សហរដ្ឋអាមេរិកផ្តល់វ៉ាក់សាំង ចនសាន់ & ចនសាន់ (Johnson & Johnson) ជាងមួយលានដូស ដែលជាវ៉ាក់សាំងចាក់តែមួយដូស ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដនៅកម្ពុជា

- Available in:
- English
- Khmer
រាជធានីភ្នំពេញ ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១៖ វ៉ាក់សាំងកូវីដ-១៩ “ចនសាន់ & ចនសាន់” ចំនួន ៤៥០,៥០០ ដូស ដែលជាអំណោយរបស់សហរដ្ឋអាមេរិកតាមរយៈយន្តការកូវ៉ាក់បានមកដល់កម្ពុជានៅថ្ងៃនេះ។ វ៉ាក់សាំងបន្ថែមចំនួន ៦០៩,៦០០ ដូសទៀត រំពឹងថានឹងមកដល់កម្ពុជានៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២១ ខាងមុខ។ វ៉ាក់សាំង “ចនសាន់ & ចនសាន់” ត្រូវបានទទួលស្គាល់ ក្នុងបញ្ជីប្រើប្រាស់ជាបន្ទាន់ដោយអង្គការសុខភាពពិភពលោក និងជាប្រភេទវ៉ាក់សាំងដំបូងគេដែលតម្រូវឲ្យចាក់តែម្តង សម្រាប់ប្រជាជនកម្ពុជាចំនួនជាងមួយលាននាក់ ដែលនឹងទទួលបានវ៉ាក់សាំងពេញលេញដោយគ្រាន់តែចាក់តែមួយដូសគត់។
យន្តការកូវ៉ាក់ និងដៃគូ ដែលរួមមានយូនីសេហ្វ និងអង្គការសុខភាពពិភពលោក បានជួយសម្រួលដល់ការដឹកជញ្ជូនវ៉ាក់សាំងនេះមកដល់កម្ពុជាដោយសុវត្ថិភាព។ កូវ៉ាក់ (COVAX) គឺជាយន្តការសកលមិនធ្លាប់មាន ដើម្បីពន្លឿនការអភិវឌ្ឍ និងការផលិតវ៉ាក់សំាងកូវីដ-១៩ ដែលមានសុវត្ថិភាព និងធានាឲ្យមានការទទួលបានវ៉ាក់សាំងប្រកបដោយយុត្តិធម៌ និងសមធម៌ និងឆាប់រហ័សបំផុតតាមដែលអាចធ្វើទៅបាន។ យូនីសេហ្វ គឺជាទីភ្នាក់ងារដឹកនាំកិច្ចលទ្ធកម្ម និងការដឹកជញ្ជូនវ៉ាក់សំាងកូវីដ-១៩ តាមរយៈយន្តការកូវ៉ាក់ ហើយនេះគឺជាប្រតិបត្តិការទ្រង់ទ្រាយធំបំផុត និងមានភាពស្មុគស្មាញបំផុតមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្រ្តនៃយុទ្ធនាការផ្តល់ថ្នាំបង្ការ។
ចាប់តាំងពីមានការរាតត្បាតនៃជំងឺកូវីដ-១៩ សហរដ្ឋអាមេរិកបានផ្តល់ជំនួយជាង ១១ លានដុល្លារដល់ប្រទេសកម្ពុជា តាមរយៈទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីអភិវឌ្ឍន៍អន្តរជាតិ (USAID)។ លើសពីនេះ សហរដ្ឋអាមេរិកកំពុងផ្តល់ថវិកាចំនួន ៤ ពាន់លានដុល្លារដល់យន្តការកូវ៉ាក់ ដែលក្នុងនោះបានផ្តល់វ៉ាក់សាំងចំនួនជាង ៦៥៤,០០០ ដូសដល់ប្រទេសកម្ពុជារួចហើយ មុនពេលការមកដល់នៃវ៉ាក់សាំងនៅថ្ងៃនេះ។
ឯកអគ្គរដ្ឋទូតស្តីទីសហរដ្ឋអាមេរិកប្រចាំកម្ពុជា លោក Benjamin Wohlauer បានមានប្រសាសន៍ថា “យើងមានមោទកភាពជាខ្លាំងដែលបានផ្តល់វ៉ាក់សាំង “ចនសាន់ & ចនសាន់” ចំនួន ១ លានដូសដល់ប្រជាជនកម្ពុជា ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់យើងក្នុងការផ្តល់វ៉ាក់សាំងជាសកល។ លោក Benjamin បានបន្តថា “ការទទួលបានវ៉ាក់សាំងជាសកលប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាពគឺជាមធ្យោបាយចាំបាច់ រួមជាមួយការពាក់ម៉ាស់ រក្សាចម្ងាយពីគ្នា និងការលាងសម្អាតដៃ ដើម្បីឈានទៅបញ្ចប់ការរីករាលដាលនៃជំងឺកូវីដ-១៩។ យើងនឹងបន្តបរិច្ចាគវ៉ាក់សាំងជាច្រើនលានដូសបន្ថែមទៀតនៅទូទាំងពិភពលោក ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ នៅពេលដែលការផ្គត់ផ្គង់ដំណើរការ តាមរយៈកិច្ចសហការជាមួយក្រុមហ៊ុនផលិតវ៉ាក់សាំងអាមេរិក ដើម្បីបង្កើនលទ្ធភាពផ្គត់ផ្គង់វ៉ាក់សាំងសម្រាប់ពិភពលោកទាំងមូល ក៏ដូចជាបន្តសហការជាមួយដៃគូនានាដើម្បីពង្រីកសមត្ថភាពនៃផលិតកម្មវ៉ាក់សាំងជាសកលសំដៅកម្ចាត់ជំងឺរាតត្បាតនេះ។”
