កុមារចំនួន ៥៥៩ លាននាក់ កំពុងប្រឈមមុខនឹងរលកកម្តៅខ្ពស់ជាញឹកញាប់ រួមទាំងកុមារកម្ពុជាចំនួនប្រមាណ ២,២ លាននាក់

មូលនិធិសហប្រជាជាតិដើម្បីកុមារ (យូនីសេហ្វ) ទាមទារឲ្យមានការចាត់វិធានការជាបន្ទាន់ ដើម្បីបង្កើនមូលនិធិសម្រាប់ធ្វើការបន្ស៊ាំដើម្បីការពារកុមារ និងសហគមន៍ដែលងាយរងគ្រោះ ពីរលកកម្តៅកាន់តែអាក្រក់ឡើងៗ និងគ្រោះមហន្តរាយអាកាសធាតុផ្សេងៗទៀត។

25 តុលា 2022
© UNICEF Cambodia/2019/Fani Llaurado
UNICEF Cambodia/2019/Fani Llaurado

ទីក្រុងឡុងដ៍/ញូវយ៉ក ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២៖ ការសិក្សាថ្មីមួយរបស់យូនីសេហ្វបង្ហាញថា កុមារចំនួន ៥៥៩ លាននាក់ ឬ មា្នក់ក្នុងចំណោម៤នាក់ នាពេលបច្ចុប្បន្ន កំពុងរងផលប៉ះពាល់ពីរលកកម្តៅខ្ពស់ដែលកើតទ្បើងជាញឹកញាប់*។ លើសពីនេះ មានកុមារចំនួន ៦២៤លាននាក់ ឬម្នាក់ក្នុងចំណោម៣នាក់ បាន​រងផលប៉ះពាល់ ពីបាតុភាព
កម្តៅខ្ពស់ យ៉ាងហោចណាស់មួយក្នុងចំណោមរលកកម្តៅខ្ពស់ចំនួនបីរង្វាស់ ដែលរួមមាន៖ -រលកកម្តៅ​​ខ្ពស់រយៈពេលយូរ ភាពធ្ងន់ធ្ងរនៃរលកកម្តៅខ្ពស់ ឬសីតុណ្ហភាពក្តៅខ្លាំង។ ប្រទេសកម្ពុជាស្ថិតក្នុងចំណោមប្រទេសដែលកំពុង​ទទួលរង​ផលប៉ះពាល់​ផងដែរ ដោយមានកុមារចំនួន ២,២លាននាក់ ឬ ៣៧,១% នៃចំនួនកុមារសរុបក្នុងប្រទេស កំពុង​ប្រឈម​នឹងរលកកម្តៅខ្ពស់ជាញឹកញាប់។

ខណៈដែលរលកកម្តៅនៅអឌ្ឍគោលខាងត្បូង និងខាងជើងបានបំបែកកំណត់ត្រា ដោយឡើងដល់កម្រិតមួយខ្ពស់ មិនធ្លាប់មានពីមុន របាយការណ៍ថ្មីមួយរបស់យូនីសេហ្វដែលមានចំណងជើងថា៖ ឆ្នាំត្រជាក់បំផុតនៃជីវិតកុមារ៖ ការការពារកុមារពីផលប៉ះពាល់អាក្រក់ទៅៗនៃរលកកម្តៅ លើកឡើងអំពីផលប៉ះពាល់ដ៏ធ្ងន់ធ្ងររបស់រលកកម្តៅមកលើ កុមារ ដោយគូសបញ្ជាក់ថា ត្រឹមតែ៣ទស្សវត្សរ៍ប៉ុណ្ណោះ កុមារនៅគ្រប់ទីកន្លែងមិនអាចជៀសផុតពីរលកកម្តៅ ដែលកើតឡើងកាន់តែញឹកញាប់ និងជាប្រចាំ។

