សេចក្តីអំពាវនាវបន្ទាន់សម្រាប់កុមារកម្ពុជា
Click to close the emergency alert banner.

កម្មវិធីជំនាន់ថ្មី ឆ្នាំ២០២៥

ការ​ផ្ដល់ភាពអង់អាចជូន​នវានុវត្តន៍ករសង្គម​វ័យក្មេងកម្ពុជា​ ដើម្បីកសាងសហគមន៍​កាន់តែខ្លាំងក្លា និងមានបរិយាបន្ន

Generation Future 2025-Bootcamp-Day01-32.webp
Embedded video follows

កម្មវិធីជំនាន់ថ្មី​ផ្ដល់ឱកាសជូន​ដល់យុវជន​ដែលមានសាវតារខុសៗគ្នានៅកម្ពុជា ដើម្បីរៀនសូត្រ មានភាពរីកចម្រើន និង​ចែករំលែក​គំនិតប្រកបដោយនវានុវត្តន៍ថ្មីៗ។ តាមរយៈ​ការផ្ដល់ភាពអង់អាច​ជូនដល់​នវានុវត្តន៍ករ និងអ្នកធ្វើការផ្លាស់ប្ដូរជំនាន់ក្រោយ​​ជាមួយនឹង​​ជំនាញសហគ្រិនភាពនៅក្នុងការដំណើរការ​គម្រោង​សហគមន៍​ កម្មវិធីជំនាន់ថ្មី​មានបំណង​កសាង​ប្រទេសកម្ពុជា​ដែលកាន់តែខ្លាំងក្លា កាន់តែមានបរិយាបន្ន និងមានការរៀបចំផែនការសម្រាប់ពេលអនាគត។ 

នៅឆ្នាំ២០២៥ យើងចាប់ដៃគូជាមួយសហគ្រាសសង្គមមួយឈ្មោះ ​អ៊ីមផេកហាប់ (Impact Hub) ដើម្បីគាំទ្រដល់អ្នកដឹកនាំវ័យក្មេង ១០៥នាក់ ដែលកំពុងធ្វើការងាររួមគ្នា​ជាក្រុមចំនួន ១៥ក្រុម នៅរាជធានីភ្នំពេញ និងខេត្តសៀមរាប។ នៅក្នុងរយៈពេលប្រាំពីរខែ​នេះ ពួកគេ​ចូលរួម​នៅក្នុងការបោះជំរុំ (Bootcamp) ការចុះតាមសហគមន៍ និង​ការភ្ជាប់ទំនាក់ទំនង​ជាមួយ​ដៃគូក្នុងមូលដ្ឋាន ដើម្បីស្វែងយល់កាន់តែច្បាស់អំពី​បញ្ហាប្រឈម និង​កំណត់ដំណោះស្រាយចំពោះបញ្ហានានា ដែលមានផលប៉ះពាល់ចំពោះ​យុវជន និងសហគមន៍​នៅពេលបច្ចុប្បន្ន ដូចជា សុខភាពផ្លូវចិត្ត ការប្រែប្រួលអាកាសធាតុ អនាម័យពេលមានរដូវ ការចូលរួមរបស់យុវជនក្នុងនាមជាពលរដ្ឋ សុវត្ថិភាពចរាចរណ៍​ផ្លូវគោក បំណិនជីវិត និងប្រធានបទជាច្រើនទៀត។ នៅលើផ្លូវធ្វើដំណើរនេះ ពួកគេទទួលបាន​ការណែនាំពី​អ្នកណែនាំ និងគ្រូបង្វឹក ចូលរួមនៅក្នុងថ្នាក់ពិសេស និងប្រើប្រាស់ថ្នាលរៀនសូត្រអនឡាញ ដើម្បីរៀនសូត្រទៅតាមល្បឿនរបស់ពួកគេ។ 

 ការធ្វើដំណើររបស់ជំនាន់ថ្មី 

  • វគ្គ Hackathon៖ យើងបានប្រមូលផ្ដុំ​យុវជនជាអ្នកធ្វើការផ្លាស់ប្ដូរ​ចំនួន​ជាង ១៥០នាក់​មកពីរាជធានីភ្នំពេញ និងខេត្តសៀមរាប ព្រមទាំងបានរៀបចំវគ្គ Hackathon សង្គម នៅក្នុង​ទីក្រុងនីមួយៗ។ ​ក្នុងរយៈពេលមួយថ្ងៃ យុវជនជាអ្នកធ្វើការផ្លាស់ប្ដូររបស់យើង​បានស្វែងយល់អំពី ប្រធានបទផ្សេងៗគ្នា​ស្ដីពីសហគ្រិន​ភាព រួមទាំង​ការគិតបែបយុទ្ធសាស្រ្ត ការរៀបចំគំរូដើម និង​ការរៀបចំគម្រោងធុរកិច្ច។ នៅត្រឹមចុងបញ្ចប់នៃវគ្គ Hackathons មានការជ្រើសរើស​ក្រុមលេចធ្លោចំនួន ១៥ក្រុម​ដើម្បី​ប្រែក្លាយគំនិតរបស់ពួកគេក្លាយ​ទៅជាការពិត​ជាក់ស្ដែង​ជាមួយនឹង​ការផ្ដល់មូលនិធិដើមទុន​ពី​យូនីសេហ្វ។  
Generation Future 2025 SR
Generation Future 2025
  • ការបោះជំរុំ Bootcamp៖ ក្រុមដែលត្រូវបានជ្រើសរើសទាំង ១៥ក្រុម​បានឆ្លងកាត់​ការបោះជំរុំរយៈពេលប្រាំថ្ងៃ ដើម្បីកំណត់​ដំណោះស្រាយ​របស់ពួកគេចំពោះ​បញ្ហាសហគមន៍ ដែលពួកគេចង់ដោះស្រាយ។ កិច្ចគាំទ្រពីគ្រូបង្វឹក និងដៃគូគម្រោងជួយ​ប្រែក្លាយគំនិត​ទៅជាវិធានការ និងសកម្មភាពដែលអាចធ្វើបាន។ 
Generation Future 2025
  • ការអនុវត្តគម្រោងជាមួយការផ្ដល់មូលនិធិដើមទុន ថ្នាក់ពិសេស និងការណែនាំ៖ បន្ទាប់ពីការពង្រឹងគំនិតគម្រោងរបស់ពួកគេ យើងផ្គូផ្គងគំនិតទាំងនោះ​ជាមួយនឹង​អ្នកណែនាំ​វិជ្ជាជីវៈ និង​មានបទពិសោធន៍មកពីឧស្សាហកម្ម​ផ្សេងៗគ្នា ដើម្បីដឹកនាំពួកគេ​នៅទូទាំង​ការអនុវត្ត និងការកែលម្អគម្រោង។ អ្នកចូលរួម​ក៏ចូលរួម​នៅក្នុងកម្រងនៃថ្នាក់រៀនពិសេស ដែលជួយពួកគេ​កសាងជំនាញចាំបាច់នានា ដូចជា ការគ្រប់គ្រងគម្រោង រួមទាំង​ការរៀបចំថវិកា និងការគ្រប់គ្រងក្រុម ការស្វែងរកមតិគាំទ្រតាមប្រព័ន្ធឌីជីថល ព្រមទាំង​ការពិនិត្យតាមដាន និងការវាយតម្លៃផងដែរ។ 
GF-Masterclass 01-Phnom Penh-17.webp

