សេចក្តីអំពាវនាវបន្ទាន់សម្រាប់កុមារកម្ពុជា
Click to close the emergency alert banner.

សូមជួបជាមួយប្អូនប្រុស ប៊ុនតេង

#ការគិតគូរជាថ្មីពីអនាគត៖ សូមជួបជាមួយប្អូនប្រុស ប៊ុនតេង ពេលអនាគត ខ្ញុំនឹងក្លាយជាសិល្បករ

Jaime Gill
©UNICEF Cambodia/2020/Antoine Raab
UNICEF Cambodia/2020/Antoine Raab
16 វិច្ឆិកា 2020

ខ្ញុំកើតនៅទីក្រុងបាងកក ព្រោះម្ដាយខ្ញុំបានទៅធ្វើការ និងរស់នៅទីនោះ រហូតដល់ខ្ញុំអាយុ ៦ឆ្នាំ ប៉ុន្តែខ្ញុំមិនចាំរឿងរ៉ាវកាលនោះទេ ដោយសារខ្ញុំនៅតូចពេក។ ក្រោយមក គ្រួសារខ្ញុំបានវិលត្រឡប់មកកម្ពុជាវិញ ហើយយើងបានមកនៅច្បារអំពៅ ទីក្រុងភ្នំពេញ។ ដោយសារតែខ្ញុំកើតក្រៅប្រទេស ខ្ញុំអត់មានសំបុត្រកំណើតសម្រាប់ចុះឈ្មោះចូលរៀនទេ។ មួយថ្ងៃៗខ្ញុំដើរលេងនៅតាមផ្លូវ។ ក្រោយមកខ្ញុំបានជួបមិត្តភក្តិថ្មីៗមួយចំនួន ហើយបានទៅតាមពួកគេទៅដល់អង្គការក្រៅរដ្ឋាភិបាលមួយដែលមានឈ្មោះថា Tiny Toones ហើយគេប្រាប់ខ្ញុំថា ខ្ញុំអាចទៅរៀននៅទីនោះបាន។ ពេលនោះខ្ញុំពិតជាសប្បាយចិត្តខ្លាំងណាស់។

នៅសាលារៀននោះ ខ្ញុំចូលចិត្តរៀនភាសាអង់គ្លេស និងគូររូបជាងគេ។ ខ្ញុំរៀនចេះការច្នៃប្រឌិតជាច្រើន។ ខ្ញុំអាចរាំបាន ប៉ុន្តែខ្ញុំពូកែខាងចង្វាក់រ៉ែប ហើយកាលពីពីរបីឆ្នាំមុននេះ ខ្ញុំជាប់លេខ៣ នៅក្នុងការប្រកួតប្រជែងរាំរ៉ែបជាមួយនឹងមនុស្សពេញវ័យជាច្រើននាក់។ ប៉ុន្តែអ្វីដែលខ្ញុំចូលចិត្តជាងគេ គឺគូររូប។ គ្រូរបស់ខ្ញុំឈ្មោះ Bboy Slick ជាអ្នកបង្រៀនខ្ញុំ។ គាត់ពូកែណាស់។ ចំណុចផ្សេងទៀតដែលខ្ញុំស្រឡាញ់ចូលចិត្ត គឺនៅពេលដែលគ្រួសាររបស់ខ្ញុំទៅនៅជ្រោយចង្វារ ព្រោះកន្លែងនោះមានទីធ្លាធំសម្រាប់លេង។ នៅទីនេះមិនសូវជាមានទីធ្លាធំសម្រាប់លេងឡើយ!

©UNICEF Cambodia/2020/Antoine Raab
UNICEF Cambodia/2020/Antoine Raab

ខ្ញុំស្រឡាញ់ប្អូនស្រីតូចៗទាំង ២នាក់របស់ខ្ញុំ ហើយប្អូនខ្ញុំម្នាក់មករៀនជាមួយខ្ញុំជារៀងរាល់ថ្ងៃ។ ឪពុកខ្ញុំគឺជាជាងឈើ ហើយម្ដាយខ្ញុំជាមេផ្ទះ។ ពួកគេជាប់បំណុលជាយូរមកហើយតាំងពីខ្ញុំដឹងក្តីមក។ ខ្ញុំដឹងថាពួកគាត់ពិបាកចិត្តរឿងបំណុលនេះណាស់។ ក្ដីប្រាថ្នាធំជាងគេបំផុតរបស់ខ្ញុំលើលោកនេះគឺធ្វើឲ្យពួកគាត់សប្បាយចិត្ត។ ខ្ញុំចង់ហ្វឹកហាត់ជំនាញសិល្បៈរបស់ខ្ញុំ និងក្លាយខ្លួនជាសិល្បករអាជីព។ ខ្ញុំចង់លក់ស្នាដៃច្នៃប្រឌិតរបស់ខ្ញុំនៅក្នុងប្រទេសកម្ពុជា ហើយបើអាចនៅក្រៅប្រទេសផងដែរ។ ប្រសិនបើខ្ញុំរកលុយបានច្រើន ខ្ញុំអាចជួយសងបំណុលឪពុកម្ដាយ និងទិញផ្ទះថ្មីមួយ ជាផ្ទះថ្មល្អជាងផ្ទះរាល់ថ្ងៃនេះ។ បើបានដូចបំណង នោះពិតជារឿងដ៏អស្ចារ្យមួយក្នុងជីវិតនេះ!

©UNICEF Cambodia/2020/Antoine Raab
UNICEF Cambodia/2020/Antoine Raab

កាលខ្ញុំនៅតូច ខ្ញុំធ្លាប់ជួបគ្រោះថ្នាក់។ តំបន់ខ្ញុំរស់នៅ កាលពីតូចឧស្សាហ៍ដាច់ភ្លើងណាស់ ដូច្នេះដើម្បីបានភ្លើងបំភ្លឺ យើងដុតឈើប៉ុន្តែនៅក្នុងឈើនោះមានសារធាតុគីមីច្រើន ធ្វើឲ្យភ្លើងឆាបឆេះខ្លាំង។ ខ្ញុំរលាកមុខ ខ្លួន និងដៃរបស់ខ្ញុំ ហើយខ្ញុំឈឺខ្លាំងណាស់។ ប៉ុន្តែឥឡូវនេះ វាជាហើយ លែងឈឺទៀតហើយ។ ពុំមានមិត្តភក្តិរបស់ណាសើចចំអកដាក់ខ្ញុំ ដោយសារតែស្នាមរលាករបស់ខ្ញុំឡើយ។ ខ្ញុំសំណាងណាស់ដែលមានតែមនុស្សល្អនៅជុំវិញ ហើយចូលចិត្តខ្ញុំ។ ខ្ញុំមិនឲ្យស្នាមរលាកនេះមករំខានចិត្តខ្ញុំនោះឡើយ។ ខ្ញុំជឿថា ប្រសិនបើខ្ញុំធ្វើល្អ មានសុជីវធម៌ នោះមនុស្សជុំវិញប្រាកដជាស្រលាញ់ចូលចិត្តយើងជាមិនខាន។ រូបរាងមិនមែនជារឿងសំខាន់ជាងចិត្តគំនិតនោះទេ។ មនុស្សអាចមើលឃើញសម្រស់នៃបេះដូងខាងក្នុងរបស់យើង។