របាយការណ៍ថ្មីបានប៉ាន់ស្មានថា កុមារកម្ពុជា ម្នាក់ ក្នុងចំណោម ១០ នាក់ ធ្លាប់ទទួលរងការរំលោភបំពាន និងកេងប្រវ័ញ្ចផ្លូវភេទតាមអនទ្បាញ នាឆ្នាំកន្លងទៅ
- English
- Khmer
ភ្នំពេញ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២៖ របាយការណ៍ថ្មីមួយដែលមានឈ្មោះថា ការបញ្ឈប់គ្រោះថ្នាក់ក្នុងប្រទេសកម្ពុជា (Disrupting Harm in Cambodia) ត្រូវបានប្រកាសផ្សព្វផ្សាយនាថ្ងៃនេះ ដោយក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងដៃគូនានារួមទាំងយូនីសេហ្វប្រចាំនៅ
កម្ពុជា។ របាយការណ៍នេះបានរកឃើញថាកុមារដែលប្រើប្រាស់អ៊ិនធឺណិតចំនួន១១% អាយុចន្លោះពី១២-១៧ ឆ្នាំ ធ្លាប់ទទួលរងនូវការរំលោភបំពាន និង ការកេងប្រវ័ញ្ចផ្លូវភេទតាមប្រព័ន្ធអនឡាញក្នុងទម្រង់មួយចំនួនជាក់លាក់ នៅឆ្នាំមុនពេលការអង្កេតនេះចាប់ផ្តើម។ ប្រសិនបើគិតតាមចំនួនប្រជាជនកម្ពុជានៅក្នុងក្រុមអាយុនេះ នោះវាបង្ហាញឲ្យឃើញថាមានកុមារប្រមាណ ១៦០.០០០ នាក់ធ្លាប់បានទទួលរងការបំពាន និងការកេងប្រវ័ញ្ចផ្លូវភេទតាមប្រព័ន្ធអនឡាញ។
របាយការណ៍ “ការបញ្ឈប់គ្រោះថ្នាក់ក្នុងប្រទេសកម្ពុជា” ក៏បានរកឃើញផងដែរថា ៖
- កុមារចំនួន ១៦% បានរងគ្រោះពីការបញ្ចេញមតិពាក់ព័ន្ធផ្លូវភេទមកលើខ្លួន ដែលធ្វើឲ្យពួកគេមានអារម្មណ៍មិនពេញចិត្ត ហើយក្នុងនោះ មានកុមារចំនួន ៣១% បាននិយាយថាវាបានកើតទ្បើងនៅលើ
បណ្តាញផ្សព្វផ្សាយសង្គម ។ - កុមារចំនួន ១៦% ត្រូវបានគេផ្ញើរូបភាពអាសអាភាសឲ្យ ដែលពួកគេមិនចង់បាន ហើយក្នុងនោះ មានកុមារចំនួន ៣៦% បាននិយាយថាពួកគេបានទទួលរូបភាពទាំងនោះនៅលើបណ្តាញផ្សព្វផ្សាយសង្គម។
- កុមារចំនួន ៩% ដែលបានធ្វើអង្កេត បាននិយាយថាពួកគេធ្លាប់ត្រូវបានគេសុំឲ្យខ្លួនចែករំលែកនូវរូបភាពអាសអាភាសរបស់ពួកគេផ្ទាល់ ។
- មានក្មេងប្រុសច្រើនជាងក្មេងស្រី ធ្លាប់ទទួលរងការរំលោភបំពាន និងការកេងប្រវ័ញ្ចតាមប្រព័ន្ធអនឡាញ ក្នុងទម្រង់មួយចំនួន ដូចជាត្រូវបានគេសុំឲ្យគាត់ចែករំលែករូបភាព ឬវីដេអូអំពីសរីរាង្គបន្តពូជរបស់ខ្លួន ដែលពួកគេមិនចង់ធ្វើឬយល់ព្រម ឬត្រូវបានគេគំរាមកំហែងឲ្យចូលរួមនៅក្នុងសកម្មភាពរួមភេទ ។
