កម្មវិធីឧបត្ថម្ភសាច់ប្រាក់អំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានជួយដល់គ្រួសារដែលជួបនឹងការខ្វះខាតជាងគេ

កម្មវិធីឧបត្ថម្ភសាច់ប្រាក់ថ្មីដល់គ្រួសារក្រីក្រ និងងាយរងគ្រោះ អំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ មានគោលបំណងផ្ដល់ប្រាក់ឧបត្ថម្ភដល់ប្រជាពលរដ្ឋក្រីក្រប្រមាណ ៥៤០.០០០ គ្រួសារ។

UNICEF Cambodia
UNICEF Cambodia/2020/Rudina Vojvoda
UNICEF Cambodia/2020/Rudina Vojvoda
06 សីហា 2020

ប្រទេសកម្ពុជា ថ្ងៃទី ១៩ ខែ មិថុនា ឆ្នាំ ២០២០ – ឱនភាពសេដ្ឋកិច្ច ដែលបង្កឡើងដោយសារការរាតត្បាតជាសកលនៃជំងឺកូវីដ-១៩ កំពុងរុញច្រានប្រជាពលរដ្ឋកម្ពុជាជាច្រើននាក់ឱ្យធ្លាក់ចូលទៅក្នុងភាពក្រីក្រ ដោយមានការប៉ាន់ប្រមាណថា មានមនុស្ស ៣៩០.០០០ នាក់នៅកម្ពុជាបាត់បង់ការងារនៅត្រឹមឆ្នាំនេះ(ABD)។ ផលប៉ះពាល់ដែលកើតឡើងដោយសារវិបត្តិនេះ កំពុងកើតមាននាពេលនេះតែម្ដង ខណៈពេលដែលប្រជាពលរដ្ឋជាច្រើនគ្រួសារពុំមានលទ្ធភាពរ៉ាប់រងចំណាយលើតម្រូវការជាមូលដ្ឋានរបស់ពួកគេ ដូចជា អាហារ ទឹក ឱសថ និងការទទួលបានសេវាថែទាំសុខភាព និងសេវាអប់រំជាដើម។​

កុមារដែលជាក្រុមងាយរងគ្រោះជាងគេមួយនៅក្នុងសង្គម ទទួលរងផលប៉ះពាល់ជាងគេ៖ ពួកគេមិនត្រឹមតែពុំបានបំពេញតម្រូវការចំពោះមុខរបស់ពួកគេនោះឡើយ ប៉ុន្តែប្រឈមនឹងការទុកចោល ពលកម្មកុមារ អំពើហិង្សា ការរំលោភបំពាន និងអាពាហ៍ពិពាហ៍កុមារ កាន់តែមានការកើនឡើង និងអាចបង្កផលប៉ះពាល់យូរអង្វែងដល់ជីវិតរបស់ពួកគេ។

ដើម្បីបន្ធូរបន្ថយផលប៉ះពាល់ដែលជំងឺកូវីដ-១៩ បង្កលើកុមារដែលកំពុងរស់នៅក្នុងគ្រួសារដែលមានជីវភាពក្រីក្រ យូនីសេហ្វកំពុងសហការជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា ដើម្បីពង្រីកវិសាលភាពកម្មវិធីគាំពារសង្គមរបស់ខ្លួន។ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់គ្រួសារក្រីក្រ និងងាយរងគ្រោះបំផុត អំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ថ្មី ត្រូវបានដាក់ឱ្យអនុវត្តកាលពីខែមិថុនា ក្នុងគោលបំណងផ្ដល់ប្រាក់ឧបត្ថម្ភដល់ប្រជាពលរដ្ឋក្រីក្រប្រមាណ ៥៤០.០០០ គ្រួសារ (ប្រជាពលរដ្ឋដែលមានប័ណ្ណសមធម៌សម្គាល់ថាជាគ្រួសារក្រីក្រ)។

Yir Yean and her family as the wait to enroll in the Cash Transfer programme at  Chhouk Ksach commune. COVID-19 Cash Transfer is designed to respond to the needs of the most vulnerable groups of population, including the needs of children 0-5 years old.
UNICEF Cambodia/2020/Rudina Vojvoda
យី យាន និងគ្រួសាររបស់គាត់ កំពុងរង់ចាំចុះឈ្មោះក្នុងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ក្នុងឃុំឈូកខ្សាច់។ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ​ និងងាយរងគ្រោះ អំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ត្រូវបានរៀបចំឡើងដើម្បីឆ្លើយតបចំពោះតម្រូវការរបស់ក្រុមប្រជាជនដែលងាយរងគ្រោះជាងគេ ដែលក្នុងនោះរាប់បញ្ចូលទាំងកុមារអាយុពី ០-៥ ឆ្នាំផងដែរ។ ​​​​​​​

