សេចក្តីអំពាវនាវបន្ទាន់សម្រាប់កុមារកម្ពុជា
Click to close the emergency alert banner.

សុខភាព និងអាហារូបត្ថម្ភ

សម្រាប់កុមារគ្រប់រូប សុខភាពល្អ និងអាហារូបត្ថម្ភ

© UNICEF/UNI861590/Hadrien Bonn
UNICEF/UNI861590/Hadrien Bonnaud

ទិដ្ឋភាពទូទៅ

ម្ដាយ ទារកទើបនឹងសម្រាល និងកុមារ​គ្រប់រូបមានសិទ្ធិរស់រានមានជីវិត និងធំលូតលាស់។

ប្រទេសកម្ពុជាសម្រេចបានវឌ្ឍនភាពដ៏ធំសម្បើមនៅក្នុង​វិស័យ​សុខភាពមាតា និងទារក ព្រមទាំងអាហារូបត្ថម្ភ​​​នៅក្នុងរយៈពេលប៉ុន្មានទសវត្សរ៍​កន្លងមកនេះ។ បច្ចុប្បន្ន កុមារកាន់តែច្រើនកំពុងរីករាយជាមួយ​នឹងវ័យកុមារភាព​ដែលកាន់តែសប្បាយរីករាយ និងមានសុខភាពកាន់តែល្អ ព្រមទាំងទទួលបាន​ថ្នាំបង្ការសង្គ្រោះជីវិត ស្របពេលដែល​កុមារកាន់តែតិចទៅ​ដែលបានបាត់បង់ជីវិត​របស់ពួកគេ​ដោយសារ​ជំងឺដែលអាចបង្ការបាន។ ស្រ្តីជាម្ដាយកាន់តែច្រើន​នៅក្នុងតំបន់​ពិបាកទៅដល់​ ទទួលបានសេវាសុខភាពចាំបាច់​នៅក្នុងអំឡុងពេល​មានផ្ទៃពោះ ព្រមទាំង​សម្រាលកូន​នៅក្នុងមូលដ្ឋានថែទាំសុខភាព។ សមិទ្ធផលទាំងនេះ​ផ្ដល់ជាមូលដ្ឋានគ្រឹះរឹងមាំ​ សម្រាប់​ការបន្តមានវឌ្ឍនភាព​នៅក្នុងវិស័យសុខភាព និងសុខុមាលភាព​របស់ស្រ្តី និងកុមារ​នៅក្នុងជំនាន់បន្តបន្ទាប់ខាងមុខ។

  • មរណភាពរបស់កុមារអាយុក្រោម៥ឆ្នាំ​បានធ្លាក់ចុះចំនួន ៧៥ភាគរយ​នៅក្នុងរយៈពេលពីរទសវត្សរ៍កន្លងមក ដោយក្នុងនោះ៖1
  • មរណភាពរបស់ទារកអាយុក្រោម១ឆ្នាំ​ធ្លាក់ចុះពី ៩៥នាក់​មកនៅ ១២នាក់នៅ​​ក្នុងចំណោមកំណើតរស់ ១.០០០នាក់2
  • មរណភាពរបស់ទារកទើបនឹងសម្រាលក្នុងរយៈពេល ២៨ថ្ងៃដំបូង​បានធ្លាក់​ចុះពី ៣៧នាក់​មកនៅត្រឹម​៨នាក់​នៅក្នុងចំណោមកំណើតរស់ ១.០០០នាក់3
  • ហើយភាពក្រិសក្រិន​នៅក្នុងចំណោម​កុមារអាយុ៥ឆ្នាំ​បានធ្លាក់ចុះពី ៥០ភាគរយ​មនៅត្រឹម ២២ភាគរយ។4
  • ៧៦ភាគរយ​នៃកុមារអាយុ ១២-២៤ខែ​បានទទួល​ថ្នាំបង្ការពេញលេញ​ដោយអនុលោមទៅតាម​កម្មវិធីជាតិ​។5
  • កុមារចំនួនកាន់តែតិច​ដែលទទួលរង​ជំងឺឆ្លង ដូចជា ជំងឺរបេង គ្រុនចាញ់ មេរោគអេដស៍ កញ្ជ្រិល ជំងឺឆ្លងផ្លូវដង្ហើមស្រួចស្រាវ និងជំងឺរាគរូស។
  • មេរោគអេដស៍បានធ្លាក់ចុះចំណាត់ថ្នាក់ជាមូលហេតុទូទៅបំផុតនៃការស្លាប់​ ដោយធ្លាក់ចុះពីចំណាត់ថ្នាក់ទីប្រាំពីរនៅឆ្នាំ២០០៩ ​ទៅដល់មានចំណាត់ថ្នាក់ទី១៩ នៅឆ្នាំ២០១៩។6

