សូមជួបជាមួយប្អូនស្រី ចណ្ឌី

#ការគិតគូរជាថ្មីពីអនាគត៖ សូមជួបជាមួយប្អូនស្រី ចណ្ឌី សហគ្រិនចំណាននាពេលអនាគត

Jaime Gill
©UNICEF Cambodia/2020/Antoine Raab
UNICEF Cambodia/2020/Antoine Raab
16 វិច្ឆិកា 2020

ខ្ញុំឈ្មោះ ចណ្ឌី។ ខ្ញុំមិនសូវពិបាកចិត្តអីប៉ុន្មានទេ នៅពេលសាលារៀនបិទទ្វារ ព្រោះខ្ញុំសំណាងណាស់ដែលមានកុំព្យូទ័រនៅផ្ទះ។ ខ្ញុំអាចរៀននៅផ្ទះបាន ហើយនៅសល់ពេល ខ្ញុំទៅផ្សារ ដើម្បីជួយការងារឪពុកម្ដាយរបស់ខ្ញុំ។ ខ្ញុំពិតជាចូលចិត្តទៅរៀនខ្លាំងណាស់ ប៉ុន្តែខ្ញុំក៏ចូលចិត្តទៅផ្សារដែរ ព្រោះខ្ញុំបានជជែកជាមួយមនុស្សម្នារនៅទីនោះ។ អ្នកផ្ទះរបស់ខ្ញុំថាខ្ញុំនិយាយច្រើនពេក!។

ប្រសិនបើអាច ខ្ញុំចង់រៀនឲ្យបានចប់ចុងចប់ដើម ទៅសហរដ្ឋអាមេរិកដើម្បីបន្តរៀនភាសាអង់គ្លេសនៅឯសាកលវិទ្យាល័យ។ ខ្ញុំចូលចិត្តមើលប្រទេសអាមេរិកតាមទូរទស្សន៍។ អាមេរិកជាប្រទេសដ៏ស្រស់ស្អាត និងមានហាងទំនើបៗជាច្រើន។ នៅពេលខ្ញុំទំនេរ ខ្ញុំចូលចិត្តមើលកម្មវិធីជាភាសាអង់គ្លេសតាមទូរសព្ទឪពុកម្ដាយរបស់ខ្ញុំ ភាគច្រើនជារឿងតុក្តតា។ មើលរឿងតុក្កតាមិនត្រឹមតែសប្បាយទេ វាថែមទាំងបានបង្រៀនភាសាអង់គ្លេសឲ្យខ្ញុំទៀត។ ខ្ញុំក៏ចូលចិត្តលេងជាមួយមិត្តភក្តិនៅសាលារៀន ឬគូររូបផងដែរ។

©UNICEF Cambodia/2020/Antoine Raab
UNICEF Cambodia/2020/Antoine Raab

ផ្ទះរបស់ខ្ញុំនៅក្រុងបានលុង យើងមានសមាជិក ១១នាក់នៅក្នុងផ្ទះ ដូច្នេះផ្ទះខ្ញុំអ៊ូអរណាស់។ នេះគឺជាមូលហេតុដែលធ្វើឲ្យខ្ញុំចូលចិត្តផ្ទះរបស់ខ្ញុំ ព្រោះថាបងស្រីរបស់ខ្ញុំ តែងតែនាំខ្ញុំទៅហាងកាហ្វេនៅជិតផ្ទះរបស់យើង។ ហាងកាហ្វេនៅជិតផ្ទះនេះមានការតុបតែងស្រស់ស្អាត និងធ្វើឲ្យយើងអាចបន្ធូរបន្ថយអារម្មណ៍តានតឹងបាន។ នោះក៏ជាកន្លែងដែលខ្ញុំមានគំនិតចង់បើកអាជីវកម្មដោយខ្លួនឯងនៅថ្ងៃណាមួយផងដែរ។ ខ្ញុំចង់បើកហាងកាហ្វេដ៏ស្រស់ស្អាតមួយ ហើយធ្វើឲ្យវាក្លាយទៅជាហាងល្បី និងជោគជ័យ។ បន្ទាប់មក នៅពេលដែលហាងនេះពេញនិយម ខ្ញុំចង់បើកថែមពីរបីកន្លែងទៀត។ ខ្ញុំអាចបង្កើតការងារឲ្យមនុស្សជាច្រើន និងបម្រើអតិថិជនឲ្យរីករាយ។

ខ្ញុំដឹងថាវាត្រូវការភាពឧស្សាហ៍ព្យាយាមទើបទទួលបានជោគជ័យ ប៉ុន្តែខ្ញុំគិតថាខ្ញុំអាចប្រឹងប្រែងសម្រេចបំណងនេះបាន ហើយឪពុកម្ដាយរបស់ខ្ញុំតែងតែលើកទឹកចិត្តខ្ញុំជាប់ជានិច្ចពេលខ្ញុំខ្ជិល។ ពួកគាត់ជាអ្នកលក់ស្បែកជើងនៅក្នុងផ្សារ ហើយពួកគាត់ប្រាប់ខ្ញុំថា៖ “ជីវិតជាអ្នកលក់ដូរនៅក្នុងផ្សារ មិនងាយស្រួលឡើយ។ យើងត្រូវហត់នឿយទាំងកម្លាំងកាយ កម្លាំងចិត្ត។ ប្រសិនបើបានរៀនសូត្រខ្ពង់ខ្ពស់ យើងនឹងមានអនាគតល្អ។” ពួកគាត់និយាយត្រូវ ប៉ុន្តែខ្ញុំក៏ចង់សប្បាយដែរ។