រលកកម្តៅបង្កគ្រោះថ្នាក់ដល់កុមារជាពិសេស ដោយសារពួកគេមិនអាចសម្របសីតុណ្ហភាពរាងកាយបានដូច មនុស្សពេញវ័យ។ កុមារប្រឈមមុខនឹងរលកកម្តៅកាន់តែច្រើន ពួកគេកាន់តែប្រឈមនឹងបញ្ហាសុខភាពកាន់តែច្រើនដែលរួមមានដូចជាជំងឺរលាកផ្លូវដង្ហើមរ៉ាំរ៉ៃ ជំងឺហឺត និងជំងឺសរសៃឈាមបេះដូង។ ទារក និងកុមារតូចៗងាយនឹងបាត់បង់ជីវិតបណ្តាលមកពីការកើនឡើងនៃកម្តៅ។ រលកកម្តៅក៏អាចប៉ះពាល់លើបរិស្ថាន សុវត្ថិភាព អាហារូបត្ថម្ភ ទឹកប្រើប្រាស់ ការអប់រំ និងជីវភាពរស់នៅនាពេលអនាគតរបស់កុមារផងដែរ។

របាយការណ៍នេះប៉ាន់ប្រមាណថា នៅឆ្នាំ២០៥០ កុមារនៅទូទាំងពិភពលោកចំនួន ២,០២ ប៊ីលាននាក់ប្រឈមមុខនឹង រលកកម្តៅជាញឹកញាប់ បើទោះជាពិភពលោកសម្រេចបាននូវ "សេណារីយ៉ូបញ្ចេញឧស្ម័នផ្ទះកញ្ចក់ទាប" ជាមួយនឹងការកើនឡើងកម្តៅផែនដីប្រហែល ១,៧ ដឺក្រេនៅឆ្នាំ២០៥០ ឬ "សេណារីយ៉ូនៃការបំភាយឧស្ម័នផ្ទះកញ្ចក់ ខ្ពស់ខ្លាំង" ជាមួយនឹងការកើនឡើងនៃកម្តៅផែនដីដែលត្រូវបានប៉ាន់ស្មានថាមានកម្រិត ២,៤ដឺក្រេ នាឆ្នាំ២០៥០ នោះ ក៏ដោយ។ ជិតពាក់កណ្តាលនៃកុមារទាំងអស់នៅទ្វីប អាហ្រ្វិក និងអាស៊ីនឹងប្រឈមមុខនឹងផលប៉ះពាល់ពីការកើនឡើងនៃ សីតុណ្ហភាពខ្ពស់ខ្លាំង។

របាយការណ៍រកឃើញថា​មានប្រទេសចំនួន ២៣ រួមទាំងប្រទេសកម្ពុជា ត្រូវបានចាត់ថ្នាក់ជាប្រទេស ដែលកុមារ មានការប្រឈមខ្ពស់បំផុតទៅនឹងសីតុណ្ហភាពខ្ពស់ខ្លាំង។ ចំនួននេះនឹងកើនឡើងដល់ ៣៣ប្រទេសនៅឆ្នាំ២០៥០ បើការបំភាយឧស្ម័នផ្ទះកញ្ចក់ទាប និងឡើងដល់ ៣៦ ប្រទេសសម្រាប់សេណារីយ៉ូនៃការបំភាយឧស្ម័នផ្ទះកញ្ចក់ ខ្លាំងបំផុត។

នៅកម្ពុជា បើទោះជាការកើនឡើងនៃកម្តៅផែនដីនៅក្នុងពិភពលោកមានកម្រិតត្រឹម១,៧ ដឺក្រេឬទាបជាងក៏ដោយ កុមារកម្ពុជាទាំងអស់នឹងទទួលរងនូវរលកកម្តៅក្នុងមួយឆ្នាំខ្ពស់ជាងស្ថានភាពនាពេលបច្ចុប្បន្នចំនួន ៤.៥ដង ដែលក្នុងនោះកុមារ ៥៥,៧% នឹងជួបប្រទះនឹងសីតុណ្ហភាពខ្ពស់ខ្លាំង ដែលក្នុងនោះចំនួនថ្ងៃច្រើនជាង៨៣ថ្ងៃក្នុងមួយឆ្នាំ នឹងមានសីតុណ្ហភាពប្រចាំថ្ងៃក្តៅលើសពី ៣៥ អង្សាសេ។