បញ្ហាប្រឈម

ថ្វីបើមានការកែលម្អនៅក្នុងសេវាសុខភាព និងអាហារូបត្ថម្ភក្ដី ពុំមែនកុមារគ្រប់រូប​ទទួលបាន​ឱកាសធំលូតលាស់​ដោយសុខភាពល្អ និងរឹងមាំឡើយ។ កុមារជាច្រើន​នៅតែពុំទទួលបាន​ថ្នាំបង្ការជាប្រចាំរបស់ពួកគេ និងពុំទទួលបាន​អាហារូបត្ថម្ភគ្រប់គ្រាន់ ជាពិសេស នៅក្នុងរយៈពេលពីរឆ្នាំដំបូង​ដ៏សំខាន់នៃជីវិតរបស់ពួកគេ។ ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមក មានការធ្លាក់ចុះនូវចំនួនទារក​ដែល​ទទួលបានការបំបៅដោះតែមួយមុខ​នៅក្នុងរយៈពេលប្រាំមួយខែដំបូង ដែលមានសារសំខាន់ខ្លាំងចំពោះ​ការរស់រានមានជីវិត និងការអភិវឌ្ឍ។ ស្រ្តីជាម្ដាយចំនួនច្រើនពេកហើយ ដែលនៅតែ​ស្លាប់បាត់បង់ជីវិត​នៅក្នុងអំឡុងពេលមានផ្ទៃពោះ សម្រាលកូន ឬ​ក្រោយពេលសម្រាលកូនភ្លាម ហើយគ្រួសារជាច្រើន​ដែលរស់នៅក្នុងតំបន់ជនបទ ជួបប្រទះនឹងការលំបាក​នៅក្នុងការទៅដល់​មូលដ្ឋានសុខាភិបាល ឬអាចត្រឹមទទួលបានសេវាដែលមានកម្រិតប៉ុណ្ណោះ។

បើទោះជាមនុស្សចំនួនកាន់តែតិច​បាត់បង់ជីវិតរបស់ពួកគេដោយសារមូលហេតុដែលអាចបង្ការបានក្ដី ការផ្លាស់ប្ដូររបៀបរបបរស់នៅ របបអាហារ និងគ្រោះថ្នាក់បរិស្ថាន​ កំពុងរួមចំណែកចំពោះ​ការកើនឡើងនូវជំងឺមិនឆ្លង និងរបួស​ (NCDIs) ដែលជះឥទ្ធិពលទាំងលើកុមារ និងអ្នកថែទាំរបស់ពួកគេ។ មនុស្សកាន់តែច្រើន​ជួបប្រទះនឹងការលំបាក​ជាមួយនឹងជំងឺ​ទឹកនោមផ្អែម និង​ជំងឺបេះដូង ដោយជំងឺភាគច្រើន​ចាប់ផ្ដើមឡើងនៅវ័យ​កុមារភាព ហើយពួកគេកំពុង​ជក់បារី និងប្រើប្រាស់គ្រឿងញៀន ព្រមទាំង​ជួបប្រទះនឹងបញ្ហាប្រឈមពាក់ព័ន្ធនឹងសុខភាពផ្លូវចិត្ត ដូចជា ការធ្លាក់ទឹកចិត្ត និងថប់បារម្ភ។ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក និង​ការលង់ទឹកស្ថិតនៅក្នុងចំណោម​មូលហេតុកំពូលៗ​នៃ​ការស្លាប់របស់​កុមារអាយុលើ ៥ឆ្នាំ។

