ផ្ដល់ឱកាសឲ្យកុមារមានពិការភាពទទួលបានការរៀនសូត្រយ៉ាងទូលំទូលាយ

នៅកម្ពុជា កុមារមានពិការភាពជាច្រើននាក់ នៅពុំទាន់បានទទួលការគាំទ្រឲ្យបានគ្រប់គ្រាន់សម្រាប់ការអប់រំរបស់ពួកគេ។ វគ្គបណ្ដុះបណ្ដាលថ្មីកំពុងជួយឲ្យគ្រូអាចផ្ដល់ជំនួយឯកទេស ដែលអាចនាំមកនូវការផ្លាស់ប្ដូរវិជ្ជមានក្នុងជីវិតរបស់កុមារទាំងនេះ។

Jaime Gill
©UNICEF Cambodia/2020/Antoine Raab
UNICEF Cambodia/2020/Antoine Raab
04 ធ្នូ 2020

“កុមារតូចៗមានលក្ខណៈពិសេសខុសៗគ្នា។ ពួកគេមានសមត្ថភាពរៀងៗខ្លួន ព្រមទាំងអាចរៀន និងលេងកម្សាន្តតាមបែបផ្សេងគ្នា។ នេះជាការពិតដំបូងដែលអ្នកត្រូវដឹងនៅពេលអ្នកក្លាយជាគ្រូបង្រៀន” នេះគឺជាសម្តីរបស់អ្នកគ្រូ ម៉ន សំបូរ គ្រូបង្រៀន វ័យ២៧ឆ្នាំ ដែលធ្វើការនៅសាលាមត្តេយ្យសិក្សាបរកែវ ខេត្តរតនគិរី។ អ្នកគ្រូបានបន្ថែមទៀតថា៖ “នៅពេលអ្នកយល់ថាសិស្សម្នាក់ៗ គឺជាមនុស្សដែលមានលក្ខណៈពិសេសខុសៗគ្នា អ្នកពិតជាអាចបង្រៀនពួកគេបានយ៉ាងល្អ។ ប៉ុន្តែ នៅពេលដែលខ្ញុំចាប់ផ្ដើមធ្វើជាគ្រូបង្រៀនដំបូង ខ្ញុំមិនយល់ពីរបៀបបង្រៀនកុមារមានពិការភាពឡើយ ហើយនេះមានន័យថាខ្ញុំពុំអាចជួយពួកគេឲ្យបានច្រើន ទៅតាមតម្រូវការពួកគេឡើយ។ វគ្គបណ្ដុះបណ្ដាលនេះបានផ្លាស់ប្ដូរស្ថានភាពនោះ។”

វគ្គបណ្ដុះបណ្ដាលដែលអ្នកគ្រូសំបូរ​ លើកឡើងនោះ គឺជាវគ្គបណ្ដុះបណ្ដាលស្ដីពីការអប់រំបរិយាបន្នសម្រាប់សាលាមត្តេយ្យសិក្សា ដែលទទួលបានថវិកាគាំទ្រពីគណៈកម្មាធិការយូនីសេហ្វប្រចាំប្រទេសអូស្រ្តាលី ដែលអ្នកគ្រូបានចូលរួមកាលពីឆ្នាំ២០១៨។ មុនពេលគាត់បានចូលរួមវគ្គបណ្ដុះបណ្ដាលនេះ អ្នកស្រីគ្រូ ដឹងពីរបៀបកំណត់អត្តសញ្ញាណកុមារដែលមានពិការភាពកាយសម្បទា ដែលគេអាចមើលដឹងពីខាងក្រៅ ប៉ុន្តែគាត់ពុំមានជំនាញកំណត់ឲ្យដឹងពីបញ្ហាដែលពិបាកមើលឃើញពីខាងក្រៅ ដូចជា កម្សោយគំហើញ ឬកម្សោយការស្ដាប់ ឬពិការភាពសតិបញ្ញានោះឡើយ។ វគ្គបណ្ដុះបណ្ដាលបានផ្ដល់ការបំពាក់បំប៉នឲ្យគាត់នូវជំនាញទាំងនេះ ព្រមទាំងចំណេះដឹងដែលចាំបាច់ ដើម្បីឲ្យគាត់ចេះកែសម្រួលបច្ចេកទេសបង្រៀន និងបរិយាកាសសិក្សាឲ្យស្របតាមកុមារម្នាក់ៗ។

