អ្នកតស៊ូមតិវ័យក្មេង ៖ «កុមារីគឺជាសិស្ស មិនមែនជាកូនក្រមុំទេ»
មកស្គាល់អ្នកតស៊ូមតិវ័យក្មេងដែលចង់បញ្ចប់ការរៀបអាពាហ៍ពិពាហ៍វ័យកុមារនៅក្នុងខេត្តរតនគិរី។ ដោយទទួលបានការគាំទ្រពីយូនីសេហ្វ ពួកគេកំពុងបង្រៀនកុមារតាំងពីតូចថា ការអប់រំគឺជាកូនសោឆ្ពោះទៅកាន់អនាគតដ៏ប្រសើរ។
- English
- Khmer
ខេត្តរតនគិរី ថ្ងៃទី ២១ ខែ មករា ឆ្នាំ ២០២៦ ៖ សុទិន ដែលមានវ័យ ១២ ឆ្នាំ បាននិយាយថា «ដោយសារយើងនៅក្មេង យើងមិនគួររៀបការទេ។ យើងត្រូវខិតខំរៀនសូត្រ»។
នៅសាលាបឋមសិក្សាមួយក្នុងខេត្តរតនគិរី សិស្សថ្នាក់ទី៦ កំពុងរៀនសូត្រអំពីហានិភ័យនៃការរៀបអាពាហ៍ពិពាហ៍វ័យក្មេង។
«យើងមិនគួររៀបការទាំងវ័យក្មេងទេ ព្រោះនៅពេលយើងមានកូន យើងមិនចេះមើលថែទាំកូនទេ» នេះជាការលើកឡើងរបស់កុមារ ចនរតនជ័យ អាយុ ១១ ឆ្នាំដែលជាមិត្តរួមថ្នាក់ បន្ទាប់ពីចេញពីរៀន។ «យើងមិនចេះធ្វើស្រែចម្ការ មិនចេះថែទាំសុខភាព ឬរកប្រាក់ចំណូលមកផ្គត់ផ្គង់គ្រួសារនោះទេ»។
សម្រាប់កុមារទាំងនេះ វាមិនពិបាកក្នុងការស្រមៃថា ការរៀបអាពាហ៍ពិពាហ៍វ័យក្មេងប៉ះពាល់យ៉ាងណាដល់កុមារីនៅក្នុងសហគមន៍របស់ពួកគេនោះទេ ព្រោះពួកគេបានឃើញផ្ទាល់ភ្នែកជារៀងរាល់ថ្ងៃ។ ខេត្តរតនគិរីមានអត្រានៃការរៀបអាពាហ៍ពិពាហ៍វ័យកុមារខ្ពស់ជាងគេនៅក្នុងប្រទេស ដោយជិតពាក់កណ្តាលនៃស្ត្រីវ័យ ២០ ដល់ ២៤ ឆ្នាំ បានរៀបការមុនពេលពួកគេមានអាយុ ១៨ ឆ្នាំ1។
បងប្អូនជីដូនមួយរបស់កុមារី ម៉ារ៉ានី អាយុ ១២ ឆ្នាំ បានរៀបការនៅអាយុ ១៥ ឆ្នាំ បោះបង់ការសិក្សា ហើយបន្តិចក្រោយមកក៏មានកូន។
កុមារីបាននិយាយថា៖ «វាពិតជាលំបាកខ្លាំងណាស់សម្រាប់គាត់។ គាត់មិនចេះរកប្រាក់ចំណូលទេ គាត់ធ្វើស្រែចម្ការរាល់ថ្ងៃ ប៉ុន្តែមិនសូវទទួលបានចំណូលប៉ុន្មានឡើយ។ នៅពេលខ្ញុំឃើញគេរៀបការ វាធ្វើឱ្យខ្ញុំចង់បន្តការសិក្សា ហើយខ្ញុំមិនចង់ជួបរឿងបែបនេះទេ»។
ស្ថិតក្នុងវ័យ ២៥ ឆ្នាំ កញ្ញា រុន ចាន់ធូ ដែលដឹកនាំថ្នាក់រៀននាថ្ងៃនេះបានលើកឡើងថា រឿងរ៉ាវបែបនេះកើតមានឡើងនៅគ្រប់ទីកន្លែងក្នុងចំណោមសហគមន៍ជនជាតិដើមភាគតិចក្នុងខេត្តរតនគិរី។ កុមារីជាច្រើនមើលឃើញថាការបោះបង់ការសិក្សា និងការរៀបការគឺជាវិធីកាត់បន្ថយបន្ទុកហិរញ្ញវត្ថុរបស់ឪពុកម្តាយ។ ប៉ុន្តែការពិតជាក់ស្តែង វាអាចដាក់អន្ទាក់ពួកគេឱ្យធ្លាក់ចូលទៅក្នុងភាពក្រីក្រទៅវិញ ហើយធ្វើឱ្យពួកគេមានឱកាសដែលមានកម្រិតក្នុងការរកប្រាក់ចំណូល និងកែលម្អជីវភាពគ្រួសារ។
