ការធានាថា ជនមានពិការភាពទទួលបានកិច្ចការពារពីជំងឺកូវីដ១៩
កម្មវិធីបណ្ដុះបណ្ដាលថ្មីមួយកំពុងកៀរគរអាជ្ញាធរមូលដ្ឋាន ដើម្បីធានាថាជនមានពិការភាពគ្រប់គ្នាទទួលបានថ្នាំបង្ការពេញលេញប្រឆាំងនឹងជំងឺកូវីដ១៩
- English
- Khmer
ខែមីនា ខេត្តកណ្ដាល នៅថ្ងៃទី១១ ខែមីនា បណ្ដាមេឃុំនៅស្រុកមុខកំពូលក្នុងខេត្តកណ្ដាលបានមកជួបជុំគ្នានៅសាលាខេត្តដើម្បីសម្រេចបេសកកម្មមួយ គឺការធ្វើឱ្យប្រាកដថា ជនមានពិការភាពទាំងអស់នៅក្រោមដែនសមត្ថកិច្ចរបស់ពួកគេនឹងមានឱកាសស្មើៗគ្នាក្នុងការទទួលបានថ្នាំបង្ការពេញលេញប្រឆាំងនឹងជំងឺកូវីដ១៩។ មេឃុំមកចូលរួមនៅទៅនេះដើម្បីទទួលបានបញ្ជីថ្មីដែលបានចុះឈ្មោះជនមានពិការភាពនៅក្នុងសាមីឃុំរៀងៗខ្លួន ព្រមទាំងទទួលការបណ្ដុះបណ្ដាលអំពីរបៀបទៅជួបជជែក និងសួរសុខទុក្ខជនមានពិការភាព។ មិនតែប៉ុណ្ណោះមេភូមិក៏បានទទួលការបណ្តុះបណ្តាលអំពីរបៀបប្រមូលទិន្នន័យស្ដីពីកត្តានានាដែលរារាំងជនមានពិការភាពពីការទទួលបានថ្នាំបង្ការ និងវិធីលើកទឹកចិត្តពួកគេឱ្យទទួលថ្នាំបង្ការពេញលេញផងដែរ។
លោក ម៉ែន ស៊ុម ជាមេឃុំរការកោង គាត់មានអារម្មណ៍ថាការបណ្ដុះបណ្ដាលនេះមានតម្លៃណាស់។ បុរសដែលមានទឹកចិត្តរីករាយ និងតែងតែញញឹមជានិច្ចរូបនេះបាននិយាយថា គាត់នឹងផ្ទេរចំណេះដឹង និងបច្ចេកទេសដែលទទួលបានពីការបណ្ដុះបណ្ដាលនេះដោយផ្ទាល់ទៅដល់ប្រធានភូមិទាំងអស់នៅឃុំរបស់គាត់។ លោក ស៊ុមបានពោលថា “យើងពិតជាត្រូវការយល់អំពីមូលហេតុដែលជនមានពិការភាពអាចមិនទទួលបានថ្នាំបង្ការនេះ”។ “រឿងរ៉ាវមួយក្នុងចំណោមរឿងរ៉ាវនានាដែលយើងបានរៀនសូត្រនៅក្នុងការបណ្ដុះបណ្ដាលថ្ងៃនេះ គឺត្រូវស្វែងយល់អំពីមូលហេតុអ្វីខ្លះដែលរារាំងជនមានពិការភាពមិនឲ្យទទួលវ៉ាក់សាំងកូវីដ ដូចជាអ្នកខ្លះអាចកំពុងមានការលំបាកផ្លូវចិត្ត ឬអ្នកខ្លះមិនអាចធ្វើដំណើរទៅកាន់ទីតាំងផ្ដល់វ៉ាក់សាំងបានដោយសារបញ្ហាលំបាកបំលាស់ទីជាដើម។ នៅពេលយើងដែលដឹងអំពីមូលហេតុទាំងនោះច្បាស់លាស់ហើយ យើងអាចរិះរកមធ្យោបាយគាំទ្រ និងលើកទឹកចិត្តពួកគាត់ឱ្យទៅទទួលបានវ៉ាក់សាំងពេញលេញ។” លោកស៊ុមបន្ថែម។
លោក វីន សារឿន ធ្វើការងារនៅមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត ហើយគាត់ជាអនុប្រធានការិយាល័យសុខុមាលភាពសង្គម និងប្រឆាំងការជួញដូរមនុស្សនៅទីនោះ។ គាត់បានផ្ដល់ការបណ្ដុះបណ្ដាលដល់បណ្តាមេឃុំនៅថ្ងៃនោះ ហើយគាត់រីករាយដោយបានឃើញការប្តេជ្ញាចិត្តរបស់មេឃុំទាំងអស់ក្នុងការចាត់វិធានការជាបន្ទាន់។ គាត់ពន្យល់ថា “វាគឺជាវគ្គបណ្ដុះបណ្ដាលដ៏ល្អមួយ។ គោលដៅចម្បងរបស់យើងគឺធានាថា ជនមានពិការភាពទាំងអស់អាចទទួលបានថ្នាំបង្ការពេញលេញ និងទទួលបានដូសជំរុញគ្រប់គ្នា។ គោលដៅទីពីរ គឺការទទួលបានទិន្នន័យកាន់តែច្រើនអំពីស្ថានភាពនៃការផ្ដល់ថ្នាំបង្ការសម្រាប់ជនមានពិការភាព និងសមាជិកសហគមន៍ងាយរងគ្រោះដទៃទៀត ដែលនឹងជួយយើងឱ្យសម្រេចបានប្រសិទ្ធភាពខ្ពស់នៅក្នុងកិច្ចខិតខំប្រឹងប្រែងនាពេលអនាគត។ បច្ចុប្បន្នយើងមានទិន្នន័យមួយចំនួន ប៉ុន្តែនៅជាទិន្នន័យបឋមនៅឡើយ។ ការបណ្ដុះបណ្ដាលនៅថ្ងៃនេះនឹងជួយយើងកំណត់ទិន្នន័យទាំងនេះជាទិន្នន័យចុងក្រោយ និងផ្លូវការ។”
ការបណ្ដុះបណ្ដាលនេះជាចំណែកមួយនៃកិច្ចខំប្រឹងប្រែងថ្នាក់ជាតិរបស់ក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា (ក្រសួង ស.អ.យ) ក្នុងការលើកកម្ពស់ការផ្តល់ថ្នាំបង្ការដល់ប្រជាពលរដ្ឋ ដែលគ្មានទិន្នន័យសម្គាល់ក្នុងប្រព័ន្ធនៅកម្ពុជាជាពិសេសប្រជាជនមានពិការភាព និងប្រជាជនដែលមាន ប័ណ្ណសមធម៌។ កិច្ចការនេះទទួលបានកិច្ចគាំទ្រពីក្រសួងការបរទេស និងពាណិជ្ជកម្មអូស្រ្តាលី (DFAT) និងទីភ្នាក់ងារជំនួយអាមេរិក (USAID) ក្នុងភាពជាដៃគូជាមួយយូនីសេហ្វ (UNICEF)។
ផ្នែកសំខាន់មួយនៃកិច្ចសហការនេះ ការផ្តល់នូវព័ត៌មាន និងការគាំពារដល់ប្រជាជនមានពិការភាពនៅកម្ពុជាចាប់ផ្តើមពីពាក់កណ្តាលឆ្នាំ២០២១ តទៅ ដែលអនុវត្តដោយក្រុមការងារដែលទទួលបានការបណ្តុះបណ្តាលពីយូនីសេហ្វ និងក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា។ កិច្ចការនេះត្រូវបានផ្គូផ្គងទៅនឹងកម្មវិធីបណ្តុះបណ្តាលមួយទៀតដែលបាននិងកំពុងកសាង សមត្ថភាពបុគ្គលិកឃុំនៃក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាសំដៅសម្រេចការផ្តល់ថ្នាំបង្ការជូនដល់ ៧សែនគ្រួសារ ដែលមានប័ណ្ណសមធម៌។
ឯ.ឧ សុបញ្ញា ប្រធាននាយកដ្ឋានសុខុមាលភាពសង្គមនៅក្រសួង ស.អ.យ បានពន្យល់ថាការបណ្ដុះបណ្ដាលនេះមានសារសំខាន់ខ្លាំងណាស់សម្រាប់ផែនការរបស់រាជរដ្ឋាភិបាលកម្ពុជា។ “យើងពិតជាមានមោទនភាពខ្លាំងណាស់ចំពោះជោគជ័យរបស់យើងកន្លងមកនេះ ក្នុងការផ្ដល់ថ្នាំបង្ការដល់ប្រជាពលរដ្ឋ។ កម្ពុជាជាប្រទេសឈរលេខរៀងទីពីរនៅអាស៊ី ដែលបានទទួលជោគជ័យក្នុងការផ្ដល់ថ្នាំបង្ការដល់ប្រជាពលរដ្ឋគ្រប់រូបដោយមិនយកថ្លៃសេវា។ នេះគឺជាវិធីដ៏មានប្រសិទ្ធភាពក្នុងកិច្ចការពារជីវិតរបស់ប្រជាពលរដ្ឋរបស់យើង ព្រោះពួកគេ ជាធនធានដ៏សំខាន់សម្រាប់អនាគតរបស់ប្រទេសយើង។ ការបណ្ដុះបណ្ដាលនេះនឹងគាំទ្រយើងឱ្យបន្តជោគជ័យនេះយូរអង្វែងទៅទៀត។ យើងកំពុងខិតខំផ្ដល់ភាពអង់អាចដល់មន្រ្តីនៅថ្នាក់ឃុំសង្កាត់ដើម្បីរួមចំណែកសម្រេចគោលដៅនេះដោយមិនបន្ថែមបន្ទុកការងារច្រើនពេកដល់ពួកគាត់នោះឡើយ។”