ខណៈប្រទេសជាច្រើនកំពុងជួបប្រទះនឹងបញ្ហាប្រឈមនៃការផ្គត់ផ្គង់វ៉ាក់សំាង យន្តការចែករំលែកវ៉ាក់សំាងរបស់កូវ៉ាក់ គឺជាវិធីសាស្ត្រដ៏ឆាប់រហ័សមួយដើម្បីភ្ជិតគម្លាតនៃការផ្គត់ផ្គង់ដែលកំពុងមានចំពោះមុខ និងធ្វើយ៉ាងណាឲ្យក្រុមងាយរងគ្រោះជាងគេដូចជា បុគ្គលិកសុខាភិបាល មនុស្សចាស់ជរា អ្នកដែលមានភាពងាយរងគ្រោះមួយចំនួន និងអ្នករស់នៅតំបន់ពិបាកទៅដល់ បានទទួលការការពារពីជំងឺកូវីដ-១៩។
លោក ចាទ្បាក់ អាប់ឌេលវ៉ាហាប់ នាយកស្តីទីយូនីសេហ្វនៅកម្ពុជា បានមានប្រសាសន៍ថា “ជំងឺកូវីដ-១៩ នៅតែបន្តគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់ប្រទេសកម្ពុជា និងប្រទេសនានានៅក្នុងតំបន់ ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជា និងដៃគូរួមទាំងយូនីសេហ្វបាន និងកំពុងធ្វើការយ៉ាងសកម្មដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺនេះ ដោយក្នុងនោះ វ៉ាក់សាំងគឺជាឧបករណ៍ដ៏មានឥទ្ធិពលបំផុតមួយក្នុងចំណោមវិធីសាស្រ្តដទៃទៀតក្នុងដំណើរការនេះ។ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចនូវវឌ្ឍនភាពដ៏អស្ចារ្យក្នុងការចាក់វ៉ាក់សាំងដល់ពលរដ្ឋរបស់ខ្លួន ធ្វើឲ្យប្រទេសកម្ពុជាឈរនៅលំដាប់ក្នុងចំណោមប្រទេសក្នុងតំបន់ដែលបានចាក់វ៉ាកសាំងជូនពលរដ្ឋខ្លួនបានច្រើនជាងគេ ហើយនេះគឺជាសមិទ្ធផលមួយគួរឲ្យកត់សម្គាល់។” លោកចាទ្បាក់ បានបន្តថា “យើងសូមវាយតម្លៃខ្ពស់ដល់ការដឹកនំារបស់រាជរដ្ឋាភិបាលកម្ពុជា និងទឹកចិត្តសប្បុរសធម៌របស់រដ្ឋាភិបាលសហរដ្ឋអាមេរិកចំពោះជំនួយវ៉ាក់សាំងទាំងនេះ ធ្វើឲ្យយើងឈានមួយជំហានទៀតទៅរកជ័យជំនះលើជំងឺរាតត្បាតកូវីដ-១៩។”
ទន្ទឹមគ្នានឹងការគំាទ្រដល់ការអនុវត្តយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ យូនីសេហ្វក៏បន្តគំាទ្រដល់កម្មវិធីផ្តល់ថ្នាំបង្ការរបស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ តាមរយៈការធ្វើផែនការ ការគ្រប់គ្រងបរិក្ខារត្រជាក់ និងវ៉ាក់សាំង ការជំរុញតម្រូវការវ៉ាក់សាំង ការកសាងសមត្ថភាព និងយុទ្ធនាការអប់រំផ្សព្វផ្សាយដោយផ្តោតលើស្រ្តី និងកុមារងាយរងគ្រោះបំផុត។ ផ្អែកតាមបទពិសោធជាង ៧០ឆ្នាំ នៅក្នុងប្រទេសកម្ពុជា យូនីសេហ្វកំពុងបំពេញការងារជាមួយដៃគូនានា ដើម្បីទប់ស្កាត់ការផ្សព្វផ្សាយព័ត៌មានមិនពិត និងធានាថាសហគមន៍បានចូលរួមទាំងស្រុងក្នុងដំណើរការវ៉ាក់សាំង។
យន្តការកូវ៉ាក់ គឺជាភាពជាដៃគូរវាងអង្គការសុខភាពពិភពលោក (WHO) សម្ព័ន្ធសកលសម្រាប់វ៉ាក់សាំង និងថ្នាំបង្ការ (GAVI) និងសម្ព័ន្ធនវានុវត្តន៍ដើម្បីត្រៀមទប់ទល់នឹងជំងឺរាតត្បាត (CEPI) និងយូនីសេហ្វ។
ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ
About UNICEF
UNICEF promotes the rights and wellbeing of every child, in everything we do. Together with our partners, we work in 190 countries and territories to translate that commitment into practical action, focusing special effort on reaching the most vulnerable and excluded children, to the benefit of all children, everywhere.
For more information about UNICEF and its work for children, visit www.unicef.org.