សូមជួបជាមួយប្អូនស្រី វ៉ាសែ

#ការគិតគូរជាថ្មីពីអនាគត៖ សូមជួបជាមួយប្អូនស្រី វ៉ាសែ ពេលអនាគត ខ្ញុំចង់ធ្វើជាវេជ្ជបណ្ឌិត ព្រោះខ្ញុំចង់ជួយមនុស្សរាប់ពាន់នាក់ឲ្យមានសុខភាពមាំមួន

Jaime Gill
©UNICEF Cambodia/2020/Antoine Raab
UNICEF Cambodia/2020/Antoine Raab
16 វិច្ឆិកា 2020

ខ្ញុំចូលចិត្តធ្វើជាកូនច្បងគេនៅក្នុងគ្រួសារ ព្រោះខ្ញុំអាចបង្រៀនប្អូនតូចៗឲ្យធ្វើជាមនុស្សល្អនៅថ្ងៃអនាគត។ ពេលខ្លះពួកគេរប៉ិលរប៉ូច និងរពិសធ្វើឲ្យខ្ញុំរវល់រហូត! ខ្ញុំមានប្អូនប្រុសស្រី ៤នាក់ ហើយយើងរស់នៅជុំគ្នាជាមួយនឹងម្ដាយ និងពូរបស់ខ្ញុំនៅក្នុងផ្ទះមួយនៅតំបន់ក្រីក្រមួយកន្លែងក្នុងទីក្រុងភ្នំពេញ។

រឿងដែលពិបាកសម្រាប់ខ្ញុំ គឺខ្ញុំត្រូវមើលថែប្អូនស្រីតូចដែលនាងនៅជាទារិកានៅឡើយ នៅពេលម្ដាយខ្ញុំជាប់រវល់ទៅលក់ត្រី។  ប្អូនពៅរបស់ខ្ញុំនេះនៅតូចណាស់ ហើយខ្ញុំមិនដឹងថាតើនាងចង់បានអ្វីពេលនាងយំម្តងៗ។ មិនដឹងថានាងឃ្លានឬ? តើនាងឈឺឬ? ខ្ញុំពិតជាមិនដឹងទេ។ ដូច្នេះហើយនៅពេលសាលារៀនបិទទ្វារព្រោះតែជំងឺកូវីដ-១៩ ខ្ញុំសុខចិត្តទៅលក់ត្រីជំនួសម៉ែ ហើយឲ្យគាត់នៅផ្ទះមើលថែប្អូនៗតូចៗឯផ្ទះវិញ។

©UNICEF Cambodia/2020/Antoine Raab
UNICEF Cambodia/2020/Antoine Raab

ឥឡូវនេះ សាលារៀនបានបើកដំណើរការឡើងវិញ ប៉ុន្តែខ្ញុំមិនទាន់បានត្រឡប់ទៅរៀនទេ។ ម្ដាយរបស់ខ្ញុំគាត់ពិបាករឿងអត់មានអ្នកណាជួយមើលក្មេងៗ។ គាត់មិនអាចមើលថែប្អូនតូចៗផង និងទៅលក់ត្រីផងឡើយ ជាពិសេសឥឡូវនេះគាត់មិនសូវលក់ដាច់ដូចមុនទេព្រោះតែជំងឺកូវីដ-១៩។ គាត់និយាយថា រកព្រឹកខ្វះល្ងាច។ ម្ដាយរបស់ខ្ញុំពិតជាចង់ឲ្យខ្ញុំបន្តការសិក្សា ប៉ុន្តែឥឡូវនេះយើងគ្មានជម្រើសទេ។ ខ្ញុំគិតថា ខ្ញុំត្រូវសម្រាករៀនមួយរយៈសិន ទម្រាំដល់ពេលដែលប្អូនស្រីពៅរបស់ខ្ញុំធំជាងនេះបន្តិច ប្រហែល ២ឆ្នាំអីទៀត។​

©UNICEF Cambodia/2020/Antoine Raab
UNICEF Cambodia/2020/Antoine Raab

ទោះជាយ៉ាងនេះក្តី ខ្ញុំពិតជាចង់ត្រឡប់ទៅរៀនវិញខ្លាំងណាស់។ ខ្ញុំដឹងថា វាគឺជាជម្រើសតែមួយគត់ដែល អាចផ្លាស់ប្តូរស្ថានភាពលំបាករាល់ថ្ងៃរបស់យើងបាន ហើយខ្ញុំដឹងថាអង្គការ SKO ប្រាកដជាជួយឲ្យខ្ញុំត្រឡប់ទៅរៀនវិញជាមិនខាន។ អាទិត្យនេះខ្ញុំខកខានមិនបានទៅរៀន។ ខ្ញុំខំទៅរៀនសងនៅថ្ងៃសៅរ៍ ដើម្បីតាមឲ្យទាន់សិស្សដទៃទៀត។ ការបានទៅរៀនបែបនេះ ក៏ធ្វើឲ្យខ្ញុំរំសាយភាពតានតឹងពីផ្ទះផងដែរ។ ខ្ញុំចង់ក្លាយជាវេជ្ជបណ្ឌិត និងអាចព្យាបាលអ្នកដទៃទៀត ដើម្បីជួយឲ្យពួកគេមានសុខភាពមាំមួន។ ដូច្នេះ ខ្ញុំប្រាកដជាត្រូវបញ្ចប់ការសិក្សារបស់ខ្ញុំ។ ប្រសិនបើខ្ញុំទទួលបានជោគជ័យ ខ្ញុំនឹងផ្លាស់ប្តូរជីវភាពរបស់យើងទាំងអស់គ្នា។ ខ្ញុំអាចធានាថាប្អូនប្រុសស្រីរបស់ខ្ញុំនឹងបានទៅរៀន ហើយមិនបារម្ភថាគេនឹងបោះបង់ចោលការសិក្សាឡើយ។ ខ្ញុំនឹងជួយសម្រាលបន្ទុកម្ដាយរបស់ខ្ញុំដែលប្រឹងប្រែងធ្វើការហត់នឿយរាល់ថ្ងៃ។ ហើយប្រហែលជាខ្ញុំអាចទៅក្រៅប្រទេស ទៅកន្លែងណាមួយដែលមានឆ្នេរខ្សាច់ស្រស់ស្អាតនៅថ្ងៃណាមួយ អាចថាជាប្រទេសបារាំងជាដើម។

ប្រសិនបើខ្ញុំអាចផ្លាស់ប្តូរអ្វីមួយនៅក្នុងប្រទេសកម្ពុជា ខ្ញុំចង់ឲ្យយើងមានសេដ្ឋកិច្ចកាន់តែប្រសើរជាងនេះ។ ជំងឺកូវីដ-១៩ បានបង្កផលប៉ះពាល់ខ្លាំងណាស់។ ខ្ញុំចង់ឃើញមានការផ្លាស់ប្តូរដែលប្រសើរឡើង ដែលអាចជួយឲ្យជីវភាពអ្នកលក់ដូរដូចយើងបានគ្រាន់បើជាងនេះ។