ជួបជាមួយក្រុមនវានុវត្តន៍​ករសង្គមវ័យក្មេង

ជួបជាមួយក្រុមរបស់យើងនៅរាជធានីភ្នំពេញ

ក្រុម D-Mental Girls៖ គឺជាគំនិតផ្ដួចផ្ដើម​ដឹកនាំដោយយុវជន ដែលមានការប្ដេជ្ញាចិត្ត​ចំពោះ​ការលើកកម្ពស់​ការយល់ដឹងអំពី​បញ្ហាប្រឈមផ្នែកសុខភាពផ្លូវចិត្ត ដែលជនមានពិការភាព​ប្រឈមមុខជាមួយ។ បេសកកម្មរបស់ពួកគេ គឺដើម្បីដេញដោយ​ចំពោះ​ភាពមាក់ងាយ និង​ការយល់ខុសនានា ព្រមទាំងលើកស្ទួយសង្គមមួយដែលកាន់តែមានបរិយាបន្ន និងសេចក្ដីមេត្តាករុណា តាមរយៈ​មាតិកាតាមបណ្ដាញទំនាក់ទំនងសង្គម សកម្មភាពដោយផ្ទាល់ និង​ការចូលរួម​ជាមួយសហគមន៍ ដែលជំរុញការគាំទ្រដល់សុខុមាលភាពផ្លូវចិត្តរបស់ពួកគេ។ សមាសធាតុសំខាន់មួយ គឺព្រឹត្តិការណ៍ “សំឡេងរបស់អ្នក ការផ្លាស់ប្ដូររបស់យើង” ដែលសមាជិកសហគមន៍​ចែករំលែក​ការយល់ឃើញរបស់ពួកគេ​អំពី​បញ្ហាប្រឈមពាក់ព័ន្ធនឹង​សុខភាពផ្លូវចិត្ត។ 

D-Metal Girls
Empower Girls

ក្រុម Empower Girls៖ គឺជាក្រុមដឹកនាំដោយយុវជន ដែលត្រូវបានបង្កើតឡើងដោយ​ស្រ្តីវ័យក្មេង​នៅក្នុងវិស័យ STEM ដើម្បីជំរុញទឹកចិត្ត​សិស្សានុសិស្សថ្នាក់មធ្យមសិក្សានៅកម្ពុជា ជាពិសេស ក្មេងស្រី ក្នុងការ​ស្វែងយល់អំពី STEM តាមរយៈឧបករណ៍ និងបទពិសោធន៍ជាក់ស្ដែង។ ក្រុមនេះមានបំណង​លើកទឹកចិត្តក្មេងស្រីឱ្យបន្តការសិក្សានៅក្នុងវិស័យ STEM ​និងជជែកអំពីគោលដៅរបស់ពួកគេជាមួយនឹង​គ្រួសាររបស់ពួកគេ ដែលអាចពុំមើលឃើញថា វាជាគន្លងមួយសម្រាប់ពួកគេឡើយ​។ បេសកកម្មរបស់ក្រុម Empower Girls គឺដើម្បីបណ្ដុះចំណាប់អារម្មណ៍​រយៈពេលវែងទៅលើ STEM និងធានាថា ក្មេងស្រីកាន់តែច្រើន​មើលឃើញខ្លួនឯងថាជានវានុវត្តន៍ករ អ្នកដឹកនាំ និងអ្នកធ្វើការផ្លាស់ប្ដូរ​នៅពេលអនាគត។ 

ក្រុម Green Miracle៖ មានបំណងលើកកម្ពស់​ការយល់ដឹង និង​ជំរុញទឹកចិត្ត​យុវជនឱ្យចាត់វិធានការ​ទៅលើ​ការប្រែប្រួលអាកាសធាតុ និងការបំពុលដោយ​ប្លាស្ទិក។ ការប្រកួតប្រជែងអំពីសិល្បៈលើធុងសំរាម​នឹងផ្ដល់​​ជូនសិស្សានុសិស្សថ្នាក់វិទ្យាល័យរាប់រយនាក់​នូវឱកាស ដើម្បីប្រែក្លាយធុងសំរាម​ទៅជា​ការងារសិល្បៈដ៏ស្រស់ស្អាត និងបង្ហាញភាពច្នៃប្រឌិត នវានុវត្តន៍ និងការអនុវត្តប្រកបដោយចីរភាពរបស់ពួកគេ។ 

 Green Miracle
 Hyper Healer

ក្រុម Hyper Healer៖ មានការប្ដេជ្ញាចិត្តចំពោះការកាត់បន្ថយ​បន្ទុកការងារផ្លូវចិត្ត ដែលនិស្សិតផ្នែកវេជ្ជសាស្រ្តបានប្រឈមមុខជាមួយ។ ក្រុមនេះមានបំណង​ផ្ដល់ភាពអង់អាចជូននិស្សិត​ក្នុងការផ្ដល់អាទិភាពចំពោះ​ស្វ័យថែទាំ និងពង្រឹង​ភាពធន់ផ្នែកវិជ្ជាជីវៈរបស់ពួកគេ ហេតុនេះ នៅទីបំផុត ពួកគេ​អាចផ្ដល់ការថែទាំកាន់តែល្អជូនអ្នកជំងឺ ដែលពួកគេនឹងបម្រើនៅថ្ងៃណាមួយខាងមុខ។ ដំណោះស្រាយ គឺ​ត្រូវរចនាកម្រងកាតរូបភាព​​ដើម្បីបង្កើនស្មារតី​ នៅពេលពួកគេមានអារម្មណ៍ពិបាកចិត្ត។ កាតរូបភាពទាំងនេះ​ក៏អាចដើរតួនាទី​ជាឧបករណ៍បំបែកឧបសគ្គ និងលំហាត់​ឆ្លុះបញ្ចាំងរវាងមិត្ត​ប្រកបដោយប្រសិទ្ធភាពផងដែរ។ 