កញ្ញា ចាន់ធូ បានចំណាយពេលប៉ុន្មានខែចុងក្រោយនេះ នៅតាមសាលារៀន និងភូមិនានាទូទាំងខេត្ត ដើម្បីផ្តល់ឱ្យកុមារីនូវជម្រើសអនាគតថ្មីមួយទៀត។
កញ្ញាមានប្រសាសន៍ថា «ខ្ញុំចង់ឱ្យកុមារយល់ដឹងពីផលប៉ះពាល់ និងបញ្ហានានាដែលកើតឡើងនៅពេលពួកគេរៀបការទាំងវ័យក្មេង។ សម្រាប់រូបខ្ញុំផ្ទាល់ ខ្ញុំមិនចង់ឃើញពួកគេមានការស្តាយក្រោយនៅពេលអនាគតនោះទេ»។
កញ្ញា ចាន់ធូ គឺជាប្រធានក្រុមតំណាងយុវវ័យ និងយុវជន (AYRG) ប្រចាំខេត្តរតនគិរី ដែលជាបណ្តាញយុវជនថ្នាក់ជាតិមួយទទួលបានការគាំទ្រពីយូនីសេហ្វ ក្នុងការលើកកម្ពស់យុវជនឱ្យក្លាយជាអ្នកតស៊ូមតិដើម្បីសិទ្ធិរបស់ពួកគេ។ ដោយទទួលបានការគាំទ្រពីក្រសួងការបរទេស និងពាណិជ្ជកម្មនៃរដ្ឋាភិបាលអូស្ត្រាលី (DFAT) យូនីសេហ្វកំពុងធ្វើការងារជាមួយគណៈកម្មាធិការដើម្បីសិទ្ធិកុមារកម្ពុជា (CRC-Cambodia) ដើម្បីពង្រឹងសមត្ថភាពសមាជិក AYRG ឱ្យដឹកនាំការតស៊ូមតិប្រឆាំងនឹងការរៀបអាពាហ៍ពិពាហ៍វ័យកុមារនៅក្នុងសហគមន៍របស់ពួកគេ តាមរយៈការចុះផ្ទាល់នៅតាមសាលារៀន ការចុះផ្សព្វផ្សាយតាមភូមិជាក្រុម និងការចុះតាមផ្ទះ។ នៅក្នុងខេត្តមណ្ឌលគិរី និងខេត្តរតនគិរី សមាជិក AYRG ជាង ២៣០ នាក់ ត្រូវបានបណ្តុះបណ្តាលអំពីការតស៊ូមតិប្រឆាំងនឹងការរៀបអាពាហ៍ពិពាហ៍វ័យកុមារ រហូតមកទល់ពេលនេះ តាមរយៈ CRC-Cambodia។
ក្នុងម៉ោងផ្សព្វផ្សាយ កញ្ញា ចាន់ធូ បានពន្យល់ថា ការរៀបអាពាហ៍ពិពាហ៍ទាំងវ័យក្មេងបានឆក់យកសិទ្ធិរបស់កុមារីក្នុងការធ្វើសម្រេចចិត្តលើជីវិតរបស់ខ្លួនឯង ហើយកុមារីប្រឈមនឹងហានិភ័យខ្ពស់នៃហិង្សាក្នុងគ្រួសារ និងផលវិបាកសុខភាពបណ្តាលមកពីការមានផ្ទៃពោះទាំងវ័យក្មេង ព្រមទាំងការបោះបង់ការសិក្សាដែលធ្វើឱ្យពួកគេបាត់បង់ទំនាក់ទំនងពីមិត្តភក្តិ និងសហគមន៍ ហើយកាត់បន្ថយជម្រើសសម្រាប់អនាគតរបស់ពួកគេ។ សាររបស់កញ្ញាគឺសំដៅលើមនុស្សគ្រប់រូប ៖ កុមារី កុមារា យុវជន អាណាព្យាបាលកុមារ និងអ្នកភូមិទាំងអស់ ប៉ុន្តែម៉ោងផ្សព្វផ្សាយនៅតាមសាលារៀន ត្រូវបានកញ្ញាបញ្ជាក់ថាជាកូនសោសំខាន់ក្នុងការផ្លាស់ប្តូរការគិតតាំងពីតូច។
