សូមនិយាយអំពីការបំពុលខ្យល់
ដឹងអំពីការពិតអំពីការបំពុលខ្យល់

- Available in:
- English
- Khmer
តើអ្នកចាប់អារម្មណ៍ចំពោះទង្វើតូចៗដែលនាំឲ្យយើងមានរបៀបរស់នៅប្រកបដោយសុខភាពល្អជាងមុនដែរឬទេ? សូមអានកម្រងកម្មវិធី ហាយហ្វាយ សម្រាប់សុខភាព របស់យើង ដើម្បីភ្ជាប់ទំនាក់ទំនងជាមួយយុវជនដទៃទៀត ទទួលបានគន្លឹះពីអ្នកជំនាញ ចូលរួមនៅក្នុងកិច្ចពិភាក្សា និងចូលរួមឆ្លើយតបនឹងបញ្ហាប្រឈម!
ក្នុងខែនេះ សូមនិយាយអំពីការបំពុលខ្យល់។ អ្នកក៏អាចទាញយកឯកសារទាំងនេះជា pdf ដើម្បីអាននៅពេលគ្មានអ៊ីនធឺណិត និងចែករំលែកវាជាមួយមិត្តភក្តិរបស់អ្នកផងដែរ៖air_pollution_unicef.pdf
ជីវិតពិត និយាយពិត
ជួបជាមួយយុវជន Tuguldur អាយុ ១៧ឆ្នាំ ដែលធ្វើការងារដោយគ្មាននឿយហត់ ដើម្បីប្រយុទ្ធប្រឆាំងនឹងបញ្ហាបំពុលខ្យល់នៅប្រទេសម៉ុងហ្គោលី ដែលជាប្រទេសកំណើតរបស់គាត់។
តើអ្នកចង់សិក្សាបន្ថែមអំពីការបំពុលខ្យល់នៅប្រទេសម៉ុងហ្គោលីដែរឬទេ? សូមអានតែងសេចក្ដីទាំងនេះរបស់យុវជន។
ដឹងអំពីការពិត

១. ហេតុអ្វីបានជាខ្យល់នៅជុំវិញខ្ញុំមានសារសំខាន់?
ខ្យល់គឺយើងមើលមិនឃើញ ប៉ុន្តែវានៅជុំវិញខ្លួនយើង! ខ្យល់ គឺជាឧស្ម័នចម្រុះគ្នា ភាគច្រើនគឺអុកស៊ីសែន និងនីត្រូហ្សែន ដែលរុក្ខជាតិ សត្វ និងមនុស្ស ត្រូវការ ដើម្បីរស់រានមានជីវិត។

២. តើការបំពុលខ្យល់កើតមកពីណា?
ការបំពុលខ្យល់កើតឡើងនៅពេលសារធាតុប្រកបដោយគ្រោះថ្នាក់ (សារធាតុពុល) ត្រូវបានបញ្ចេញទៅក្នុងខ្យល់នៅក្នុង ឬនៅក្រៅផ្ទះរបស់យើង។ ការបំពុលខ្យល់អាចបំផ្លាញរាងកាយរបស់យើង និងថែមទាំងបង្កើនឱកាសកាន់តែច្រើន ឲ្យយើងមានជំងឺមួយចំនួនផងដែរ។
ការបំពុលខ្យល់អាចកើតឡើងពីប្រភពធម្មជាតិ ដូចជាភ្លើងឆេះព្រៃ ធូលី និងបន្ទុះភ្នំភ្លើង។ ប៉ុន្តែភាគច្រើន សកម្មភាពរបស់មនុស្សបង្កការបំពុលខ្យល់ពីសកម្មភាពនានាដូចជា រោងចក្រថាមពល ដែលដុតឥន្ធនៈហ្វូស៊ីល (ធ្យូងថ្ម ប្រេង ឧស្ម័នធម្មជាតិ) ជី និងសំណល់សត្វពីកសិដ្ឋាន ចង្ក្រានដុតអុស ការបើកបររថយន្ត ការហោះហើរយន្តហោះ និងសកម្មភាពជាច្រើនផ្សេងទៀត...