ក្រុម Neary Flow៖ ស្ដីពី​ការថែទាំ និងការបំបែកភាពស្ងៀមស្ងាត់។ ដោយទទួលស្គាល់ថាក្មេងស្រី​ជាច្រើនខ្វះ​សំឡីអនាម័យ និងកន្លែងប្រកបដោយសុវត្ថិភាព ព្រមទាំងកេ្មងស្រីជាច្រើនមិនបានទៅរៀន ឬទទួលរងទុក្ខតែម្នាក់ឯង យុទ្ធនាការ “ការមានរដូវដោយសប្បាយរីករាយ” មានបំណងលើកកម្ពស់​ការយល់ដឹង​ និងផ្ដល់​សំឡីអនាម័យ​ដោយឥតគិតថ្លៃ។ ជាមួយនឹងក្រុម Neary Flow ក្មេងស្រី​គ្រប់រូបអាចប្រឈមមុខជាមួយនឹង​ការមានរដូវរបស់ពួកគេ​ដោយមោទនភាព និងជំនឿចិត្ត។ គ្មានក្មេងស្រីណាម្នាក់មានអារម្មណ៍អាម៉ាស ឬត្រូវបានគេទុកចោល​ឡើយ ខណៈដែលពួកគេ​គប្បីផ្ដោតការយកចិត្តទុកដាក់ទៅលើ​ក្ដីសុបិន្តរបស់ពួកគេ មិនមែនភាពមិនសុខស្រួលឡើយ។ 

Neary Flow
7. Srolanh Kids-(2).webp

ក្រុមស្រឡាញ់ក្មេង៖ គឺជាគំនិតផ្ដួចផ្ដើមមួយ ដែលបង្កើតឡើងដោយយុវជន ដើម្បីយុវជន។ បេសកកម្មរបស់ពួកគេ គឺដើម្បីលើកកម្ពស់ការយល់ដឹង​នៅក្នុងចំណោម​សិស្សថ្នាក់វិទ្យាល័យ​​អំពី ការរករឿងឈ្លោះ និងការរើសអើង ព្រមទាំងដើម្បីផ្ដល់លំហសុវត្ថិភាព​មួយ ដែលបុគ្គលទាំងឡាយ​អាច​បង្ហាញអារម្មណ៍​របស់ខ្លួន​បានដោយគ្មាន​ការភ័យខ្លាច ឬភាពអាម៉ាស។ ពួកគេមានបំណងគាំទ្រដល់សុខុមាលភាពផ្លូវចិត្តចិត្ត និង​ផ្ដល់ភាពអង់អាចជូនសិស្សានុសិស្ស​ក្នុងការសម្ដែងមតិ ទទួលបានការស្ដាប់លឺពីអ្នកដទៃ និងគាំទ្រសិស្សានុសិស្សផ្សេងទៀត។ 

ក្រុមថាមវ័ន្ត៖ គឺជាគម្រោងដឹកនាំដោយយុវជន ដើម្បីដោះស្រាយគម្លាតរវាង​បំណិនជីវិតដែលបានរៀននៅ​សាលារៀន​កម្ពុជា និងការអនុវត្តបំណិនទាំងនោះ​នៅក្នុងជីវិតជាក់ស្ដែង។ ក្រុមនេះ​រៀបចំការអង្កេត​ប្រកបភាពទាក់ទាញ និងការបណ្ដុះបណ្ដាល​យុវជនស្ម័គ្រចិត្ត ប្រមូលទិន្នន័យតាមរយៈដំណើរកម្សាន្ត និងព្រឹត្តិការណ៍បែបអន្តរកម្ម វិភាគរបកគំហើញ​ដើម្បីបង្កើតរបាយការណ៍ច្បាស់លាស់​ដែលមានភាពទាក់ទាញ និងចែករំលែកលទ្ធផល​ជាមួយ​អ្នកពាក់ព័ន្ធ។ គម្រោងនេះ​ផ្ដល់ភាពអង់អាចជូនយុវជន​​ដើម្បីចូលរួម​នៅក្នុង​ការធ្វើសេចក្ដីសម្រេចចិត្ត និងស្វែងរកមតិគាំទ្រឱ្យមាន​ការអប់រំបំណិនជីវិតកាន់តែខ្លាំងក្លា។ 

1. Thamavon-(1).webp
1. Thamavon-(2).webp

ក្រុម 4 Youth៖ មានបំណងពង្រឹងសមត្ថភាពរបស់យុវជនកម្ពុជា​ក្នុងការស្វែងរកការងារធ្វើ។ គម្រោងរបស់ពួកគេដោះស្រាយ​ភាពអត់ការងារធ្វើរបស់យុវជន តាមរយៈ​ការបំពាក់ជូនសិស្សានុ​សិស្ស​នូវ​ជំនាញចាំបាច់នានា ដែលមានត្រៀមលក្ខណៈរបស់ពួកគេរួចជាស្រេចសម្រាប់ការងារ។ 


និងក្រុមចំនួនបួននៅខេត្តសៀមរាប 

 

ក្រុមអនាគតកូនយើង៖ មានបំណង​កាត់បន្ថយ​អំពើហិង្សាក្នុងគ្រួសារ តាមរយៈ​ការចែករំលែកចំណេះដឹងអំពី​ការចិញ្ចឹមកូនបែបវិជ្ជមាន។ សៀវភៅសរសេរមួយនឹងត្រូវរចនាឡើងដោយមានសារអប់រំ និងគន្លឹះ​អំពី​ការចិញ្ចឹមកូនបែបវិជ្ជមាននៅក្នុងសៀវភៅនោះ ដែល​នឹងត្រូវចែកជូនតាមគ្រួសារ​នៅក្នុងឃុំសង្កាត់ដែលបានជ្រើសរើស។ សៀវភៅនេះ​នឹង​ដើរតួនាទី​ជា​សៀវភៅសរសេរប្រចាំថ្ងៃ និងជាវិធីសាស្រ្តមួយ​ដើម្បីដាក់បញ្ចូល​ផ្នត់គំនិតអំពីការចិញ្ចឹមកូនបែបវិជ្ជមាន​ចំពោះឪពុកម្ដាយ។ 

Anakut Kon Yerng
4. Chhnai-(2).webp

ក្រុមច្នៃ៖ ដោយកត់សម្គាល់​ឃើញបញ្ហានានា​ជាមួយនឹងសំណល់កាកអំពៅ និង​សម្ភារៈ​ដែលអ្នកលក់ទឹកអំពៅ​បន្យល់ទុក ជាពិសេស នៅតាមទីតាំងនានា​ ដូចជា ក្រុងសៀមរាប។ សំណល់នេះ​មិនត្រឹមតែប្រមូលផ្ដុំនៅតាមដងផ្លូវ​ ដែលជាគោលដៅទេសចរណ៍សំខាន់ៗ​ប៉ុណ្ណោះឡើយ ប៉ុន្តែថែមទាំង​មានផលប៉ះពាល់​ចំពោះ​សម្រស់ជារួមរបស់ទីក្រុងផងដែរ។ ក្រុមនេះបានបង្កើត​គំរូមួយដែលប្រែក្លាយសំណល់កាកអំពៅទៅជា​ជីកំប៉ុសសរីរាង្គ។ ជីវធម្មជាតិដែលផលិតនៅក្នុងមូលដ្ឋានជំនួស​ជីគីមី ពង្រឹងគុណភាពដំណាំ និងគាំទ្រដល់​ការធំលូតលាស់របស់ផ្លែឈើ ផ្កា និងបន្លែប្រកបដោយសុខភាពល្អ​តាមវិធីដែលមិនប៉ះពាល់ដល់បរិស្ថាន។ 