យី យាន ជាម្ដាយវ័យ ២៤ ឆ្នាំ ដែលមានកូនតូចអាយុ ១៨ ខែ ឈ្មោះ រ៉ាចិត្រ គឺជាស្រ្តីម្នាក់ដែលយើងបានជួបក្នុងឃុំឈូកខ្សាច់។ នាងទៅទីនោះជាមួយនឹងប្ដីរបស់នាង ដែលត្រូវធ្វើដំណើរពីខេត្តព្រះសីហនុមក ដើម្បីចុះឈ្មោះក្នុងកម្មវិធីឧបត្ថម្ភសាច់ប្រាក់នេះ។ យាន បាននិយាយថា៖ “យើងបានព្យាយាមធ្វើអ្វីៗគ្រប់បែបយ៉ាង ដើម្បីគេចចេញពីស្ថានភាពនេះ។” ចាប់តាំងពីកូនកើតមក គ្រួសារនេះត្រូវខ្ចីបុលពីអ្នកដទៃ ដើម្បីបញ្ជូនប្ដីរបស់ យាន ទៅប្រទេសថៃ ដែលនៅទីនោះគាត់ធ្វើជាកម្មករក្នុងរោងចក្រកែច្នៃអាហារមួយកន្លែង។ គួរឱ្យសោកស្ដាយ ប្រាក់ខែដែលគាត់ទទួលបានមិនគ្រប់គ្រាន់សម្រាប់ឧបត្ថម្ភជីវភាពគ្រួសារទាំងមូលនោះឡើយ ហើយមួយឆ្នាំក្រោយមក គាត់ក៏បានវិលត្រឡប់មកវិញ។ បច្ចុប្បន្ននេះ ប្ដីរបស់ យាន ធ្វើការជាកម្មករសំណង់ក្នុងខេត្តព្រះសីហនុ ជាខេត្តដែលឋិតនៅតាមតំបន់ឆ្នេររបស់ប្រទេសកម្ពុជា​ ហើយដែលធ្លាប់ជាមណ្ឌលទេសចរណ៍ និងវិនិយោគបរទេសរបស់ប្រទេសនេះ។ ដោយសារការរឹតត្បឹតលើការធ្វើដំណើរ និងវិបត្តិហិរញ្ញវត្ថុសកលលោកដែលកើតឡើងដោយសារជំងឺកូវីដ-១៩ ខេត្តព្រះសីហនុលែងមានមនុស្សកកកុញដូចមុន ធ្វើឱ្យកម្មករជាច្រើននាក់ត្រូវជួបការលំបាកក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគេ។  យាន និយាយថា៖“ប្ដីរបស់ខ្ញុំធ្លាប់រកបានពី ១០០ ទៅ ២០០ដុល្លារ ក្នុងមួយខែ ទៅតាមការងារជាក់ស្ដែង។” នាងនិយាយទាំងកំពុងបីកូនតូចថា៖ “ប៉ុន្តែបច្ចុប្បន្ននេះ គាត់រកប្រាក់បានតិចជាងមុន ដោយសារតែវីរុសកូរ៉ូណា”។ សម្រាប់ យាន និងគ្រួសាររបស់នាង អាទិភាពទី ១ គឺអាហារ។ នាងនិយាយបណ្ដើរ ពេលកំពុងចុះឈ្មោះក្នុងប្រព័ន្ធឧបត្ថម្ភសាច់ប្រាក់ថា៖​ “ប្រាក់ដែលយើងនឹងទទួលបាននៅថ្ងៃនេះ នឹងត្រូវយកទៅចំណាយលើអាហារ។ យើងត្រូវការអាហារសម្រាប់គ្រួសារទាំងមូល។” នាងអាចទៅបើកប្រាក់នៅបញ្ជរវីង ដែលនៅក្បែរនោះ។  វីង គឺជាក្រុមហ៊ុនផ្ដល់សេវាធនាគារចល័តរបស់ប្រទេសកម្ពុជា។