អ្នកគ្រូបានឆ្លុះបញ្ចាំងថា “វាអាចជារឿងងាយស្រួលធ្វើ។ ឧទាហរណ៍ប្រសិនបើខ្ញុំឃើញថា មានកុមារណាម្នាក់ពិបាកអានអក្សរនៅលើក្ដារខៀន ខ្ញុំឲ្យពួកគេផ្លាស់មកអង្គុយខាងមុខ ហើយសង្កេតមើលថាតើស្ថានភាពរបស់ពួកគេមានភាពល្អប្រសើរដែរឬទេ។ ការធ្វើបែបនេះក៏មានប្រសិទ្ធភាពសម្រាប់កុមារដែលពិបាកស្ដាប់ផងដែរ។ សម្រាប់កុមារផ្សេងទៀតដែលមានតម្រូវការធ្ងន់ធ្ងរជាងនេះ ខ្ញុំប្រហែលជាចាំបាច់ត្រូវផ្ដល់ការគាំទ្រមួយទល់មួយបន្ថែមទៀតដល់ពួកគេ។”

©UNICEF Cambodia/2020/Antoine Raab
UNICEF Cambodia/2020/Antoine Raab
អ្នកគ្រូ សំបូរ ផ្តល់ការគាំទ្រមួយទល់មួយដល់កុមារី ឈិន សៀវឈីង

កុមារីម្នាក់ដែលឋិតក្នុងស្ថានភាពបែបនេះគឺ កុមារី ឈិន សៀវឈីង អាយុ ៦ឆ្នាំ។ អ្នកស្រី សំបូរ ចងចាំថា “គាត់គឺជាសិស្សដែលតែងតែអង្គុយនៅក្រោយគេក្នុងថ្នាក់ ហើយមិនចង់និយាយស្ដីអ្វីឡើយ។ មុនវគ្គបណ្ដុះបណ្ដាលនេះ ខ្ញុំពិតជាមិនយល់ពីមូលហេតុនោះឡើយ ប៉ុន្តែក្រោយមកខ្ញុំចាប់ផ្ដើមដឹងថា កូននេះមានការលំបាកជាមួយនឹងការនិយាយស្ដី និងការចងចាំ។ គាត់មិនអាចទន្ទិញចាំឃ្លាវែងៗដែលខ្ញុំបង្រៀននោះឡើយ ហើយគាត់មានការលំបាកក្នុងការច្រៀងតាមចម្រៀង។ ហើយជាការពិត បញ្ហាទាំងអស់នេះចាប់ផ្ដើមប៉ះពាល់ដល់ភាពជឿជាក់លើខ្លួនគាត់ ដូច្នេះស្ថានភាពកាន់តែស្មុគស្មាញសម្រាប់គាត់។ ខ្ញុំចាប់ផ្ដើមផ្ដល់ការគាំទ្រមួយទល់មួយបន្ថែមទៀតឲ្យគាត់ និងត្រូវខិតខំអត់ធ្មត់ជាងមុន។ ការធ្វើបែបនេះពិតជាមានប្រសិទ្ធភាពប្រាកដមែន។”

សៀវឈីង យល់ស្របជាមួយអ្នកគ្រូ។ មុនពេលដែលកុមារីរូបនេះចាប់ផ្ដើមទទួលបានការគាំទ្របន្ថែម គាត់ពុំបានចូលរួមនៅក្នុងសកម្មភាពក្នុងថ្នាក់នោះឡើយ ហើយក៏កម្រនឹងនិយាយស្ដីនោះដែរ។ កុមារីនេះនិយាយប្រកបដោយសេចក្ដីក្លាហាន និងមោទនភាពថា “ឥឡូវនេះខ្ញុំចូលចិត្តមកសាលារៀន។ ខ្ញុំពិតជាចូលចិត្តគ្រូរបស់ខ្ញុំណាស់ ព្រោះគាត់ស្ដាប់ខ្ញុំ។”

