ផែនការអប់រំបរិយាបន្ននៅកម្ពុជា៖ បង្កើនភាពអង់អាចដល់កុមារ ដូចជា កុមារី ដួងចៃ ជាដើម
ផែនការអប់រំអប់រំបរិយាបន្ននៅកម្ពុជា បង្កើនភាពអង់អាចដល់កុមារមានពិការភាព ដូចជា កុមារី ដួងចៃ តាមរយៈការជួយឱ្យពួកគេទទួលបានការអប់រំប្រកបដោយគុណភាព លើកកម្ពស់សមភាព និងបរិយាបន្ននៅក្នុងសាលារៀន និងក្នុងសង្គម
- Available in:
- English
- Khmer
ថ្ងៃទី ១១ ខែមីនា ខេត្តសៀមរាប -- “ខ្ញុំចង់ជួយមនុស្សទូទៅ” នេះជាការរៀបរាប់ដោយប្រើប្រាស់ដៃគូសជាសញ្ញាក្នុងអាកាស របស់កុមារី ចាន់ ដួងចៃ អាយុ ៧ ឆ្នាំ ដែលជាការរាយរ៉ាប់បំណងប្រាថ្នារបស់ប្អូន ដោយពុំមានបន្លឺសំឡេងអ្វីនោះឡើយ។ នៅក្នុងភូមិកសិករដ៏តូចមួយនៅជាយក្រុងជិតប្រាសាទអង្គរវត្តដ៏ល្បីល្បាញ កុមារី ដួងចៃ មានក្ដីសុបិនចង់ក្លាយជាវេជ្ជបណ្ឌិត ទោះជានាងជួបប្រទះនឹងបញ្ហាប្រឈមជាច្រើន ដោយសារនាងខ្សោយការស្ដាប់បាន និងមានអូទីសឹ្សមក៏ដោយ។
ក្រសួងអប់រំ យុវជន និងកីឡា គ្រោងនឹងដាក់ឱ្យអនុវត្តផែនការសកម្មភាពស្តីពីការអប់រំបរិយាបន្ន រយៈពេល ៤ ឆ្នាំ ដែលជាផែនការសកម្មភាពថ្មីសម្រាប់ឆ្នាំ ២០២៤-២០២៨ ក្នុងគោលបំណងនាំមកនូវការផ្លាស់ប្ដូរជាវិជ្ជមានក្នុងជីវិតកុមារមានពិការភាពរាប់ពាន់នាក់នៅទូទាំងប្រទេស។ សម្រាប់កុមារី ដួងចៃ វ័យ ៧ ឆ្នាំ ដែលមានក្ដីសុបិនចង់ក្លាយជាវេជ្ជបណ្ឌិតរូបនេះ បើទោះជាប្អូនត្រូវជួបប្រទះនឹងបញ្ហាប្រឈមជាច្រើន ដោយសារតែការខ្សោយការស្តាប់ និងអូទីសឹ្សមក៏ដោយ ផែនការនេះគឺជាអ្វីដែលអាចជួយទ្រទ្រង់ជីវិតរបស់ប្អូន។
“ពិភពលោកបានធ្លាក់ចូលទៅក្នុងភាពស្ងៀមស្ងាត់ពីរលើករួចមកហើយ” នេះអាចជាសម្ដីរបស់ ដួងចៃ ប្រសិនបើប្អូនអាចរៀបរាប់ពីជីវិតរបស់ប្អូន ដែលជាការឆ្លុះបញ្ចាំងពីការបាត់បង់ឪពុកផង និងការលំបាកដែលប្អូនកំពុងជួបប្រទះផង។
ដំណើរផ្លូវរបស់ប្អូន ឈានដល់របត់មួយនៅពេលដែលបុរសចិត្តល្អម្នាក់ឈ្មោះ Abraham បានជួយយកប្អូនទៅចុះឈ្មោះចូលរៀននៅវិទ្យាល័យអប់រំពិសេសខេត្តសៀមរាប ដែលផ្តល់ការអប់រំដល់កុមារដែលខ្សោយការស្ដាប់ និងគំហើញ។ នៅទីនោះជាមួយនឹងស្នាមដីសនៅលើក្ដារខៀន និងសំឡេងសើចក្អាកក្អាយរបស់មិត្តភក្តិ ពិភពគ្មានសំឡេងរបស់ ដួងចៃ បានក្លាយជាពិភពមួយដែលមានភាពរស់រវើកជាមួយនឹងលទ្ធភាពជាច្រើនដែលប្អូនអាចធ្វើបាន។
“ដំណើរផ្លូវរបស់ ដួងចៃ គូសបញ្ជាក់ពីបេសកកម្មរបស់យើង៖ ផ្តល់ភាពអង់អាចដល់កុមារគ្រប់រូបដោយមិនប្រកាន់ពីសមត្ថភាពកាយសម្បទារបស់ពួកគេឡើយ ឱ្យពួកគេមានក្ដីសុបិនដ៏ធំ និងខិតខំសម្រេចលទ្ធផលឱ្យរឹតតែធំទៅទៀត” នេះបើតាមប្រសាសន៍លោក ទន់ ប៊ុនទង នាយករងសាលារៀននេះ។
ចំពោះ ដួងចៃ សាលាតំណាងឱ្យច្រើនជាងការអប់រំ -- វាជាមូលដ្ឋានគ្រឹះ ដើម្បីកសាងអនាគតរបស់ប្អូន។
