វ៉ាក់សាំងបង្ការជំងឺមហារីកមាត់ស្បូនដែលជាថ្នាំសង្គ្រោះជីវិតត្រូវបានដាក់ឱ្យប្រើប្រាស់ទូទាំងប្រទេស ដោយបញ្ចូលទៅក្នុងកាលវិភាគផ្តល់ថ្នាំបង្ការជាប្រចំា ដើម្បីបង្ការជំងឺមហារីកមាត់ស្បូននៅកម្ពុជា

05 តុលា 2023
Launching ceremony for the introduction of HPV Vaccine to 9-year-old girls in Cambodia.
UNICEF Cambodia/2023/Bunsak But

រាជធានីភ្នំពេញ ថ្ងៃទី ៥ ខែតុលា ឆ្នាំ ២០២៣ ថ្ងៃនេះ ក្រសួងសុខាភិបាលបានប្រកាសដាក់បញ្ចូលវ៉ាក់សាំងបង្ការជំងឺមហារីកមាត់ស្បូន (HPV) ដែលត្រូវចាក់តែមួយដូស ដល់កុមារីអាយុ ៩ ឆ្នាំ ទៅក្នុងកាលវិភាគផ្តល់ថ្នាំបង្ការជាតិ ដើម្បីគាំទ្រដល់ការបង្ការជំងឺមហារីកមាត់ស្បូននៅកម្ពុជា។

ចាប់ពីថ្ងៃទី ៥ ខែតុលា ឆ្នំា ២០២៣ នេះតទៅ ក្រសួងសុខាភិបាល ដោយសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា និងរដ្ឋបាល​មូលដ្ឋាន និងដោយមានការគាំទ្ររបស់សម្ព័ន្ធសកលសម្រាប់វ៉ាក់សាំងនិងការផ្តល់ថ្នាំបង្ការ (Gavi) អង្គការសុខភាពពិភពលោក (WHO) យូនីសេហ្វ និងអង្គការ Clinton Health Access Initiative (CHAI) នឹងផ្តល់ថ្នាំបង្ការជំងឺមហារីកមាត់ស្បូនដោយមិនគិតថ្លៃដល់កុមារីអាយុ ៩ ឆ្នំា នៅទូទាំងប្រទេស តាមរយៈការចុះផ្តល់សេវា ជាទៀងទាត់នៅតាមសាលារៀននិងសហគមន៍ និងការផ្តល់សេវាជាប្រចាំនៅ មណ្ឌលសុខភាព ។

ដោយជារឿយៗត្រូវបានគេដាក់ឈ្មោះឱ្យថាជា ‘ឃាតករលាក់មុខ’ និងជាជំងឺដែលគេអាចការពារបានមុនស្ទើរតែទាំងស្រុង ជំងឺមហារីកមាត់ស្បូន គឺជាជំងឺមហារីកដែលកើតឡើងញឹកញាប់ជាងគេលំដាប់ទី ៤ និងជាមូលហេតុនៃការបាត់បង់ជីវិតរបស់ស្ត្រី បណ្តាលមកពីជំងឺមហារីកនៅទូទាំងសកលលោក ដែលករណីភាគច្រើនកើតមាននៅតាមប្រទេសដែលមានចំណូលទាប និងចំណូលមធ្យម។ នៅកម្ពុជា ជំងឺមហារីកមាត់ស្បូនជាជំងឺមហារីកដែលកើតមានញឹកញាប់ជាងគេលំដាប់ទីពីរ និងជាមូលហេតុចម្បងទីបីនៃមរណភាពដែលបណ្តាលមកពីជំងឺមហារីក ក្នុងចំណោមស្ត្រីគ្រប់វ័យ ដោយមានការប៉ាន់ប្រមាណថា មានករណីថ្មីៗប្រមាណ ១.១៣៥ ករណី និងស្លាប់ ៦៤៣ ករណីជារៀងរាល់ឆ្នាំ។[1] វ៉ាក់សាំងបង្ការជំងឺមហារីកមាត់ស្បូន ការពារស្ត្រីពីជំងឺមហារីកមាត់ស្បូន តាមរយៈការបង្ការការបង្ករោគដោយពពួកវីរុសប៉ាពីឡូម៉ា (papillomavirus) របស់មនុស្ស។ ភស្តុតាងថ្មីៗពីអង្គការសុខភាពពិភពលោកបង្ហាញថា ការចាក់វ៉ាក់សាំងបង្ការជំងឺមហារីកមាត់ស្បូនមួយដូស មានប្រសិទ្ធភាពកាត់បន្ថយការបង្ករោគដោយ HPV និងបង្ការ ជំងឺមហារីកមាត់ស្បូនពី ៨០ ទៅ ៩០ ភាគរយ។