ខុសគ្នាពីមនុស្សធំ កុមារពុំអាច​គ្រប់គ្រងបរិស្ថានរស់នៅរបស់ពួកគេបានឡើយ។ ដូចគ្នានឹងកុមាររាប់លាននាក់​នៅជុំវិញពិភពលោកនេះដែរ កុមារកម្ពុជា​មានភាពងាយរងគ្រោះខ្លាំង​ និងរងផលប៉ះពាល់ពី​ការគំរាមកំហែងដែលកំពុងលេចឡើងពីបរិស្ថាន និងអាកាសធាតុ ដូចជា ភាពតានតឹងក្នុងចិត្តដោយសារកម្ដៅ ការពុលជាមួយនឹងលោហៈ​ពុល និងការបំពុលខ្យល់ ដែលគំរាមកំហែង​ចំពោះ​សមិទ្ធផលដែលពិបាកសម្រេចបាន​ពាក់ព័ន្ធនឹង​ការរស់រានមានជីវិត សុខភាព និងសុខុមាលភាពរបស់កុមារ និងយុវវ័យ។

  • មរណភាពរបស់មាតា​បានធ្លាក់ចុះបន្តិចបន្តួចប៉ុណ្ណោះ​នៅរវាងឆ្នាំ២០១៤ និងឆ្នាំ២០២១ (ពី១៧០នាក់​មកនៅ ១៥៤នាក់ក្នុងចំណោម​កំណើតរស់ ១០០.០០០នាក់)។7
  • ២២ភាគរយនៃកុមារអាយុក្រោម​៥ឆ្នាំ មានភាពក្រិសក្រិន ដែលជាការធ្លាក់ចុះគួរឱ្យកត់សម្គាល់​ចាប់តាំងពីឆ្នាំ២០១៤ មក ប៉ុន្តែ​ភាពស្គមស្គាំង​នៅក្នុងវ័យកុមារភាព​នៅតែពុំមានការប្រែប្រួល​នៅក្នុងកម្រិត ៩,៦ភាគរយ​។8
  • ភាពលើសទម្ងន់នៅវ័យកុមារភាព​បានកើនឡើងទ្វេដងពី ២ភាគរយ​ទៅ៤ភាគរយ​នៅរវាងឆ្នាំ២០១៤ និងឆ្នាំ២០២១។9
  • ភាគរយនៃ​កុមារ “ដែលពុំទទួលបានថ្នាំបង្ការ” នៅកម្ពុជា​បានកើនឡើងពី ៦ភាគរយទៅ ៨ភាគរយ​នៅរវាងឆ្នាំ២០១៤ និងឆ្នាំ២០២១។10
  • មរណភាពរបស់កុមារជិតម្នាក់​ក្នុងចំណោមមរណភាពរបស់កុមារអាយុក្រោម៥ឆ្នាំចំនួន៥នាក់​ បង្កពី​ការបំពុលខ្យល់នៅក្នុង និងក្រៅអគារ/ផ្ទះ។11
  • កុមារអាយុ០-៩ឆ្នាំនៅកម្ពុជាចំនួនប្រហែលពាក់កណ្ដាលត្រូវបានប៉ាន់ស្មានថា​ មានកំណើនកម្រិតសារធាតុសំណ​​នៅក្នុងឈាម (លើសពី ៥ µg/dL) ជាកម្រិតមួយដែលនាំឱ្យមាន​ការធ្លាក់ចុះនូវប្រាជ្ញារបស់កុមារ ការលំបាកពាក់ព័ន្ធនឹងអាកប្បកិរិយា និងបញ្ហាការរៀនសូត្រ។12
  • ការបំបៅដោះម្ដាយតែមួយមុខនៅក្នុងចំណោមកុមារអាយុ ០-៥ខែ​បានធ្លាក់ចុះពី ៦៥ភាគរយ​នៅឆ្នាំ២០១៤ មកនៅត្រឹម ៥១ភាគរយ​នៅឆ្នាំ២០២១។13
  • កុមារអាយុ៦-២៤ខែ​ចំនួនពាក់កណ្ដាលប៉ុណ្ណោះ ដែលទទួលបាន​អាហារបន្ថែមដែលសមស្របទៅតាមអាយុ និងជាអាហារដែលមានភាពចម្រុះគ្នា។14