ក្រោមការឧបត្ថម្ភពី​ យូនីសេហ្វ សហភាពអឺរ៉ុប ទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិស៊ុយអែត (SIDA) និងមូលនិធិអភិវឌ្ឍន៍សហប្រជាជាតិ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិអាល្លឺម៉ង់ (GIZ) អង្គការសង្គ្រោះកុមារ និងដៃគូដទៃទៀត កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ អំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ត្រូវបានរៀបចំឡើង ដើម្បីឆ្លើយតបចំពោះតម្រូវការរបស់ក្រុមប្រជាជនដែលងាយរងគ្រោះជាងគេ ​ដូចជា កុមារអាយុ ០-៥ ឆ្នាំ ជនមានពិការភាព ចាស់ជរា និងគ្រួសារដែលមានសមាជិកផ្ទុកមេរោគអេដស៍ជាដើម។

Ay Sokhonn, 54, shows her Cash Transfer equity card at the Pongror commune in Chong Kal district. COVID-19 Cash Transfer is designed to respond to the needs of the most vulnerable groups of population, including the needs of persons with disabilities.
UNICEF Cambodia/2020/Rudina Vojvoda
អាយ សុខឃុន វ័យ ៥៤ ឆ្នាំ បង្ហាញប័ណ្ណសមធម៌ ដើម្បីទទួលបានប្រាក់ឧបត្ថម្ភនៅសាលាឃុំពង្រ ក្នុងស្រុកចុងកាល់។ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ អំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ត្រូវបានរៀបចំឡើងដើម្បីឆ្លើយតបចំពោះតម្រូវការរបស់ក្រុមដែលងាយរងគ្រោះជាងគេ រាប់បញ្ចូលទាំងជនមានពិការភាពផងដែរ។

អាយ សុខឃុន ស្រ្តីវ័យ ៥៤ ឆ្នាំ មកពីឃុំពង្រ ស្រុកចុងកាល់ រស់នៅជាមួយក្មួយស្រីរបស់គាត់ ឈ្មោះ ខ្វាន់ គន្ធា ព្រមទាំងគ្រួសាររបស់នាង  ដែលក្នុងនោះមានកូន ២នាក់ អាយុ ៥ឆ្នាំម្នាក់ និង ១ឆ្នាំម្នាក់ផងដែរ។ សុខឃុន ធ្លាប់ធ្វើស្រែ ប៉ុន្តែគាត់មើលលែងឃើញ និងពុំអាចធ្វើការទៀតបានរយៈពេល ១៦ឆ្នាំមកហើយ។ សុខឃុន និយាយថា “ខ្ញុំចង់ជួយគេដែរ ប៉ុន្តែខ្ញុំមើលមិនឃើញ។ នៅពេលដែលកូនៗនៅតូច ខ្ញុំអាចបីពួកគេ ប៉ុន្តែឥឡូវនេះខ្ញុំខ្លាចធ្វើឱ្យពួកគេធ្លាក់ និងនាំឱ្យមានគ្រោះថ្នាក់ដល់ពួកគេទៅវិញ”។ ប្ដីរបស់ គន្ធា គឺជាមនុស្សតែម្នាក់គត់ដែលមានការងារធ្វើនៅក្នុងគ្រួសារដែលមានសមាជិក ៥នាក់នេះ។ សុខឃុន និយាយថា៖ “ប្ដីរបស់នាងធ្វើការជាកម្មករសំណង់ ប៉ុន្តែធ្វើបានតែ ២សប្ដាហ៍ប៉ុណ្ណោះក្នុងមួយខែ។ គាត់រកប្រាក់បានតិចតួចណាស់។” នៅពេលដែលយើងសួរគាត់ថាតើគាត់នឹងយកប្រាក់នេះទៅប្រើប្រាស់សម្រាប់ធ្វើអ្វី គាត់និយាយដោយគ្មានការស្ទាក់ស្ទើរថា៖ “ដើម្បីទិញអាហារ និងថ្នាំសង្កូវ”។