របាយការណ៍នេះត្រូវបានរៀបចំឡើង ជាផ្នែកមួយនៃគម្រោងសុវត្ថិភាពតាមប្រព័ន្ធអនឡាញ ក្នុងឆ្នាំ២០១៩ ដោយភាពជាដៃគូសាកលដើម្បីបញ្ចប់អំពើហិង្សាលើកុមារ។ ភាពជាដៃគូនេះមានស្ថាប័នចំនួនបីដូចជាយូនីសេហ្វ អង្គការប៉ូលីសប្រឆាំងឧក្រិដ្ឋកម្មអន្តរជាតិ (INTERPOL) និងអង្គការបញ្ចប់អំពើពេស្យាចារនិងជួញដូរកុមារ (ECPAT) បានដឹកនាំការស្រាវជ្រាវនៅក្នុងប្រទេសចំនួន១៣ រួមមានកម្ពុជាផងដែរ។ វាគ្មិននៅក្នុងពិធីផ្សព្វផ្សាយនេះរួមមានឯកឧត្តម នឹម ថូត រដ្ឋលេខាធិការប្រចាំការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោកស្រី ម៉ារីអាណា ហ្ការ៉ូហ្វាទ្បូ ប្រធានផ្នែកការពារកុមារយូនីសេហ្វកម្ពុជា និងឯកឧត្តម គីម សុវណ្ណឌី អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ។
របាយការណ៍ “ការបញ្ឈប់គ្រោះថ្នាក់ក្នុងប្រទេសកម្ពុជា” បានរកឃើញថា កុមារដែលធ្លាប់ទទួលរងនូវការរំលោភបំពាន និងការកេងប្រវ័ញ្ចតាមប្រព័ន្ធអនឡាញ មានចំនួនតិចណាស់ ដែលហ៊ានរាយការណ៍អំពីករណីរបស់ពួកគេតាមរយៈយន្តការរាយការណ៍ផ្លូវការ ។ ទិន្នន័យអង្កេតចំពោះកុមារបានបង្ហាញឲ្យដឹងថារបាំងទូទៅនៅក្នុងការរាយការណ៍ និងការលាតត្រដាងករណីរបស់ពួកគេ គឺការមិនដឹងថាតើត្រូវរាយការណ៍ទៅណា ឬប្រាប់នរណា។ មានអាណាព្យាបាលកម្ពុជាម្នាក់បាននិយាយថា៖“ខ្ញុំចង់ចែករំលែកព័ត៌មានអំពីការរំលោភបំពាន និងការកេងប្រវ័ញ្ចផ្លូវភេទតាមប្រព័ន្ធអនឡាញ ដើម្បីឲ្យមានគេដឹងឮ និងយល់ដឹងកាន់តែប្រសើរ។ ក្នុងពេលបច្ចុប្បន្ននេះ កុមារងាយរងគ្រោះមិនបានដឹងអំពីរឿងទាំងនេះទេ ដូច្នេះពួកគេមិនដឹងថាតើនរណាអាចជួយពួកគេបាន។ ការចែករំលែកព័ត៌មានអំពីរឿងរ៉ាវរំលោភបំពាន/កេងប្រវ័ញ្ចផ្លូវភេទនេះដើម្បីឲ្យមានការដឹងឮជាទូទៅ វានឹងជួយកុមារឲ្យមានភាពក្លាហានគ្រប់គ្រាន់ ហ៊ានចែករំលែកនូវអ្វីដែលពួកគេធ្លាប់ឆ្លងកាត់ ។”
សម្រាប់កុមារមួយចំនួននៅក្នុងប្រទេសកម្ពុជា ផ្នត់គំនិតសង្គម ការរើសអើង និងបម្រាមប្រពៃណីពាក់ព័ន្ធនឹងការនិយាយអំពីរឿងផ្លូវភេទ ក៏មានផលប៉ះពាល់ដល់ការរាយការណ៍នេះផងដែរ ។ កុមារដែលត្រូវបានសម្ភាសសម្រាប់របាយការណ៍ “ការបញ្ឈប់គ្រោះថ្នាក់” បានប្រាប់ឲ្យដឹងថា ជារឿយៗ ពួកគេមានអារម្មណ៍ខ្មាសគេ ខ្មាសអៀន និងភ័យខ្លាចនៅពេលនិយាយអំពីរឿងផ្លូវភេទ និង/ឬ រាយការណ៍អំពីបទពិសោធនទទួលរងការរំលោភបំពាន និងការកេងប្រវ័ញ្ចតាមប្រព័ន្ធអនឡាញ។ មានបុគ្គលិកការពារកុមារជួរមុខចំនួន ៣៥នាក់ ក្នុងចំណោម ៥០នាក់ ដែលបានធ្វើអង្កេតនៅក្នុងរបាយការណ៍ “ការបញ្ឈប់គ្រោះថ្នាក់” ក៏បានកត់សម្គាល់ផងដែរថាពួកគេយល់ឃើញថាផ្នត់គំនិតសង្គមគឺជារបាំងមួយដែលរារាំងនូវឆន្ទៈរបស់ប្រជាជនមិនឲ្យរាយការណ៍ ។ បន្ថែមពីលើនេះ បុគ្គលិកជួរមុខម្នាក់បានគូសបញ្ជាក់ថា៖ “ដោយសារតែកត្តាវប្បធម៌ ទើបយើងមិនចង់និយាយអំពីរឿងរ៉ាវផ្លូវភេទ។ ភាគរយនៃការបំពានផ្លូវភេទដែលមិនបានរាយការណ៍គឺមានតួលេខខ្ពស់ ពីព្រោះតែ ពេលខ្លះ កុមារមានភាពភ័យខ្លាច ឬខ្មាសអៀនក្នុងការនិយាយអំពីរឿងនេះ។ នៅពេលមានការបំពានកើតឡើងនោះពួកគេជារឿយៗ ខ្លាចមិនហ៊ាននិយាយចេញ ដោយសារតែកត្តាវប្បធម៌ ។”