៣. មនុស្សចំនួន ១,៨ពាន់លាននាក់អាយុក្រោម ១៥ឆ្នាំ ដកដង្ហើមយកខ្យល់ពុលខ្លាំង ដែលបង្កហានិភ័យចំពោះសុខភាព និងការអភិវឌ្ឍរបស់ពួកគេ។
សកម្មភាពរបស់យើងជាមនុស្ស មិនត្រឹមតែរួមចំណែកធ្វើឲ្យមានបម្រែបម្រួលអាកាសធាតុប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប៉ះពាល់ដោយផ្ទាល់ទៅលើសុខភាពរបស់យើងផងដែរ។
- សារធាតុពុលនៅក្នុងខ្យល់អាចចូលទៅក្នុងសួត និងប្រព័ន្ធឈាមរបស់យើង ដែលបង្កើនហានិភ័យចំពោះជំងឺបេះដូង ជំងឺផ្លូវដង្ហើម និងជំងឺមហារីកសួត។
- ការស្រូបយកខ្យល់ពុលក្នុងរយៈពេលវែងអាចផ្លាស់ប្ដូររចនាសម្ព័ន្ធខួរក្បាលរបស់យើង និងកាត់បន្ថយសមត្ថភាពរបស់យើងក្នុងការរៀនពូកែនៅសាលារៀន និងការផ្ដោតអារម្មណ៍នៅពេលប្រលង។
តើអ្នកដឹងទេថា ការស្រូបយកខ្យល់ពុលក្នុងរយៈពេលវែងអាចផ្លាស់ប្ដូររចនាសម្ព័ន្ធខួរក្បាលរបស់យើង និងកាត់បន្ថយសមត្ថភាពរបស់យើងក្នុងការរៀនពូកែនៅសាលារៀន និងការផ្ដោតអារម្មណ៍នៅពេលប្រលង។
៤. ដោយសារយើងមើលមិនឃើញខ្យល់ វាពិតជាពិបាកមើលឃើញខ្យល់ពុលណាស់ ។
ទាំងនេះ គឺជាសញ្ញា ៣ ផ្សេងទៀត ដែលអ្នកអាចស្វែងរក៖

-
ភាពស្ងួត/ក្រហាយភ្នែក ឈឺក្បាល អស់កម្លាំង អាលាក់ហ្ស៊ី ឬដង្ហើមខ្លី។
-
តើនៅតំបន់អ្នករស់នៅមានរោងចក្រ រថយន្ត រថយន្តដឹកទំនិញ រោងចក្រអគ្គិសនីដែរឬទេ? ប្រសិនបើ មាន នោះអ្នកប្រហែលប្រឈមនឹងការបំពុលខ្យល់កម្រិតខ្ពស់។
-
ប្រសិនបើ អ្នករស់នៅជាមួយអ្នកមានជំងឺហឺត អ្នកអាចឃើញពួកគេមានជំងឺហឺតកាន់តែធ្ងន់ធ្ងរ ដង្ហើមខ្លី ឈឺទ្រូង ក្អក ឬដកដង្ហើមតឹង។
៥. តើអ្នកដឹងថា កុមារ និងយុវជនរងផលប៉ះពាល់ពីការបំពុលខ្យល់ខ្លាំងជាងមនុស្សពេញវ័យដែរឬទេ?
មូលេហេតុ គឺដោយសារអ្នកដកដង្ហើមលឿនជាងមនុស្សពេញវ័យ និងស្រូបយកសារធាតុពុលច្រើនជាង។ បន្ថែមលើនេះ ដោយសារខួរក្បាល និងរាងកាយរបស់អ្នកកំពុងអភិវឌ្ឍនៅឡើយ ហើយសារធាតុពុលទាំងនេះអាចបង្កគ្រោះថ្នាក់ចំពោះអ្នកបាន ស្របពេលអ្នកនៅតែកំពុងលូតលាស់។