“ខ្ញុំចង់ជួយដល់អ្នកដទៃ ប្រៀបបីដូចឪពុករបស់ខ្ញុំ បានធ្វើចំពោះខ្ញុំដែរ” ប្អូនរៀបរាប់ដោយប្រើប្រាស់ភាសាសញ្ញា មហិច្ឆតារបស់ប្អូន ដែលចង់ក្លាយជាវេជ្ជបណ្ឌិតត្រូវបានជំរុញដោយស្មារតីទទួលខុសត្រូវខ្ពស់របស់ប្អូន។
លោកស្រី លីណា ម្តាយរបស់ ដួងចៃ វ័យ ៤០ ឆ្នាំ ក៏ជួបប្រទះនឹងទុក្ខលំបាកផ្ទាល់ខ្លួនរបស់គាត់ផងដែរ។
“ខ្ញុំមិនដែលមានសំណាងជាមួយប្តីនោះឡើយ” គាត់បានត្អូញត្អែរ “ប្តីដំបូងរបស់ខ្ញុំស្លាប់នៅផ្ទះដោយសារជំងឺដែលមិនអាចព្យាបាលបាន។ ប្តីទីពីរស្លាប់ ដោយសារឆក់ខ្សែភ្លើងនៅពេលដែលគាត់ទៅបង់សំណាញ់នៅក្នុងទន្លេ”។ នៅពេលដែលប្ដីរបស់គាត់បានស្លាប់ទៅ លោកស្រី លីណា ត្រូវរ៉ាប់រងបន្ទុកចិញ្ចឹមកូនស្រីតូចៗ ៣ នាក់របស់គាត់តែឯង។
បើទោះជាគាត់ជួបប្រទះនឹងបញ្ហាប្រឈមទាំងនេះក៏ដោយ គាត់នៅតែមានក្ដីសង្ឃឹម ដោយសារតែភាពរីកចម្រើនរបស់ ដួងចៃ នៅក្នុងសាលារៀន។ គាត់លើកឡើងថា “ខ្ញុំមានមោទនភាព ចំពោះកូនស្រីរបស់ខ្ញុំ គ្រូប្រាប់ខ្ញុំថា គាត់រៀនពូកែ និងជាសិស្សដែលស្តាប់បង្គាប់” លោកស្រី ណា ប្តេជ្ញាបន្តគាំទ្រដល់ការសិក្សារបស់ ដួងចៃ ជាមួយនឹងក្ដីសុបិនរំពឹងឃើញថ្ងៃដែលនាងនឹងរៀនចប់វិទ្យាល័យ និងខិតខំត្រួសត្រាយផ្លូវ ដើម្បីឱ្យកូនស្រីទាំងអស់មានជីវិតកាន់តែប្រសើរ។
លោកស្រី សាង រ័ត្ន គ្រូបង្រៀនថ្នាក់ទី ២ របស់ ដួងចៃ រំឭកឡើងវិញថ្ងៃដំបូងដែលគាត់ជួបជាមួយនឹងសិស្សរបស់គាត់។ អ្នកគ្រូមានប្រសាសន៍ថា “ដួងចៃ ពោរពេញដោយសេចក្ដីស្ងប់ក្នុងចិត្ត តែក្រសែភ្នែករបស់ប្អូនបង្ហាញពីការតាំងចិត្តដ៏ធំធេង។ វាហាក់បីដូចជាយើងកំពុងមើលឃើញផ្ការីកយឺតៗបែបនោះដែរ ទងផ្កានីមួយៗបង្ហាញពីភាពធន់របស់ប្អូន។”
ផែនការសកម្មភាពអប់រំបរិយាបន្ន សម្រាប់ឆ្នាំ ២០២៤-២០២៨ ដែលត្រូវបានរៀបចំឡើងដោយក្រសួងអប់រំ យុវជន និងកីឡា ដែលមានការគាំទ្រពីយូនីសេហ្វ មានគោលបំណងពង្រឹងប្រព័ន្ធអប់រំ និងលើកកម្ពស់សិទ្ធិកុមារមានពិការភាព។ ផែនការសកម្មភាពអប់រំបរិយាបន្ន ដែលនឹងត្រូវប្រកាសដាក់ឱ្យអនុវត្តនៅក្នុងខែមេសា ឆ្នាំ ២០២៤ ខាងមុខនេះ គឺជាការបោះជំហានដ៏ធំមួយនៅក្នុងការប្ដេជ្ញាចិត្តរបស់កម្ពុជា ក្នុងការធានាយ៉ាងណាឱ្យកុមារគ្រប់រូប មិនថាពួកគេមានសមត្ថភាពបែបណានោះទេ អាចទទួលបានការអប់រំប្រកបដោយគុណភាព និងឱកាសសម្រេចសក្ដានុពលពេញលេញរបស់ពួកគេ។
លោកបណ្ឌិត វីល ផាកស៍ នាយកយូនីសេហ្វប្រចាំប្រទេសកម្ពុជា បានគូសបញ្ជាក់ពីសារៈសំខាន់នៃផែនការនេះថា “ផែនការនេះ គឺជាការបោះជំហានដ៏ធំមួយ ក្នុងការធានាសិទ្ធិកុមារមានពិការភាពនៅកម្ពុជា។ ផែនការនេះធានាថានឹងពុំមានកុមារណាម្នាក់ ដូចជា ដួងចៃ នេះជាដើម នឹងមិនត្រូវបានគេទុកចោល ក្នុងការទទួលបានការអប់រំប្រកបដោយគុណភាពនោះឡើយ។”