សេចក្តីអំពាវនាវបន្ទាន់សម្រាប់កុមារកម្ពុជា
Click to close the emergency alert banner.

ប្រទេសជប៉ុន គាំទ្រដល់ការចែកចាយវ៉ាក់សាំងប្រកបដោយសុវត្ថិភាពនៅកម្ពុជា តាមរយៈការផ្ដល់ថវិកាជំនួយបន្ទាន់ដល់យូនីសេហ្វ

01 មេសា 2021
© UNICEF/UN0433872/Byambasuren
UNICEF/UN0433872/Byambasuren

រាជរដ្ឋាភិបាលជប៉ុនបានផ្ដល់ថវិការជំនួយបន្ទាន់ក្នុងទឹកប្រាក់ ៣៦,៩ លានដុល្លារ ដល់យូនីសេហ្វប្រចាំតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ដើម្បីកែលម្អការគ្រប់គ្រងប្រព័ន្ធត្រជាក់សម្រាប់ទុកដាក់វ៉ាក់សាំងក្នុងប្រទេសចំនួន ១២ ដែលរងផលប៉ះពាល់ដោយជំងឺកូវីដ-១៩។ ថវិកាជិត១លានដុល្លារនៃថវិកាសរុបនឹងត្រូវដកមកប្រើប្រាស់ដើម្បីគាំទ្ររាជរដ្ឋាភិបាលកម្ពុជាក្នុងកិច្ចខិតខំប្រឹងប្រែងចាក់វ៉ាក់សាំងកូវីដ-១៩ ជាពិសេសដើម្បីបង្កើនសមត្ថភាពនៃប្រព័ន្ធត្រជាក់តាមរយៈការរៀបចំនូវហេដ្ឋារចនាសម្ព័ន្ធ បរិក្ខារ មធ្យោបាយដឹកជញ្ជូន និងផ្តល់ការបណ្ដុះបណ្ដាលដល់បុគ្គលិកសុខាភិបាល។ សមត្ថភាពនៃប្រព័ន្ធត្រជាក់មានសារៈសំខាន់យ៉ាងខ្លាំងសម្រាប់ការដឹកជញ្ជូនវ៉ាក់សាំងដែលត្រូវរក្សាទុកក្នុងសីតុណ្ហភាពត្រជាក់ដើម្បីរក្សាប្រសិទ្ធភាព រាប់បញ្ចូលទាំងវ៉ាក់សាំងកូវីដ-១៩ផងដែរ។

កាលពីខែធ្នូ ឆ្នាំ២០២០ ជាផ្នែកមួយនៃការរៀបចំសម្រាប់យុទ្ធនាការចាក់វ៉ាក់សាំង រាជរដ្ឋាភិបាលកម្ពុជាយូនីសេហ្វ និងដៃគូដទៃទៀត បានធ្វើការវាយតម្លៃសមត្ថភាពនៃប្រព័ន្ធត្រជាក់ សម្រាប់ទុកដាក់វ៉ាក់សាំងរបស់ប្រទេសនេះ។ ការវាយតម្លៃបានរកឃើញនូវចំណុចមួយចំនួនដែលត្រូវពង្រឹងបន្ថែមដោយប្រើប្រាស់ថវិកាគាំទ្រថ្មីនេះ។ ដូច្នេះថវិកាជំនួយនេះនឹងបង្កើនសមត្ថភាពនៃប្រព័ន្ធសុខាភិបាលរបស់ប្រទេសកម្ពុជា ខណៈដែលប្រទេសនេះកំពុងចាប់ផ្ដើមអនុវត្តកម្មវិធីចាក់វ៉ាក់សាំងរហ័ស និងក្នុងទ្រង់ទ្រាយធំបំផុតដែលមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្រ្ត។ ជាការសំខាន់ណាស់ដែលយើងត្រូវធានាថាការបែងចែកវ៉ាក់សាំងកូវីដ-១៩ នឹងមិនដាក់បន្ទុកធ្ងន់ធ្ងរពេកមកលើសមត្ថភាពបច្ចុប្បន្នដែលអាចបង្កឱ្យមានការរំខានដល់សេវាផ្ដល់ថ្នាំបង្ការសម្រាប់កុមារ ហើយក្នុងពេលជាមួយគ្នា ត្រូវពង្រឹងសមត្ថភាពនៃប្រព័ន្ធសុខាភិបាលដែលមានស្រាប់ ដើម្បីឱ្យប្រទេសកម្ពុជានៅតែទទួលបានប្រយោជន៍ ក្រោយពេលចប់ជំងឺរាតត្បាតជាសកលនេះ។