ដំណោះស្រាយ

កម្មវិធីសុខភាព និងអាហារូបត្ថម្ភរបស់យូនីសេហ្វប្រចាំកម្ពុជាសម្រាប់ឆ្នាំ២០២៤-២០២៨ ធ្វើការងារឆ្ពោះទៅរក​ការបំពេញ​សិទ្ធិកុមារគ្រប់រូប​ក្នុងការទទួលបាន​សុខភាព និងអាហារូបត្ថម្ភល្អ ដូចមានចែងនៅក្នុងអនុសញ្ញា​អង្គការសហប្រជាជាតិ​ស្ដីពី​សិទ្ធិកុមារ (UNCRC) និងការសម្រេចបាន​គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព​ (SDGs) នៅត្រឹមឆ្នាំ២០៣០។

យូនីសេហ្វធ្វើការងារជាមួយ​រាជរដ្ឋាភិបាលកម្ពុជា និងដៃគូនានា ដើម្បីពង្រឹង​ប្រព័ន្ធថែទាំសុខភាពបឋម​នៅកម្ពុជា សំដៅធ្វើ​ឱ្យប្រព័ន្ធនេះអាច​ឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះបញ្ហាប្រឈមសុខភាពបច្ចុប្បន្ន និងកំពុងលេចឡើង ដោយ​ធានាថា ទារកទើបនឹងសម្រាល កុមារ យុវវ័យ ស្រ្តី និងអ្នកថែទាំគ្រប់រូប ជាពិសេស អ្នកទាំងឡាយ ដែលស្ថិតនៅក្នុងស្ថានភាពលំបាក អាចទទួលបាន​សុខភាព និងអាហារូបត្ថម្ភកាន់តែល្អប្រសើរ ព្រមទាំងរស់នៅក្នុងបរិស្ថាន​ដែលកាន់តែមានសុវត្ថិភាព។

កសាងបរិស្ថានមួយ ដែលអាចធ្វើឱ្យមាន​សុខភាព និងអាហារូបត្ថម្ភល្អ

ការកែលម្អ​ប្រព័ន្ធសុខាភិបាល គឺជាវិធីមួយ​ក្នុងចំណោមវិធីដែលមានប្រសិទ្ធភាពបំផុត​​ក្នុងការធ្វើបរិវត្តកម្ម​ជីវិតរបស់កុមារ និងធ្វើឱ្យ​មានការផ្លាស់ប្ដូរដ៏ធំ​ចំពោះ​សុខភាពរបស់កុមារគ្រប់រូប​នៅក្នុងពេលជាមួយគ្នា។ យើងចូលរួម​ជាលក្ខណៈយុទ្ធសាស្រ្តជាមួយរដ្ឋាភិបាល​ដើម្បីពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង់ ដោយធានាថា មាន​បរិក្ខារផ្គត់ផ្គង់​សុខភាព និងអាហារូបត្ថម្ភសង្គ្រោះជីវិត ព្រមទាំងកែលម្អ​ការទទួលបាន​របបអាហារ សេវា និងការអនុវត្តដ៏ល្អបំផុត រួមទាំង​ការព្យាបាលសង្គ្រោះជីវិត​​កុមារដែលមានភាពស្គមស្គាំងស្រួចស្រាវធ្ងន់ធ្ងរ។ យើងចូលរួមជាមួយវិស័យឯកជន ដើម្បីស្វែងរកមតិគាំទ្រ​ចំពោះ​ផលិតផល និងការអនុវត្តធុរកិច្ច​ ដែលគាំទ្រដល់អាហារូបត្ថម្ភដ៏ល្អបំផុត។ យើងជួយអាជ្ញាធរមូលដ្ឋាន និងអាជ្ញាធរជាតិ​ក្នុងការប្រមូលភស្តុតាង និងប្រើប្រាស់​ព័ត៌មានប្រកបដោយប្រសិទ្ធភាព ជាពិសេស នៅក្នុងវិស័យដែលកំពុងលេចឡើង ដូចជា ជំងឺមិនឆ្លង និងរបួស ការប្រែប្រួលអាកាសធាតុ សុខភាពបរិ​ស្ថាន ព្រមទាំងសុខភាពផ្លូវចិត្ត​របស់កុមារ និងយុវវ័យ សម្រាប់ការរៀបចំ​ច្បាប់ គោលនយោបាយ យុទ្ធសាស្រ្ត បទដ្ឋានជាតិ និងគោលការណ៍ណែនាំដែលយកចិត្តទុកដាក់ចំពោះ​កុមារជាចម្បង។

