សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)បន្ថែមស្តុកជាថ្មីនូវវ៉ាក់សាំងប្រភេទ Pfizer ដើម្បីការពារប្រជាជនកម្ពុជាពីកូវីដ-១៩

- Available in:
- English
- Khmer
រាជធានីភ្នំពេញ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២៖ ជំងឺរាតត្បាតកូវីដ-១៩ កំពុងបន្តរំខានដល់អាយុជីវិតមនុស្ស ហើយការប្រយុទ្ធប្រឆាំងនឹងវា ត្រូវតែបន្តជានិច្ច។ នៅថ្ងៃនេះ វ៉ាក់សាំងកូវីដ-១៩ ប្រភេទ Pfizer-BioNTech ចំនួន ១៣៩.២៣០ ដូសបានមកដល់ព្រះរាជាណាចក្រកម្ពុជា ដែលជាជំនួយបរិច្ចាគតាមរយៈមូលនិធិឆ្លើយតបនឹងកូវីដ-១៩ របស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងដឹកជញ្ជូនដោយយូនីសេហ្វ ដែលជាភ្នាក់ងារបញ្ជាទិញវ៉ាក់សាំងធំជាងគេរបស់ពិភពលោក។ ការមកដល់នៃវ៉ាក់សាំងទាំងនេះ ត្រូវបានទទួលស្វាគមន៍ដោយលោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងលោកស្រី ហ្វ័រូហ្គ ហ្វយូហ្សិថ នាយិកាយូនីសេហ្វប្រចាំកម្ពុជា។
វ៉ាក់សាំងទាំងនេះ នឹងត្រូវយកទៅបែងចែកដើម្បីបង្កើនការការពារប្រជាពលរដ្ឋកម្ពុជាពីកូវីដ-១៩ ដូចជាចាក់ជូនដល់ជនងាយរងគ្រោះបំផុតរួមមាន ពលករចំណាកស្រុក ជនពិការ ជនជាតិដើមភាគតិច និងស្ត្រីមានផ្ទៃពោះ។
ការបរិច្ចាគវ៉ាក់សាំងរបស់សមាគមអាស៊ាននាថ្ងៃនេះ គឺបានធ្វើឲ្យចំនួនវ៉ាក់សាំងសរុបដែលកម្ពុជាមាន បានកើនរហូតដល់ជិត ៤៤ លានដូស។
វ៉ាក់សាំងទាំងនេះ គឺជាការដឹកជញ្ជូនលើកទីបីនៃវ៉ាក់សាំងប្រភេទ mRNA ដោយយូនីសេហ្វ មកកាន់ប្រទេសកម្ពុជា។ ក្នុងរយៈពេលជាងមួយឆ្នាំចុងក្រោយនេះ ការពង្រីកសមត្ថភាព បរិក្ខារប្រព័ន្ធត្រជាក់របស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសទូបង្កកត្រជាក់ខ្លាំង បានបង្កលទ្ធភាពឲ្យមានការកើនទ្បើងនៃការប្រើប្រាស់វ៉ាក់សាំងប្រភេទ mRNA។ យូនីសេហ្វ ជាមួយការគាំទ្រថវិកាពីប្រទេសអូស្រ្តាលី បានផ្តល់ទូបង្កកត្រជាក់ខ្លាំង ចំនួន ៣៣ គ្រឿងកាលពីខែមុន ដែលនាពេលថ្មីៗនេះត្រូវបានដំឡើងនៅគ្រប់ខេត្ត-ក្រុងទាំងអស់ រាប់ទាំងនៅខេត្តដាច់ស្រយាលបំផុតផងដែរ ដើម្បីអាចរក្សាទុកវ៉ាក់សាំងប្រភេទ Pfizer-BioNTech ក្នុងរយៈពេលវែងនៅទូទាំងប្រទេស។ លើសពីការបន្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ទូបង្កកត្រជាក់ខ្លាំង ក៏អាចប្រើប្រាស់នាពេលអនាគតសម្រាប់ការរក្សាទុកផលិតផលជីវវេជ្ជសាស្ត្រ និងឱសថសម្រាប់ការប្រើប្រាស់ផ្នែកវេជ្ជសាស្រ្ត និងការស្រាវជ្រាវវិទ្យាសាស្ត្រផងដែរ។
យូនីសេហ្វ បាននឹងកំពុងធ្វើការរួមគ្នាជាមួយរាជរដ្ឋាភិបាល និងដៃគូ លើការជំរុញការចាក់វ៉ាក់សាំងឈានមុខគេរបស់កម្ពុជានៅលើពិភពលោក តាមរយៈការធ្វើលទ្ធកម្ម និងបែងចែកវ៉ាក់សាំង ការអភិវឌ្ឍន៍សមត្ថភាបរិក្ខារប្រព័ន្ធត្រជាក់ ការបណ្តុះបណ្តាលបុគ្គលិកសុខាភិបាលជួរមុខ និងការផ្សព្វផ្សាយការយល់ដឹងទូទាំងប្រទេស និងយុទ្ធនាការចូលរួមរបស់សហគមន៍ ដើម្បីធានាថាប្រជាជនកម្ពុជាគ្រប់រូប ទទួលបានព័ត៌មានដែលអាចទុកចិត្តបាន ត្រឹមត្រូវ និងមានបច្ចុប្បន្នភាព អំពីវិធីរក្សាសុវត្ថិភាពពីជំងឺកូវីដ-១៩។ យូនីសេហ្វ នឹងបន្តគាំទ្រដល់ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ទន្ទឹមគ្នានឹងជួយពង្រឹងប្រព័ន្ធថែទាំសុខភាពកាន់តែទូលំទូលាយ នៅក្នុងអំឡុងពេលនៃការស្តារទ្បើងវិញពីជំងឺរាត្បាតនេះ និងរយៈពេលទៅមុខទៀត។
អំពីមូលនិធិឆ្លើយតបនឹងកូវីដ-១៩ សមាគមអាស៊ាន៖
មូលនិធិឆ្លើយតបនឹងកូវីដ-១៩ របស់សមាគមអាស៊ាន គឺជាបណ្តុំនៃធនធានហិរញ្ញវត្ថុសម្រាប់ផ្តល់ការគាំទ្រដល់រដ្ឋ ជាសមាជិកនៃបណ្តាប្រទេសអាស៊ាន ក្នុងការកំណត់ជាមុន គ្រប់គ្រង និងបង្ការការចម្លងជំងឺកូវីដ-១៩ និងក្នុងការការពារសុវត្ថិភាពនៃបុគ្គលិកសុខាភិបាលជួរមុខ និងប្រជាពលរដ្ឋនៃបណ្តារដ្ឋសមាជិកសមាគមអាស៊ាន។


ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ
មាតិកាពហុព័ត៌មាន
អំពីយូនីសេហ្វ៖
យូនីសេហ្វនៅកម្ពុជា បំពេញការងារដើម្បីលើកកម្ពស់ការអភិវឌ្ឍប្រកបដោយសុខមាលភាពសម្រាប់កុមារ ការពារសិទ្ធិរបស់ពួកគេ និងជួយគាំទ្រការសម្រេចនូវសក្ដានុពលពួកគេចាប់ពីវ័យកុមារតូច រហូតដល់ក្មេងជំទង់។
សម្រាប់ព័ត៌មានបន្ថែមអំពីយូនីសេហ្វ និងការងារយូនីសេហ្វដើម្បីកុមារ សូមចូលទៅកាន់គេហទំព័រ www.unicef.org.kh។ សូមតាមដានព័ត៌មានអំពីយូនីសេហ្វតាមរយៈ Twitter និង Facebook