បើកម្តៅផែនដីកើនឡើងដល់ ២,៤ដឺក្រេ នោះមិនមែនត្រឹមតែ ១០០% នៃកុមារកម្ពុជាដែលប្រឈមនឹងរលកកម្តៅលើសពី ៤,៥ ដងក្នុងមួយឆ្នាំប៉ុណ្ណោះទេ ប៉ុន្តែជាង ៨៧,២% នៃពួកគេពិតជាជួបប្រទះទៅនឹងស្ថានភាពសីតុណ្ហភាពខ្ពស់ខ្លាំង ជាក់ជាមិនខាន។ ការណ៍នេះមានន័យថា ប្រទេសកម្ពុជានឹងក្លាយជាប្រទេសទី២១ ក្នុងពិភពលោកដែលទទួលរងផល ប៉ះពាល់ខ្លាំងពីបាតុភាពនេះ។ របាយការណ៍មួយរបស់យូនីសេហ្វដែលចេញផ្សាយកាលពីឆ្នាំ២០២១ បានរកឃើញរួចមកហើយថាកម្ពុជា ជាប្រទេសមួយក្នុងចំណោមប្រទេសចំនួន៥០ ដែលមានហានិភ័យខ្ពស់ពីផលប៉ះពាល់នៃបម្រែបម្រួលអាកាសធាតុ។

លោកវេជ្ជបណ្ឌិត អានៀរបាន​ ឆាតឺរជី  ប្រធានស្តីទីយូនីសេហ្វប្រចាំកម្ពុជាបានមានប្រសាសន៍ថា៖ “បម្រែបម្រួលអាកាសធាតុកំពុងបង្កគ្រោះថ្នាក់ដល់អាយុជីវិត និងសុខុមាលភាពកុមារកម្ពុជារួចទៅហើយ ប៉ុន្តែរបាយការណ៍នេះ បង្ហាញថានៅពេលអនាគត ប្រទេសកម្ពុជានឹងក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសដែលរងផលប៉ះពាល់ ធ្ងន់ធ្ងរបំផុតក្នុងពិភពលោក”។ ដូច្នេះយើងកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីដោះស្រាយបញ្ហា ប្រឈមនៃបម្រែបម្រួលអាកាសធាតុ និងការពារបរិស្ថាន។ សសរស្តម្ភសំខាន់នៃការងារនេះគឺកិច្ចសហការ ជាមួយក្រសួងសំខាន់ៗ ដើម្បីវាយតម្លៃគ្រោះថ្នាក់ និងបង្កើតសេវាកម្ម និងប្រព័ន្ធដែលធន់នឹងអាកាសធាតុ ទន្ទឹមនឹងនោះក៏ ត្រូវធានាមនុស្សវ័យក្មេង គឺជាចំណុចស្នូលនៃការគិតគូរ និងឆ្លើយតបរបស់យើង។ យើងក៏កំពុងធ្វើការជាមួយក្រសួងអប់រំ យុវជន និងកីឡា ដើម្បីធានាថាកុមារបានរៀនសូត្រអំពីបម្រែបម្រួលអាកាសធាតុ និងចំណាត់ការវិជ្ជមានដែលខ្លួនអាច អនុវត្តបាន ដើម្បីការពារសហគមន៍ខ្លួនពីផលប៉ះពាល់នៃបម្រែបម្រួលអាកាសធាតុ និងការសឹករេចរិលនៃបរិស្ថាន។

លទ្ធផលនៃការស្រាវជ្រាវបានគូសបញ្ជាក់ពីតម្រូវការបន្ទាន់ និងសេវាកម្មនានាដែលកុមារត្រូវការដើម្បីសម្របខ្លួន ខណៈ ដែលផលប៉ះពាល់នៃការឡើងកម្តៅផែនដីគឺជារឿងមួយដែលមិនអាចជៀសបាន។ ប្រទេសកម្ពុជាបានប្តេជ្ញាចិត្តខ្ពស់ដើម្បី សម្រេចបានអព្យាក្រឹតកាបូននៅឆ្នាំ២០៥០ ប៉ុន្តែវាទាមទារឲ្យយើងផ្តោតការយកចិត្តទុកដាក់បន្ថែមទៀតក្នុងកិច្ចខិតខំ ប្រឹងប្រែងបន្តកាត់បន្ថយ និងបង្ការផលប៉ះពាល់ដ៏សែនអាក្រក់បំផុតពីរលកកម្តៅនិងសីតុណ្ហភាពខ្ពស់ ដែលកំពុងបង្ក គ្រោះថ្នាក់កាន់តែខ្លាំងឡើងៗ។