កម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់គ្រួសារក្រីក្រ និងងាយរងគ្រោះ អំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ គឺជាឧបករណ៍កាត់បន្ថយផលប៉ះពាល់ដែលបង្កឡើងដោយសារជំងឺកូវីដ-១៩ ដ៏សំខាន់មួយនៅក្នុងប្រទេសកម្ពុជា ដើម្បីផ្ដល់ជំនួយបណ្ដោះអាសន្នដល់ប្រជាពលរដ្ឋជាង ៥៦០.០០០ គ្រួសារដែលត្រូវបានកំណត់អត្តសញ្ញាណថាជាគ្រួសារក្រីក្រ (ក្រ១ និងក្រ២) តាមរយៈកម្មវិធីជាតិអត្តសញ្ញាណកម្មគ្រួសារក្រីក្រ។ កម្មវិធីនេះត្រូវបានអនុវត្តស្របគ្នានឹងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ស្រ្តីមានផ្ទៃពោះ និងកុមារ (អាយុ ០-២ឆ្នាំ) និងកម្មវិធីអាហារូបករណ៍សម្រាប់សិស្សបឋមសិក្សា និងមធ្យមសិក្សាដែលកំពុងអនុវត្តនាពេលបច្ចុប្បន្ននេះ។ កម្មវិធីនេះមានសមាសភាគ “កំណត់អត្តសញ្ញាណគ្រួសារក្រីក្រតាមតម្រូវការ” ដែលផ្ដល់លទ្ធភាពឱ្យអ្នកដែលធ្លាក់ចូលទៅក្នុងភាពក្រីក្រដោយសារតែជំងឺកូវីដ-១៩ អាចដាក់ពាក្យសុំឱ្យមានការវាយតម្លៃលើភាពក្រីក្ររបស់ពួកគេ ដើម្បីទទួលបានជំនួយហិរញ្ញវត្ថុ។

Math Kanha, 32 and her two children at the Po commune in Preah Vihear province discuss with UNICEF staff, Sovannary Keo, their family’s situation during COVID-19.  Like many other families, they are struggling financially and are hoping to get qualified as “ID Poor”.  UNICEF has been supporting the Royal Government of Cambodia to scale up its social protection programme and launch COVID-19 Cash Transfer Programme for ID Poor Households in June, aiming to reach an estimate of 560,000 households living in pov
UNICEF Cambodia/2020/Rudina Vojvoda
ម៉ាត់ កញ្ញា វ័យ ៣២ឆ្នាំ និងកូនរបស់នាង ក្នុងឃុំពោរ ខេត្តព្រះវិហារ កំពុងពិភាក្សាជាមួយនឹងមន្ត្រីយូនីសេហ្វ លោកស្រី កែវ សុវណ្ណារី អំពីស្ថានភាពគ្រួសាររបស់ពួកគេក្នុងអំឡុងពេលនៃជំងឺកូវីដ-១៩។ ដូចគ្នានឹងគ្រួសារជាច្រើនផ្សេងទៀតផងដែរ ពួកគេកំពុងជួបនឹងការលំបាកផ្នែកហិរញ្ញវត្ថុ ហើយសង្ឃឹមថានឹងអាចចុះឈ្មោះជា “គ្រួសារក្រីក្រ”។ យូនីសេហ្វ បាន និងកំពុងជួយដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រីកកម្មវិធីគាំពារសង្គមរបស់ខ្លួន និងបានប្រកាសដាក់ឱ្យអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ អំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ កាលពីខែមិថុនា ក្នុងគោលបំណងផ្ដល់សេវាដល់ប្រជាពលរដ្ឋប្រមាណ ៥៦០.០០០គ្រួសារដែលកំពុងរស់នៅក្នុងភាពក្រីក្រ។

