សូមជួបជាមួយប្អូនស្រី វត្តី
#ការគិតគូរជាថ្មីពីអនាគត៖ សូមជួបជាមួយប្អូនស្រី វត្តី អ្នកជំនាញផ្តល់ថ្នាំបង្ការ ដែលនឹងជួយសង្គ្រោះជីវិតកុមារនៅថ្ងៃអនាគត។
- English
- Khmer
ខ្ញុំឈ្មោះ វត្តី។ ខ្ញុំកើតមកមានបញ្ហាភ្នែក។ ភ្នែកម្ខាងរបស់ខ្ញុំមើលមិនឃើញ ហើយក៏មិនអាចមើលត្រង់ទៅមុខដូចគេឡើយ។ ពេលខ្លះមិត្តភក្តិនៅសាលារៀនសើចចំអកឲ្យខ្ញុំ។ ខ្ញុំព្យាយាមផ្ដោតអារម្មណ៍លើការសិក្សារបស់ខ្ញុំ ហើយមិនខ្វល់ចំពោះអ្នកទាំងនោះឡើយ។ ខ្ញុំធ្លាប់ទៅមន្ទីរពេទ្យភ្នែកញឹកញាប់ដែរកាលខ្ញុំនៅតូច ប៉ុន្តែថ្មីៗនេះយើងពុំមានលទ្ធភាពទៅពេទ្យតាមការណាត់ឡើយ។ ម្ដាយរបស់ខ្ញុំជាអ្នករត់តុ ហើយយាយរបស់ខ្ញុំលក់នំនៅសាលារៀនដូច្នេះក្នុងពេលដែលមានជំងឺកូវីដ-១៩ យើងរកចំណូលបានតិចជាងមុនឆ្ងាយ។ នៅពេលខ្ញុំមានអាយុ១៦ឆ្នាំ ខ្ញុំគិតទៅឲ្យពេទ្យវះកាត់ភ្នែករបស់ខ្ញុំនៅឯខេត្តសៀមរាប ហើយពេលនោះជីវិតខ្ញុំប្រហែលជាបានប្រសើរជាងនេះ។ ប៉ុន្តែឥឡូវនេះ ប្រសិនបើក្មេងផ្សេងទៀតធ្វើមិនល្អដាក់ខ្ញុំ ខ្ញុំប្រាប់ពួកគេថា ខ្ញុំមានបញ្ហាភ្នែកក៏ពិតមែន ប៉ុន្តែវាមិនបានបង្កការឈឺចាប់ឲ្យនរណាម្នាក់ឡើយ ហើយប្រសិនបើអ្នកធ្វើបាបខ្ញុំ អ្នកនឹងទទួលបាបកម្មដែលធ្វើឲ្យអ្នកឈឺចាប់វិញជាមិនខាន!
ខ្ញុំមានសមាជិកគ្រួសារ ៩នាក់ រស់នៅក្នុងបន្ទប់ពីរ ក្នុងផ្ទះតូចមួយនៅជាយក្រុងបានលុង។ ឪពុករបស់ខ្ញុំចាកចេញពីផ្ទះតាំងពីខ្ញុំកើតមកម្លេះ ហើយមិនដែលមកលេងខ្ញុំសូម្បីតែម្តងឡើយ ប៉ុន្តែខ្ញុំស្រឡាញ់ម្ដាយ និងជីដូនជីតារបស់ខ្ញុំ។ ពួកយើងរស់នៅជុំគ្នា។ ខ្ញុំមានគ្រួសារដ៏ធំ និងមានបងប្អូនជីដូនមួយជាច្រើននាក់ ខ្ញុំចូលចិត្តពួកគេ ព្រោះយើងលេងសើចសប្បាយជាមួយគ្នាដូចជា លេងបិទពួន ឬលេងចាក់ក្រឡេកគ្នាជាដើម។
ខ្ញុំស្រឡាញ់សាលារៀនរបស់ខ្ញុំ ព្រោះវាស្អាត មានសោភណភាព និងមានរូបចម្លាក់សត្វស្អាតៗជាច្រើន ប៉ុន្តែមូលហេតុសំខាន់គឺដោយសារតែខ្ញុំចង់រៀនសូត្រ។ ខ្ញុំចង់បានចំណេះដឹង ព្រោះខ្ញុំអាចអាចក្លាយជាមនុស្សដែលខ្ញុំចង់ធ្វើ នៅពេលដែលខ្ញុំធំឡើង។ នេះជាសេរីភាពដែលខ្ញុំចង់បាន។ ម្ដាយរបស់ខ្ញុំបោះបង់ការសិក្សានៅថ្នាក់ទី ៨ ដូច្នេះគាត់លើកទឹកចិត្តឲ្យខ្ញុំខំរៀន ដើម្បីឲ្យខ្ញុំមានឱកាសល្អៗ។ គាត់និយាយថា ប្រសិនបើពុំមានការអប់រំទេ វាមិនងាយរកការងារល្អបានធ្វើណាស់។
ក្ដីសង្ឃឹមរបស់ខ្ញុំទៅអនាគត គឺបានឱកាសសិក្សានៅប្រទេសថៃ និងក្លាយជាវេជ្ជបណ្ឌិត ដើម្បីជួយដល់គ្រួសាររបស់ខ្ញុំ និងមនុស្សផ្សេងទៀត។ តាមពិតខ្ញុំចង់មានឯកទេសខាងផ្ដល់ថ្នាំបង្ការដល់កុមារ ព្រោះខ្ញុំចាំថាខ្ញុំធ្លាប់ទទួលថ្នាំបង្ការកាលខ្ញុំនៅតូច ហើយខ្ញុំដឹងថាថ្នាំបង្ការនេះជួយខ្ញុំយ៉ាងច្រើន ព្រោះខ្ញុំមិនដែលឈឺឡើយ។ ខ្ញុំពិតជាមានការបារម្ភណាស់អំពីជំងឺកូវីដ និងជំងឺឆ្លងផ្សេងៗទៀត។ ខ្ញុំខ្លាចមានមនុស្សកាន់តែច្រើនធ្លាក់ខ្លួនឈឺនាពេលអនាគត និងបង្កផលវិបាកដល់ប្រទេសកម្ពុជា។ ខ្ញុំចង់ព្យាយាមសាកល្បងផ្លាស់ប្តូរបញ្ហានេះ។