អ្នកគ្រូសំបូរ គិតថា គាត់អាចសង្កេតឃើញមានការផ្លាស់ប្ដូរនៅពេលដែល សៀវឈីង ចាប់ផ្ដើមនិយាយ និងរៀនកាន់តែចេះនៅក្នុងថ្នាក់។ ប៉ុន្តែគាត់ដឹងថាកុមារីរូបនេះរីកចម្រើនខ្លាំង នៅពេលដែលជីដូនរបស់កុមារីនេះមកកាន់សាលារៀន។ អ្នកគ្រូសំបូរ ចងចាំថា “ពេលនោះជីដូនរបស់នាងចូលមកថ្លែងអំណរគុណ។ អ្នកគ្រូសំបូរ និយាយទាំងរំភើបថា គាត់មើលឃើញការផ្លាស់ប្ដូរបុគ្គលិកលក្ខណៈ និងសមត្ថភាពជាច្រើនរបស់សៀវឈីង។”

សៀវឈីង មិនមែនជាកុមារមានពិការភាពតែម្នាក់គត់ ដែលបានទទួលប្រយោជន៍ពីជំនាញដែលអ្នកគ្រូសំបូរ បានរៀនពីវគ្គបណ្ដុះបណ្ដាលនេះឡើយ។ កុមារី ធា ប៉ៃអ៊ឹង គឺជាកុមារអាយុ ៦ឆ្នាំម្នាក់ទៀត ដែលរស់នៅក្នុងតំបន់នេះដែរ។ ក្រោយពេលជួបប្រទះនឹងបញ្ហាធ្លាយសរសៃឈាមនៅក្នុងខួរក្បាលកាលពីគាត់នៅក្មេង ប៉ៃអ៊ឹង អាចផ្លាស់ទីបានតិចតួចបំផុត និងជួបការលំបាកក្នុងការនិយាយស្ដី។

UNICEF Cambodia/2020/Antoine Raab
UNICEF Cambodia/2020/Antoine Raab
កុមារី ធា ប៉ៃអ៊ឹង និងម្តាយ ឈ្មោះ អ៊ឹង ទ្បាង អង្គុយនៅមុខហាងរបស់គាត់ ក្នុងខេត្តរតនគិរី។

អ្នកស្រី អ៊ឹង ឡាង ដែលជាម្ដាយរបស់នាងចាំថា “ជាយូរមកហើយ កូនរបស់គាត់មិនដែលមានសកម្មភាពរស់រវើកនៅក្នុងជីវិតនោះឡើយ។” ជាមួយនឹងព័ត៌មានតិចតួចដែលជួយឲ្យគាត់យល់ពីបញ្ហាពិការភាពដ៏ស្មុគស្មាញរបស់ប៉ៃ ម្តាយរបស់នាងមានការបារម្ភអំពីអនាគតរបស់នាង ហើយមិនដឹងថាតើ ការឲ្យនាងទៅរៀនមានប្រយោជន៍សម្រាប់នាងដែរឬទេ។ ភាគច្រើន ប៉ៃ អង្គុយនៅលើកៅអីក្នុងផ្ទះ ឬនៅក្នុងតូបឪពុកម្ដាយរបស់នាង ដោយនៅនឹងថ្កល់ ឬមិននិយាយស្ដីអ្វីទាំងអស់រាប់ម៉ោងម្ដងៗ។ “បន្ទាប់មកសាលារៀនបានមកជួបពួកយើង។ អ្នកគ្រូនិយាយាថា ប៉ៃ គួរទៅរៀន ហើយគាត់នឹងជួយឲ្យនាងទទួលបានការគាំទ្រពិសេស។”

សំណាងល្អដែលគ្រួសារនេះរស់នៅជិតសាលារៀន ដូច្នេះការយកនាងទៅសាលារៀន និងនាំនាងមកផ្ទះវិញ គឺងាយស្រួលជាងគ្រួសារជាច្រើនផ្សេងទៀតដែលមានកូនមានពិការភាព ហើយរស់នៅឆ្ងាយពីសាលា។ ទោះជាយ៉ាងណាក៏ដោយ ប៉ៃ បានខិតខំរៀន ហើយយូរណាស់ ទើបគេឃើញលទ្ធផលរបស់​នាង។ “តាមពិត ឆ្នាំដំបូងគឺជាឆ្នាំដ៏អាក្រក់ និងជាឆ្នាំដែលមានការលំបាកខ្លាំង។ ហើយបន្ទាប់មក អ្វីៗចាប់ផ្ដើមល្អប្រសើរយ៉ាងឆាប់រហ័សនៅឆ្នាំទី២។ គាត់ចាប់ផ្ដើមរៀនចេះ ដោយសារតែគ្រូរបស់គាត់។”

អ្នកគ្រូសំបូរ ជួយ ប៉ៃ តាមវិធីច្រើនយ៉ាង ទាំងតាមរយៈសកម្មភាពកាយសម្បទា និងបញ្ញាស្មារតី។ អ្នកស្រី ឡាង និយាយថា “ពេលខ្លះគាត់ត្រូវកាន់ដៃកូន ដើម្បីជួយឲ្យនាងអាចសរសេរអក្សរសាមញ្ញៗ ព្រោះថា ប៉ៃ ខ្សោយសាច់ដុំដៃ។ ហើយគាត់ត្រូវចំណាយពេលនិយាយជាមួយគាត់យឺតៗប្រកបដោយភាពអត់ធ្មត់។ ប៉ៃ មិនចូលចិត្តនិយាយស្តីនោះទេ ហើយការធ្វើបែបនេះ បានជួយនាងយ៉ាងច្រើន។

ការមើលឃើញថា ការជួយបែបនេះធ្វើឲ្យជីវិតសិក្សារបស់កុមារីរូបនេះមានការផ្លាស់ប្ដូរជាវិជ្ជមាន បានផ្ដល់កម្លាំងចិត្តឲ្យអ្នកស្រី ឡាង កែប្រែជីវិតនៅក្នុងផ្ទះរបស់ ប៉ៃ ផងដែរ។ “ឥឡូវនេះ ខ្ញុំលើកទឹកចិត្តឲ្យនាងជួយកិច្ចការផ្ទះ។ ពេលខ្លះ ខ្ញុំជួយនាងច្រើន ដូចនាងជួយខ្ញុំដែរ ប៉ុន្តែចំណុចសំខាន់គឺនាងអាចធ្វើសកម្មភាពបានសកម្ម ហើយនេះគឺជាអ្វីដែលល្អសម្រាប់នាង។”

ឥឡូវនេះ ជីវិតរបស់ ប៉ៃ មានការប្រែប្រួលស្ទើរតែគេមិនអាចសម្គាល់ដឹង ខុសពីកាលពីពីរឆ្នាំមុន ហើយអ្នកស្រី ឡាង ចាត់ទុកថា ភាពល្អប្រសើរនេះកើតឡើងដោយសារតែការគាំទ្រដ៏ប៉ិនប្រសប់របស់អ្នកគ្រូសំបូរ និងសាលារៀន។ “ឥឡូវនេះ ខ្ញុំឃើញគាត់មកផ្ទះ​ ហើយគាត់ពិតជាចង់រៀនណាស់។ មុខវិជ្ជាគណិតវិទ្យា គឺជាមុខវិជ្ជាដែលគាត់ចូលចិត្ត គាត់ចូលចិត្តបូកលេខ។ ខ្ញុំក៏មានមោទនភាពចំពោះកូនរបស់ខ្ញុំដែរ នៅពេលដែលខ្ញុំឃើញគាត់រៀនចេះបែបនេះ។”

©UNICEF Cambodia/2020/Antoine Raab
UNICEF Cambodia/2020/Antoine Raab
អ្នកគ្រូសំបូរ បានមានប្រសាសន៍ថា ការបង្រៀនរបស់គាត់មានការការផ្លាស់ប្តូរ និងរីកចម្រើន ក្នុងការគាំទ្រកុមារមានតម្រូវការពិសេសផ្សេងៗ