 

យូនីសេហ្វសូមអំពាវនាវដល់រដ្ឋាភិបាលនានាដូចតទៅ៖

  • ការពារកុមារពីភយន្តរាយអាកាសធាតុដោយកែសម្រួលសេវាសង្គមឆ្លើយតប ដូចជា - ទឹកស្អាតនិងអនាម័យ  សុខភាព ការអប់រំ អាហារូបត្ថម្ភ កិច្ចគាំពារសង្គម និងការការពារកុមារ - ដើម្បីផ្តល់ការការពារដល់ កុមារ និងយុវជន។
  • ត្រៀមលក្ខណៈឲ្យកុមារ និងយុវជនសម្របខ្លួន និងចេះរស់នៅក្នុងពិភពលោកមួយដែលមានបម្រែបម្រួល
    អាកាសធាតុ ដោយត្រូវអប់រំពួកគេអំពីបម្រែបម្រួលអាកាសធាតុ ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ការបណ្តុះបណ្តាលជំនាញបៃតង និងកាលានុវត្តភាពក្នុងការចូលរួម បង្កើត និងផ្តល់ធាតុចូលដ៏មានឥទ្ធិពល លើ​ការតាក់តែងគោលនយោបាយស្តីពីអាកាសធាតុ។
  • ផ្តល់អាទិភាពដល់កុមារ និងយុវជននៅក្នុង ហិរញ្ញវត្ថុ និងធនធានអាកាសធាតុ។  សន្និសីទកំពូល COP27  ត្រូវពិចារណារ និងចាត់អាទិភាពលើភាពធន់របស់កុមារ និងសហគមន៍ ជាចំណុចស្នូលនៃការពិភាក្សា សកម្មភាពអន្តរាគមន៍ និងកិច្ចគាំទ្រនានា ដោយមិនត្រូវគិតគូរទៅលើតែបញ្ហាវឌ្ឍនភាព ការខូចខាត និងបាត់បង់ មួយមុខប៉ុណ្ណោះនោះទេ។
  • បង្ការ និងទប់ស្កាត់គ្រោះមហន្តរាយអាកាសធាតុ ដោយកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ឲ្យបានច្រើន ដោយត្រូវផ្តោតលើថាមពលកកើតឡើងវិញ និងរក្សាឲ្យបានគោលដៅកំណើនត្រឹម ១,៥ អង្សាសេ។

 

#####

 

កណត់សម្គាល់សម្រាប់និពន្ធនាយក៖

សូមទាញយករបាយការណ៍ ឆ្នាំត្រជាក់បំផុតនៃជីវិតកុមារ៖ ការការពារកុមារពីផលប៉ះពាល់អាក្រក់ទៅៗនៃរលកកម្តៅ 

របាយការណ៍នេះត្រូវបានរៀបចំបន្ទាប់ពីការបោះពុម្ភផ្សាយរបស់យូនីសេហ្វស្តីពីសន្ទស្សន៍ហានិភ័យអាកាសធាតុ
មកលើកុមារឆ្នាំ២០២១ ។ សម្រាប់ CCRI សូមចុចទីនេះដើម្បីអាន។

 

និយមន័យ៖

- រលកកម្តៅ៖ សីតុណ្ហភាពអតិបរមារយៈពេល៣ថ្ងៃជាប់គ្នាឬច្រើនជាងនេះ ស្ថិតនៅក្នុង ១០% ខ្ពស់បំផុតលើសីតុណ្ហភាព ក្នុងមូលដ្ឋានរយៈពេល ១៥ ថ្ងៃជាប់គ្នា។

- រលកកម្តៅខ្ពស់ញឹកញាប់៖ រលកកម្តៅដែលកើតមានឡើងជាមធ្យមចំនួន ៤,៥ដង ឬច្រើនជាងនេះក្នុងមួយឆ្នាំ។

