យូនីសេហ្វ៖ កុមារនៅកម្ពុជាប្រឈមនឹងហានិភ័យខ្ពស់ ពីផលប៉ះពាល់ នៃវិបត្តិអាកាសធាតុ
នេះជាលើកទី១ ដែលយូនីសេហ្វដាក់ចំណាត់ថ្នាក់ប្រទេសនានា ទៅតាមការប្រឈម និងភាពងាយរងគ្រោះរបស់កុមារ ដោយសារវិបត្តិអាកាសធាតុ និងបរិស្ថាន ដោយក្នុងនោះ កុមារនៅកម្ពុជាត្រូវបានដាក់ចំណាត់ថ្នាក់ថាងាយរងហានិភ័យជាងគេលំដាប់ទី ៤៦ ក្នុងចំណោម ១៦៣ ប្រទេស លើពិភពលោក

- Available in:
- English
- Khmer
រាជធានីភ្នំពេញ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ – មនុស្សវ័យក្មេង ដែលរស់នៅក្នុងប្រទេសកម្ពុជា ស្ថិតនៅក្នុងចំណោមក្រុមដែលប្រឈមនឹងហានិភ័យខ្ពស់ពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ ដែលបង្កការគំរាមកំហែងដល់សុខភាព ការអប់រំ និងការទទួលបានការពារ នេះបើតាមរបាយការណ៍សកលរបស់យូនីសេហ្វ ដែលចេញផ្សាយនៅថ្ងៃនេះ។
របាយការណ៍ក្រោមចំណងជើងថា "វិបត្តិអាកាសធាតុ គឺជាវិបត្តិនៃសិទ្ធិកុមារ៖ សន្ទស្សន៍ហានិភ័យអាកាសធាតុរបស់កុមារ" គឺជាការវិភាគគ្រប់ជ្រុងជ្រោយដំបូងបង្អស់មិនធ្លាប់មានលើហានិភ័យអាកាសធាតុ ចេញពីការយល់ឃើញរបស់កុមារ។ សន្ទស្សន៍នេះដាក់ចំណាត់ថ្នាក់ប្រទេសនានា ផ្អែកតាមការប្រឈមរបស់កុមារទៅនឹងវិបត្តិអាកាសធាតុ និងបរិស្ថាន ដូចជា ព្យុះស៊ីក្លូន និងរលកកម្ដៅ ជាដើម ព្រមទាំងភាពងាយរងគ្រោះរបស់ពួកគេ ដោយសារវិបត្តិទាំងនេះ ដែលត្រូវបានកំណត់ទៅតាមលទ្ធភាពរបស់ពួកគេ ក្នុងការទទួលបានសេវាចំាបាច់សំខាន់ៗ។
របាយការណ៍ ដែលត្រូវបានប្រកាសផ្សព្វផ្សាយក្រោមកិច្ចសហការជាមួយអង្គការ Fridays for Future ក្នុងឱកាសប្រារព្វខួបទី៣ នៃចលនាកូដកម្មប្រឆាំងបម្រែបម្រួលអាកាសធាតុជាសកល ដែលដឹកនាំដោយយុវជននេះបានរកឃើញថា មានកុមារប្រមាណ ១ ពាន់លាននាក់ – ពោលគឺស្មើនឹងជិតពាក់កណ្តាលនៃកុមារទាំង ២,២ ពាន់លាននាក់លើពិភពលោក – រស់នៅក្នុងប្រទេសមួយ ក្នុងចំណោមប្រទេសចំនួន ៣៣ ដែលត្រូវបានចាត់ចំណាត់ថ្នាក់ថា “មានហានិភ័យខ្ពស់បំផុត”។ របកគំហើញនេះឆ្លុះបញ្ចាំងពីចំនួនកុមារដែលរងផលប៉ះពាល់នាពេលបច្ចុប្បន្ន។ តួលេខនេះទំនងជានឹងរឹតតែធ្ងន់ធ្ងរទៅទៀត ខណៈពេលដែលផលប៉ះពាល់ បង្កឡើងដោយសារការប្រែប្រួលអាកាសធាតុ កាន់តែមានសភាពធ្ងន់ធ្ងរ។