ម៉ាត់ កញ្ញា ជាម្ដាយវ័យ ៣២ឆ្នាំដែលមានកូន ៣នាក់ ក្នុងឃុំពោរ ខេត្តព្រះវិហារ អង្គុយ រង់ចាំវេនរបស់នាងទាំងផិតភ័យ។ នាងពុំមានប័ណ្ណក្រីក្រឡើយ ហើយចាំបាច់ត្រូវឆ្លងកាត់ដំណើរការវាយតម្លៃ ទើបមានសិទ្ធិទទួលបានប្រាក់ឧបត្ថម្ភ។ កញ្ញា និយាយថា៖ “ខ្ញុំបារម្ភពីវីរុសនេះ ហើយខ្ញុំរឹតតែបារម្ភទៅទៀតអំពីលទ្ធភាពចិញ្ចឹមគ្រួសាររបស់ខ្ញុំ និងបន្តរក្សាទុកផ្ទះរបស់ខ្ញុំ។” កាលពីពីរបីឆ្នាំមុន គ្រួសាររបស់កញ្ញា បានខ្ចីប្រាក់ពីអ្នកជិតខាងដើម្បីសង់ផ្ទះ។ នាងតែងតែសងប្រាក់ទាន់ពេលវេលា ប៉ុន្តែនៅពេលដែលមានការរាតត្បាតជាសកលនៃជំងឺនេះ ប្ដីរបស់នាងដែលជាអ្នកស៊ីឈ្នួលបានកម្រៃប្រចាំថ្ងៃ មិនអាចរកការងារធ្វើបានគ្រប់គ្រាន់នោះឡើយ។ កញ្ញា និយាយថា៖ “ថៅកែមួយចំនួនរបស់គាត់រត់ចោលដោយមិនបានទូទាត់ប្រាក់ឈ្នួលឱ្យគាត់ឡើយ ប៉ុន្តែយើងត្រូវការប្រាក់ខ្លាំងណាស់។” នៅពេលដែលនាងឮ​ពីមេភូមិថា នាងអាចចុះឈ្មោះពេលមានការអនុវត្តនីតិវិធីកំណត់អត្តសញ្ញាណគ្រួសារក្រីក្រតាមដំណាក់កាល កញ្ញា និងកូនស្រីរបស់នាងឈ្មោះ ម៉ាត្រា អាយុ ១៣ឆ្នាំបានរត់ទៅកាន់សាលាឃុំ។ នៅទីនោះ នាងបានជួបជាមួយនឹងអាជ្ញាធរ និងគ្រោងរៀបចំឱ្យអាជ្ញាធរឃុំចុះទៅផ្ទះរបស់នាង ដើម្បីវាយតម្លៃពីស្ថានភាពគ្រួសាររបស់នាង។

ពេលដែល កញ្ញា កំពុងរៀបចំឯកសារ ម៉ាត្រា អង្គុយយ៉ាងស្ងាត់ស្ងៀមនៅជិតនាង និងជួយម្ដាយអានឯកសារទាំងនោះ។ នាងនិយាយថា៖ “ខ្ញុំនឹកសាលាណាស់។ ខ្ញុំចង់នៅជាមួយមិត្តភក្តិរបស់ខ្ញុំ រៀនមុខវិជ្ជាវិទ្យាសាស្រ្ត និងគណិតវិទ្យាជាមួយពួកគេ”។ គួរឱ្យសោកស្ដាយ ម៉ាត្រា មិនអាចតាមទាន់ការសិក្សាតាមប្រព័ន្ធអនឡាញឡើយ ព្រោះគ្រួសាររបស់នាងពុំមានអ៊ីនធឺណិតប្រើប្រាស់។ នាងចំណាយពេលភាគច្រើននៅផ្ទះជួយការងារម្ដាយរបស់នាង។ ម្ដាយរបស់នាងនិយាយថា៖ “នាងគឺជាចុងភៅដ៏ចំណានម្នាក់។ នាងឆាសាច់គោឆ្ងាញ់ណាស់”។ ម៉ាត្រា អាចជាអ្នកដាំស្លដ៏ចំណានម្នាក់ ប៉ុន្តែកន្លែងដែលនាងត្រូវនៅមិនមែនផ្ទះបាយនោះឡើយ។ ក្រោយចប់វិទ្យាល័យ នាងចង់បន្តការសិក្សានៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល។ ម៉ាត្រា និយាយទាំងមានទំនុកចិត្តថា៖ “នេះគឺជាក្ដីសុបិនរបស់ខ្ញុំ។ ខ្ញុំចង់ក្លាយជាវេជ្ជបណ្ឌិត”។

ការពង្រីកវិសាលភាពនៃប្រព័ន្ធ និងកម្មវិធីគាំពារសង្គម ដូចជា កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ អំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ នេះជាដើម មានសារៈសំខាន់ដើម្បីឆ្លើយតបចំពោះតម្រូវការហិរញ្ញវត្ថុចំពោះមុខ កសាងភាពធន់ និងកែលម្អជីវភាពរស់នៅរបស់គ្រួសារ និងរឹតតែសំខាន់ទៅទៀតនោះ គឺដាក់ចេញនូវមូលដ្ឋានគ្រឹះ ដើម្បីឱ្យកុមារដែលមានទេពកោសល្យ និងពោរពេញដោយការតាំងចិត្តខ្ពស់ ដូចជា ម៉ាត្រា ជាដើម អាចសម្រេចសក្ដានុពលរបស់ពួកគេ និងក្លាយជាភ្នាក់ងារដ៏សកម្មក្នុងការកសាងភាពធន់នៃសហគមន៍របស់ពួកគេ។