ការសម្រេចបាននូវគោលដៅនានានៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសអាចសង្គ្រោះជីវិតមនុស្សប្រហែល ១លាននាក់នៅទូទាំងពិភពលោកក្នុងមួយឆ្នាំ នៅត្រឹមឆ្នាំ២០៥០ ដោយគ្រាន់តែកាត់បន្ថយការបំពុលខ្យល់ប៉ុណ្ណោះ!
នេះមានន័យថា យើងមានការងាជាច្រើនត្រូវធ្វើ ប៉ុន្តែយើងអាចធ្វើឲ្យបរិស្ថាន និងសុខភាពរបស់យើងកាន់តែល្អប្រសើរ។
ដើម្បីស្វែងយល់បន្ថែមអំពីកិច្ចព្រមព្រៀងទីក្រុងប៉ារីស សូមពិនិត្យសម្ភារផ្សព្វផ្សាយទាំងនេះ។
៦. ហេតុនេះដូចនេះ តើគុណភាពខ្យល់នៅជុំវិញខ្ញុំមានស្ថានភាពយ៉ាងដូចម្ដេច?
សន្ទស្សន៍គុណភាពខ្យល់ (AQI) គឺជាឧបករណ៍មួយ ដែលអាចប្រាប់អំពី គុណភាពនៃខ្យល់នៅជុំវិញយើងបាន។ AQI កាន់តែខ្ពស់មានន័យថា ការបំពុលខ្យល់កាន់តែខ្លាំង។

៧. តើមានវិធីអ្វីផ្សេងទៀត ដែលយើងអាចវាស់ស្ទង់ខ្យល់ពុលបាន?
រូបធាតុភាគល្អិតហ្មត់ (PM2.5) គឺជាវិធីទូទៅមួយ ដែលយើងអាចវាស់ស្ទង់ខ្យល់ពុលបាន។ PM2.5 គឺភាគល្អិតតូចខ្លាំងណាស់ ដែលមានទំហំតូចជាងទទឹងសរសៃសក់របស់មនុស្សប្រមាណមួយភាគសាមសិប! ត្រូវហើយ គឺវាតូចបែបនោះ!
ហេតុនេះ យើងពិតជាមិនអាចមើលឃើញ PM2.5 ឡើយ ប៉ុន្តែវាមានគ្រោះថ្នាក់ចំពោះសុខភាពយើង។ ប្រសិនបើអ្នកចង់ដឹងអំពីគុណភាពខ្យល់នៅជុំវិញអ្នក សូមពិនិត្យមើលផ្ទាំងព័ត៌មាន ប្រចាំប្រទេស របស់យូនីសេហ្វ។

៨. វឌ្ឍនភាពវិជ្ជមានកំពុងកើតឡើង
នៅឆ្នាំ២០២០ វេទិកាដ៏ធំបំផុតរបស់ពិភពលោកសម្រាប់ទិន្នន័យអំពី គុណភាពខ្យល់ត្រូវបានដាក់ឲ្យអនុវត្ត។ វេទិកានេះធ្វើឲ្យអ្នកដឹកនាំរបស់យើងមានគណនេយ្យភាព និងលើកទឹកចិត្តយើងទាំងអស់ឲ្យស្វែងរកការគាំទ្រមតិ ដើម្បីឲ្យមានការតាមដានត្រួតពិនិត្យគុណភាពខ្យល់កាន់តែល្អ។
ប្រទេសកាន់តែច្រើនកំពុងតាមដានត្រួតពិនិត្យការបំពុលខ្យល់ និងចាត់វិធានការ ដើម្បីកាត់បន្ថយការបំពុលខ្យល់ច្រើនជាងពេលណាៗទាំងអស់ពីមុនមក។ ហេតុនេះ សូមធ្វើកិច្ចការរបស់អ្នក និងដឹងអំពីគុណភាពខ្យល់នៅជុំវិញខ្លួនយើង!

បង្កើតការផ្លាស់ប្តូរ

ទាំងនេះគឺជាគំនិតមួយចំនួនសម្រាប់ជួយអ្នកក្នុងការរៀនសូត្របន្ថែមអំពីការបំពុលខ្យល់នៅជុំវិញខ្លួនអ្នក ដើម្បីឲ្យអ្នកអាចអប់រំខ្លួនឯង មិត្តភក្ដិ និងគ្រួសាររបស់អ្នកបាន។ រួមគ្នា យើងអាចធ្វើសកម្មភាពបាន!