របាយការណ៍នេះក៏បានគូសបញ្ជាក់អំពីតម្រូវការឲ្យមានការយល់ដឹងកាន់តែទូលំទូលាយបន្ថែមទៀតអំពីជម្រើសដំណោះស្រាយនានាដែលអាចស្វែងរកបានដើម្បីដោះស្រាយឧក្រិដ្ឋកម្មទាំងនេះ។ នៅពេលនិយាយដល់វិធានការផ្លូវច្បាប់ដែលអាចស្វែងរកបាន អ្នកជំនាញទទួលបន្ទុកករណីម្នាក់បាននិយាយថា៖ “ប្រជាជនមិនដឹងពីនីតិវិធីច្បាប់ដែលជាប់ពាក់ព័ន្ធនោះទេ រួមទាំងដំណើរការប្ដឹងផងដែរ។” លើសពីនេះ របាយការណ៍ក៏បានរកឃើញថាស្ថាប័នអនុវត្តច្បាប់របស់ប្រទេសកម្ពុជា ពុំសូវទទួលបានការបណ្ដុះបណ្ដាលអ្នកឯកទេស និងបុគ្គលិកធ្វើការចាំបាច់ ដើម្បីគ្រប់គ្រងឲ្យបានសមស្របករណីនានាដែលទាក់ទិននឹងការរំលោភបំពាន និងការកេងប្រវ័ញ្ចផ្លូវភេទកុមារតាមប្រព័ន្ធអនឡាញ ។
ដើម្បីរក្សាសុវត្ថិភាពកុមារនៅតាមប្រព័ន្ធអនឡាញ របាយការណ៍ “ការបញ្ឈប់គ្រោះថ្នាក់ក្នុងប្រទេសកម្ពុជា” បានផ្ដល់អនុសាសន៍ឲ្យមានការផ្សព្វផ្សាយការយល់ដឹងកាន់តែទូលំទូលាយថែមទៀតអំពីការរំលោភបំពាន និងការកេងប្រវ័ញ្ចផ្លូវភេទកុមារតាមប្រព័ន្ធអនឡាញនៅទូទាំងប្រទេស។ ការធ្វើដូច្នេះអាចរួមចំណែកដល់ការលុបបំបាត់ផ្នត់គំនិតសង្គម និងបម្រាមប្រពៃណី បង្កើនការរាយការណ៍ និងកសាងធនធានអ្នកឯកទេសដែលមានទឹកចិត្តប្ដូរផ្ដាច់ដោះស្រាយបញ្ហាទាំងនោះ ។
យូនីសេហ្វកម្ពុជា នឹងបន្តធ្វើការជាមួយរាជរដ្ឋាភិបាលកម្ពុជា និងដៃគូទាំងអស់ នៅក្នុងការបង្ការ និងការឆ្លើយតបទៅនឹងការរំលោភបំពាន និងការកេងប្រវ័ញ្ចផ្លូវភេទលើកម្ពុជាតាមប្រព័ន្ធអនឡាញ តាមរយៈការលើកកម្ពស់ការប្រមូលទិន្នន័យនិងការសម្របសម្រួល ការពង្រឹងការត្រួតពិនិត្យ ការបង្កើនសមត្ថភាពអ្នកអនុវត្តច្បាប់នៅក្នុងប្រទេសដើម្បីធ្វើការស៊ើបអង្កេតករណីបំពានទាំងនោះ កែលម្អការគ្រប់គ្រងករណី ហើយនិងគាំទ្រដល់ជនរងគ្រោះផងដែរ។ ការយកចិត្តទុកដាក់ជាពិសេសត្រូវធ្វើឡើងទៅលើការបង្កើនការយល់ដឹង ចំណេះដឹង និងជំនាញឌីជីថលសម្រាប់កុមារ ក្មេងវ័យជំទង់ ឪពុកម្ដាយ អ្នកថែទាំ និងគ្រូបង្រៀន ដើម្បីឲ្យកុមារអាចទទួលបាននូវកិច្ចការពារកាន់តែប្រសើរចំពោះខ្លួនក្នុងពេលពួកគេប្រើប្រាស់ប្រព័ន្ធអនឡាញ ។
អំពីកម្មវិធី“ការបញ្ឈប់គ្រោះថ្នាក់”៖