ផ្ដល់ភាពអង់អាចជូនសហគមន៍ និងបង្កើតសេចក្ដីត្រូវការសុខភាព

ការចូលរួមជាមួយនឹង​វេទិកានានាដែលមានស្រាប់នៅក្នុងសហគមន៍​ធានាថា សុខភាព និងអាហារូបត្ថម្ភល្អ​អាចទៅដល់​ប្រជាជនដែលរស់នៅក្នុងតំបន់ពិបាកទៅដល់។ សេវាផ្សព្វផ្សាយ​នៅក្នុងសហគមន៍លើកកម្ពស់​ការអនុវត្តចាំបាច់នានា ដូចជា ការបំបៅដោះតែមួយមុខ និងការចិញ្ចឹមបីបាច់ថែទាំ ព្រមទាំង​គូសបញ្ជាក់អំពី​សារសំខាន់​នៃ​ពិគ្រោះយោបល់ជាមួយ​អ្នកប្រតិបត្តិការងារសុខភាពដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់។ ការផ្សព្វផ្សាយអំពីសុខភាពជាប្រចាំ​នៅក្នុងសហគមន៍ដែលពិបាកទៅដល់ ​ក៏ផ្ដល់ជូនប្រជាជន និងកុមារងាយរងគ្រោះបំផុតនូវ​លទ្ធភាពទទួលបានសេវាថែទាំសុខភាព​បឋមដ៏សំខាន់បំផុតផងដែរ ដូចជា ការផ្ដល់ថ្នាំបង្ការជាប្រចាំ ការពិនិត្យតាមដាន​ និងការលើកកម្ពស់ការធំលូតលាស់របស់កុមារ ព្រមទាំងការព្យាបាល​ភាពស្គមស្គាំង​ស្រួចស្រាវធ្ងន់ធ្ងរ ដោយធានាថា ពួកគេ​ទទួលបាន​កិច្ចការពារ​ពី​ជំងឺដែលអាចបង្ការបាន។ អ្នកស្ម័គ្រចិត្តសុខភាពប្រកបដោយការលះបង់​នៅក្នុងសហគមន៍​ដើរតួនាទីសំខាន់​នៅក្នុងការលើកកម្ពស់​អាកប្បកិរិយាស្វែងរកសុខភាពបែបវិជ្ជមាន។

ការធ្វើឱ្យសុខភាព និងអាហារូបត្ថម្ភមានភាពឆ្លាតខាងអាកាសធាតុ

កុមារ​នៅកម្ពុជាងាយរងផលប៉ះពាល់សុខភាពពីការប្រែប្រួលអាកាសធាតុ និងគ្រោះថ្នាក់បរិស្ថាន ដោយមានការរកឃើញ​សារធាតុពុលដ៏គ្រោះថ្នាក់​នៅក្នុងខ្យល់ដែលពួកគេដកដង្ហើម នៅក្នុងអាហារដែលពួកគេទទួលទាន និងសូម្បីតែនៅក្នុងរបស់របរលេងដែលពួកគេលេងផងដែរ។ កម្ពុជាស្ថិតនៅក្នុងចំណោមប្រទេសនានា​នៅតំបន់អាស៊ីអាគ្នេយ៍ ដែលមានចំណាត់ថ្នាក់ខ្ពស់បំផុត​ពាក់ព័ន្ធនឹង​ការបំពុលនៅជុំវិញខ្លួន ការបំពុលក្នុងអគារ/ផ្ទះ និងការប៉ះពាល់នឹងសារធាតុសំណ។ យូនីសេហ្វ​កំពុង​ដឹកនាំគំនិតផ្ដួចផ្ដើមនានា ដើម្បី​កែលម្អសេវាសុខភាពសម្រាប់​កុមារ និងកាត់បន្ថយ​ហានិភ័យសុខភាពពីបរិស្ថាន។ កិច្ចខិតខំ​ប្រឹងប្រែងនានា​ រួមមាន ​ការពង្រឹង​មូលដ្ឋានសុខាភិបាលជាមួយនឹង​ការបំពុលទាប ហេដ្ឋារចនាសម្ព័ន្ធប្រកបដោយផាសុកវត្ថុ និងភាពធន់នឹង​អាកាសធាតុ ទំនើបកម្មបរិក្ខារវេជ្ជសាស្រ្ត និងបរិក្ខារ WASH ព្រមទាំងការផ្ដល់​ការបណ្ដុះបណ្ដាលចាំបាច់​ជូនដល់បុគ្គលិកសុខាភិបាល ដើម្បីជួយពួកគេឆ្លើយតបចំពោះការគំរាមកំហែងសុខភាពពីបរិស្ថាន។