ថតរូបនេះ! សូមប្រើប្រាស់ជំនាញស៊ើបអង្កេតរបស់អ្នក ដើម្បីថតរូបអ្វីៗនៅជុំវិញខ្លួនអ្នក ដែលធ្វើឲ្យអ្នកព្រួយបារម្ភអំពីបរិស្ថាន។ សូមចែករំលែករូបភាពទាំងនេះនៅលើបណ្ដាញទំនាក់ទំនងសង្គម និង Tag @voicesofyouth។
បញ្ជូនវាបន្ត! សូមចែករំលែកអ្វីដែលអ្នកបានរៀននៅទីនេះ ជាមួយមនុស្សម្នាក់ផ្សេងទៀត និងបង្កឲ្យមានការសន្ទនាគ្នា! ការសន្ទនាទាំងនេះអាចធ្វើតាមប្រព័ន្ធឌីជីថល តាមរយៈកម្មវិធីនានា ដូចជា Streamyard, Zoom, Facebook Live, ឬ Youtube ឬនៅក្នុងជំនួបទល់មុខគ្នាដោយផ្ទាល់ ស្របពេលដែលធ្វើឲ្យអ្នកគ្រប់គ្នាមានសុវត្ថិភាព។

បង្ហាញវា! ដាក់ដុំសំឡីទំហំមធ្យមមួយដុំនៅលើផ្លូវថ្នល់របស់អ្នក និងពិនិត្យមើលពណ៌របស់ដុំសំឡីនោះ បន្ទាប់ពីរយៈពេលមួយថ្ងៃ។ តើវានៅតែមានពណ៌សក្បុសដែរឬទេ? ប្រសិនបើ ទេ តើអ្នកឃើញពណ៌អ្វី? ពណ៌នេះតំណាងឲ្យផលប៉ះពាល់នៃការបំពុលខ្យល់លើរាងកាយរបស់អ្នក នៅពេលអ្នកដើរនៅខាងក្រៅ។
សូមចែករំលែករូបភាពនៃដុំសំឡីរបស់អ្នកនៅលើបណ្ដាញទំនាក់ទំនងសង្គម និងអញ្ជើញមនុស្សនៅក្នុងតំបន់ជិតខាងរបស់អ្នកឲ្យមើលពិសោធន៍នេះ! សូមបង្កឲ្យមានការសន្ទនាគ្នា និងនិយាយអំពី វិធីនានា ដើម្បីកែលម្អការបំពុលខ្យល់នៅក្នុងសហគមន៍របស់អ្នក។
សិក្សាបន្ថែម

តើអ្នកចាប់អារម្មណ៍ក្នុងការធ្វើសកម្មភាពបន្ថែមឆ្ពោះទៅរកការរស់នៅដែលកាន់តែមានសុខភាពល្អដែរឬទេ?
សូមពិនិត្យមើលវេបសាយនេះដើម្បីដឹងថា តើការប្រើប្រាស់គ្រឿងស្រវឹង ថ្នាំជក់ និងសារធាតុដទៃទៀតមានផលប៉ះពាល់លើយុវជន ជារៀងរាល់ថ្ងៃ ដោយរបៀបណា៖
សូមនិយាយអំពីគ្រឿងស្រវឹង និងថ្នាំជក់។
ខ្លឹមសារនៅក្នុងវេបសាយនេះត្រូវបានរៀបចំដោយយូនីសេហ្វ ដោយសហការជាមួយនឹងយូនីសេហ្វ -កម្មវិធីសុខភាពយុវជន AstraZeneca អ្នកដឹកនាំវ័យក្មេង។ សូមស្វែងយល់បន្ថែមអំពីចក្ខុវិស័យសម្រាប់អនាគតដែលកាន់តែមានសុខភាពល្អ នៅទីនេះ។ វិចិត្រករ Vania Dhianisya និង Njung'e Wanjiru ។
យូនីសេហ្វ មិនផ្ដល់ការគាំទ្រចំពោះក្រុមហ៊ុន ផលិតផល ឬសេវាកម្មណាមួយឡើយ។
Source: