សូមជួបជាមួយប្អូនប្រុស រវេន

#ការគិតគូរជាថ្មីពីអនាគត៖ សូមជួបជាមួយប្អូនប្រុស រវេន ថ្ងៃមួយគាត់នឹងបង្រៀនកូនៗរបស់យើង។

Jaime Gill
©UNICEF Cambodia/2020/Antoine Raab
UNICEF Cambodia/2020/Antoine Raab
16 វិច្ឆិកា 2020

ខ្ញុំឈ្មោះ រវេន។ ខ្ញុំមកពីគ្រួសារដែលមានសមាជិកយ៉ាងច្រើន ខ្ញុំរស់នៅទីជនបទក្នុងខេត្តរតនគិរី។ ខ្ញុំមានបងប្អូនប្រុសស្រី១០នាក់ ហើយពួកគេខ្លះជាអ្នកចម្ការ ខ្លះជាកម្មកររោងចក្រកៅស៊ូ។ ខ្ញុំជួបការលំបាក ព្រោះខ្ញុំមានបញ្ហាជើងពីកំណើត ដែលមិនអាចឲ្យខ្ញុំទៅណាមកណាដោយខ្លួនឯងបាន។ ប្រសិនបើខ្ញុំទៅសាលារៀន ឪពុក ឬបងប្រុសរបស់ខ្ញុំ ត្រូវជួយគ្រាហ៍ខ្ញុំទាំងពេលទៅ និងពេលត្រឡប់មកវិញ។ ការដើរច្រើនធ្វើឲ្យជើងខ្ញុំហើម និងឈឺ ដូច្នេះខ្ញុំខកខានមិនបានទៅរៀនច្រើនណាស់។

ខ្ញុំសប្បាយចិត្តដែលខ្ញុំមានមិត្តល្អពីរបីនាក់។ ពេលខ្លះពួកគេជួយគ្រាហ៍ខ្ញុំទៅសាលារៀន ឬចេញទៅខាងក្រៅពេលម៉ោងចេញលេង។ ខ្ញុំមានមិត្តល្អម្នាក់។ យើងចូលចិត្តស្ដាប់ចម្រៀងហ៊ីបហប់ ជាពិសេសចម្រៀងរបស់វណ្ណដា ហើយយើងចូលចិត្តជជែកគ្នាលេង។ យើងជជែកគ្នាភាគច្រើនអំពីអ្វីដែលយើងបានរៀន​ និងបានអាន។ ខ្ញុំចូលចិត្តអានសៀវភៅ ដូចជារឿងព្រេងនិទានខ្មែរជាដើម។ ខ្ញុំចូលចិត្តអាននៅពេលដែលបណ្ណាល័យចល័តរបស់អង្គការស៊ីប៉ាមកដល់សហគមន៍របស់យើង ប៉ុន្តែខ្ញុំកម្រខ្ចីសៀវភៅរបស់អង្គការយកមកអាននៅផ្ទះណាស់ ពីព្រោះថាខ្ញុំពិបាកនឹងយកទៅសងគេវិញដោយខ្លួនឯង។

©UNICEF Cambodia/2020/Antoine Raab
UNICEF Cambodia/2020/Antoine Raab

ជីវិតរបស់ខ្ញុំជួបបញ្ហាលំបាកច្រើន។ ខ្ញុំប្រាថ្នាថាថ្ងៃមួយខ្ញុំអាចធ្វើអ្វីដែលខ្ញុំចង់ធ្វើ មានសេរីភាព ដើរហើរដោយខ្លួនឯង។ វាពិតជាពិបាកណាស់ដែលត្រូវពឹងពាក់អ្នកដទៃគ្រប់ពេលបែបនេះ! ប៉ុន្តែខ្ញុំក៏សំណាងដែរ ដែលមានមនុស្សជាច្រើនជួយខ្ញុំ ដូចជាមិត្តភក្តិ និងក្រុមគ្រួសាររបស់ខ្ញុំជាដើម។ ខ្ញុំចង់សងគុណឪពុកម្តាយរបស់ខ្ញុំដែលបានថែរក្សាខ្ញុំតាំងពីតូចរហូតដល់ធំ។ ខ្ញុំរីករាយជាងគេពេលនៅជាមួយពួកគាត់ ហើយបានឮសំណើច និងស្នាមញញឹមរបស់ពួកគាត់។ ពេលនៅផ្ទះ ខ្ញុំជួយលាងចាន​ ដុសឆ្នាំង និងដាំបាយ ហើយបងប្រុសរបស់ខ្ញុំជាអ្នកដាំស្ល ខ្ញុំមិនដែលឲ្យបងស្រី និងម្តាយខ្ញុំពិបាករឿងលាងដុសនោះទេ។

បើទោះជាខ្ញុំខកខានមិនបានទៅរៀនជាញឹកញាប់ក៏ដោយ ខ្ញុំក៏មិនបោះបង់ការសិក្សាដែរ។ ខ្ញុំសង្ឃឹមថា ខ្ញុំនឹងទទួលបានរទេះរុញឆាប់ៗនេះ។ ផ្លូវនៅក្នុងភូមិរបស់យើងរលាក់ខ្លាំងណាស់ ប៉ុន្តែខ្ញុំគិតថា ប្រសិនបើខ្ញុំបានរទេះរុញ ខ្ញុំនឹងអាចទៅសាលារៀនដោយខ្លួនឯង។ ខ្ញុំលែងត្រូវការឲ្យអ្នកដទៃជួយខ្ញុំទៀតហើយ។ សមាជិកភាគច្រើននៅក្នុងគ្រួសាររបស់ខ្ញុំគឺជាកសិករ ហើយខ្ញុំមិនអាចជួយសម្រាលការងាររបស់ពួកគាត់បានឡើយ ព្រោះការងារស្រែចម្ការតម្រូវឲ្យចល័តច្រើន។

ខ្ញុំសង្ឃឹមថានឹងរៀនបានពូកែ និងក្លាយជាគ្រូមត្តេយ្យសិក្សាម្នាក់នៅថ្ងៃមុខ ព្រោះការងារគ្រូបង្រៀនជាការងារដែលមិនចាំបាច់ចល័តច្រើន។ ប៉ុន្តែរឹតតែសំខាន់ទៅទៀតនោះ ខ្ញុំចង់ផ្ទេរចំណង់ចំណូលចិត្តអាន និងចំណេះដឹងដែលបានមកពីការរៀនសូត្ររបស់ខ្ញុំទៅដល់កុមារជំនាន់ក្រោយ។ ខ្ញុំនឹងខំប្រឹងប្រែងរៀនសូត្រដើម្បីសម្រេចបំណងប្រាថ្នានេះ​ ដើម្បីអាចផ្ដល់ឱកាសកាន់តែប្រសើរដល់កុមារតូចៗ។ នៅក្នុងភូមិខ្ញុំ មិនសូវជាមានកុមារច្រើនឡើយដែលបានទៅរៀនសូត្រ ហើយខ្ញុំចង់ធ្វើការផ្លាស់ប្តូរចំណុចនេះ។

©UNICEF Cambodia/2020/Antoine Raab
UNICEF Cambodia/2020/Antoine Raab