សេចក្តីអំពាវនាវបន្ទាន់សម្រាប់កុមារកម្ពុជា
Click to close the emergency alert banner.

អង្គការយូនីសេហ្វកម្ពុជា និងក្រុមហ៊ុនអ៊ីមផេកហាប់ភ្នំពេញ លើកកម្ពស់ការចូលរួម យុវជនបង្កើតដំណោះស្រាយសង្គមបែបនវានុវត្តន៍នៅកម្ពុជា!​

01 ធ្នូ 2025
GF-DemoDay-499.webp
UNICEF Cambodia/2025

រាជធានីភ្នំពេញ, ថ្ងៃចន្ទ ទី១ ខែធ្នូ ឆ្នាំ២០២៥ - អង្គការយូនីសេហ្វកម្ពុជា និងក្រុមហ៊ុនអ៊ីមផេកហាប់ភ្នំពេញ បានរៀបចំ «ថ្ងៃធ្វើបទបង្ហាញ និងការតាំងពិព័រណ៍ដំណោះស្រាយយុវជននៃកម្មវិធីជំនាន់ថ្មី ២០២៥» កាលពីថ្ងៃ សៅរ៍ ទី២៩ ខែវិច្ឆិកា ដើម្បីអបអរដំណើរនៃការផ្លាស់ប្តូរ និងការអភិវឌ្ឍរបស់យុវជនកម្ពុជាជាង ១០០​ នាក់ ដែល មកពីរាជធានីភ្នំពេញ និងខេត្តសៀមរាប។ ព្រឹត្តិការណ៍នេះបានបង្ហាញពីសមិទ្ធផលនៃការខិតខំប្រឹងប្រែងរបស់ អ្នកដឹកនាំវ័យក្មេងរបស់យើងជាងរយៈពេល ៦ ខែកន្លងមកនេះ ដោយបានផ្សារភ្ជាប់ និងពង្រឹងជាមួយជំនាញ សហគ្រិនភាព ដើម្បីអភិវឌ្ឍ និងអនុវត្តដំណោះស្រាយសហគមន៍ដែលរួមចំណែកដល់ការពង្រឹងបរិយាបន្ន និង បង្កើននវានុវត្តន៍នៅកម្ពុជា។ 

ដំណោះស្រាយសង្គមបែបនវានុវត្តន៍ចំនួន ៣ ក្នុងចំណោម ១៥ ដែលបានធ្វើបទបង្ហាញនៅក្នុងព្រឹត្តិការណ៍នេះ ត្រូវបានជ្រើសរើសដើម្បីទទួលបានថវិកាគាំទ្របន្ថែមចំនួន​​ 1,000​ ដុល្លា ដើម្បីកែលម្អផលិតផលគម្រូ​ និងពង្រីក សក្តានុពលនៃផលិតផលរបស់ពួកគាត់។ 

ដំណោះស្រាយសង្គមបែបនវានុវត្តន៍ដែលមានភាពលេចធ្លោទាំង​ ៣ រួមមាន៖

  • Empower Girls – ជំរុញចំណាប់អាម្មណ៍របស់ក្មេងស្រីលើវិស័យ STEM ដោយបង្កើតសៀវភៅមគ្គុទ្ទេសក៏អំ ពី STEM និងប្រអប់បច្ចេកវិទ្យាដែលជួយឱ្យពួកគាត់អនុវត្ត និងបង្កើតជំនាញ STEM ជាក់ស្តែង។ 

  • Super Mom – គាំទ្រសុខុមាលភាពផ្លូវចិត្តរបស់ស្ត្រីមានផ្ទៃពោះដោយបង្កើតប្រតិទិន «៩ ខែ ១០ ថ្ងៃ» ចំនួន ៥៥ ទំព័រ ដែលជួយឱ្យម្តាយអាចតាមដានអារម្មណ៍ និងស្វែងយល់ពីអាហារូបត្ថម្ភសំខាន់ៗដែលចាំបាច់សម្រាប់ សុខភាពរបស់ពួកគាត់ និងជំរុញការលូតលាស់របស់ទារកក្នុងផ្ទៃ។ 

  • Hyper Healer –  កាត់បន្ថយបន្ទុក និងសម្ពាធផ្លូវចិត្តរបស់មនុស្សដោយបង្កើតកាតលើកទឹកចិត្ត ដែលគ្រប់គ្នា អាចប្រើប្រាស់ជាឧបករណ៍សម្រាប់លេងកំសាន្ត​ ដើម្បីស្វែងយល់ពីសុខភាពផ្លូវចិត្តតរបស់មនុស្ស ជុំវិញខ្លួន។ 

“ខ្ញុំពិតជាទទួលបានការបំផុសគំនិតថ្មីៗ តាមរយៈគំនិត ការប្តេជ្ញាចិត្ត និងសកម្មភាពដ៏គួរឱ្យស្ញប់ស្ញែងរបស់ក្រុម យុវជនជំនាន់ថ្មីនារដូវកាលនេះ ដែលពួកគាត់បានបង្ហាញពួកយើងពីសមិទ្ធផលជាក់ស្តែងនៅពេលដែលយុវជន ត្រូវបានលើកកម្ពស់ក្នុងការដឹកនាំ និងផ្តួចផ្តើមអ្វីដែលថ្មី ពួកគាត់ពិតជាមានលទ្ធភាពគ្រប់គ្រាន់ក្នុងការជំរុញ បរិយាបន្ន ភាពធន់ និងនិរន្តរភាពនៅកម្ពុជា​” នេះ គឺជាប្រសាសន៍របស់លោកវេជ្ជបណ្ឌិត Will Parks អ្នកតំណាងអង្គការយូនីសេហ្វប្រចាំកម្ពុជា ។ លោកបានបន្តថា៖ “​ភាពក្លាហាន និងការច្នៃប្រឌិតរបស់ពួកគាត់ គឺពិតជាកំពុងបង្កើតអនាគតដ៏ភ្លឺស្វាងសម្រាប់ខ្លួនគាត់ផ្ទាល់ សម្រាប់សហគមន៍ និងសម្រាប់ប្រទេសរបស់ពួក គាត់ផងដែរ”។ 

ដោយសង្កេតឃើញចន្លោះនៃឱកាសសម្រាប់យុវជនកម្ពុជាអភិវឌ្ឍសក្តានុពល និងអនុវត្តយ៉ាងពេញលេញនូវលទ្ធ ភាពនៃការចូលរួមរបស់ពួកគាត់​ ដូច្នេះ តាមរយ:កម្មវិធីជំនាន់ថ្មី យូនីសេហ្វ បានជួយយុវជនកម្ពុជាបង្កើតជំនាញ និងបំផុសផ្នត់គំនិតសហគ្រិនសំខាន់ៗ ដែលគាំទ្រ​ដល់ការអភិវឌ្ឍចំពោះខ្លួនគាត់ផ្ទាល់ និងសម្រាប់ជីវភាពរស់នៅ នាពេលអនាគតផងដែរ។ ជាមួយនឹងការយកចិត្តទុកដាក់យ៉ាងម៉ត់ចត់ចំពោះកម្រិតនៃលទ្ធភាពទទួលបានការ សិក្សា​រៀនសូត្រ និងការចូលរួមនានា កម្មវិធីជំនាន់ថ្មីមានគោលបំណងក្នុងការក្លាយជាចំណុចរបត់មួយដែល អនុញ្ញាតឱ្យយុវជនកម្ពុជា​ទទួលស្គាល់សក្តានុពលរបស់ពួកគាត់ និងទទួលយកភាពជាអ្នកដឹកនាំកាន់តែប្រសើរ នៅក្នុងជីវិតផ្ទាល់ខ្លួន និងសហគមន៍របស់ពួកគាត់។

“ចំពោះការអមដំណើរជាមួយក្រុមយុវជនជំនាន់ថ្មីរបស់យើងនេះ បានបង្ហាញឱ្យខ្ញុំឃើញយ៉ាងច្បាស់ពីសក្ខានុពល របស់យុវជននៅពេលដែលពួកគាត់ទទួលបានឱកាស និងកន្លែងសម្រាប់បញ្ចេញគំនិតច្នៃប្រឌិត និងបង្កើតអ្វីដែល ថ្មីៗ។” នេះ គឺជាការបង្ហាញពីការយល់ឃើញរបស់កញ្ញា ធន់ រិទ្ធីសុចេន ប្រធានគ្រប់គ្រងគម្រោងនវានុវត្តន៍ និង ការអប់រំ នៃក្រុមហ៊ុនអ៊ីមផេកហាប់ភ្នំពេញ។ គាត់បានបន្តថា៖ “អ្វីដែលបានចាប់ផ្តើមជាឱកាស ដើម្បីស្វែងយល់ និងបង្ហាញនូវសក្តានុពលរបស់ពួកគាត់នោះ បានក្លាយជាកាតាលីករជំរុញពួកគាត់ឱ្យមានលទ្ធភាពគ្រប់គ្រាន់ក្នុង ការប្រែក្លាយគំនិតទៅជាសមិទ្ធផលដែលប្រកបដោយអត្ថន័យ ហើយតាមរយៈការសិក្សា ការបង្កើតលទ្ធផល រួមគ្នា និងការអនុវត្តជាក់ស្តែង ពួកគាត់បានរកឃើញតម្លៃនៃការធ្វើការងារជាក្រុម។ ក្រុមយុវជនរបស់យើងបាន​ រីកចម្រើនពីមនុស្សដែលមិនធ្លាប់បានស្គាល់គ្នាសោះ ទៅជាក្រុមការងារដែលចេះរួបរួម និងគាំទ្រគ្នាទៅវិញទៅមក តាមរយៈការដោះស្រាយបញ្ហា ការអបអរសាទរសមិទ្ធផល និងការបង្ហាញពីការផ្លាស់ប្តូរឥរិយាបថថ្មីរបស់ពួក គាត់។ ការផ្លាស់ប្តូរ ក៏ដូចជាឆន្ទ: និងការប្តេជ្ញាចិត្តរបស់ក្រុមយុវជនយើងពិតជាបានឆ្លុះបញ្ចាំងភាពជាអ្នកដឹកនាំ និងជំហាននវានុវត្តន៍ថ្មីសម្រាប់សង្គម។” 

បន្ទាប់ពីការផ្អាកអស់រយៈពេល ២ ឆ្នាំ អង្គការយូនីសេហ្វកម្ពុជាបានបង្កើតកម្មវិធីជំនាន់ថ្មី សារជាថ្មីម្តងទៀត នៅក្នុងឆ្នាំ ២០២៥ នេះ ដើម្បីបន្តគាំទ្រយុវជនកម្ពុជាដែលមកពីរាជធានីភ្នំពេញ និងខេត្តសៀមរាប ក្លាយជាអ្នក ផ្លាស់ប្តូរសម្រាប់ការអភិវឌ្ឍកម្ពុជា និងធ្វើជាបុគ្គលគំរូដល់កុមារ និងមនុស្សវ័យជំទង់។ ចំពោះការវិលត្រឡប់សារ ជាថ្មីនេះផងដែរ អង្គការយូនីសេហ្វកម្ពុជា បានសហការយ៉ាងជិតស្និតជាមួយក្រុមហ៊ុនអ៊ីមផេកហាប់ភ្នំពេញដែល ជាស្ថាប័​នឈានមុខមួយក្នុងការលើកម្ពស់ និងពង្រឹងសមត្ថភាពយុវជននៅកម្ពុជា។ 

កម្មវិធី​ជំនាន់ថ្មី ២០២៥ នេះ ​បាន​ចាប់​ផ្តើមជាមួយវគ្គ Hackathon ដែលបានរៀបចំឡើងចំនួន ២ ដង នៅក្នុង ទីក្រុងភ្នំពេញ និងនៅខេត្តសៀមរាប ដោយមានការចូលរួមពីយុវជនជាង ១៥០​ នាក់។ យុវជន ១០៥ ត្រូវបាន ជ្រើសរើសដើម្បីបន្តដំណើរជាមួយកម្មវិធីដោយបែងចែកជា ១៥ ក្រុម និងមានសមាជិក ៧ នាក់ក្នុងមួយក្រុម ហើយបេសកកម្មរបស់ពួកគាត់ គឺផ្តួចផ្តើមដំណោះស្រាយសង្គមបែបច្នៃប្រឌិត និងនវានុវត្តន៍តាមរយៈកម្មវិធី ជំនាន់ថ្មី ២០២៥ នេះ។ 