កញ្ញាបាននិយាយថា៖ «តាមការសង្កេតរបស់ខ្ញុំ កុមារតូចៗនៅសាលារៀនមានការយកចិត្តទុកដាក់ និងផ្ចង់ចិត្តស្តាប់បានល្អជាង។ នៅក្នុងសហគមន៍ នៅពេលយើងនិយាយចប់ មេរៀនសម្រាប់ពួកគេក៏បញ្ចប់ដែរ។ យើងអាចត្រឹមតែផ្សព្វផ្សាយឱ្យពួកគេបានដឹង ប៉ុន្តែយើងមិនអាចផ្លាស់ប្តូរចិត្តរបស់ពួកគេបានដោយងាយនោះទេ»។
អត្រានៃការរៀបអាពាហ៍ពិពាហ៍វ័យកុមារនៅក្នុងប្រទេសកម្ពុជា បានថយចុះបន្តិចបន្តួចប៉ុណ្ណោះក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយនេះ ដោយបានកាត់បន្ថយពី ២៥ ភាគរយ ក្នុងឆ្នាំ២០០០ មកត្រឹម ១៨ ភាគរយ ក្នុងឆ្នាំ២០២២។ នៅក្នុងខេត្តមួយចំនួនដែលមានប្រជាជនជនជាតិដើមភាគតិចរស់នៅច្រើន រួមមានខេត្តរតនគិរី (៤៨%) ស្ទឹងត្រែង (៤១%) មណ្ឌលគិរី (៣៣%) និងព្រះវិហារ (៣៣%) ទម្លាប់នៃការរៀបការទាំងវ័យក្មេងនេះនៅតែមានវិសាលភាពទូលំទូលាយនៅឡើយ1។
ប៉ុន្តែ ខណៈពេលដែលមូលហេតុវប្បធម៌មួយចំនួនដែលនៅពីក្រោយការរៀបអាពាហ៍ពិពាហ៍វ័យកុមារមិនទាន់បានផ្លាស់ប្តូរ កញ្ញា ចាន់ធូ បានលើកឡើងថា ហានិភ័យដែលកុមារកំពុងប្រឈមមុខកំពុងមានការប្រែប្រួល។ ទោះបីជានៅក្នុងតំបន់ជនបទដាច់ស្រយាលនៃប្រទេសកម្ពុជានេះក្តី យុវជនមានការតភ្ជាប់បណ្តាញអ៊ីនធឺណិតច្រើនជាងពេលណាៗទាំងអស់ ហើយកុមារីជាច្រើនបានជួបស្វាមីនាអនាគតរបស់ពួកគេតាមរយៈកម្មវិធីបណ្តាញសង្គម ដូចជា Facebook ជាដើម។ កញ្ញា ចាន់ធូ មានការព្រួយបារម្ភថា និន្នាការថ្មីនេះអាចបង្កើតឱ្យមានឱកាសថ្មីសម្រាប់ការល្បួងលួងលោម និងការកេងប្រវ័ញ្ច ដែលធ្វើឱ្យការចុះអប់រំកុមារឱ្យបានលឿន និងជួយពួកគេឱ្យមើលឃើញពីគ្រោះថ្នាក់ កាន់តែមានសារៈសំខាន់ខ្លាំងឡើង។
កញ្ញាបានរៀបរាប់ថា៖ «កុមារីត្រឹមតែថ្នាក់ទី៣ ឬទី៤ ដែលមានអាយុ ១២ ឬ ១៣ ឆ្នាំ បានណាត់ជួបជាមួយបុរសអាយុ ២០ ជាងមកពីខេត្តផ្សេងឱ្យមកស្នាក់នៅជាមួយពួកគេ។ ឪពុកម្តាយមិននៅផ្ទះទេ ព្រោះពួកគេទៅធ្វើចម្ការកៅស៊ូនៅឯក្នុងព្រៃ។ រឿងនេះបានកើតឡើងចំពោះគូស្នេហ៍បីឬបួនគូរួចមកហើយ។ ហើយពួកគេមិនមែននៅក្នុងភូមិជាមួយគ្នានោះទេ។ ជួនកាល បុរសទាំងនោះថែមទាំងមិនមែនជាក្រុមជនជាតិដើមភាគតិចដូចគ្នាផង»។
កញ្ញាដឹងយ៉ាងច្បាស់ថា ការផ្លាស់ប្តូរឥរិយាបថ និងទម្លាប់ដែលបានចាក់ឫសយ៉ាងជ្រៅ នឹងមិនអាចកើតឡើងក្នុងរយៈពេលមួយយប់នោះទេ ប៉ុន្តែកញ្ញាជឿជាក់ថា សារអប់រំប្រកបដោយនិរន្តរភាព ដែលផ្ញើចេញដោយយុវជនដែលយល់ដឹងពីសហគមន៍របស់ពួកគេ អាចផ្លាស់ប្តូរការរំពឹងទុកជាបណ្តើរៗអំពីអ្វីដែលជាអនាគតរបស់កុមារី។
