សេចក្តីអំពាវនាវបន្ទាន់សម្រាប់កុមារកម្ពុជា
Click to close the emergency alert banner.

សូមជួបជាមួយប្អូនស្រី ដាលីន

#ការគិតគូរជាថ្មីពីអនាគត៖ សូមជួបជាមួយប្អូនស្រី ដាលីន ពេលអនាគត ខ្ញុំនឹងព្យាបាលជំងឺឲ្យប្រជាពលរដ្ឋ និងជួយពួកគេឲ្យទទួលបានថ្នាំពេទ្យប្រើប្រាស់

Jaime Gill
©UNICEF Cambodia/2020/Antoine Raab
UNICEF Cambodia/2020/Antoine Raab
16 វិច្ឆិកា 2020

មានរឿងជាច្រើនដែលបានកើតឡើងនៅក្នុងឆ្នាំនេះ។ ខ្ញុំបានចូលរៀននៅសាលារៀនមួយ។ អង្គការក្រៅរដ្ឋាភិបាលមួយឈ្មោះ SKO បានជួយឲ្យខ្ញុំបានចូលរៀន និងផ្ដល់ឲ្យខ្ញុំនូវសៀវភៅ ខ្មៅដៃ និងអង្ករសម្រាប់ហូប។ ខ្ញុំចាំបានថាខ្ញុំភ័យណាស់កាលទៅរៀនដំបូង ប៉ុន្តែខ្ញុំក៏រំភើបរីករាយផងដែរ។

មុនពេលខ្ញុំចូលរៀន ខ្ញុំតែងតែនៅផ្ទះជាមួយបងប្អូនពីរនាក់ទៀត នៅពេលជីដូនរបស់ខ្ញុំទៅលក់សណ្តែកដី ហើយខ្ញុំគិតតែពីលេងជាមួយក្មេងៗនៅជិតៗផ្ទះ។ ពេលខ្លះ ខ្ញុំចេញទៅក្រៅដើរលេងតាមផ្លូវ ប៉ុន្តែពេលខ្លះក៏ខ្ញុំក៏ខ្លាចវង្វេងដែរ។ ឥឡូវនេះ ខ្ញុំបានទៅរៀននៅសាលាវិញ ជួបជាមួយមិត្តភក្តិខ្ញុំ ហើយលេងកម្សាន្តជាមួយពួកគេ។ ខ្ញុំសប្បាយម្យ៉ាងដែរពេលទៅរៀន! យើងលេងបិទពួន ពិតជាសប្បាយខ្លាំងណាស់។ ល្បែងមួយទៀត គេហៅល្បែងស្វា ជាល្បែងដែលធ្វើឲ្យខ្ញុំសើចសប្បាយ។ ខ្ញុំចូលចិត្តស្វា។ ខ្ញុំចូលចិត្តគូររូបវា។

©UNICEF Cambodia/2020/Antoine Raab
UNICEF Cambodia/2020/Antoine Raab

ខ្ញុំរស់នៅជាមួយជីដូន និងបងប្រុសស្រីរបស់ខ្ញុំ ក្នុងផ្ទះជួលតូចមួយក្នុងទីក្រុងភ្នំពេញ។ តាមពិតខ្ញុំកើតនៅខេត្តព្រៃវែង ឯតំបន់ជនបទ ប៉ុន្តែខ្ញុំអត់ចាំស្រុកកំណើតខ្ញុំទេដោយសារកាលណោះខ្ញុំនៅតូចពេក។ ខ្ញុំធ្លាប់ទៅលេងស្រុកម្តងពីរដែរ ប៉ុន្តែខ្ញុំមិនចូលចិត្តទីនោះដូចទីក្រុងឡើយ ព្រោះមិត្តភក្តិរបស់ខ្ញុំទាំងអស់សុទ្ធតែនៅទីក្រុង។ យើងសប្បាយចិត្តនឹងនៅទីនេះ។ នៅពេលខ្ញុំនៅផ្ទះ ខ្ញុំជួយការងារជីដូនរបស់ខ្ញុំ ឬធ្វើការងារដែលគ្រូដាក់ឲ្យ ឬគូររូប។

ឪពុកម្ដាយខ្ញុំផ្លាស់មកនៅទីក្រុងភ្នំពេញ ដើម្បីរកស៊ី ប៉ុន្តែពួកគាត់បែកគ្នាហើយ ហើយម្ដាយរបស់ខ្ញុំរត់ចោលខ្ញុំតាំងពីខ្ញុំនៅតូច។ ខ្ញុំមិនដឹងថាគាត់នៅឯណាទេឥឡូវ។ ខ្ញុំភ្លេចមុខគាត់បាត់ទៅហើយ។ ឪពុករបស់ខ្ញុំស្លាប់កាលពី ២ឆ្នាំមុន។ ខ្ញុំនៅចាំមុខគាត់ ប៉ុន្តែចាំភាគច្រើនពីរូបថតគាត់ដែលនៅសល់។ ជីដូនរបស់ខ្ញុំ មើលថែខ្ញុំបានល្អណាស់។ ខ្ញុំជួយការងារគាត់ ដូចជារៀបចំសណ្ដែកដី និងនំដែលគាត់យកទៅលក់នៅតាមផ្លូវ។

©UNICEF Cambodia/2020/Antoine Raab
UNICEF Cambodia/2020/Antoine Raab

ខ្ញុំចង់ជួយដល់មនុស្សចាស់ដែលមានជំងឺ។ ខ្ញុំដឹងថាប្រសិនបើពួកគាត់ឈឺ ហើយមានអ្នកឲ្យថ្នាំលេប ពួកគាត់នឹងជាសះស្បើយមិនខាន។ ស្ដាប់ទៅពិតជារឿងល្អដែលគួរធ្វើ ដូច្នេះខ្ញុំនឹងប្រឹងប្រែងសិក្សា ដើម្បីឲ្យខ្ញុំមានសមត្ថភាពធ្វើបែបនេះបាន។ ខ្ញុំជាមនុស្សចិត្តល្អ ហើយប្រសិនបើខ្ញុំអាចព្យាបាលគេបាន ខ្ញុំមុខតែបានបុណ្យច្រើនណាស់!