នៅដើមឆ្នាំ២០១៩ កិច្ចសហប្រតិបត្តិការ Global Partnership to End Violence Against Children តាមរយៈគម្រោងសុវត្ថិភាពនៅលើប្រព័ន្ធអនឡាញ (Safe Online initiative) បានវិនិយោគទឹកប្រាក់ចំនួន ៧លានដុល្លារ ដើម្បីរៀបចំគម្រោងស្រាវជ្រាវដោយផ្ដោតទូទៅ និងនវានុវត្តន៍ ដែលមានគោលបំណងស្វែងយល់ឲ្យកាន់តែច្បាស់ពីរបៀបនៃការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលដើម្បីបង្ការការ រំលោភបំពាន និងការកេងប្រវ័ញ្ចលើកុមារ។
គម្រោងសុវត្ថិភាពតាមប្រព័ន្ធអនឡាញ (Safe Online) នេះបាននាំមកនូវកិច្ចសហការរួមគ្នា និងបានផ្ដល់ថវិការដល់អង្គការចំនួនបីមានដូចជា ECPAT, INTERPOL និង UNICEF Office of Research – Innocenti – ធ្វើការស្រាវជ្រាវថ្មីមួយនៅក្នុងប្រទេសចំនួន ១៣ នៅទូទាំងតំបន់អាហ្វ្រិកខាងកើត និងអាហ្វ្រិកខាងត្បូង ហើយនិងតំបន់អាស៊ីអាគ្នេយ៍ផងដែរ។ ការស្រាវជ្រាវ និងការវាយតម្លៃដោយទូទៅប្រភេទនេះគឺមាន
លក្ខណៈពិសេសផ្ទាល់ខ្លួនរបស់វា ។ វិធីសាស្ត្រដែលបានរៀបចំឡើងសម្រាប់ការវាយតម្លៃទាំងនេះធ្លាប់បាន
អនុវត្តនៅក្នុងប្រទេសចំនួន១៣ រួចហើយ និងអាចយកទៅប្រើប្រាស់ដោយបណ្ដាប្រទេសឯទៀត នាពេលអនាគតបាន ។
របាយការណ៍ទាំងស្រុង អាចចូលអានបាននៅទីនេះ ៖ https://www.end-violence.org/disrupting-harm#country-reports
តើអ្វីទៅជាការរំលោភបំពាន និង ការកេងប្រវ័ញ្ចផ្លូវភេទកុមារតាមប្រព័ន្ធអនឡាញ (OCSEA)?
ការរំលោភបំពាន និងការកេងប្រវ័ញ្ចផ្លូវភេទកុមារតាមប្រព័ន្ធអនឡាញ (OCSEA) សំដៅដល់ស្ថានភាពនានា ដែលពាក់ព័ន្ធនឹងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល អ៊ីនធឺណិត និងការទំនាក់ទំនង នៅក្នុងពេលណាមួយ នៅអំឡុងនៃការបន្តការរំលោភបំពាន ឬការកេងប្រវ័ញ្ច ។ OCSEA អាចកើតឡើងតែនៅលើប្រព័ន្ធអនឡាញសុទ្ធ ឬក៏ចម្រុះគ្នានៅលើប្រព័ន្ធអនឡាញផង និងជួបគ្នាផ្ទាល់ផងរវាងជនល្មើស និងកុមារ ។
ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ
អំពីយូនីសេហ្វ៖
យូនីសេហ្វកម្ពុជាធ្វើការងារ ដើម្បីលើកកម្ពស់ការអភិវឌ្ឍល្អប្រសើររបស់កុមារ ការពារសិទ្ធិរបស់ពួកគេ និងជួយឱ្យពួកគេសម្រេចសក្ដានុពលចាប់ពីវ័យកុមារតូច រហូតដល់វ័យក្មេងជំទង់។ សម្រាប់ព័ត៌មានបន្ថែមអំពីយូនីសេហ្វ និងការងារដែលយូនីសេហ្វធ្វើដើម្បីកុមារ សូមចូលមើលគេហទំព័រwww.unicef.org/cambodia/ ។
សូមតាមព័ត៌មានអំពីយូនីសេហ្វ Twitter និង Facebook