ក្រុមរៀនក្រៅប្រព័ន្ធ៖ កំពុងបង្កើតថ្នាលនិទានរឿងតាមប្រព័ន្ធឌីជីថល ដែលចែករំលែកបទពិសោធន៍​ជាក់ស្ដែង​របស់យុវជន​អំពី​ការកសាងជីវិត ភាពបរាជ័យ ការដឹកនាំ និងការកាច់ចង្កូតជីវិត ពោលគឺមិនពាក់ព័ន្ធនឹងចំណាក់ថ្នាក់ ឬឋានៈឡើយ ប៉ុន្តែ​​ពាក់ព័ន្ធនឹងភាពក្លាហាន ភាពរីកចម្រើន មេរៀនដែលទទួលបាន​នៅក្រៅថ្នាក់រៀន។ ដោយប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ថ្នាលនេះ​ជួយ​យុវជន​ផ្សេងទៀត​ឱ្យរកឃើញ​សាច់រឿង និងការយល់ដឹងស៊ីជម្រៅ ដែលពួកគេអាចភ្ជាប់ទំនាក់ទំនងជាមួយបាន​​​ និងធ្វើឱ្យពួកគេមានអារម្មណ៍ដូចជាទទួលការណែនាំ​ពីអ្នកណាម្នាក់​ដែលធ្លាប់បានទៅដល់ទីនោះដែរ។ ពួកគេជឿជាក់ថា មេរៀនដ៏មានសំខាន់បំផុតទាំងនេះ​មិនតែងតែត្រូវបានបង្រៀនឡើយ ពោលគឺចំណេះដឹងទាំងនេះ គឺជាបទពិសោធន៍ជីវិត។ 

15. Rean Krav System-(1).webp
8. Night Lightt-(2).webp

ក្រុមពន្លឺនាពេលរាត្រី៖ មានបេសកកម្ម​ដើម្បីពង្រឹង​ផាសុកភាព និង​សុវត្ថិភាពរបស់សហគមន៍​នៅពេលរាត្រី ទោះជានៅតាមដងផ្លូវ ឬនៅក្នុងភូមិក្ដី។ គម្រោងនេះផ្ដោតការយកចិត្តទុកដាក់លើ​ការធានា​សុវត្ថិភាព​របស់បុគ្គលគ្រប់រូប ជាមួយនឹង​ការយកចិត្តទុកដាក់​ជាពិសេស​ចំពោះ​ស្រ្តីវ័យក្មេង​ដែលធ្វើដំណើរ​នៅពេលយប់។ ដំណោះស្រាយនេះពាក់ព័ន្ធនឹង​កិច្ចសហការជាមួយ​អាជ្ញាធរមូលដ្ឋាន​ ដើម្បីដំឡើង​ភ្លើងបំភ្លឺសូឡាតាមផ្លូវ ដែលធ្វើឱ្យងាយមើលឃើញកាន់តែច្បាស់។ 

ក្រុម​សប្បាយអាន៖ គម្រោងការអានពោរពេញទៅដោយភាពរីករាយ ដែលនាំយក​សៀវភៅ និងសកម្មភាពរៀនសូត្រ​បែបលេងកម្សាន្តសប្បាយ​ទៅដល់កុមារ​នៅតំបន់ជនបទ។ នៅក្នុងសហគមន៍នានា ដែល​សាលារៀនខ្វះ​បណ្ណាល័យ ហើយគ្រួសារ​មានលទ្ធភាពមានកម្រិតក្នុងការទទួលបាន​សៀវភៅ ក្រុមសប្បាយអាន​បង្កើត​លំហប្រកបដោយ​ការស្វាគមន៍ ដែល​ជំរុញឱ្យមាន​ការស្រឡាញ់​ការអាន កសាងជំនឿចិត្ត និងគាំទ្រដល់​ការបង្ហាញអំពីខ្លួនឯង។ តាមរយៈសកម្មភាព ការនិទានរឿង និង​វគ្គអំណាន​នៅក្នុងមូលដ្ឋាន គម្រោងនេះ​ផ្ដល់ឱកាសអានទៅដល់កុមារតូចៗ ដែលជួយ​ពួកគេ​អភិវឌ្ឍជំនាញ​អក្ខរកម្ម​ដ៏ខ្លាំងក្លា និងកំណត់មូលដ្ឋានគ្រឹះ​សម្រាប់ភាពជោគជ័យ​នៅក្នុងសាលារៀន និងជីវិត។ 

10. Let_s Read-(1).webp
9. Sokhapheap Yuvatey-(1).webp

ក្រុមសុខភាពយុវតី៖ ផ្ដល់ភាពអង់អាចជូន​ក្មេងស្រី និងស្រ្តី​ក្នុងការថែទាំសុខភាព​របស់ពួកគេ តាមរយៈ​ការលើកទឹកចិត្តដល់​ការត្រួតពិនិត្យសុដន់ដោយខ្លួនឯងជាប្រចាំ។ តាមរយៈ​សិក្ខាសាលា និងយុទ្ធនាការលើកកម្ពស់​ការយល់ដឹង ពួកគេមានបំណង​ជួយក្មេងស្រី និងស្រ្តីឱ្យយល់​អំពី សារសំខាន់​នៃការរកឃើញទាន់ពេល​នៅក្នុងការបង្ការជំងឺមហារីកសុដន់។ ពួកគេប្រើប្រាស់ព័ត៌មាន​ច្បាស់​ៗ និងសាមញ្ញៗ ដើម្បីបង្រៀនពួកគេអំពី របៀបត្រួតពិនិត្យ​រាងកាយរបស់ពួកគេ ការដឹងអំពី​សញ្ញា​ដាស់តឿន និងស្វែងរកជំនួយវេជ្ជសាស្រ្ត​នៅពេលចាំបាច់។ តាមរយៈ​ការផ្ដល់ចំណេះដឹង និងជំនឿចិត្តជូនពួកគេ ក្រុមនេះសង្ឃឹមថា​នឹងជំរុញទឹកចិត្តក្មេងស្រី និងស្រ្តី​នៅក្នុងការការពារអាយុជីវិតរបស់ពួកគេផ្ទាល់។ 

ក្រុមអ្នកម្ដាយអស្ចារ្យ៖ មានបំណង​លើកម្ពស់​សុខុមាលភាពផ្លូវចិត្ត​របស់ស្រ្តីមានផ្ទៃពោះ ដែល​ប្រឈម​​មុខ​នឹងការលំបាកផ្លូវចិត្ត​ ប៉ុន្តែមិនអាច​បង្ហាញការលំបាកទាំងនោះបាន។ ក្រុមអ្នកម្ដាយអស្ចារ្យនឹងនិយាយជំនួសមុខ​ស្រ្តីទាំងនេះ និង​ផ្ដល់សារអប់រំទៅដល់​សង្គម ពោលគឺ ដើម្បីស្ដាប់ យល់ និងបង្ហាញ​ការយកចិត្តទុកដាក់​ចំពោះស្រ្តី​ ដែលកំពុងនាំយកជីវិតថ្មី​ចូលមកនៅក្នុងពិភពលោកនេះ ដោយហេតុនេះ​ ទាំងម្ដាយ និងទារក​/ទារិកា​អាចមាន​សុខុមាលភាពពេញលេញ និងប្រកបដោយសុខភាពល្អ។ 

3. Super Mom-(2).webp

Meet the project ជួបជាមួយអ្នកណែនាំរបស់គម្រោង!