ប្រទេសកម្ពុជាស្ថិតក្នុងចំណាត់ថ្នាក់ទី ៤៦ ក្នុងចំណោម ១៦៣ ប្រទេស ធ្វើឲ្យកម្ពុជាស្ថិតក្នុងចំណោមប្រទេស ១ ភាគ ៣ នៅផ្នែកខាងលើគេ ដែលប្រឈមហានិភ័យខ្ពស់ទៅនឹងការប្រែប្រួលអាកាសធាតុ។ របាយការណ៍នេះបានរកឃើញថា កុមារនៅកម្ពុជាប្រឈមមុខខ្ពស់នឹងបញ្ហាខ្វះទឹក គ្រោះទឹកជំនន់តាមដងទន្លេ និងជំងឺឆ្លងតាមមេរោគចម្លង។ ទោះជាយ៉ាងនេះក្តី ការវិនិយោគលើសេវាសង្គម ជាពិសេសលើការបង្កើនលទ្ធភាពទទួលបានទឹកស្អាតនិងអនាម័យ សេវាសុខភាព និងអាហារូបត្ថម្ភ ការអប់រំ និងសេវាគាំពារសង្គម អាចនាំមកនូវការប្រែប្រួលគួរឲ្យកត់សម្គាល់ ដល់លទ្ធភាពរបស់យើង ក្នុងការការពារអនាគតកុមារទាំងនេះពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ។
លោកស្រី ហ្វ័រូហ្គ ហ្វយូហ្សិថ នាយិកាយូនីសេហ្វប្រចាំកម្ពុជា បានមានប្រសាសន៍ថា “វិបត្តិអាកាសធាតុ គឺជាវិបត្តិសិទ្ធិកុមារ ព្រោះថាវិបត្តិនេះបង្កការគំរាមកំហែងដល់គ្រប់ទិដ្ឋភាពទាំងអស់នៃសុខភាព និងសុខមាលភាពរបស់កុមារក្នុងកម្រិតដែលមនុស្សជាតិពុំធ្លាប់ជួបប្រទះកន្លងមក។ បម្រែបម្រួលអាកាសធាតុធ្វើឲ្យពិភពលោកក្លាយជាកន្លែងកាន់តែមានហានិភ័យ សម្រាប់ការរស់នៅ និងការលូតលាស់ធំធាត់របស់កុមារ ប៉ុន្តែយើងអាចទប់ស្កាត់បញ្ហានេះមិនឲ្យក្លាយជាបញ្ហាកាន់តែធ្ងន់ធ្ងរបាន ប្រសិនបើយើងចាប់ ផ្តើមចាត់វិធានការ ពីអំណេះតទៅ។ យើងចំាបាច់ត្រូវធ្វើកាវិនិយោគលើសេវា ដែលកុមារពឹងអាស្រ័យ ដើម្បីរស់រាន និងអភិវឌ្ឍ – ដូចជា ហេដ្ឋារចនាសម្ព័ន្ធ និងសេវាទឹកស្អាត សេវាថែទាំសុខភាព និងអប់រំ ជាដើម ក៏ដូចជាធ្វើយ៉ាងណាឲ្យហេដ្ឋារចនាសម្ព័ន្ធ និងសេវាទាំងនេះកាន់តែមានភាពធន់។ ប្រព័ន្ធនឹងសេវាដែលរឹងមាំ នឹងជួយការពារអនាគតកុមារ ពីផលប៉ះពាល់ ដែលបង្កឡើងដោយសារការប្រែប្រួលអាកាសធាតុ និងការរេចរឹលបរិស្ថាន។”
លោក Marcoluigi Corsi នាយកស្តីទីប្រចាំតំបន់របស់យូនីសេហ្វបានមានប្រសាសន៍ថា ”កុមារ នៅតាមប្រទេស នៅតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក កំពុងស្ថិតនៅជួរមុខប្រឈមនឹងផលប៉ះពាល់នៃវិបត្តិអាកាសធាតុ ហើយមុខសញ្ញាគ្រោះថ្នាក់ធម្មជាតិ ដែលពួកគេជួបប្រទះចាប់ពី រលកកម្តៅដែលអាចផ្តាច់ផ្តិលជីវិត និងគ្រោះរាំងស្ងួត រហូតដល់គ្រោះទឹកជំនន់ រហូតដល់ភ្លើងឆេះព្រៃ កាន់តែមានសភាពធ្ងន់ធ្ងរ និងខ្លាំងក្លា។ តំបន់នេះ គឺជាតំបន់មួយ ក្នុងចំណោមតំបន់ដែលងាយរងគ្រោះជាងគេ ដោយសារគ្រោះមហន្តរាយ ទាក់ទិននឹងកត្តាអាកាសធាតុក្នុងសកលលោកទាំងមូល ពោលគឺប្រជាជនប្រមាណពាក់កណ្តាលត្រូវទទួលរងផលប៉ះពាល់ដោយផ្ទាល់ជារៀងរាល់ឆ្នាំ។ លោកបានមានប្រសាសន៍បន្ថែមទៀតថា វិបត្តិអាកាសធាតុបង្កផលប៉ះពាល់លើសលប់ដល់កុមារ និងក្មេងជំទង់ដែលងាយរងគ្រោះជាងគេ ដែលធ្វើឲ្យស្ថានភាពវិសមភាពនាពេលបច្ចុប្បន្នកាន់តែមានកម្រិតធ្ងន់ធ្ងរ និងធ្វើឲ្យអន្តរាយដល់វឌ្ឍនភាព ដែលសម្រេចបានក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ។”
សន្ទស្សន៍ហានិភ័យអាកាសធាតុរបស់កុមារ (CCRI) បង្ហាញថា៖
- កុមារ ២៤0 លាននាក់ ប្រឈមនឹងហានិភ័យខ្ពស់ទៅនឹងគ្រោះទឹកជំនន់នៅតាមតំបន់ឆ្នេរ
- កុមារ ៣៣0 លាននាក់ ប្រឈមនឹងហានិភ័យខ្ពស់ទៅនឹងគ្រោះទឹកជំនន់នៅតាមមាត់ទន្លេ
- កុមារ ៤០0 លាននាក់ ប្រឈមនឹងហានិភ័យខ្ពស់ទៅនឹងខ្យល់ព្យុះស៊ីក្លូន
- កុមារ ៦០0 លាននាក់ ប្រឈមនឹងហានិភ័យខ្ពស់ទៅនឹងជំងឺដែលឆ្លងតាមមេរោគចម្លង
- កុមារ ៨១៥ លាននាក់ ប្រឈមនឹងហានិភ័យខ្ពស់ទៅនឹងការបំពុលបរិយាកាសដោយសារធាតុសំណ
- កុមារ ៨២០ លាននាក់ ប្រឈមនឹងហានិភ័យខ្ពស់ទៅនឹងរលកកម្តៅ
- កុមារ ៩២០ លាននាក់ ប្រឈមនឹងហានិភ័យខ្ពស់ទៅនឹងបញ្ហាខ្វះទឹក
- កុមារ ១ ពាន់លាននាក់ ប្រឈមហានិភ័យខ្ពស់ទៅនឹងការបំពុលខ្យល់ ដែលឡើងកម្រិតខ្ពស់ហួសប្រមាណ
កុមារប្រមាណ ៨៥០ លាននាក់ – ពោលគឺស្មើនឹងម្នាក់ក្នុងចំណោមកុមារ ៣ នាក់ នៅទូទាំងសកលលោក – រស់នៅតំបន់ដែលមានវិបត្តិអាកាសធាតុ និងវិបត្តិបរិស្ថាន យ៉ាងហោចណាស់ ៤ ក្នុងចំណោមវិបត្តិអាកាសធាតុ និងបរិស្ថានទាំងនេះកើតឡើង ផ្ទួនៗគ្នា។ មានកុមាររហូតដល់ ៣៣០ លាននាក់ – ពោលគឺស្មើនឹងម្នាក់ ក្នុងចំណោម ៧ នាក់ក្នុងសកលលោក – រស់នៅតំបន់ដែលរងផលប៉ះពាល់ដោយសារវិបត្តិធំៗ យ៉ាងហោចណាស់ចំនួន ៥។ លើសពីនេះ បម្រែបម្រួលអាកាសធាតុ និងជំងឺកូវីដ-១៩ កើតឡើងផ្ទួនព្រមៗគ្នា ដែលធ្វើឲ្យកុមារត្រូវរងសម្ពាធដ៏ច្រើនលើសលប់ ដោយសារវិបតិ្តដែលបង្កឡើងដោយបម្រែបម្រួលអាកាសធាតុផង និងជំងឺកូវីដ-១៩ ផង។ កុមារនៅថ្ងៃនេះ មិនត្រឹមតែជាជំនាន់ដែលត្រូវរស់នៅជាមួយនឹងផលវិបាកនៃការប្រែប្រួលអាកាសធាតុប៉ុណ្ណោះទេ គ្រួសារងាយរងគ្រោះក៏មានសមាជិកច្រើនលើសលប់ជាកុមារផងដែរ។
របាយការណ៍នេះបង្ហាញពីការមិនជាប់ពាក់ព័ន្ធគ្នារវាងកន្លែងដែលមានការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ និងកន្លែងដែលកុមារត្រូវរងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេ ដោយសារតែកត្តាអាកាសធាតុ។ ប្រទេសប្រឈមនឹងហានិភ័យខ្ពស់ជាងគេចំនួន ៣៣ រួមគ្នា បញ្ចេញឧស្ម័នកាបូនិកត្រឹមតែ ៩% នៃបរិមាណឧស្ម័នកាបូនិក ដែលត្រូវបានបញ្ចេញសរុបទូទាំងសកលលោកតែប៉ុណ្ណោះ។ ផ្ទុយទៅវិញប្រទេសដែលបញ្ចេញឧស្ម័នកាបូនិកច្រើនជាងគេចំនួន ១០ រួមគ្នាបញ្ចេញឧស្ម័នកាបូនិកស្មើនឹងជិត ៧០% នៃបរិមាណសរុប។ មានតែប្រទេសមួយក្នុងចំណោមប្រទេសទាំងនេះប៉ុណ្ណោះ ដែលត្រូវបានដាក់ចំណាត់ថ្នាក់ថា ‘មានហានិភ័យខ្ពស់បំផុត’ នៅក្នុងសន្ទស្សន៍នេះ។ ប្រទេសនៅអាស៊ីបូព៌ា និងប៉ាស៊ីហ្វិកក៏កាន់តែបញ្ចេញឧស្ម័នកាបូនិក ក្នុងភាគរយកាន់តែខ្ពស់ ដោយប្រទេសចិន (៣0,៣0%) ជប៉ុន (៣,២៥%) សាធារណរដ្ឋកូរ៉េ (១,៨៥%) និងឥណ្ឌូនេស៊ី (១,៧១%) ជាប់ចំណាត់ថ្នាក់ក្នុងចំណោមប្រទេសដែលបញ្ចេញឧស្ម័នកាបូនិកច្រើនជាងគេបំផុតចំនួន ២០ នៅទូទាំងសកលលោក។
លោកស្រី ហ្វ័រូហ្គ ហ្វយូហ្សិថ បានមានប្រសាសន៍ថា “វិបត្តិអាកាសធាតុកំពុងបង្កផលប៉ះពាល់ដល់មនុស្សគ្រប់រូប ហើយកុមារគឺជាក្រុមងាយរងគ្រោះជាងគេ។ កុមារនៅក្នុងពិភពលោក និងកុមារនៅកម្ពុជា ដឹងថាការប្រែប្រួលអាកាសធាតុ គឺជាកត្តាបង្កការគំរាមកំហែងដល់អនាគតរបស់ពួកគេ ហើយពួកគេកំពុងអំពាវនាវឲ្យមេដឹកនាំពិភពលោក និងគ្រប់គ្នាចាត់វិធានការ។ យើងចាំបាច់ត្រូវ ស្តាប់មតិរបស់ពួកគេ ពោលគឺត្រូវយកចិត្តទុកដាក់ចំពោះក្តីបារម្ភ និងតម្រូវការរបស់ពួកគេ ហើយបញ្ចូលចំណុចទាំងនេះទៅក្នុងការធ្វើសេចក្តីសម្រេចចិត្តពាក់ព័ន្ធនឹងអាកាសធាតុ។ ស្របពេលជាមួយគ្នា យើងចាំបាច់ត្រូវតែកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ជាបន្ទាន់ និងបង្កើនការវិនិយោគលើការបន្ស៊ាំ និងការបង្កើនភាពធន់ទៅនឹងអាកាសធាតុ ក្នុងសេវានានាដែលមានសារៈសំខាន់ៗសម្រាប់ពួកគេ។”
ប្រសិនបើពុំមានការចាត់វិធានការបន្ទាន់ដែលចំាបាច់ ដើម្បីកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់នោះទេ កុមារនឹងបន្តទទួលរងគ្រោះធ្ងន់ធ្ងរជាងគេ។ បើធៀបនឹងមនុស្សពេញវ័យ កុមារត្រូវការស្បៀង និងទឹកច្រើនជាងមនុស្សពេញវ័យ គិតក្នុងមួយឯកតានៃទម្ងន់របស់ពួកគេ មានលទ្ធភាពតិចជាងក្នុងការរស់រានពេលដែលមានព្រឹត្តិការណ៍អាកាសធាតុធ្ងន់ធ្ងរ និងងាយរងគ្រោះដោយសារសារធាតុគីមីពុល ការប្រែប្រួលសីតុណ្ហភាព និងជំងឺឈឺថ្កាត់នានា។ល។
យូនីសេហ្វកំពុងអំពាវនាវឲ្យរដ្ឋាភិបាល ក្រុមហ៊ុន និងតួអង្គពាក់ព័ន្ធនានា៖
- បង្កើនការវិនិយោគ ដើម្បីឲ្យសេវានានា ដែលសំខាន់សម្រាប់កុមារ កាន់តែបន្ស៊ាំ និងធន់ទៅនឹងអាកាសធាតុ។ ដើម្បីការពារកុមារ សហគមន៍ និងក្រុមងាយរងគ្រោះ ពីផលប៉ះពាល់ធ្ងន់ធ្ងរបំផុត ដែលបង្កឡើងដោយសារបម្រែបម្រួល អាកាសធាតុដែលកំពុងកើតមានរួចទៅហើយ ចាំបាច់ត្រូវតែមានការកែសម្រួលសេវាចំាបាច់សំខាន់ៗឲ្យអាចបន្ស៊ាំទៅនឹងអាកាសធាតុ ដូចជាប្រព័ន្ធទឹកស្អាត និងអនាម័យ សេវាសុខភាព និងសេវាអប់រំជាដើម។
- កាត់បន្ថយឧស្ម័នផ្ទះកញ្ចក់។ ដើម្បីបញ្ជៀសផលប៉ះពាល់ធ្ងន់ធ្ងរបំផុតនៃវិបតិ្តអាកាសធាតុ ចាំបាច់ត្រូវតែមានការចាត់វិធានការជាបន្ទាន់ និងគ្រប់ជ្រុងជ្រោយ។ ប្រទេសទាំងឡាយត្រូវកាត់បន្ថយការបញ្ចេញឧស្ម័នរបស់ខ្លួនយ៉ាងហោចណាស់ឲ្យបាន ៤៥% (ប្រៀបធៀបនឹងកម្រិតកាលពីឆ្នាំ២០១០) ឲ្យបានត្រឹមឆ្នាំ២០៣០ ដើម្បីការពារការឡើងកម្តៅផែនដី មិនឲ្យលើសពី ១,៥ សង្សាសេ។
- ផ្តល់ឲ្យកុមារនូវការអប់រំអំពីអាកាសធាតុ និងជំនាញបៃតង (ការពារបរិស្ថាន) ដែលមានសារៈសំខាន់ ដើម្បីឲ្យពួកគេអាចបន្ស៉ាំខ្លួន និងត្រៀមខ្លួនទប់ទល់ផលប៉ះពាល់ដែលបង្កឡើងដោយសារបម្រែបម្រួលអាកាសធាតុ។ កុមារ និងមនុស្សវ័យក្មេងប្រាកដជាប្រឈមនឹងផលវិបាកដែលបង្កវិនាសកម្មទាំងស្រុងពីការប្រែប្រួលអាកាសធាតុ និងបញ្ហាអសន្តិសុខទឹក បើទោះជាពួកគេជាអ្នកដែលមានការទទួលខុសត្រូវតិចតួចបំផុតនាំឲ្យមានបញ្ហាទាំងនេះកើតមានឡើងក៏ដោយ។ យើងទាំងអស់គ្នាជាអ្នកដែលមានកាតព្វកិច្ចចំពោះមនុស្សវ័យក្មេង និងមនុស្សជំនាន់ក្រោយ។
