សូមជួបជាមួយប្អូនស្រី ស្រីម៉ុច

#ការគិតគូរជាថ្មីពីអនាគត៖ សូមជួបជាមួយប្អូនស្រី ស្រីម៉ុច ពេលអនាគត ខ្ញុំចង់ធ្វើជាគ្រូបង្រៀន ដើម្បីផ្ទេរចំណេះដឹងរបស់ខ្ញុំឲ្យទៅក្មេងៗ

Jaime Gill
©UNICEF Cambodia/2020/Antoine Raab
UNICEF Cambodia/2020/Antoine Raab
16 វិច្ឆិកា 2020

ខ្ញុំពិតជាចូលចិត្តលេងសើចសប្បាយណាស់។ ខ្ញុំចូលចិត្តមើលកម្មវិធីកំប្លែងតាមទូរសព្ទ។ ខ្ញុំចូលចិត្តលេងហ្គេមជាមួយមិត្តភក្តិ។ នៅទីនេះមានក្មេងៗច្រើនណាស់មកពីទីកន្លែងផ្សេងៗគ្នា និងនិយាយភាសាខុសៗគ្នា។ យើងទាំងអស់គ្នាចុះសម្រុង និងលេងកម្សាន្តសប្បាយជាមួយគ្នា។ ខ្ញុំមិនដឹងថាខ្ញុំសើចប៉ុន្មានដងទេក្នុងមួយថ្ងៃ ប៉ុន្តែខ្ញុំដឹងតែថាខ្ញុំសើចច្រើនណាស់។

ខ្ញុំ និងគ្រួសាររស់នៅក្នុងខ្ទមតូចមួយក្នុងទីក្រុងភ្នំពេញ នៅជិតតរបងវត្តដែលគេបោះបង់ចោលជាយូរឆ្នាំណាស់មកហើយ។ នៅក្នុងខ្ទមនេះមានមនុស្ស ៦នាក់ ប៉ុន្តែខ្ញុំមិនគិតថាច្រើននាក់នោះឡើយ។ ខ្ញុំចូលចិត្តមានមនុស្សអ៊ូអរនៅជុំវិញខ្ញុំ។

©UNICEF Cambodia/2020/Antoine Raab
UNICEF Cambodia/2020/Antoine Raab

ឪពុករបស់ខ្ញុំមិនអាចទៅធ្វើការរកស៊ីបានទេ ព្រោះគាត់ឈឺធ្ងន់។ គាត់ឈឺជើងដើរមិនរួចជាយូរឆ្នាំមកហើយ ដូច្នេះគាត់នៅតែលើគ្រែក្នុងផ្ទះតែប៉ុណ្ណោះ។ គាត់ត្រូវការថ្នាំពេទ្យលេប ប៉ុន្តែយើងអត់មានលុយទិញថ្នាំឲ្យគាត់តាមពេទ្យប្រាប់ទេ។ ជីវភាពយើងពិបាកណាស់ ប៉ុន្តែខ្ញុំស្រឡាញ់ឪពុកខ្ញុំ។ ម្ដាយរបស់ខ្ញុំធ្លាប់លក់នំគូឆាយតាមរទេះ ប៉ុន្តែលក់មិនសូវដាច់តាំងពីមានកូវីដ-១៩ មក ហើយឥឡូវរទេះនេះវាខូចទៀតគាត់ក៏លែងបានលក់នំគូឆាយទៅទៀត ។ ឥឡូវនេះគាត់ឆ្លៀតពេលពីការមើលថែឪពុកខ្ញុំទៅដើរបោកសម្លៀកបំពាក់ឲ្យគេ ដើម្បីរកប្រាក់តិចតួច ប៉ុន្តែមិនសូវរកបានច្រើនទេ។

ខ្ញុំចង់ព្យាយាមបន្តការសិក្សារៀនសូត្រ។ ប្រសិនបើខ្ញុំរៀនបានចប់ថ្នាក់ទី១២ ខ្ញុំគឺជាកូនដំបូងដែលរៀនបានខ្ពស់ជាងគេនៅក្នុងគ្រួសារ។ ឪពុករបស់ខ្ញុំរៀនបានតិចតួចណាស់។ កាលគាត់នៅក្មេង គាត់ទៅជួយរកត្រីតាយាយខ្ញុំ ចំណែកម្ដាយរបស់ខ្ញុំឈប់រៀនត្រឹមថ្នាក់ទី៤។ ឯបងប្រុសរបស់ខ្ញុំឈប់រៀននៅថ្នាក់ទី ៨ ដើម្បីទៅធ្វើការនៅកន្លែងកាប់ជ្រូក។ ពេលគាត់មកពីធ្វើការ ពេលខ្លះគាត់ទិញនំចំណីមកឲ្យខ្ញុំហូប ។ ពេលបានរបស់ហូបម្តងៗ ខ្ញុំ និងបងស្រីភ្លោះរបស់ខ្ញុំសប្បាយចិត្តយ៉ាងខ្លាំង។

©UNICEF Cambodia/2020/Bunsak But
UNICEF Cambodia/2020/Antoine Raab

ខ្ញុំគិតថាការអប់រំគឺជារឿងសំខាន់ ព្រោះថាបើអ្នកមានចំណេះដឹង អ្នកអាចក្លាយជាអ្នកជំនាញ ហើយបន្ទាប់មក អ្នកអាចធ្វើជាវេជ្ជបណ្ឌិត ឬជាគ្រូបង្រៀន។ ខ្ញុំគិតថាប្រហែលជាខ្ញុំចង់ធ្វើជាគ្រូបង្រៀនជាង ព្រោះវាហាក់ដូចជាងាយជាងធ្វើពេទ្យ ហើយខ្ញុំគិតថាវាគឺជាការងារសប្បាយមួយផងដែរ។ ខ្ញុំចេះល្បែងលេងច្រើនណាស់ដែលខ្ញុំអាចយកទៅលេងជាមួយនឹងក្មេងតូចៗពេលខ្ញុំក្លាយជាគ្រូមត្តេយ្យ។ ខ្ញុំចេះមើលក្មេងដូចជាក្មួយប្រុសតូចៗរបស់ខ្ញុំ ដូច្នេះខ្ញុំដឹងថា ខ្ញុំអាចបង្រៀនក្មេងតូចៗបាន។ ពេលដែលខ្ញុំមានឱកាសផ្ទេរចំណេះដឹងទៅឲ្យក្មេងតូចៗ និងធ្វើឲ្យពួកគេសប្បាយរីករាយ នោះហើយគឺជាអាជីពដ៏ល្អដែលខ្ញុំគួរធ្វើ។​