀតឡើយ ក្រៅតែពីការអប់រំ។ សូម្បីតែពេលបច្ចុប្បន្ននេះ អាជីវកម្មរបស់ខ្ញុំត្រូវរងផលប៉ះពាល់ធ្ងន់ធ្ងរដោយសារជំងឺកូវីដ-១៩ ហើយខ្ញុំត្រូវខ្ចីកម្ចីពីគេ ដើម្បីរស់ ប៉ុន្តែខ្ញុំនៅតែវិនិយោគលើការអប់រំរបស់កូនៗខ្ញុំ។ ខ្ញុំព្យាយាមដោះស្រាយវិបត្តិសេដ្ឋកិច្ចរបស់គ្រួសារបន្តិចម្ដងៗ។ៗ
កុមារីសេង និរតី មានអាយុ១៣ឆ្នាំ រៀនថ្នាក់ទី៧ នៅអនុវិទ្យាល័យរលួស បាននិយាយថា៖ “នៅពេលដែលសាលារៀនបិទទ្វារពីដំបូង យើងមានតែក្រុមពិភាក្សាក្នុងហ្វេសប៊ុក ដើម្បីទទួលមេរៀន និងផ្ញើកិច្ចការដាក់គ្រូដាក់ឱ្យធ្វើត្រឡប់ទៅវិញ។ ប៉ុន្តែក្រោយមក គ្រូរបស់យើងដឹងថា កម្មវិធីនេះមិនគ្រប់គ្រាន់ឡើយ ជាពិសេស សម្រាប់សិស្សដែលពុំមានទូរសព្ទស្មាតហ្វូន។” ដើម្បីប្រយុទ្ធប្រឆាំងនឹងបញ្ហាគម្លាតឌីជីថល ដែលជាក្ដីបារម្ភកាន់តែធំទៅៗរបស់យូនីសេហ្វ និងដៃគូ សាលារៀនបានបង្កើតនូវឯកសារមេរៀនដែលសិស្សអាចមកយកពីសាលាបាន។ និរតី ជួយចែកមេរៀនទាំងនេះទៅសិស្សមួយចំនួនចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ នៅរៀងរាល់ម៉ោង ១ ដល់ម៉ោង ៥ រសៀល។ លេខទូរសព្ទសម្រាប់ទំនាក់ទំនងគ្រូ ត្រូវបានបញ្ចូលទៅក្នុងឯកសារទាំងនេះ ដើម្បីឱ្យសិស្សអាចទូរសព្ទ និងសួរពីចំណុចដែលពួកគេមិនយល់។
“ខ្ញុំសង្ឃឹមថា សិស្សកាន់តែច្រើននាក់ដែលពុំមានទូរសព្ទស្មាតហ្វូត ឬអ៊ីនធឺណិតនៅផ្ទះ អាចមកយកមេរៀន និងកិច្ចការដែលគ្រូដាក់ឱ្យធ្វើនៅផ្ទះ។ ប្រសិនបើពួកគេមិនយល់មេរៀន ពួកគេអាចសួរខ្ញុំ ឬគ្រូ ដូច្នេះពួកគេនៅតែអាចរៀនទាន់សិស្សដទៃទៀត។”
កុមារីធន សាយ មានអាយុ៨ឆ្នាំ រៀនថ្នាក់ទី៣ រៀននៅសាលាបមឋសិក្សារលួស បានពន្យល់ថា៖ “នៅម៉ោង១០ព្រឹក ខ្ញុំត្រូវទៅផ្ទះយាយរបស់ខ្ញុំ ដើម្បីមើលការបង្រៀនគណិតវិទ្យា និងភាសាខ្មែរតាមទូរសព្ទរយៈពេល ១ម៉ោង។” បើទោះបីជាមិនអាចមើលការបង្រៀននៅផ្ទះក៏ដោយ ក៏ការរៀនសូត្ររបស់នាងមានការរីកចម្រើនទៅមុខយ៉ាងល្អប្រសើរ ដោយសារតែកម្មវិធីបង្រៀនតាមទូរសព្ទ និងវិទ្យុ ការទទួលបានឯកសារមេរៀនពីសាលា និងការជួយណែនាំពីម្ដាយ និងបងស្រីរបស់នាង។