យូនីសេហ្វធ្វើការងារយ៉ាងសកម្មដើម្បី​ស្វែងរកមតិគាំទ្រចំពោះគោលនយោបាយ និងលិខិតបទដ្ឋានគតិយុត្ត ដែលលើកទឹកចិត្តកុមារ យុវជន និង​សហគមន៍របស់ពួកគេឱ្យប្រើប្រាស់ចំណីអាហារ​មិនប៉ះពាល់ដល់បរិស្ថាន ធន់នឹងអាកាសធាតុ និងសម្បូរជីវជាតិ ព្រមទាំង​កាត់បន្ថយការទទួលបានចំណី​អាហារដែលពុំមានសុខភាពល្អ អាចមានគ្រោះថ្នាក់ ឬអាហារកែច្នៃដែលមានការបំពុល។ យុទ្ធនាការកែលម្អចំណីអាហាររបស់ខ្ញុំ  ដែលជាចលនាមួយដឹកនាំដោយយុវជន កំពុងបោះជំហានគួរឱ្យកត់សម្គាល់​នៅក្នុងការស្វែងរកមតិគាំទ្រចំពោះបរិស្ថានចំណីអាហារដែលមានសុខភាពកាន់តែល្អ និង​បានបង្កការចូលរួម​យុវជនរាប់សែននាក់នៅតាមប្រព័ន្ធអនឡញ​ដោយជោគ​ជ័យ​។


  1. ក្រុមការងារអន្តរទីភ្នាក់ងារសហប្រជាជាតិសម្រាប់​ការប៉ាន់ស្មានអំពីមរណភាព (UN IGME)
  2. CDHS, ២០២១-២០២២
  3. CDHS, ២០២១-២០២២
  4. CDHS, ២០២១-២០២២
  5. CDHS, ២០២១-២០២២
  6. បន្ទុកជំងឺសកល (GBD) នៃវិទ្យាស្ថាន​ម៉ាទ្រិចសុខភាព និងការវាយតម្លៃ (IHME)
  7. CDHS, ២០២១-២០២២
  8. CDHS, ២០២១-២០២២
  9. CDHS, ២០២១-២០២២
  10. កុមារ “ដែលពុំទទួលបានថ្នាំបង្ការ” សំដៅទៅដល់កុមារ ដែលពុំទទួលបាន​ដូសដំបូងនៃ​ថ្នាំបង្ការរោគខាន់ស្លាក់ តេតាណូស​ និងក្អកមាន់ (DPT)
  11. CDHS, ២០២១-២០២២
  12. UNICEF & Pure Earth. (2020). The toxic truth: Children's exposure to lead pollution undermines a generation of future potential. UNICEF. Retrieved from https://www.unicef.org/reports/toxic-truth-childrens-exposure-to-lead-pollution-2020.Note: If recent national surveys on blood lead levels are available but not yet included in IHME estimates, UNICEF and Pure Earth recommend prioritizing national data. More details can be found at lead.pollution.org
  13. CDHS, ២០២១-២០២២
  14. CDHS, ២០២១-២០២២