ពីឆ្នាំ ២០១៧ ដល់ឆ្នំា ២០១៨ ក្រសួងសុខាភិបាលបានអនុវត្តគម្រោងសាកល្បងផ្តល់ថ្នាំបង្ការជំងឺមហារីកមាត់ស្បូន ដល់កុមារី អាយុ ៩ ឆ្នាំ ក្នុងស្រុកចំនួន ១០ នៃខេត្តចំនួន ២ គឺខេត្តសៀមរាប និងស្វាយរៀង ប្រកបដោយជោគជ័យ។ គម្រោងនេះសម្រេចបានការគ្របដណ្តប់ ៩៦ ភាគរយ ដែលនេះបង្ហាញថាការទទួលយកវ៉ាក់សំាងរបស់សហគមន៍ មានកម្រិត ខ្ពស់ និងបង្ហាញ ពីសមត្ថភាព និងការត្រៀមខ្លួនរួចជាស្រេចរបស់កម្ពុជា ក្នុងការផ្តល់ថ្នាំបង្ការនេះ នៅទូទាំងប្រទេស។ បច្ចុប្បន្ន កម្ពុជាចូលរួមជាមួយប្រទេសចំនួន ១៣៦ នៅទូទាំងពិភពលោក ក្នុងការបញ្ចូលវ៉ាក់សាំងបង្ការជំងឺមហារីកមាត់ស្បូនទៅក្នុងកម្មវិធីជាតិផ្តល់ថ្នាំបង្ការ។

នៅក្នុងពិធីប្រកាសដាក់បញ្ចូល​ថ្នាំបង្ការជំងឺមហារីកមាត់ស្បូន ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានលើកទឹកចិត្តដល់មន្ត្រីសុខាភិបាលនិងដៃគូទំាងអស់ឱ្យធ្វើការរួមគ្នា ដើម្បីការពារកុមារីគ្រប់រូប នៅកម្ពុជា។ ឯកឧត្តមមានប្រសាសន៍ថា “ជំងឺមហារីកមាត់ស្បូន គឺជាអាទិភាពផ្នែកសុខភាពសាធារណៈរបស់កម្ពុជា​។ យើងកំពុងពន្លឿនកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់យើង ដើម្បីលុបបំបាត់ជំងឺដ៏សាហាវដែលអាចផ្តាច់ ជីវិតនេះ តាមរយៈការបញ្ចូលវ៉ាក់សំាងបង្ការជំងឺមហារីកមាត់ស្បូនទៅក្នុងកម្មវិធីជាតិផ្តល់ថ្នាំបង្ការ។ យើងនឹងធានាថាកុមារីអាយុ ៩ ឆ្នាំគ្រប់រូប អាចទទួលបានវ៉ាក់សាំងបង្ការជំងឺមហារីកមាត់ស្បូនចំនួន ១ ដូស ដោយមិនគិតថ្លៃចាប់ពីថ្ងៃនេះតទៅ ព្រមទាំងគ្រោងនឹងផ្តល់វ៉ាក់សំាងបង្ការជំងឺមហារីកមាត់ស្បូននេះដល់កុមារីអាយុលើសពី ៩ ឆ្នាំ តាមរយៈយុទ្ធនាការមួយដែលនឹងត្រូវ​រៀបចំឡើងក្នុងឆ្នាំ ២០២៥ ខាងមុខនេះ។”