ការៀនសូត្រនៅក្នុងរយៈពេលនេះ គឺមិនត្រឹមតែជារឿងសំខាន់សម្រាប់ការអភិវឌ្ឍរបស់យុវជនប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជារយៈពេលដ៏សំខាន់សម្រាប់ការសម្រាក ធ្វើលំហាត់ប្រាណ និងលេងកម្សាន្តផងដែរ។ ហើយវាក៏មានសារសំខាន់ផងដែរសម្រាប់កុមារីសូ ពិសី មានអាយុ១៣ឆ្នាំ កំពុងរៀនថ្នាក់ទី៨ និងជាប្រធានស្ដីទីនៃក្រុមប្រឹក្សាកុមារនៃអនុវិទ្យាល័យរលួស។ ខណៈពេលដែលសាលារៀនរបស់នាងត្រូវបិទទ្វារ ពិសីនៅតែបន្តថែទាំសុខភាពរបស់នាង តាមរយៈលេងកីឡាបាល់ទាត់ជាមួយនឹងបងប្អូនរបស់នាង ជិះកង់ និងហាត់ប្រាណតាមវីដេអូយូធូប។ ពិសី និយាយថា៖ “ខ្ញុំក៏ចូលចិត្តដាំដើមឈើ និងចូលចិត្តសួនច្បារនៅក្នុងសាលារៀនរបស់យើងផងដែរ។”
កុមារីឃុន សុភក្ត្រ មានអាយុ១៤ឆ្នាំ រៀនថ្នាក់ទី៩ នៅអនុវិទ្យាល័យរលួស ពន្យល់ថា៖ “ដោយសារតែការរាតត្បាតជាសកល បច្ចុប្បន្ននេះជំងឺកូវីដ១៩ បានក្លាយជាមុខវិជ្ជាបំណិនជីវិតសម្រាប់យើងនៅឆមាសនេះ។ មិត្តភក្តិរបស់ខ្ញុំ និងខ្ញុំ បានធ្វើការស្រាវជ្រាវជាច្រើនតាមហ្គុកហ្គល យូធូប និងបណ្ដាញទំនាក់ទំនងសង្គម ដើម្បីបំពេញកិច្ចការដែលគ្រូដាក់ឱ្យ។”
“នៅពេលដែលយើងប្រើទូរសព្ទជាប់រហូត ដើម្បីរៀនតាមប្រព័ន្ធអនឡាញ ឪពុកម្ដាយរបស់ខ្ញុំយល់ច្រឡំនឹងខ្ញុំ ហើយគិតថាខ្ញុំកំពុងលេងហ្គេម។ ថ្លៃប្រើប្រាស់ទូរសព្ទក៏អស់ច្រើនផងដែរ ហើយជារឿយៗ អ៊ីនធឺណិតមានល្បឿនយឺត។” ប៉ុន្តែ សុភក្ត្រ មិនបណ្ដោយឱ្យការបិទទ្វារសាលារៀន រារាំងនាងពីការរីកចម្រើននៅក្នុងការរៀនសូត្រនោះឡើយ។ “គ្រូរបស់យើងបន្តលើកទឹកចិត្តយើងឱ្យទូរសព្ទ ឬផ្ញើសារទៅកាន់ពួកគាត់ នៅពេលដែលយើងមានសំណួរ។ ពួកគាត់ក៏រំឮកយើងឱ្យធ្វើកិច្ចការដែលសាលាដាក់ឱ្យធ្វើ និងប្រាប់យើងឱ្យចូលទៅប្រើប្រាស់គេហទំព័រ និងថ្នាលបណ្ដាញទំនាក់ទំនងសង្គមរបស់ក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំង កម្មវិធីដែលមានប្រយោជន៍ដទៃទៀត។”
យូនីសេហ្វ ធ្វើការដើម្បីធានាថាគ្មានកុមារណាម្នាក់ត្រូវបានទុកចោលនោះទេ ហើយធានាថាកុមារគ្រប់រូប មិនថាពួកគេមានសមត្ថភាព យេនឌ័រ ស្ថានភាពសង្គមសេដ្ឋកិច្ច ឬក៏ជាជនជាតិភាគតិចយ៉ាងណាក៏ដោយ ពួកគេនៅតែអាចទទួលបានឱកាសសិក្សារៀនសូត្រគ្រប់ៗគ្នា។