Mr. Tea Thierry.webp

Green Miracle

Tea Thierry គឺជាសហគ្រិន និងនាយកប្រតិបត្តិមួយរូប ដែលមានបទពិសោធន៍ជាង ២០ឆ្នាំ​នៅក្នុងវិស័យអាកាសចរណ៍ ហេដ្ឋារចនាសម្ព័ន្ធ ទុនវិនិយោគផ្សងគ្រោះថ្នាក់ និងបច្ចេកវិទ្យា។ ក្នុងនាមជានាយករង​នៃក្រុម OCIC (សាជីវកម្ម​និយោគ​កម្ពុជានៅបរទេស) ព្រមទាំងស្ថាបនិក និង​វិនិយោគិន​នៅ Negotia Capital គាត់​គាំទ្រ​ដល់​ការចាប់ផ្ដើមធុរកិច្ចថ្មី​ចំនួនជា ៣០ នៅក្នុងវិស័យបច្ចេក​វិទ្យាហិរញ្ញវត្ថុ លំហអាកាស បច្ចេកវិទ្យាស្អាត និងបច្ចេកវិទ្យាពាក់ពន្ធនឹងទ្រព្យ ដោយផ្តោត​លើ​ភាពលូតលាស់​ប្រកបដោយចីរភាព និង​នវានុវត្តន៍​បច្ចេកវិទ្យា​នៅក្នុង​វិស័យចល័តភាព​ផ្លូវអាកាស​តាមទីក្រុង លំហអាកាស និងកសិកម្ម។ គាត់ផ្ដល់ការណែនាំយ៉ាងសកម្មដល់សហគ្រិនវ័យ​ក្មេង ហើយពីមុន គាត់ដើរតួនាទី​ជានាយកប្រតិបត្តិ​នៃ​ ​Airbus Group នៅប្រទេសហ្វីលីពីន។ គាត់ក៏ជា​នាយកប្រតិបត្តិរង​នៃ Connexion Tech Hub និងសហស្ថាបនិកនៃគំនិតផ្ដួចផ្ដើម​ Green Oasis Initiative ផងដែរ។ 

D-Mental Girls

Alejandra Martinez Zavala គឺជានាយិកា​គ្លីនិក​ព្យាបាល​កុមារពហុជំនាញមួយកន្លែង ដែលផ្ដល់​​ការព្យាបាល​ការនិយាយ និងភាសា ការព្យាបាល​​មុខងារ កាវិភាគទៅលើអាកប្បកិរិយា និងសេវាចិត្តសាស្រ្ត។ គាត់​មានបទពិសោធន៍​ព្យាបាលការនិយាយរយៈពេលជាង១០ឆ្នាំ ដោយគាំទ្រដល់​កុមារមានពិការភាព​នៅតាមបរិបទវប្បធម៌ចម្រុះ​​នៅប្រទេសកម្ពុជា និងប្រទេសដទៃទៀត ហើ​យគាត់មានអារម្មណ៍ខ្លាំងក្លាចំពោះ​ភាពរីកលូតលាស់របស់អង្គការប្រកបដោយចីរភាព ការអភិវឌ្ឍទេពកោសល្យ និង​ការជំរុញ​គំនិតផ្ដួមផ្ដើមដែលមានផលជះចំពោះសង្គម។ 

Ms. Alejandra .webp
Constanza IMG.webp

Hyper Healer

Constanza González Vásquez គឺជាចិត្តវិទូផ្នែកគ្លីនិក​ដែលបានចុះបញ្ជី​នៅប្រទេសឈីលី ដោយមានបទពិសោធន៍​អន្តរជាតិជាងមួយទសវត្សរ៍​​នៅក្នុងវិស័យកិច្ចគាំពារសង្គម និង​ការថែទាំសុខភាព​នៅក្នុងប្រទេសឈីលី អាហ្សង់ទីន ប្រេស៊ីល សហរដ្ឋអាមេរិក ហ្វីលីពីន និងកម្ពុជា។ នៅកម្រិតការអនុវត្តផ្ទាល់ខ្លួនរបស់គាត់ គាត់​ព្យាយាមជួយ​ដល់​ប្រជាជនមានវប្បធម៌ចម្រុះ​ក្នុងការឆ្លងកាត់​បញ្ហាប្រឈមក្នុងជីវិត និងជំរុញភាពរីកចម្រើនប្រកបដោយអត្ថន័យ។ ទោះជានៅក្នុងការព្យាបាល ឬតាមរយៈការងារស្ម័គ្រចិត្តរបស់គាត់ក្ដី គាត់មានការប្ដេជ្ញាចិត្តជ្រាលជ្រៅ​ចំពោះ​ការលើកកម្ពស់សុខភាព និងសុខុមាលភាព​ផ្លូវចិត្ត​ប្រកបដោយសេចក្ដីថ្លៃថ្នូរ បរិយាបន្ន និងឆ្លើយតបចំពោះ​វប្បធម៌។ 

Empower Girls

Lay Sivhuang គឺជាកម្លាំងប្រកបដោយថាមវ័ន្តនៅក្នុង​ប្រព័ន្ធអេកូឡូស៊ីបច្ចេកវិទ្យាអាស៊ីអឺរ៉ុប ដែលមាន​បទពិសោធន៍រយៈពេលជាង ១២ឆ្នាំ​ក្នុងការផ្សារភ្ជាប់នវានុវត្តន៍ Silicon Valley ជាមួយនឹង​ទីផ្សារ​អាស៊ីអាគ្នេយ៍។ ជំនាញរបស់គាត់លាតសន្ធឹងពី​បច្ចេកវិទ្យា NGC ​ដ៏ទំនើបប្រឆាំងភាពក្លែងបន្លំ ការកាត់សង្វាក់​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ ភស្តុភារឆ្លាត បរិវត្តកម្មពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូវនិក និង​បដិវត្តន៍​បច្ចេកវិទ្យាអប់រំ។ ក្នុងនាមជា​នាយិកាគ្រប់គ្រង​នៃ Dichi Academy គាត់​នាំយក​ការបណ្ដុះបណ្ដាលបច្ចេកវិទ្យា Silicon Valley ទាំងស្រុងមកកម្ពុជា ដែលជាការកំណត់ឡើងវិញនូវទេពកោសល្យ​ឌីជីថល​របស់ប្រទេសនេះ។ ឥទ្ធិពលរបស់គាត់​ពង្រីកទៅដល់តួនាទីផ្ដល់ប្រឹក្សាជូនរដ្ឋាភិបាល​ជាមួយនឹងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និង​ភាពជាអ្នកដឹកនាំក្នុងនាមជា​ប្រធាន​សមាគម Erasmus Mundus នៅកម្ពុជា។ 