បណ្ឌិត Will Parks តំណាងយូនីសេហ្វប្រចាំនៅកម្ពុជា បានសង្កត់ធ្ងន់ពីសារៈសំខាន់នៃ សមធម៌ក្នុងការដាក់បញ្ចូលវ៉ាក់សាំងបង្ការជំងឺមហារីកមាត់ស្បូននៅកម្ពុជា និងសារៈសំខាន់នៃការផ្តល់សេវាសុខភាពផ្លូវភេទនិងសុខភាពបន្តពូជប្រកបដោយគុណភាពដល់កុមារី ជាផ្នែកមួយនៃការថែទាំសុខភាពបឋម។ លោកមានប្រសាសន៍ថា “យើងត្រូវធានាយ៉ាងណាឱ្យកុមារីដែលបានបំពេញតាមគ្រប់លក្ខខណ្ឌទាំងអស់ ជាពិសេសកុមារីរស់នៅតាមសហគមន៍ដែលមានហានិភ័យខ្ពស់ សហគមន៍ក្រីក្រនៃតំបន់ប្រជុំជន សហគមន៍ជនបទដាច់ស្រយាល ក៏ដូចជាជនជាតិ ភាគតិច និងអ្នកចំណាកស្រុក បានទទួលវ៉ាក់សាំងបង្ការជំងឺមហារីកមាត់ស្បូន ព្រមទំាងសេវាចាំបាច់សំខាន់ៗ ទៀត សម្រាប់សុខភាពផ្លូវភេទនិងសុខភាពបន្តពូជរបស់ពួកគេ មានសារៈសំខាន់សម្រាប់ការពារសុខមាលភាពរបស់កុមារីគ្រប់រូបនៅកម្ពុជា។ យូនីសេហ្វប្តេជ្ញាផ្តល់ការគំាទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការលុបបំបាត់ជំងឺមហារីកមាត់ស្បូន និងលើកកម្ពស់សុខភាពរបស់ប្រជាជនគ្រប់រូប។”

បណ្ឌិត Pascal Ringwald តំណាងស្តីទីរបស់អង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជាមានប្រសាសន៍ថា “យើងសូមអបអរសាទរដល់ក្រសួងសុខាភិបាលចំពោះការសម្រេចចិត្តជាប្រវត្តិសាស្ត្រនេះ។ វ៉ាក់សាំងបង្ការជំងឺមហារីកមាត់ស្បូន គឺជាយុទ្ធសាស្ត្របង្ការបឋមមួយរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីឈានឆ្ពោះទៅលុបបំបាត់ជំងឺមហារីកមាត់ស្បូន។ វ៉ាក់សាំងនេះមានសុវត្ថិភាព និងជាវិធានការដែលមានប្រសិទ្ធភាពខ្ពស់បំផុតសម្រាប់​បង្ការជំងឺមហារីកមាត់ស្បូន។ ការសម្រេចបាននូវការគ្របដណ្តប់ជាង ៨០% នៃការចាក់ថ្នាំបង្ការជំងឺមហារីកមាត់ស្បូន ១ ដូស នឹងផ្តល់ប្រយោជន៍ដល់ប្រជាជន គ្រួសារ និងសហគមន៍កាន់តែច្រើននៅក្នុងបណ្តាទសវត្សរ៍ខាងមុខនេះ។”

លោកស្រី Soleine Scotney នាយកប្រចាំប្រទេសរបស់អង្គការ CHAI កម្ពុជា បានសំដែងនូវការកោតសរសើរចំពោះការប្តេជ្ញាចិត្តរបស់ ក្រសួងសុខាភិបាលក្នុងការធ្វើឱ្យប្រសើរឡើងអនាគតកុមារីកម្ពុជា។ លោកស្រីមានប្រសាសន៍ថា “ការបន្តផ្តល់អាទិភាពដល់ថ្នាំបង្ការថ្មីៗដែលមានប្រសិទ្ធភាព ដូចជាថ្នាំបង្ការជំងឺមហារីកមាត់ស្បូននេះជាដើម គឺជាសក្ខីភាពដែលបង្ហាញពីការប្តេជ្ញាចិត្តរបស់ក្រសួងសុខាភិបាលក្នុងការការពារសុខភាពរបស់ប្រជាជនកម្ពុជា។ ដោយរៀនសូត្រពីបទពិសោធន៍ក្នុងកិច្ចខិតខំប្រឹងប្រែងពង្រីកការចាក់ថ្នាំបង្ការជំងឺកូវីដ ១៩ ការគាំទ្ររបស់សហគមន៍និងអាជ្ញាធរមូលដ្ឋានមានសារៈសំខាន់ណាស់ ក្នុងការធានាថា កុមារីគ្រប់រូបបានទទួលវ៉ាក់សាំង និង ទទួលបានអត្ថប្រយោជន៍អំពីវិធានការបង្ការជំងឺមហារីកមាត់ស្បូនដ៏សំខាន់នេះ។”