ឯ.ឧ សុបញ្ញា បានបន្តពន្យល់ថា ការសម្រេចបាននូវសមភាពថ្នាំបង្ការដ៏ពិតប្រាកដ គឺជាកិច្ចប្រឹងប្រែងដែលទាមទារឱ្យគ្រប់គ្នាសហការតាំងពីថ្នាក់ជាតិរហូតដល់ថ្នាក់ភូមិ ដោយរួមបញ្ចូលដៃគូនានាដូចជាទីភ្នាក់ងារអភិវឌ្ឍន៍នានា។ “យូនីសេហ្វបានផ្ដល់ការគាំទ្រជាច្រើនលើបញ្ហាបច្ចេកទេស ដូចជាការរចនាប្រព័ន្ធចុះបញ្ជី និងប្រព័ន្ធពិនិត្យតាមដាន និងវាយតម្លៃ។ ពួកគេក៏បានគាំទ្រការបណ្ដុះបណ្ដាលថ្នាក់មូលដ្ឋានផងដែរ ដើម្បីគ្របដណ្ដប់ទៅដល់មន្រ្តីសំខាន់ៗនៅថ្នាក់ឃុំសង្កាត់ និងភូមិ។”
លោក ជុំ ស្រៀង គឺជាមេឃុំឫស្សីជ្រោយនៅស្រុកមុខកំពូល។ គាត់បានពន្យល់ថា ការផ្ដល់ថ្នាំបង្ការពេញលេញដល់ជនមានពិការភាព “គឺជាគោលដៅរបស់រដ្ឋាភិបាល ជាតួនាទីរបស់យើងនៅទីនេះ នៅថ្ងៃនេះដើម្បីធានាថាយើងយល់អំពីរបៀបដែលធ្វើឱ្យកិច្ចការនេះសម្រេចបាន បន្ទាប់មកធ្វើយ៉ាងណាឲ្យប្រធានភូមិទាំងអស់នៅក្នុងឃុំរបស់យើងយល់។” គាត់និយាយថារឿងសំខាន់បំផុតមួយដែលយើងបានរៀននៅក្នុងវគ្គបណ្ដុះបណ្ដាលនេះ គឺថា ជនមានពិការភាព “រមែងតែងមិនមានលទ្ធភាពងាយស្រួលក្នុងការទទួលបានព័ត៌មានច្រើនអំពីការថែទាំសុខភាពរបស់ពួកគេដូចអ្នកដទៃទៀតឡើយហើយពួកគេអាចត្រូវការការគាំទ្របន្ថែមទៀត។ ការបណ្ដុះបណ្ដាលនេះនឹងជួយយើងក្នុងការផ្ដល់ការគាំទ្របន្ថែមជូនពួកគាត់។”
អ្នកស្រី ឌិប អេង គឺជាអភិបាលរងស្រុកមុខកំពូល និងបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីធ្វើឲ្យការជួបជុំ នេះកើតឡើង។ គាត់និយាយថាការបណ្ដុះបណ្ដាលនេះមានសារសំខាន់ណាស់ ព្រោះថា “យើងត្រូវនាំយកថ្នាំបង្ការនេះទៅផ្ដល់ជូនជនងាយរងគ្រោះ និងជនមានពិការភាព។ វាចាំបាច់ក្នុងការការពារសុខភាពរបស់ពួកគេ ដោយសារពួកគេអាចងាយរងគ្រោះ និងងាយឆ្លងជំងឺ។”
អ្នកស្រីអេងបន្ថែមថាគន្លឹះនៃភាពជោគជ័យ គឺការរៀនសូត្របន្ថែមទៀតអំពីឧបសគ្គរារាំងដល់ការផ្ដល់ថ្នាំបង្ការ បន្ទាប់មកគឺការខិតខំប្រឹងប្រែងធ្វើការងារដើម្បីជម្នះឧបសគ្គទាំងនោះឲ្យបាន។ “កិច្ចការសំខាន់បំផុតដែលត្រូវធ្វើគឺត្រូវលើកទឹកចិត្តអាជ្ញាធរមូលដ្ឋានឲ្យបន្តលើកកម្ពស់ការផ្ដល់ថ្នាំបង្ការសម្រាប់ជនមានពិការភាព និងជនងាយរងគ្រោះ ប៉ុន្តែក៏សម្រាប់ប្រជាពលរដ្ឋគ្រប់រូបផងដែរ។ យើងត្រូវជំរុញរហូតដល់ទីបញ្ចប់ ដោយសារការធ្វើបែបនេះមានន័យថាយើងនឹងជម្នះជំងឺដ៏កាចសាហាវនេះហើយយើងអាចចាប់ផ្ដើមអភិវឌ្ឍពេញលេញក្នុងនាមជាប្រទេសមួយឡើងវិញ។”