Ms. Sarah .webp

Neary Flow

Sarah Udin កំពុងធ្វើបរិវត្តកម្ម​សុខភាពក្នុងពេលមានរដូវ​នៅទូទាំងប្រទេសកម្ពុជាតាមរយៈ Amala Periods ជាសហគ្រាសសង្គមមួយ ដែលគាត់បានបង្កើតឡើង​នៅឆ្នាំ២០២១ នៅរាជធានីភ្នំពេញ។ តាមរយៈការផ្ដល់​ផលិតផលសម្រាប់ពេលមានរដូវដែលអាចប្រើប្រាស់ឡើងវិញបាន គាត់បានឈ្នះពានរង្វាន់ក្រុមសហគ្រិនភាពនៃ​អ៊ីមផេកហាប់ (Impact Hub Entrepreneurship Panel Award) និងនៅពេលបច្ចុប្បន្ន ផ្តោតលើ​សម្លៀកបំពាក់ក្នុង​សម្រាប់ពេលមានរដូវដែលផលិតនៅក្នុងស្រុក ស្របពេលដែលបន្តបរិច្ចាគ និងអប់រំអំពីការមានរដូវទៅ​ដល់​សាលារៀនក្នុងមូលដ្ឋាន និងអង្គការ​មិនមែនរដ្ឋាភិបាល។ ដោយមានប្រវត្តិសាវតារ​ក្នុងវិស័យ​ធុរកិច្ចប្រកបដោយចីរភាព ការអប់រំ និងការរៀបចំព្រឹត្តិការណ៍ផ្សេងៗ Sarah មានភាពរំភើបចិត្ត​ក្នុងការចែករំលែកចំណេះដឹងរបស់គាត់​ជាមួយនឹងសហគ្រិនជំនាន់បន្ទាប់​ពាក់ព័ន្ធនឹងការមានរដូវ។ 

ក្រុមស្រឡាញ់ក្មេង

Dixon Siu: លើកកម្ពស់​ និងប្រតិបត្តិ​អភិបាល​កិច្ច​លើបញ្ញាសិប្បនិម្មិត (AI) នៅ Fujitsu ក្នុងប្រទេសជប៉ុន។ គាត់បានរៀបចំ​សិក្ខាសាលា​ស្ដីពីសុវត្ថិភាពតាមប្រព័ន្ធអនឡាញសម្រាប់​កុមារ និងលើកកម្ពស់​សិទ្ធិមនុស្ស​តាមប្រព័ន្ធឌីជីថល និង​ការចែករំលែកទិន្នន័យ​ប្រកបដោយក្រមសីលធម៌ទាំង​នៅ​ Fujitsu និងអង្គការសង្គមស៊ីវិល។  

Mr. Dixon.webp
Chhay Sophorn .webp

4 Youth

Chhay Sophorn ជាជនជាតិកម្ពុជា​មានសញ្ជាតិបារាំង គាត់មានបទពិសោធន៍​ជាង​២០ឆ្នាំ​នៅក្នុង​ស្រាវជ្រាវវិទ្យាសាស្រ្ត ធុរកិច្ចគ្រឿងប្រណិត និងសមាគមធុរកិច្ច។ នៅពេលបច្ចុប្បន្ន គាត់​ដឹកនាំក្រុមហ៊ុន​ HR CODE ដែលជាក្រុមហ៊ុន​ជ្រើសរើសបេក្ខជន/បេក្ខនារីល្អបំផុតសម្រាប់ការងារ និង​ពិគ្រោះយោបល់អំពីធនធានមនុស្ស បន្ទាប់ពី​កាន់តួនាទីជាន់ខ្ពស់​នៅ IBC និង EuroCham ។ ក្នុងនាមជា​ទីប្រឹក្សាធុរកិច្ច គាត់គាំទ្រដល់​សហគ្រាសខ្នាតតូច និងមធ្យម (SMEs) និងការចាប់ផ្ដើមធុរកិច្ច​នៅក្នុងវិស័យការស្រាវជ្រាវ និងការអភិវឌ្ឍ (R&D) សេវាអាហារ និងភេសជ្ជៈ (F&B) សំណង់ ការអប់រំ និងអាកាសចរណ៍។ ដោយមានទំនាក់ទំនងល្អនៅទូទាំងប្រទេស​កម្ពុជា និងអាស៊ីអាគ្នេយ៍  Sophorn មានតួនាទីនៅក្នុង​ក្រុមប្រឹក្សាភិបាល​នៅ Platform Impact, គណៈកម្មាធិការធនធានមនុស្សនៃ EuroCham សភាពាណិជ្ជកម្ម​បារាំង ស្ថានកុងស៊ុលបារាំង​នៅកម្ពុជា និង​ក្លឹបវិនិយោគ​ភ្នំពេញឯកជន។ 

ក្រុមថាមវ័ន

Path Heang គឺជាអ្នក​ឯកទេសផ្នែកគោលនយោបាយ​សង្គម​ជាមួយយូនីសេហ្វប្រចាំកម្ពុជា ដែលគាំទ្រដល់កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ (D&D) ​របស់រដ្ឋាភិបាល។ ចាប់តាំងពីឆ្នាំ២០០៩ គាត់​បានដើរតួនាទី​អ្នកឯកទេស​ផ្នែកអភិវឌ្ឍន៍យុវជន​ ប្រធានការិយាល័យមូលដ្ឋាន និង​អ្នកឯកទេសកម្មវិធី​ D&D និងនគរូបនីយកម្ម។ ពីមុន គាត់បានធ្វើការងារជាមួយនឹង UNDP ធនាគារពិភពលោក និង ILO ជាសមាជិកបង្កើត​ក្រុមប្រឹក្សាអាជ្ញាកណ្ដាលការងារ​របស់ប្រទេសកម្ពុជា​។  