លោក Thabani Maphosa នាយកគ្រប់គ្រងកម្មវិធីប្រចាំប្រទេសរបស់ Gavi មានប្រសាសន៍ថា “ថ្ងៃនេះបានកំណត់នូវជំហានមួយដ៏សំខាន់មួយនៅក្នុងសមរភូមិប្រយុទ្ធនឹងជំងឺមហារីកមាត់ស្បូន ព្រមទាំងផលប៉ះពាល់ដ៏បំផ្លិចបំផ្លាយរបស់ជំងឺនេះនៅកម្ពុជា។ ការរង់ចាំការមកដល់នៃវ៉ាក់សាំងបង្ការជំងឺមហារីកមាត់ស្បូនបានកន្លងផុតទៅហើយ ដែលនេះបានផ្តល់ឱ្យកុមារីជំទង់រាប់ជំនាន់នៅទូទាំងប្រទេសនូវកាលានុវត្តភាពក្នុងការទទួលការគាំពារទល់នឹងជំងឺដ៏សាហាវដែលអាចផ្តាច់អាយុជីវិត តែដែលអាចបង្ការបាននេះ។ ការធ្វើសកម្មភាពរួមគ្នាជាបន្ទាន់ ឆ្ពោះទៅពង្រីកការផ្តល់វ៉ាក់សាំងនេះទៅគ្រប់សហគមន៍ទំាងអស់ មានសារៈសំខាន់ជាសារវ័ន្ត ដើម្បីធានាថាពុំមានកុមារីណាម្នាក់ត្រូវបានទុកចោលនោះឡើយ។”

យោងតាមគំរូដើម្បីធានាចីរភាពនៃកម្មវិធីផ្តល់ថ្នាំបង្ការ Gavi កំពុងគាំទ្រដល់ការចាក់វ៉ាក់សាំងការពារជំងឺមហារីកមាត់ស្បូននេះ ដោយបដិភាគហិរញ្ញប្បទានជាមួយរដ្ឋាភិបាលលើការចំណាយវ៉ាក់សាំង​ ការផ្គត់ផ្គង់បរិក្ខារសម្រាប់ចាក់វ៉ាក់សំាង និងភស្តុភារសម្រាប់ប្រតិបត្តិការណ៍ ។ វ៉ាក់សាំងនិងបរិក្ខារសម្រាប់ចាក់វ៉ាក់សាំងនេះសុទ្ធតែបានទទួលការបញ្ជាក់ពីគុណភាពដោយអង្គការសុខភាពពិភពលោក និងត្រូវបានធ្វើលទ្ធកម្មតាមរយៈយូនីសេហ្វ។ អង្គការសុខភាពពិភពលោក យូនីសេហ្វ CHAI និង Gavi ប្តេជ្ញាបន្តគំាទ្រដល់ការអនុវត្តការចាក់វ៉ាក់សាំងបង្ការជំងឺមហារីកមាត់ស្បូន ដែលជាផ្នែកមួយនៃកម្មវិធីជាតិផ្តល់ថ្នាំបង្ការ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ដើម្បីឈានឆ្ពោះទៅលុបបំបាត់ជំងឺមហារីកមាត់ស្បូននៅកម្ពុជា។

Launching ceremony for the introduction of HPV Vaccine to 9-year-old girls in Cambodia.
UNICEF Cambodia/2023/Bunsak But

###

សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទង៖

លោក ឱក វិជិត
កម្មវិធីជាតិផ្តល់ថ្នាំបង្ការ ក្រសួងសុខាភិបាល
ទូរស័ព្ទ៖ + ៨៥៥ ១២ ៨៣០ ៥៤៨
អ៊ីមែល៖ orkvichit@yahoo.com

លោក អាឌ្រាន បូណូ
ប្រធានផ្នែកទំនាក់ទំនង យូនីសេហ្វកម្ពុជា
ទូរស័ព្ទ៖ +៨៥៥២៣២៦០២០៤
អ៊ីមែល៖ hbonnaud@unicef.org   

ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ

អាឌ្រាន បូណូ
ប្រធានផ្នែកទំនាក់ទំនង
យូនីសេហ្វកម្ពុជា
ទូរស័ព្ទ: +85592555294
អ៊ីម៉ែល: hbonnaud@unicef.org
ចាន់ ទី
មន្ត្រីទំនាក់ទំនង
យូនីសេហ្វកម្ពុជា
ទូរស័ព្ទ: +855 92 284 262
អ៊ីម៉ែល: tchan@unicef.org

Additional resources

About UNICEF

UNICEF promotes the rights and wellbeing of every child, in everything we do. Together with our partners, we work in 190 countries and territories to translate that commitment into practical action, focusing special effort on reaching the most vulnerable and excluded children, to the benefit of all children, everywhere.

For more information about UNICEF and its work for children, visit www.unicef.org.

Follow UNICEF on Twitter and Facebook