ការធានាឱ្យការទទួលបានវ៉ាក់សាំងប្រកបដោយសមធម៌ និងការបែងចែកវ៉ាក់សាំងឱ្យបានឆាប់រហ័សគឺជាចំណោទរួមមួយរបស់សហគមន៍អន្តរជាតិ ក្នុងការឈានទៅសម្រេចគោលដៅទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩នៅលើភពផែនដីទាំងមូល។ ដើម្បីរួមចំណែកដល់ការសម្រេចគោលដៅនេះ ប្រទេសជប៉ុនបានផ្ដល់ជំនួយថវិកាចំនួន ២០០ លានដុល្លារ ដល់កម្មវិធី COVAX ដែលជាយន្តការអន្តរជាតិដឹកនាំដោយ Gavi CEPI  អង្គការសុខភាពពិភពលោក និងយូនីសេហ្វ ដើម្បីធានា និងពន្លឿនការផ្ដល់វ៉ាក់សាំងប្រកបដោយសមធម៌ក្នុងប្រទេសកំពុងអភិវឌ្ឍ។

ឯកឧត្តម មីកាមិ ម៉ាសាហ៊ីរ៉ូ (MIKAMI Masahiro) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា៖ “ការចែកចាយផ្ដល់វ៉ាក់សាំង គឺមានសារៈសំខាន់ដូចគ្នាទៅនឹងវ៉ាក់សាំងដែរ។ រាជរដ្ឋាភិបាលជប៉ុន ប្ដេជ្ញាជួយកែលម្អកម្មវិធីផ្ដល់វ៉ាក់សាំងនៅប្រទេសកំពុងអភិវឌ្ឍ។ បទពិសោធ​ច្រើនឆ្នាំរបស់យូនីសេហ្វក្នុងកិច្ចសហការជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជាលើការអនុវត្តកម្មវិធីផ្ដល់ថ្នាំបង្ការ គឺជាហេតុផលដែលធ្វើឱ្យយើងមានទំនុកចិត្តទាំងស្រុងថា ថវិកាជំនួយនេះពិតជានឹងនាំឱ្យសម្រេចបាននូវលទ្ធផលវិជ្ជមានយ៉ាងធំធេងមកលើយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩។ យើងនឹងបន្តសហការជាមួយយូនីសេហ្វ និងរាជរដ្ឋាភិបាលកម្ពុជា រហូតដល់ពេលដែលយើងអាចនិយាយបានយ៉ាងពិតប្រាកដថា យើងពិតជាបានទប់ស្កាត់បានទាំងស្រុង និងអាចស្តារទ្បើងវិញពីការរាតត្បាតជាសកលនៃជំងឺកូវីដ-១៩”។

ក្នុងនាមជាអ្នកទិញវ៉ាក់សាំងធំជាងគេតែមួយគត់នៅក្នុងពិភពលោក យូនីសេហ្វត្រូវបានជ្រើសរើសឱ្យធ្វើជាស្ថាប័នដឹកនាំកិច្ចលទ្ធកម្ម និងការផ្គត់ផ្គង់សម្រាប់យន្តការកូវ៉ាក់។ នៅកម្ពុជា យូនីសេហ្វ និងអង្គការសុខភាពពិភពលោកបានបំពេញតួនាទីជាស្ថាប័នដឹកនាំការងារបច្ចេកទេស រយៈពេល៣ទសវត្សរ៍មកហើយ ក្នុងការគាំទ្រដល់ក្រសួងសុខាភិបាល ក្នុងការពង្រឹងកម្មវិធីផ្ដល់ថ្នាំបង្ការថ្នាក់ជាតិ ដែលផ្ដល់ជាប្រយោជន៍ដល់កុមាររាប់លាននាក់ជារៀងរាល់ឆ្នាំ។

លោកស្រី ហ្វ័រូហ្គ ហ្វូយូហ្សិថ (Foroogh Foyouzat) នាយិកាយូនីសេហ្វប្រចាំកម្ពុជា បានមានប្រសាសន៍ថា៖ “យើងសូមសម្ដែងនូវការដឹងគុណចំពោះរាជរដ្ឋាភិបាលជប៉ុនដែលបានគាំទ្រដល់កម្ពុជាក្នុងពេលដ៏ចាំបាច់នេះ ជាពិសេសក្នុងពេលដែលចំនួនករណីកូវីដ-១៩កំពុងកើនឡើង។ ជំងឺរាតត្បាតជាសកល ពុំស្គាល់ព្រំដែននោះឡើយ ហើយវ៉ាក់សាំងត្រូវតែបានផ្តល់ទៅដល់មនុស្សដែលងាយឆ្លងមេរោគនេះជាងគេ និងមុនគេ។ មូលនិធិដែលផ្ដល់ដោយរាជរដ្ឋាភិបាលជប៉ុនមានតម្លៃមិនអាចកាត់ថ្លៃបាន ​ដើម្បីជួយឱ្យយើងទាំងអស់គ្នា អាចបន្តគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអនុវត្តយុទ្ធនាការច៉ាក់វ៉ាក់សាំងកូវីដ-១៩ ហើយស្របពេលជាមួយគ្នាដែរបន្តពង្រឹងប្រព័ន្ធសុខាភិបាលរបស់ប្រទេស។ នេះគឺជាជំហានមួយដ៏សំខាន់ក្នុងការត្រួសត្រាយផ្លូវឆ្ពោះទៅរកការស្ដារឡើងវិញពីវិបត្តិនេះ។”

 

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖

ស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ៖ ០២៣ ២១៧ ១៦១, ទូរសារ៖ ០២៣ ២១៦ ១៦២

អ៊ីម៉ែល៖ [email protected]

គេហទំព័រ៖ http://www.kh.emb-japn.go.jp

 

យូនីសេហ្វកម្ពុជា៖

អ្នកស្រី រូឌីណា វ៉ូវ៉ូដា ប្រធានផ្នែកទំនាក់ទំនង
ទូរសព្ទ៖ +៨៥៥ ២៣ ២៦០ ២០៤ ext=៤៣៤
សារអេទ្បិកត្រូនិក៖ [email protected]​​​

លោក មាស ប៊ុនលី មន្រ្តីជំនាញ​ផ្នែកទំនាក់ទំនង
ទូរសព្ទ៖ +៨៥៥ ២៣ ២៦០ ២០៤ ext=៤៣៥
សារអេទ្បិកត្រូនិក៖ [email protected]

ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ

Rudina Vojvoda
Chief of Communication
UNICEF Cambodia
ទូរស័ព្ទ: +85523260204;ext=434
អ៊ីម៉ែល: [email protected]
លោក​ មាស ប៊ុនលី
មន្ត្រីជំនាញផ្នែកទំនាក់ទំនង
យូនីសេហ្វកម្ពុជា
ទូរស័ព្ទ: +85523260204;ext=435
អ៊ីម៉ែល: [email protected]

About UNICEF

UNICEF promotes the rights and wellbeing of every child, in everything we do. Together with our partners, we work in 190 countries and territories to translate that commitment into practical action, focusing special effort on reaching the most vulnerable and excluded children, to the benefit of all children, everywhere.

For more information about UNICEF and its work for children, visit www.unicef.org.

Follow UNICEF on Twitter and Facebook