Mr. Path Heang.webp
Mr. Chanda Pen Image.webp

ក្រុមរៀនក្រៅប្រព័ន្ធ

Chanda Pen មានអាជីពការងាររយៈពេល ២០ឆ្នាំ​នៅក្នុងការអភិវឌ្ឍផលិតផល និងការរចនាប្រព័ន្ធ ដែលនាំមកនូវចំណង់ចំណូលចិត្តចំពោះ​បច្ចេកវិទ្យា ការទូទាត់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិក និង​ប្រព័ន្ធអេកូឡូស៊ី​នៃការចាប់ផ្ដើមធុរកិច្ចថ្មីៗ។ ពីមុន គាត់បានដឹកនាំ​គំនិតផ្ដួចផ្ដើម​អភិវឌ្ឍន៍កម្លាំងការងារ​ឌីជីថលរបស់ USAID ​ក្នុងនាមជា​ប្រធាន (Chief of Party) ដែលផ្ដោត​ការយកចិត្តទុកដាក់លើការពង្រឹង​ការអប់រំបច្ចេកទេស​នៅកម្ពុជា។ Chanda បានសហការបង្កើត​ និងបានចាកចេញពី Bongloy ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុ​នៅអាស៊ីអាគ្នេយ៍ នៅឆ្នាំ២០២១។ គាត់បានកាន់តួនាទីលេចធ្លោនានា ដូចជា សមាជិកក្រុមប្រឹក្សា​នៃសមាគមធនាគារនៃកម្ពុជា ប្រធាន​គណៈកម្មាធិការ​ក្រុមការងារ KHQR ជាតិ និងប្រធាន​សមាគមហិរញ្ញវត្ថុ និងបច្ចេកវិទ្យា​កម្ពុជា។ បច្ចុប្បន្ន Chanda បង្រៀនអំពីបច្ចេកវិទ្យាហិរញ្ញវត្ថុ​នៅ​សាកលវិទ្យាល័យជាតិគ្រប់គ្រង និងដើរតួនាទីជា​នាយកឯករាជ្យ​នៅក្នុងក្រុមប្រឹក្សា​នៃធនាគារ Phillip Bank ។   

ក្រុមអនាគតកូនយើង

Chhay Vivodin គឺជា​អ្នកឯកទេសផ្នែកអភិវឌ្ឍន៍​សហគមន៍កម្ពុជា​ ដែលមានបទពិសោធន៍រយៈពេលជាង ២០ឆ្នាំ​នៅក្នុងការដឹកនាំកម្មវិធី ការកសាងសមត្ថភាព និងកិច្ចការពារសុវត្ថិភាព។ គាត់បានរចនា និងសម្របសម្រួល​ការបណ្ដុះបណ្ដាលគ្រូបង្គោល (ToT) សម្រាប់មន្រ្តីរដ្ឋាភិបាល អង្គការមិនមែនរដ្ឋាភិបាល និង​ក្រុមសហគមន៍​អំពី ប្រធានបទនានា រួមមាន កិច្ចការពារ​កុមារ ការទប់ស្កាត់​អំពើហិង្សា​ទាក់ទងនឹងយេនឌ័រ ការចិញ្ចឹមកូនបែបវិជ្ជមាន ចំណេះដឹងហិរញ្ញវត្ថុ និងការផ្ដល់ប្ដូរអាកប្បកិរិយាសង្គម។ គាត់​បានទទួល​ការទទួលស្គាល់ពី​ ILO ថាជា​គ្រូបង្គោលជាតិ​អំពីការអប់រំហិរញ្ញវត្ថុ និងការទទួលស្គាល់ពី​ក្រសួង​កិច្ចការនារី ថាជា​គ្រូបណ្ដុះបណ្ដាលបង្គោល​អំពី​ការចិញ្ចឹមកូនបែបវិជ្ជមាន។ 

Mr. Vivodin.webp
Mr. Prak Sopheap .webp

ក្រុមអនាគតកូនយើង

Prak Sopheap គឺជា​អ្នកវិជ្ជាជីវៈ​ការងារសង្គមកិច្ច ដែលមានសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់​ និងបទពិសោធន៍​រយៈពេលប្រាំបួនឆ្នាំ​ក្នុងវិស័យកិច្ចការពារ​កុមារ ការអភិវឌ្ឍកុមារតូច និង​ការគ្រប់គ្រងគម្រោងរបស់អង្គការមិនមែនរដ្ឋាភិបាល។ គាត់មានឯកទេស​នៅក្នុងការអនុវត្តកម្មវិធីផ្អែកលើសិទ្ធិ​បែបរួមបញ្ចូលគ្នា ដែល​លើកកម្ពស់​បរិយាកាសសុវត្ថិភាព​សម្រាប់កុមារងាយរងគ្រោះ និងពង្រឹង​ភាពធន់របស់សហគមន៍។ ការងាររបស់គាត់ទទួលបាន​ការជំរុញពី​ការប្ដេជ្ញាចិត្តក្នុងការបំបែកវដ្ដនៃភាពក្រីក្រ និងការជំរុញផលជះប្រកបដោយចីរភាពចំពោះសហគមន៍។ 

ក្រុមអ្នកម្ដាយអស្ចារ្យ

Somontha Koy មានបទពិសោធន៍រយៈពេល ២០ឆ្នាំ​នៅក្នុងវិស័យ​សុខភាពសាធារណៈជាមួយ​អង្គការ​អន្តរជាតិ និងទីភ្នាក់ងារសហប្រជាជាតិ (Jhpiego, FHI 360, ITECH, ធនាគារពិភពលោក URC, Intervida International, WHO, IOM) ដោយគាត់ដើរតួនាទីជា​ប្រធានផ្នែកសុខភាព អ្នកគ្រប់គ្រង និងអ្នកដឹកនាំក្រុម។ បច្ចុប្បន្ន គាត់ជាអនុប្រធាន (Deputy Chief of Party) សម្រាប់គម្រោងប្រទេស MOMENTUM និងភាពជាអ្នកដឹកនាំសកល​នៅកម្ពុជា។ គាត់មានបទពិសោធន៍​​ពាក់ព័ន្ធនឹង​អាហារូបត្ថម្ភ សុខភាពមាតា និងទារក (MCH សុខភាពផ្លូវចិត្ត សុខភាពទេសន្តរប្រវេសន៍ ការពង្រឹងប្រព័ន្ធសុខាភិបាល និង​ការអប់រំមុនពេលចូលបម្រើការងារ ជាមួយនឹងបទពិសោធន៍រយៈពេល ១០ឆ្នាំ​នៅក្នុងបរិយាកាសគ្លីនិក​ជាប្រធានគិលានុបដ្ឋាយិការផ្នែកសង្គ្រោះបន្ទាន់ និង​អ្នកប្រតិបត្តិការធ្វើរោគវិនិច្ឆ័យ និងការព្យាបាល​តាមប្រព័ន្ធទូរគមនាគមន៍។  