«ទោះបីជាយើងបានចុះផ្សព្វផ្សាយអប់រំបែបនេះក៏ដោយ ក៏បញ្ហានេះនៅតែបន្តកើតមាន។ ការរៀបការទាំងវ័យក្មេងនៅតែបន្តកើតមានឡើង» នេះជាការលើកឡើងរបស់ យុវតី សឿម អាយុ ១៧ ឆ្នាំ ដែលជាសមាជិក AYRG មកពីសហគមន៍ជនជាតិដើមភាគតិចគ្រឹងនៅក្បែរនោះ ដែលសង្ឃឹមថានឹងដើរតាមគំរូរបស់កញ្ញា ចាន់ធូ។ «នោះហើយជាមូលហេតុដែលខ្ញុំចង់ធ្វើការជាមួយ AYRG ដើម្បីទទួលបានការគាំទ្របន្ថែមទៀតក្នុងការជួយផ្សព្វផ្សាយសារនេះឱ្យកាន់តែទូលំទូលាយបន្ថែមទៀត»។
ដូចគ្នានឹងកញ្ញា ចាន់ធូ ដែរ យុវតី សឿម បានជ្រើសរើសផ្លូវជីវិតផ្សេងសម្រាប់ខ្លួនឯង។ នាងគ្មានផែនការបោះបង់ការសិក្សានោះទេ ទោះបីជាមានជីវភាពគ្រួសារមានការលំបាកយ៉ាងណាក៏ដោយ និងដោយសារការទទួលបានអាហារូបករណ៍ ការខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្ត នាងជិតបញ្ចប់ការសិក្សានៅវិទ្យាល័យមួយក្បែរក្រុងរតនគិរី ដែលមានចម្ងាយប្រហែលមួយម៉ោងពីភូមិរបស់នាង។
នាងបាននិយាយថា៖ «និយាយតាមត្រង់ គ្រួសាររបស់ខ្ញុំមិនសូវមានជីវភាពធូរធារនោះទេ ប៉ុន្តែខ្ញុំពិតជាមិនចង់បោះបង់ការសិក្សាឡើយ។ ទាំងឪពុក និងម្តាយរបស់ខ្ញុំសុទ្ធតែមិនចេះអក្សរ។ ពួកគាត់តែងតែជំរុញ និងលើកទឹកចិត្តខ្ញុំឱ្យខិតខំរៀនសូត្រ។ ពួកគាត់ដឹងថា ប្រសិនបើគ្មានការអប់រំទេ វាពិតជាលំបាកខ្លាំងណាស់ក្នុងការស្វែងរកការងារធ្វើ។ ពួកគាត់បាននិយាយថា ប្រសិនបើមាននរណាម្នាក់ស្រឡាញ់ខ្ញុំយ៉ាងពិតប្រាកដ គេត្រូវតែរង់ចាំ»។
ឥឡូវនេះ នាងចង់ជួយអ្នកដទៃឱ្យធ្វើការជ្រើសរើសដូចរូបនាងដែរ។ នាពេលអនាគត នាងសង្ឃឹមថានឹងឃើញឪពុកម្តាយកាន់តែច្រើនលើកទឹកចិត្តកូនៗរបស់ពួកគេឱ្យបន្តការសិក្សា ដូចដែលឪពុកម្តាយរបស់នាងបានធ្វើដែរ។
នាងបានបន្ថែមថា៖ «ខ្ញុំចង់អប់រំឪពុកម្តាយ។ ខ្ញុំចង់ឱ្យពួកគាត់ណែនាំតម្រង់ទិសកូនៗរបស់ពួកគាត់តាំងពីវ័យក្មេងមកម្ល៉េះ»។
នាងបានលើកឡើងថា ការផ្លាស់ប្តូរគឺអាចទៅរួច។ នាងមិនបានស្រមៃតូចតាចនោះទេ មិនថាសម្រាប់ខ្លួនឯង ឬសម្រាប់សហគមន៍របស់នាងឡើយ។
នាងបាននិយាយថា៖ «ខ្ញុំចង់ក្លាយជាមេឃុំ»។ របៀបវារៈដំបូងរបស់នាងគឺ៖ «ខ្ញុំនឹងដោះស្រាយបញ្ហាអាពាហ៍ពិពាហ៍វ័យកុមារ។ ខ្ញុំចង់លុបបំបាត់ការរៀបអាពាហ៍ពិពាហ៍វ័យកុមារឱ្យអស់ទាំងស្រុងចេញពីសហគមន៍ទាំងមូល»។
1 ការអង្កេតប្រជាសាស្ត្រ និងសុខភាពនៅកម្ពុជា (CDHS) ឆ្នាំ២០២១–២០២២