- រលកកម្តៅរយៈពេលយូរថ្ងៃ៖ - ព្រឹត្តិការណ៍រលកកម្តៅជាមធ្យមដែលមានរយៈពេលចាប់ពី ៤,៧ថ្ងៃឬយូរជាងនេះ។

- ភាពធ្ងន់ធ្ងរនៃរលកកម្តៅខ្លាំង៖ ព្រឹត្តិការណ៍រលកកម្តៅដែលលើសពីមធ្យមភាគកម្តៅរយៈពេល១៥ថ្ងៃជាប់គ្នាក្នុងតំបន់ ដែលមានកម្រិត ២°C ឬច្រើនជាងនេះ។

- សីតុណ្ហភាពក្តៅខ្លាំង៖ សីតុណភាពលើពី ៣៥ °C មានរយៈពេលជាមធ្យមពី ៨៣,៥៤ថ្ងៃឬច្រើនជាងនេះក្នុងមួយ។

- សេណារីយ៉ូទីមួយត្រឹមឆ្នាំ២០៥០៖ 'សេណារីយ៉ូនៃការបំភាយឧស្ម័នផ្ទះកញ្ចក់ទាប' ជាមួយនឹងការប៉ាន់ស្មាននៃការឡើងកម្តៅត្រឹម ១,៧ដឺក្រេនៅឆ្នាំ ២០៥០។ សេណារីយ៉ូនេះត្រូវបានកំណត់ដោយ IPCC បង្កើតឡើងជាគំរូអាកាសធាតុ  ហៅកាត់ថា "SSP1" ។

- សេណារីយ៉ូទីពីរត្រឹមឆ្នាំ២០៥០៖ 'សេណារីយ៉ូនៃការបំភាយឧស្ម័នផ្ទះកញ្ចក់ខ្ពស់ខ្លាំង' ជាមួយនឹងការប៉ាន់ស្មាននៃការ ឡើងកម្តៅត្រឹម ២,៤ដឺក្រេនៅឆ្នាំ២០៥០ ។ សេណារីយ៉ូនេះត្រូវបានកំណត់ដោយ IPCC បង្កើតឡើងជាគំរូអាកាសធាតុ  ហៅកាត់ថា "SSP5" ។

 

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖

Tess Ingram យូនីសេហ្វ ទីក្រុងញូវយ៉ក,

ទូរសព្ទ៖ +១ ៣៤៧ ៥៩៣ ២៥៩៣; សារអេទ្បិកត្រូនិក៖ tingram@unicef.org

 

ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ

Rudina Vojvoda
Chief of Communication
UNICEF Cambodia
ទូរស័ព្ទ: +85523260204;ext=434
អ៊ីម៉ែល: rvojvoda@unicef.org
លោក​ មាស ប៊ុនលី
មន្ត្រីជំនាញផ្នែកទំនាក់ទំនង
យូនីសេហ្វកម្ពុជា
ទូរស័ព្ទ: +85523260204;ext=435
អ៊ីម៉ែល: bmeas@unicef.org

Additional resources

© UNICEF/UNI308044/Schermbrucker

សូមទាញយករូបភាព និងវីដេអូ នៅទីនេះ។

អំពីមូលនិធិសហប្រជាជាតិដើម្បីកុមារ(យូនីសេហ្វ)៖ យូនីសេហ្វ បំពេញបេសកកម្មនៅតាមទីកន្លែងលំបាកៗបំផុត ដើម្បីផ្តល់ជំនួយទៅដល់កុមារដែលជួបប្រទះការលំបាកបំផុតក្នុងពិភពលោក។ យើងធ្វើការនៅក្នុងដែនដី និងប្រទេសជាង ១៩០ សម្រាប់កុមារគ្រប់រូប គ្រប់ទីកន្លែង ដើម្បីកសាងពិភពលោកដ៏ល្អប្រសើរសម្រាប់មនុស្សគ្រប់គ្នា។

សម្រាប់ព័ត៌មានបន្ថែមអំពីយូនីសេហ្វ និងបេសកកម្ម សូមចូលទៅកាន់៖ www.unicef.org

សម្រាប់ព័ត៌មានបន្ថែមអំពីយូនីសេហ្វ សូមចូលទៅកាន់ Twitter, Facebook, Instagram and YouTube