Mr. Koy Somontha .webp
Ms. Haymar .webp

ក្រុមអ្នកម្ដាយអស្ចារ្យ

វេជ្ជបណ្ឌិត Khine Haymar Myint នាំមកនូវជំនាញឯកទេសរយៈពេលជាង ១៦ឆ្នាំ​នៅក្នុងវិស័យសុខភាពមាតា និងទារក ការពង្រឹងប្រព័ន្ធសុខាភិបាល ព្រមទាំង​ការពិនិត្យតាមដាន និងការវាយតម្លៃ​។ បច្ចុប្បន្ន គាត់ជាប្រធាន​ផ្នែកពិនិត្យតាមដាន វាយតម្លៃ និងរៀនសូត្រ (MEL) នៅ Jhpiego ប្រចាំប្រទេសមីយ៉ាន់ម៉ា និងកម្ពុជា ដែលគាត់ដឹកនាំ​យុទ្ធសាស្រ្តដែល​ត្រូវរៀបចំឡើងដោយផ្អែកលើទិន្នន័យ ដើម្បី​កែលម្អលទ្ធភាពសុខភាព​នៅតាមសហគមន៍ចម្រុះគ្នា។ អាជីព​ការងាររបស់គាត់​លាតសន្ធឹង​ពីតួនាទីបច្ចេកទេស និងតួនាទីដឹកនាំ​នៅប្រទេសមីយ៉ាន់ម៉ា និងកម្ពុជា រួមទាំង​ការដឹកនាំ​គំនិតផ្ដួចផ្ដើម​កម្លាំងការងារសុខភាពជាតិ និងការពិនិត្យតាមដាន​បុគ្គលិកសុខាភិបាល​ជួរមុខ។ គាត់មានបំណងខ្លាំងក្លា​ក្នុងការ​គាំទ្រដល់ស្រ្តីអ្នកដឹកនាំ​នៅក្នុងការបង្កើត​ការផ្លាស់ប្ដូរសហគមន៍​ប្រកប​ដោយ​អត្ថន័យ។ 

ក្រុមសុខភាពយុវតី

Lauren Shear Zinner បានចូលរួមជាមួយយូនីសេហ្វប្រចាំកម្ពុជា​ជា​អ្នកឯកទេសផ្នែកសុខភាព​នៅខែមករា ឆ្នាំ២០២៥​ បន្ទាប់​ពីកាន់តួនាទី​បច្ចេកទេស និងដឹកនាំជាង​មួយទសវត្សរ៍​នៅប្រទេសម៉ាឡាវី លីប៊ី មីយ៉ាន់ម៉ា និងអ៊ុយក្រែន។ គាត់បាននាំមកនូវបទពិសោធន៍ទូលំទូលាយ​​ក្នុងការធ្វើការងារ​ជាមួយ​រដ្ឋាភិបាល ដើម្បីកសាង និងកែទម្រង់​ប្រព័ន្ធសុខភាពសាធារណៈ រៀបចំគោលនយោបាយ​ដោយផ្អែកលើទិន្នន័យ បង្កើន​សមាហរណកម្ម លើកកម្ពស់នវានុវត្តន៍ និងកសាងសមត្ថភាព​នៅក្នុងវិស័យ​ជំងឺឆ្លង និងជំងឺមិនឆ្លង សុខភាពមាតា និងការពង្រឹងប្រព័ន្ធសុខាភិបាល។  

Ms. Lauren .webp
Ms. Sothearoath.webp

ក្រុមសប្បាយអាន

Huon Sothearoath គឺជា​អ្នកជំនាញផ្នែកបណ្ណាល័យនៅសមាគម​អ្នកស្ម័គ្រចិត្ត Shanti តាំងពីឆ្នាំ១៩៩៥ មក ហើយបច្ចុប្បន្ន គាត់សម្របសម្រួល​គម្រោងផ្សព្វផ្សាយអំពី​ការអាន និង​ការអប់រំកុមារតូច​។ គាត់បានដើរតួនាទីជាអ្នកណែនាំនៅបណ្ដាល័យ (២០០៤-២០១៣) សាលាបណ្ដុះបណ្ដាល​នៅខេត្តបន្ទាយមានជ័យ កំពង់ធំ និងសៀមរាប និងបានសហការជាមួយ​នាយកដ្ឋាននានា​របស់ក្រសួងអប់រំ​ក្នុងការរៀបចំសៀវភៅមគ្គុទ្ទេសក៍​សម្រាប់បណ្ណាល័យ (២០០៨) បទដ្ឋានបណ្ណាល័យ​នៅសាលារៀនបឋមសិក្សា (២០០៩-២០១១) និង​សម្ភារៈសម្រាប់ទិវាអំណានជាតិ (២០១២)។ គាត់ គឺជាសមាជិក​សកម្មភាព​នៃគណៈកម្មាធិការការតាំងពិពណ៌សៀវភៅកម្ពុជា​ចាប់តាំងពីឆ្នាំ២០១៣ មក។ 

ក្រុមពន្លឺនាពេលរាត្រី

Ol Chin ​គឺជាអ្នកឯកទេសផ្នែកថាមពលកកើតឡើងវិញ​នៅ CAPRED ដែលកំពុងគាំទ្រដល់​អន្តរកាលរបស់កម្ពុជា​ទៅរក​ថាមពលបៃតង។ គាត់ធ្វើការងារជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុងការកែលម្អ​ការគ្រប់គ្រងថាមពលកកើតឡើងវិញ លើកកម្ពស់សមាហរណកម្ម និងជំរុញ​វិស័យឯកជនឱ្យវិនិយោគលើ​ប្រសិទ្ធផលថាមពល។ ជាមួយនឹងបទពិសោធន៍ពីមុន​នៅក្នុងក្រុមហ៊ុន​ថាមពលពន្លឺព្រះអាទិត្យ គាត់ប្ដេជ្ញាចិត្តចំពោះ​ការជំរុញ​ដំណោះស្រាយថាមពលបៃតងតម្លៃសមរម្យ ដើម្បីជួយ​កម្ពុជា​ដោះស្រាយ​ការប្រែប្រួលអាកាសធាតុ។ 

Ms. Ol Chin .webp
Mr. Sam Phalla.webp

ក្រុមច្នៃ

Sam Phalla មានបទពិសោធន៍រយៈពេលជាង ២៧ឆ្នាំលើ​ការគ្រប់គ្រងសំណល់ និង​វដ្ដនៃការធ្វើជីកំប៉ុស ក្នុងនាមជាប្រធានអង្គការ COMPOSTED ជាអង្គការមិនមែនរដ្ឋាភិបាលកម្ពុជាមួយ ដែលផ្ដោតលើ​ការកសាងសមត្ថភាព និងការគ្រប់គ្រងសំណល់ប្រកបដោយចីរភាព។ គាត់បានអនុវត្តដោយជោគជ័យ​នូវ​គម្រោង “គ្មានសំណល់​នៅកោះទ្រុង” ក្នុងនាមទីប្រឹក្សាជាតិសម្រាប់ 3RproMar ជាមួយអង្គការ GIZ ។ តាំងពីឆ្នាំ១៩៩៧មក អង្គការ COMPOSTED បានកែច្នៃ​សំណល់សរីរាង្គ​ចំនួន​ ៥-១០តោនជារៀងរាល់ថ្ងៃ​ ទៅជាជីកំប៉ុស និងបានដាក់ដំណើរការ​សកម្មភាពសម្អាតប្លាស្ទិក​នៅខេត្តបាត់ដំបង កំពង់ចាម និងក្រចេះ ដោយប្រមូលសំណល់​ពី​ស្ទឹងសង្កែ និងទន្លេមេគង្គ​ ដោយមានការគាំទ្រពីអង្គការ​ផែនដីមួយ មហាសមុទ្រមួយ (One Earth – One Ocean)។