- បញ្ចូលមនុស្សវ័យក្មេងទៅក្នុងការចរចា នៅថ្នាក់ជាតិ ថ្នាក់តំបន់ និងអន្តរជាតិអំពីអាកាសធាតុ និងការសម្រេចចិត្តនានា ដូចជានៅកិច្ចប្រជុំ COP ទី ២៦ ជាដើម។ ចាំបាច់ត្រូវតែបញ្ចូលកុមារ និងមនុស្សវ័យក្មេងទៅក្នុងការធ្វើសេចក្តីសម្រេចចិត្តទំាងអស់ដែលពាក់ព័ន្ធនឹងអាកាសធាតុ។
- ធានាថា ការស្តារឡើងវិញអំពីការរាតត្បាតជាសកលនៃជំងឺកូវីដ-១៩ អាចធានាបានូវភាពបៃតង មានការបញ្ចេញកាបូន ទាប និងមានលក្ខណៈបរិយាបន្ន ដើម្បីឲ្យមនុស្សជំនាន់ក្រោយនៅតែមានសមត្ថភាព ដើម្បីកុំឲ្យប៉ះពាល់ដល់សមត្ថភាពរបស់មនុស្សជំនាន់ក្រោយក្នុងការឆ្លើយតបចំពោះវិបត្តិអាកាសធាតុ។
#####
កំណត់សម្គាល់ចំពោះនិពន្ធនាយក៖
CCRI ត្រូវបានរៀបចំឡើងដោយសហការ ជាមួយនឹងដៃគូជាច្រើនដូចជា Data for Children Collaborative ជាដើម។
ដើម្បីឲ្យរបាយការណ៍នេះងាយស្រួលយល់សម្រាប់យុវជននៅទូទាំងសកលលោក យូនីសេហ្វបានសហការជាមួយនឹង Climate Cardinals ដែលជាអង្គការអន្តរជាតិមិនរកប្រាក់ចំណេញ ដឹកនាំដោយយុវជន ដើម្បីធ្វើការបកប្រែឯកសារស្រាវជ្រាវ និងព័ត៌មានអំពីការប្រែប្រួលអាកាសធាតុ ដើម្បីឯកសារ និងព័ត៌មានទាំងនេះបានជ្រួតជ្រាបដល់មនុស្សវ័យក្មេង និងថ្នាក់ដឹកនាំឲ្យបានច្រើននាក់បំផុតតាមដែលអាចធ្វើទៅបាន។
ចុចទីនេះ ដើម្បីអានរបាយការណ៍នៅទីនេះ៖ The Climate Crisis is a Child Rights Crisis | UNICEF
និងទាញយកនូវសម្ភារផ្សព្វផ្សាយ (រូបភាព និងវីដេអូ)៖UNICEF WeShare - Search Result
ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ
About UNICEF
UNICEF promotes the rights and wellbeing of every child, in everything we do. Together with our partners, we work in 190 countries and territories to translate that commitment into practical action, focusing special effort on reaching the most vulnerable and excluded children, to the benefit of all children, everywhere.
For more information about UNICEF and its work for children, visit www.unicef.org.