ដើម្បីពង្រឹងភាពជាសហគ្រិន និងជំនាញគ្រប់គ្រងគម្រោងរបស់ពួកគាត់ កម្មវិធីបានរៀបចំឱ្យមានការចូលរួ​ម ពីក្រុមយុវជនជំនាន់ថ្មីនៅក្នុងវគ្គសំខាន់ៗជាច្រើនទៀត រួមមាន៖ ដំណើរទស្សនកិច្ចមូលដ្ឋាន​ និងជំរំគំនិត វគ្គសិក្សាតាមអនឡាញ ថ្នាក់បំប៉នបន្ថែម-Masterclass ការប្រឹក្សា និងការណែនាំបន្ថែមពីអ្នកជំនាញ នៅក្នុងវិស័យសង្គម និងជាពិសេសថវិកាសម្រាប់គាំទ្រការអនុវត្តគម្រោងដែលផ្តោតលើប្រធានបទសំខាន់ៗ ដូចជា៖ អនាម័យពេលមករដូវ សកម្មភាពអាកាសធាតុ និងនិរន្តរភាព សុខភាពផ្លូវចិត្ត អំពើហិង្សាក្នុងគ្រួសារ សុខភាពផ្លូវភេទ និងសុខភាពបន្តពូជ បំណិនជីវិត STEM និងការអប់រំឌីជីថល ការចូលរួមរបស់យុវជន និងច្រើនផ្សេងទៀត។

តំណភ្ជាប់ទៅកាន់គេហទំព័រផ្លូវការ៖ កម្មវិធីជំនាន់ថ្មី ឆ្នាំ២០២៥

ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ

អាឌ្រាន បូណូ
ប្រធានផ្នែកទំនាក់ទំនង
យូនីសេហ្វកម្ពុជា
ទូរស័ព្ទ: +85592555294
អ៊ីម៉ែល: [email protected]
ចាន់ ទី
មន្ត្រីជំនាញផ្នែកទំនាក់ទំនង យូនីសេហ្វកម្ពុជា
យូនីសេហ្វកម្ពុជា
ទូរស័ព្ទ: +855 92 284 262
អ៊ីម៉ែល: [email protected]

ព័ត៌មានអំពីអង្គការយូនីសេហ្វកម្ពុជា

អង្គការយូនីសេហ្វ កំពុងធ្វើការនៅកន្លែងរងទុកជាច្រើន ដើម្បីជួយដល់កុមារដែលកំពុងជួបការលំបាកក្នុង ពិភពលោក។ នៅទូទាំងជាង ១៩០ ប្រទេស យើងធ្វើការសម្រាប់កុមារគ្រប់រូប គ្រប់ទីកន្លែង ដើម្បីកសាងពិភពលោកឱ្យកាន់តែប្រសើរឡើងសម្រាប់មនុស្សគ្រប់គ្នា។ 

សម្រាប់ព័ត៌មានបន្ថែមអំពីអង្គការយូនីសេហ្វ និងការងាររបស់យើងនៅកម្ពុជា សូមចូលទៅកាន់គេហទំព័រ៖ www.unicef.org.kh​ 
តាមដានយូនីសេហ្វនៅកម្ពុជាតាម Facebook | Twitter | YouTube | Instagram | LinkedIn | Threads | TikTok

 

ព័ត៌មានអំពីក្រុមហ៊ុនអ៊ី​មផេកហាប់ភ្នំពេញ 

អ៊ី​មផេកហាប់ភ្នំពេញ គឺជាផ្ទះរបស់សហគ្រិនដែលកំពុងបង្កើតផលជះវិជ្ជមាននៅក្នុងសហគមន៍ ហើយក៏ជា កន្លែងសិក្សា និងអភិវឌ្ឍជំនាញសហគ្រិនភាពរបស់យុវជន និងអ្នកផ្លាស់ប្តូរនៅទូទាំងប្រទេសផងដែរ។  ពួកយើង ​គឺ​ជា​ផ្នែក​មួយ​នៃ​បណ្តាញ​សាកល​ដែល​លាតសន្ធឹងជាង ៦៥ ប្រទេស​ជុំវិញ​ពិភពលោក និង​នៅជាង ១១០ ទីតាំង/ទីក្រុង។

សម្រាប់ព័ត៌មានលម្អិតពីអ៉ីមផេកហាប់ភ្នំពេញ សូមចូលទៅកាន់: https://phnompenh.impacthub.net/ 

ភ្ជាប់ទំនាក់ទំនងជាមួយពួកយើង តាមរយៈ  Facebook |YouTubeInstagramLinkedIn 

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងទៅកាន់៖ 

ប្រធានគ្រប់គ្រងគម្រោងនវានុវត្តន៍ និងការអប់រំ, កញ្ញា ធន់ រិទ្ធីសុចេន 

[email protected] | Telegram: (+855) 10 41 30 80